
អ្នកនាងហេង សុផាណែត អ្នកជំនាញផ្នែកអប់រំពិសេសដល់កុមារមានពិការភាពខួរក្បាល(អូទីសឹម)។ រូបថត សហការី
ភ្នំពេញ: ជាអ្នកផ្ដល់ការអប់រំដល់កុមារអស់រយៈពេល ៨ ឆ្នាំ ដោយបានជួបប្រទះបទពិសោធន៍ធ្វើការជាមួយកុមារប្លែកៗជាច្រើននាក់ រួមទាំងកុមារដែលត្រូវការអប់រំពិសេស អ្នកនាង ហេង សុផាណែត បានជួបកុមារអូទីសឹមម្នាក់ ខណៈបម្រើការនៅសាលាអន្ដរជាតិដ៏ធំបំផុតមួយនៅកម្ពុជា។
នៅពេលបានជួបកុមារអូទីសឹមបែបនេះអ្នកគ្រូបង្រៀនថ្នាក់ទី៣ នៅសាលាអន្ដរជាតិរូបនេះ ចាប់ផ្ដើមយល់អំពីភាពស្មុគស្មាញនៃពិការភាពផ្នែកខួរក្បាល និងព្យាយាមរិះរកវិធីជួយកុមារដែលមានតម្រូវការពិសេសបែបនេះ។
អ្នកនាង សុផាណែត បាននិយាយថា៖ «ស្ថានភាពរបស់គាត់ [កុមារអូទីសឹម] បានធ្វើឱ្យខ្ញុំបានដឹងពីសារៈសំខាន់នៃការមានគុណវុឌ្ឍិសាកលវិទ្យាល័យនៅក្នុងតម្រូវការពិសេស។ ការយល់ដឹងផ្នែកនេះនឹងអនុញ្ញាតឱ្យអ្នកជំនាញកំណត់អត្តសញ្ញាណពិការភាពនិងបង្កើតកិច្ចអន្តរាគមន៍ផ្ទាល់ខ្លួន ដែលសមស្របទៅតាមតម្រូវការកុមារពិសេស»។
ជាអ្នកគ្រូភាសាអង់គ្លេស ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេស (IFL) ក្នុងឆ្នាំ២០១៦ អ្នកនាង សុផាណែត បានសម្រេចចិត្ដបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំពិសេសនៅសាកលវិទ្យាល័យ Flinders ប្រទេសអូស្ដ្រាលីក្នុងឆ្នាំ២០២០។
ដោយសារវិបត្ដិរោគរាតត្បាតសកលកូវីដ ១៩ និស្សិតខ្មែរដែលបញ្ចប់ការសិក្សាលើមុខវិជ្ជាកម្រនៅកម្ពុជារូបនេះ មិនអាចចូលរួមកម្មវិធីទទួលសញ្ញាបត្រជាផ្លូវការបានទេរហូតដល់ឆ្នាំ ២០២២។
អ្នកជំនាញផ្នែកអប់រំពិសេសដល់កុមារមានពិការភាពខួរក្បាលរូបនេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការអប់រំពិសេស គឺជាមុខវិជ្ជាដ៏កម្រដែលមិនទាន់មាននៅក្នុងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជានៅឡើយទេ។ ប្រទេសកម្ពុជាមានករណីដែលទាក់ទងនឹងអូទីសឹមច្រើនជាង ១ ពាន់ករណី ក្នុងឆ្នាំ ២០២៣។ នេះបានបង្ហាញថា ផ្នែកអប់រំពិសេសមួយនេះ ត្រូវការគ្រូជំនាញបន្ថែមដើម្បីគាំទ្រកុមារទាំងនេះ»។
នាយកសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅដែលត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០២១ និងជាអតីតប្រធានអង្គការជំនួយនៃក្ដីសង្ឃឹម សម្រាប់សហគមន៍ (HHC) ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ លោក ចាន់ សារិន បានឱ្យដឹងថា ការអប់រំពិសេសពិតជាមុខវិជ្ជា ដែលកម្ពុជាកំពុងតែត្រូវការជាចាំបាច់ប្រាកដមែន។
លោកសារិនដែលបានបង្ហាញតួលេខកុមារអូទីសឹម ៦ខេត្ដមានចំនួនជាង ១ ពាន់នាក់ និងទូទាំងប្រទេសប្រមាណជាង ២ម៉ឺននាក់នៅកម្ពុជាក្នុងឆ្នាំ២០១៩ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «មុខវិជ្ជាអប់រំពិសេសពិតជាសំខាន់ ពីព្រោះយើងមិនសូវមានធនធានច្រើនទេចំពោះកិច្ចការនេះ»។
លោកស្រី ភោគ ម៉ានី ស្ថាបនិកសាលាអប់រំពិសេសនៃការលូតលាស់ (សអពក) បានឱ្យដឹងថា នៅពេលលោកស្រីបើកសាលាដំបូងលោកស្រីមានការលំបាក ក្នុងការរកធនធានជំនាញមកបង្រៀន ហើយគ្រូបង្គោលម្នាក់នោះបានបញ្ចប់ការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់មកពីប្រទេសកូរ៉េ។
លោកស្រីម៉ានីដែលជាអ្នកសម្របសម្រួលសាលា សអពក ដែលកកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងនាមជាម្ដាយកុមារអូទីសឹមម្នាក់ ក្រោមការឧបត្ថម្ភពីសមាគមកាតូលិកនិងវិភាគទានពីឪពុក-ម្ដាយ បាននិយាយថា លោកស្រីមើលឃើញថា គ្រូបង្គោលផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូផ្នែកអប់រំពិសេសនៅកម្ពុជានៅមានកម្រិតច្រើន ពោលគឺមានអ្នកចេះដឹងអំពីការអប់រំពិសេសនេះតិចតួចនៅឡើយ។
លោកស្រីបានលើកឡើងថា ជាក់ស្ដែងការបណ្ដុះបណ្ដាលលើគ្រូបង្រៀននៅមន្ទីរពេទ្យជ័យជម្នះក្នុងក្រុងតាខ្មៅភាគច្រើនធ្វើឡើងជាមួយគ្រូបង្គោលបរទេស។
លោកស្រីម៉ានីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំគិតថា វានៅមានកម្រិតទោះបីម្នាក់ៗខំរៀនផ្នែកសង្គម ចិត្ដវិទ្យា ក៏នៅមិនទាន់ទូលំទូលាយ ហើយក្នុងនាមខ្ញុំជាអ្នកផ្ដល់ការអប់រំពិសេសនេះខ្ញុំមើលឃើញថា នៅខ្វះខាតច្រើនទាក់ទងនឹងផ្នែកអប់រំពិសេស។ បើនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំពិសេស ខ្ញុំគិតថា វាជារឿងមួយទូលំទូលាយមែនទែន ដើម្បីផ្ដល់ឱកាសឱ្យអ្នកមានបំណងរៀនមុខវិជ្ជានេះរៀនជាប់នៅក្នុងស្រុកតែម្ដង»។
ស្ថាបនិកសាលាអប់រំពិសេសដែលស្ថិតនៅជាប់របងព្រះវិហារកាតូលិកបឹងទំពុនរូបនេះ បានបន្តបង្ហាត់បង្រៀនកុមារអូទីសឹមនៅមិនទាន់ជ្រួតជ្រាបនៅឡើយ ហើយលោកស្រីគិតថា ការបញ្ចូលមុខវិជ្ជាទៅក្នុងប្រព័ន្ធអប់រំរបស់រដ្ឋពិតជាចាំបាច់ណាស់។
យ៉ាងណាមិញលោកស្រីបានរិះគន់ដល់បញ្ញវន្តមួយចំនួនថា ថ្វីដ្បិតតែពួកគេទទួលបានការសិក្សាផ្នែកបរិញ្ញាបត្រជាន់ខ្ពស់ពីបរទេសយ៉ាងណាក៏ដោយ ក៏ការចែកចាយនិងការបង្រៀនរបស់ពួកគេ គិតទៅលើការរកជំនួញវិញ ដោយមិនទាន់បើកទូលាយក្នុងការជួយដល់ក្មេងក្រីក្រក្នុងសង្គមឡើយ។
អ្នកនាង ហេង សុផាណែត អាយុ ៣០ ឆ្នាំ ចាប់ផ្ដើមបង្កើតវេបសាយ Special Education Cambodia SEC ដើម្បីផ្សព្វផ្សាយចំណេះដឹងនិងចែករំលែកព័ត៌មានដល់ឪពុក-ម្ដាយ និងប្រជាជនកម្ពុជាអំពីកុមារមានពិការភាពខុសៗគ្នា។
អ្នកនាងផ្ដោតលើការផ្ដល់ចំណេះដឹងតាមរយៈការបណ្ដុះបណ្ដាលគ្រូនិងឪពុក-ម្ដាយ ដែលមានបំណងសិក្សាពីការអប់រំពិសេសក៏ដូចជាផ្ដល់ប្រឹក្សាតាមអនឡាញ និងទូរស័ព្ទដោយឥតគិតថ្លៃ។
សុផាណែតបានឱ្យដឹងថា អ្នកនាងបានចាប់ផ្ដើមបង្កើតវាដោយសារបញ្ហាយល់ច្រឡំ និងការទទួលបានព័ត៌មានមិនច្បាស់ដែលមនុស្សមួយចំនួនគិតលើកូនមានតម្រូវការពិសេស និងស្ថានភាពរបស់ពួកគេ។
អ្នកនាងនិយាយថា អ្នកខ្លះជឿថា កុមារដែលត្រូវការការអប់រំពិសេសជាពិសេសកុមារអូទីសឹម អាចត្រូវបានព្យាបាល ឬជួយឱ្យឆាប់វិលមកកាន់ប្រក្រតីភាពដោយការប្រើប្រាស់ថ្នាំបុរាណរៀបចំពិធីសាសនាម្សៅទឹកដោះគោ ឬថែមទាំងប្រើវិធីសាស្ដ្រសាមញ្ញៗដូចជាបញ្ឈប់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាដើម។
អ្នកនាងបានបន្ដថា៖ «ខ្ញុំគិតថាវាសំខាន់ណាស់ដែលខ្ញុំអាចក្លាយជាប្រភពព័ត៌មានសម្រាប់ឪពុក-ម្ដាយ និងអាណាព្យាបាលអាចឆាប់យល់ និងងាយស្រួល»។
បច្ចុប្បន្នអ្នកជំនាញផ្នែកអប់រំពិសេសពីប្រទេសអូស្ដ្រាលី រូបនេះ បានបើកមជ្ឈមណ្ឌល OrbRom ដែលស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ដល់ប្រឹក្សានិងសេវាកម្ម ADHD, Dyslexia, Selective Mutismក៏ដូចជាពិការភាពនៃការសិក្សាខ្សោយបញ្ញា និងការលូតលាស់យឺត។
និស្សិតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Flinders រូបនេះបាននិយាយថា៖ «ខ្ញុំក៏ផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូបង្រៀននៅសាលាអន្ដរជាតិសម្រាប់កុមារពិការភាពផ្សេងៗបង្កើតផែនការអប់រំផ្ទាល់ខ្លួន និងការតាមដាននៃការរៀនសូត្រផងដែរ»។
ការអភិវឌ្ឍរបស់កុមារ វាអាស្រ័យលើកម្រិត និងយុទ្ធសាស្ដ្រដែលបានអនុវត្ដ។ ឧទាហរណ៍សិស្សអត់ចេះនិយាយម្នាក់ចាប់ផ្ដើមចេះប្រើប្រាស់ពាក្យពេចន៍សាមញ្ញ ១ ម៉ាត់ៗ រហូតដល់ការប្រាស្រ័យទាក់ទងជាភាសានៅរយៈពេល ១ ឆ្នាំ និងមានអាកប្បកិរិយាកាន់តែប្រសើរឡើង។
ចំពោះបញ្ហានៃការប្រឈមអ្នកនាងសុផាណែតបានឱ្យដឹងថា មិនខុសពីការងារដទៃទៀតឡើយការធ្វើជាគ្រូអប់រំពិសេសទាមទារការយកចិត្ដទុកដាក់ខ្ពស់។ អ្វីដែលជាបញ្ហាប្រឈមបំផុតនោះ គឺការដើរឱ្យទាន់ថាមពលមិនចេះនឿយហត់របស់ពួកគេ។ វាពិតជាធ្វើឱ្យអស់កម្លាំងខ្លាំងណាស់។
ថ្វីដ្បិតតែបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់យ៉ាងណាក៏ដោយក៏អ្នកជំនាញផ្នែកអប់រំពិសេសដ៏កម្ររូបនេះនៅមានបំណងចង់បន្ដការសិក្សាថ្នាក់បណ្ឌិតបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹង និងជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងរាជរដ្ឋាភិបាល។
សុផាណែត បានិយាយថា៖ «គម្រោងបន្ទាប់របស់ខ្ញុំគឺបន្ដការសិក្សាថ្នាក់បណ្ឌិតផ្នែកចិត្ដវិទ្យាក្នុងវិស័យពិការភាព។ ដូចគ្នានេះដែរខ្ញុំចង់មានការចូលរួមដោយផ្ទាល់ទៅក្នុងវិស័យអប់រំពិសេស បំណងចង់ឱ្យការអប់រំពិសេសមានកម្រិតស្របតាមស្ដង់ដាអន្ដរជាតិតាមរយៈការទទួលយករបស់សហគមន៍និងកិច្ចសហប្រតិបត្ដិការជិតស្និទ្ធជាមួយរដ្ឋាភិបាល»៕