![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/-ana-.jpg)
ផលិតផលធ្វើពីសូត្រដែលបង្ហាញនៅខេត្តសៀមរាបនៅថ្ងៃទី ២៣ មករា ឆ្នាំនេះ ។ រូបថត ANA
សៀមរាបៈ សមិទ្ធផលធ្វើអំពីសូត្រខ្មែរ ១១ មុខ នឹងដាក់បង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅ ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣។
អាជ្ញាធរជាតិអប្សរាបានបង្ហាញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា សមុច្ច័យចំនួន១១មុខ (សមិទ្ធផល១១មុខ)នោះ រួមមាន កន្សែងសូត្រចំនួន៤ និងសំពត់ហូលចំនួន៥ និងហូលពិតានចំនួន២។ របស់ទាំងនេះជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ។ វត្ថុទាំងអស់នឹងដាក់តាំងពិព័រណ៍ផលិតផលសូត្រខ្មែរចំនួន១១មុខ នៅពាក់កណ្ដាល ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា« ការដាក់តាំងពិព័រណ៍វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូល ពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើប្រាស់ហូលពិតានក្នុងសង្គមខ្មែរសម័យថ្មីកំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ពីកេរដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក»។
នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី លោក សែន គឹមស៊ុន បានឱ្យដឹងថា សមុច្ច័យទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ ប៉ុន្តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្នមិនសូវមានអ្នកនិយមប្រើទេ ដូចជា ហូលពិតាន ជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។
លោកបានបន្តថា៖«ហូលពិតានមានលក្ខណពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាលបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះទៅប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ គោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នា»។
លោក សែន គឹមស៊ុន បានបញ្ជាក់ថាការផលិតហូលពិតាននីមួយៗត្រូវការចំណាយពេលវេលាយូរ ត្រូវការកម្លាំងមនុស្សច្រើន បច្ចេកទេសចងគោម និងប្រើវត្ថុធាតុដើមសុទ្ធសឹងផលិតចេញពីសរសៃសូត្រធម្មជាតិ ហើយជ្រលក់ពណ៌ធម្មជាតិដែលផ្សំឡើងពីរុក្ខជាតិទៅតាមបច្ចេកទេសបុរាណ មិនប្រើសារធាតុគីមីឡើយ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២២។
ទីតាំងនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកដំណើរការតាំងតែពីអំឡុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន៦ចូលរួមដូចជា ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ៕