សៀវភៅ «​ចិត្តសាស្ត្រ និង​អត្ត​​ចរិត​អ្នកដឹកនាំ​មាន​ប្រសិទ្ធភាព​» ជា​កម្រង​ឯកសារ​អប់រំ​ពាក់ព័ន្ធ​ទៅនឹង​ការផ្តោត​លើ​ការគិត​​ពិចារណា​ស៊ីជម្រៅ ដើម្បី​អាចឈាន​ទៅ​ដោះស្រាយ​បញ្ហា​អំពី​ខ្លួនឯង និង​មជ្ឈដ្ឋាន​ជុំវិញ ក្នុងន័យ​ស្វែងរក​សច្ចភាព​បាន​។​

​សៀវភៅ​នេះ​រៀបរៀង និង​ប្រែ​​សម្រួល​ដោយ​លោក ប៊ុន តឿ​ង ជា​អ្នកសម្របសម្រួល ផ្នែក​ឥ​រិ​យា​បថ (Soft Skills) នៅតាម​អង្គភាព និង​ក្រុមហ៊ុន​នានា​។

​លោក​ប៊ុន តឿ​ង​បាន​ប្រាប់​ឱ្យដឹងថា សៀវភៅ​ចិត្តសាស្ត្រ និង​អត្តចរិត​អ្នកដឹកនាំ​មាន​ប្រសិទ្ធ​​ភាព​នេះ លោក​បាន​ចំណាយ​ពេលវេលា​ពេញ​​ ១​ ឆ្នាំ​ ដើម្បី​រៀបចំ​ចងក្រង​សៀវភៅ​នេះ​ឡើង និង​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ក្នុងការ​បោះពុម្ព​ទើប​ធ្វើឱ្យ​សៀវ​​ភៅ​នេះ​លេចចេញ​ជា​រូបរាង​។

​សៀវភៅ​ ១ ​ក្បាល​នេះ កើតឡើង​ដោយសារ​ការសិក្សា​រៀន​សូត្រ​, ការធ្វើការងារ​មាន​បទ​​ពិសោធន៍​, ការ​ស្វាធ្យាយ​អាន​សៀវភៅ​ជាច្រើន​ទាក់ទង​ទៅនឹង​ចិត្តសាស្ត្រ និង​ឥរិយាបថ តាមរយៈ​ការអង្កេត​,ការស្រាវជ្រាវ និង​​បទពិសោធន៍​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។​

​លោក​បន្ថែមថា​៖ «​ដើម្បី​ឆ្លើយ​​តប​ទៅនឹង​ការចង់​ចេះ ចង់ដឹង​របស់​អ្នកសិក្សា​ទាំងឡាយ ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង ស្រាវជ្រាវ ប្រមែ​ប្រមូល​ឯកសារ​នានា ដោយ​ប្រើ​ពេលវេលា​ជាង ៣០ ​ឆ្នាំ​មកហើយ ដើម្បី​ចងក្រង​បាន​សៀវភៅ​ ១ ​ក្បាល​នេះ​ទុក​គ្រាន់​ជា​ធម្មទាន​ដល់​អស់លោក លោកស្រី អ្នក​ស្រឡាញ់​ការសិក្សា​រៀនសូត្រ​ទាំង​ឡាយ ក្នុងន័យ​កសាង​សមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។

​លោក​បន្តថា គោលបំណង​ដំបូង គឺ​ក្នុងន័យ​ឱ្យ​បងប្អូន​ឈ្វេងយល់​អំពី​អត្តចរិត​របស់​មនុស្ស​ជាទូទៅ​។ ទោះបីថា មនុស្ស​មាន​អត្តចរិត​ផ្សេងៗ​គ្នា​ក៏ដោយចុះ តែ​មនុស្ស​មាន​គោលបំណង​ស្វែងរក​សេចក្ដី​​សុខ​ដូចៗ​គ្នា ពោលគឺ​មនុស្ស​ចង់បាន​ផលប្រយោជន៍ សុភមង្គល សន្តិភាព កេរ្តិ៍ឈ្មោះ និង​សេចក្ដី​ស្រឡាញ់​...​។

​សៀវភៅ​នេះ​ក៏មាន​គោលបំណង​ដើម្បីឱ្យ​បុគ្គលិក កម្មករ និង​អ្នក​​គ្រប់គ្រង មានការ​គោរព​ស្រឡាញ់គ្នា យល់ចិត្ត​គ្នា ជួយ​គ្នា និង​សហ​ការធ្វើការងារ​រួមគ្នា ដោយ​ផ្ដល់នូវ​អត្ថប្រយោជន៍​ដោយ​ភាព​សមធម៌ ហើយ​ទទួលបាន​ទ្រព្យ​សម្បត្តិ កិត្តិយស តួនាទី បុណ្យ​​ស័ក្តិ ដើម្បី​ការកសាង​សង្គម​មួយ​ដោយ​សុខសន្ដិភាព ឯកភាព​ជាតិ និង​អភិវឌ្ឍន៍​ដោយ​និរន្តរភាព​។ ដូច​ពាក្យ​ខ្មែរ​បុរាណ ​១ ​ឃ្លា​ចែងថា «​អ្នកមាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​ពឹង​សំប៉ាន​»​។ មនុស្ស​រស់​​នៅ​សុខសាន្ត​ទៅបាន​អាស្រ័យ​ដោយ​ការធ្វើសម្បទាន​ចិត្ត និង​ផលប្រយោជន៍​ឱ្យ​គ្នា​។

​លោក ប៊ុន តឿ​ង បាន​បញ្ជាក់ថា ៖ «​មិន​ត្រឹមតែ​ប៉ុណ្ណោះ​សោត​សៀវភៅ​នេះ ផ្តោតទៅលើ​ការ​គិតពិចារណា​ស៊ីជម្រៅ ដើម្បី​អាចឈាន​ទៅ​ដោះស្រាយ​បញ្ហា​អំពី​ខ្លួនឯង និង​មជ្ឈដ្ឋាន​ជុំវិញ ក្នុងន័យ​ស្វែងរក​សច្ចភាព​បាន​។ ដូច​ទ្រឹស្ដី​អភិវឌ្ឍន៍​មួយ​ពោលថា បើ​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ស្ទូចត្រី ពួក​​គេ​នឹង​ចេះ​ស្ទូចត្រី​អស់ ​១ ​ជីវិត តែបើ​បង្រៀន​ពួកគេ​ឱ្យ​ចេះ​គិត ពុំ​ចាំ​បាច់​ស្ទូចត្រី​អស់ ​១​ ជីវិត​ឡើយ​»​។

​សូមជម្រាបថា លោក ប៊ុន តឿ​ង មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់​ដំបង លោក​ជា​កូនកំព្រា​ឪពុកម្ដាយ​តាំងពី​វ័យ​កុមារ​មក​ម្ល៉េះ។ លោក​ខិតខំ​តស៊ូ​សិក្សា​រៀនសូត្រ ដោយ​ការខិតខំ​ប្រឹងប្រែង​ខ្លួនឯង ចាប់​​តាំងពី​បឋមសិក្សា​រហូតដល់​ចប់​បរិញ្ញាបត្រ​។ ក្រោយពី​សម័យ​ខ្មែរក្រហម​ ១៩៧៩ លោក​ចាប់​​ផ្ដើម​រៀន​ថ្នាក់​ទី​ ១ នៅ​ស្រុកកំណើត​នៅ​ទីជនបទ​ចុងកាត់មាត់ញក​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មានការ​ប្រទាញប្រទង់​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល និង​កងទ័ព​ខ្មែរ​តស៊ូ​នៅតាម​ព្រំដែន​។ ទោះបីជា​យ៉ាង​​ណា​ក្ដី នៅ​ឆ្នាំ​ ១៩៩២ លោក​បានបញ្ចប់​ការសិក្សា មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​បន្ទាយ​មានជ័យ ខេត្តបន្ទាយមានជ័យ​។

​ឆ្នាំ​១៩៩៧ លោក​បានបញ្ចប់​បរិញ្ញាបត្រ ផ្នែក​គ្រប់គ្រង នៅ​សាកលវិទ្យាល័យ​វេទ​មហាឫសី នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវៃង​។ ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់​-​បរិញ្ញាបត្រ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជ្រើសតាំង​លោក​ឱ្យមក​បម្រើ​ការងារ​ជា​គ្រូបង្រៀន​ផ្នែក​គ្រប់គ្រង​នៅ​សាកល​វិទ្យា​​ល័យ​នេះ​ដដែល​។

ដោយសារ​លោក​ប៊ុន តឿ​ង មាន​ឧបនិស្ស័យ​លើ​ការអាន​ច្រើន និង​មាន​បទ​ពិសោធន៍​ក្នុង​ជីវិត​ការងារ​ច្រើន​ផង ទើប​លោក​មានគំនិត​ផ្ដួចផ្ដើម​សរសេរ​សៀវភៅ​១​ក្បាល​ដែលមាន​ចំណងជើង​ថា «​ចិត្តសាស្ត្រ និង​អត្តចរិត​របស់​អ្នកដឹកនាំ​មាន​ប្រសិទ្ធភាព (Psychology and Attitudes For Effective Leaders)»​ នេះ​ឡើង ដើម្បី​ទុកជា​ចំណងដៃ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​៕