
ក្មេងៗនៅសៀមរាបបណ្ណាល័យ។ រូបថត សៀមរាបបណ្ណាល័យ
សៀមរាបៈ «សៀមរាបបណ្ណាល័យ» ដែលជាបណ្ណល័យសាធារណៈនិងជាមជ្ឈមណ្ឌលវប្បធម៌ ស្ថិតក្នុងខេត្តសៀមរាប នៃទឹកដីអច្ឆរិយនៃប្រាសាទអង្គរវត្តនឹងប្រារព្ធខួបលើកទី១ របស់ខ្លួននៅថ្ងែទី ២៨ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីអបអរសាទរ អក្សរសិល្ប៍ សិល្បៈ តន្រ្តី និងរបាំបុរាណខ្មែរ ដែលកម្មវិធីនេះក៏នឹងបើកឱ្យសាធារណជនចូលរួមដោយសេរីផងដែរ។
បណ្ណាល័យនេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយវិស័យការអាននិងការអប់រំសិល្បៈ វប្បធម៌ ឱ្យកាន់តែរីកសុសសាយនៅក្នុងប្រទេសកម្ពុជា ក្រោយពីការរៀបចំគម្រោងអស់រយៈពេល៣ឆ្នាំ មជ្ឈមណ្ឌលនេះបានចាប់ផ្ដើមបើកទ្វារឡើង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
លោក Marion Pili ស្ថាបនិកសៀមរាបបណ្ណាល័យ បានប្រាប់ឱ្យដឹងថា បណ្ណាល័យនេះជាបណ្ណាល័យដែលប្រមូលផ្ដុំទាំងភាសាខ្មែរ ភាសាបារាំង និងភាសាអង់គ្លេស ដែលបើកបម្រើការជាសាធារណៈដល់ប្រជាសហគមន៍ទាំងក្មេង ចាស់ និងយុវវ័យសម្រាប់ការចូលអាន។
លោកបានប្រាប់ថា៖«បណ្ណាល័យនេះ ពិតជាមានមោទនភាពចំពោះបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យនេះជាខ្លាំង។ យើងមានគោលបំណងផ្សព្វផ្សាយវប្បធម៌ដ៏ល្អថ្លៃថ្លាមួយនេះ ឱ្យកាន់តែទូលំទូលាយ និងឱ្យពិភពលោកទាំងមូល បានស្គាល់ផងដែរ។ បណ្ណាល័យផ្តល់ជូននូវសៀវភៅដ៏សម្បូរបែបរួមមានសៀវភៅភាសាខ្មែរ និងអង់គ្លេស ព្រមទាំងផ្នែកអន្តរជាតិផ្សេងទៀតផងដែរ»។
លោក Marion PilI បានបន្តថា សៀមរាបបណ្ណល័យ ជឿជាក់ថា មនុស្សគ្រប់សញ្ជាតិ នឹងចូលរួមក្នុងសកម្មភាពវប្បធម៌ សម្រាកលេង និងរៀនសូត្រដោយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដោយគ្មានការរើសអើងជាតិសាសន៍នោះឡើយ ហើយបណ្ណាល័យនេះផ្តល់នូវការយល់ដឹងអំពីវប្បធម៌ និងសិល្បៈ ជួយជំរុញឱ្យមានការចង់ដឹងចង់ឃើញ មិនតែប៉ុនណោះក៏អាចឱ្យអ្នកអានមានទំនុកចិត្តលើខ្លួនឯង និងការអភិវឌ្ឍខ្លួនរបស់កុមារ ព្រមទាំងអនាគតពលរដ្ឋកម្ពុជាផងដែរ។
លោកថា ៖ «យើងជឿជាក់ថា ឪពុកម្តាយ និងអាណាព្យាបាលមានការទទួលខុសត្រូវក្នុងការជួយផ្សព្វផ្សាយ វប្បធម៌ទៅកាន់ក្មេងៗជំនាន់ក្រោយនិងណែនាំកូនៗរបស់ពួកគេឱ្យយល់ពីខ្លួនឯងកាន់តែច្បាស់»។
យោងតាមរបាយការណ៍កម្មវិធីប្រចាំប្រទេសរបស់អង្គការ UNICEF (២០១៩-២០២៣) បានឱ្យដឹងថា ចំនួនប្រជាពលរដ្ឋនៅខេត្តសៀមរាប ក្នុងឆ្នាំ២០២២ មានចំនួន១៨៩ ២៩២នាក់ ដែលភាគច្រើននៃប្រជាជន មានអាយុក្រោម៣០ឆ្នាំ។
របាយការណ៍ដដែលបន្តថា យុវជនគឺជាសសរគ្រឹះដ៏រឹងមាំ សម្រាប់ត្រៀមខ្លួនដើម្បីចូលរួមជាកម្លាំងការងារ មានសក្តានុពលក្នុងការរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ចាប់តាំងពីការបើកសៀមរាបបណ្ណាល័យនេះ ក្នុងខែមករា ឆ្នាំ២០២២កន្លងទៅ រយៈពេល៥ខែដំបូង ចំនួនអ្នកចូលអានមានចំនួន ៦ ៣៧០ដង ក្នុងនោះមានចំនួន ៣ ៣១២នាក់ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ និង២ ២៩៣នាក់ដែលមានអាយុក្រោម ១១ឆ្នាំ។
លោក Marion Pili បានបញ្ជាក់ថា ៖ «យើងចង់ឱ្យសៀមរាបបណ្ណាល័យ ក្លាយជាមជ្ឈមណ្ឌលប្រកបដោយនិរន្តរភាពដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ខេត្តសៀមរាបទាំងមូល ជាពិសេសសម្រាប់ប្រជាជនដែលមានជីវភាពក្រីក្រ»។
ចាប់តាំងពីបើកដំណើរការសៀមរាបបណ្ណាល័យមក អង្គការចំនួន២ដែលធ្វើសកម្មភាពទាក់ទងនឹងការអាន និងសៀវភៅ គឺអង្គការស៊ីប៉ា និងអង្គការអានកម្ពុជា បានគាំទ្រសៀមរាបបណ្ណាល័យ តាមរយៈការឧបត្ថម្ភសម្ភារ មួយចំនួន។
ក្នុងនាមជាក្រុមការងារ និងស្ថាបនិកនៃសៀមរាបបណ្ណាល័យ លោក Marion Pili បានអំពាវនាវដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កវី និងអ្នកនិពន្ធជាដើម ជួយឧបត្ថម្ភដល់បណ្ណាល័យនេះបន្ថែម ដោយសារបណ្ណាល័យកំពុងស្វែងរកអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងឧបករណ៍ប្រើប្រាស់មួយចំនួន ដើម្បីបម្រើតម្រូវការដល់សិស្ស និស្សិតក្រីក្រ ក៏ដូចជាសម្រាប់សហគមន៍ក្នុងការថែរក្សានិងផ្សព្វផ្សាយវប្បធម៌ របស់កម្ពុជា មិនតែប៉ុណ្ណោះក៏ជួយដល់វិស័យការអានផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃបើកដំណើរការរហូតដល់បច្ចុប្បន្ន សៀមរាបបណ្ណាល័យមានសៀវភៅចំនួន ៥ ០០០ ក្បាលដែលសៀវភៅភាគច្រើនទទួលបានពីការបរិច្ចាគរបស់សិស្សានុសិស្ស គ្រឹះស្ថានបោះពុម្ព និងអ្នកនិពន្ធផ្ទាល់៕