ភ្នំពេញ​: ស្ថាបនិក​នៃ​គម្រោង Local4Local ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ផ្ដល់​កញ្ចប់​អាហារ និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ជនអនាថា ជាពិសេស តា​ស៊ីក្លូ អំឡុងពេល​បិទ​ខ្ទប់​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​ ១៩ លោក តាំង ហួង​ហាវ បាន​ផ្ដួចផ្ដើម​ផលិត​ស៊ីក្លូ​យក្ស បំបែក​កំណត់ត្រា​ហ្គី​ណេ​ស​ពិភពលោក​។

​ហួង​ហាវ បាន​បង្កើត​គម្រោង Local4Local ​កាលពី​ខែមេសា​ឆ្នាំ ​២០២០ ដោយ​ចាប់ផ្ដើម​ការងារ​តែម្នាក់ឯង​បំណង​ផ្ដល់​កញ្ចប់​អាហារ​ក៏ដូចជា​គាំទ្រ​ដល់​អ្នកធាក់ស៊ីក្លូ​ភាគច្រើន​ដែលជា​ជន​វ័យ​ចំណាស់ និង​ផ្តល់ជំនួយ​ទៅដល់​ក្រុមគ្រួសារ​រស់នៅ​តាម​ដង​ផ្លូវ​។​

​ជាមួយ​ការកសាង​ស៊ីក្លូ​យក្ស បំណង​បំបែក​កំណត់ត្រា​បច្ចុប្បន្ន​ដែល​គ្រង​ដោយ​ត្រីចក្រយាន​របស់​ឥណ្ឌា​នេះ​លោក ហួង​ហាវ​មានបំណង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក៏ដូចជា​គាំទ្រ និង​លើកស្ទួយ​ជីវភាព​អ្នកធាក់ស៊ីក្លូ ព្រមទាំង​ការអភិរក្ស​ត្រីចក្រយាន​ដ៏​ចំណាស់​នេះ​ផង​។

​លោក ​ហួង​ហាវ​ ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ការផលិត​ស៊ីក្លូ​យក្ស បំបែក​កំណត់ត្រា​ហ្គី​ណេ​ស​ពិភពលោក​មាន​គោលដៅ​ដើម្បី​លើកស្ទួយ​វិស័យ​ស៊ីក្លូ ជាពិសេស​ការលើកស្ទួយ​វិស័យ​ទេសចរណ៍​ដោយ​ចីរភាព​នៅ​ប្រទេស​កម្ពុជា​»​។

​យុវជន​រូបនេះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា លោក​ទទួលបាន​ដំណឹង​ល្អ​ពី Guiness World Record ដើម្បី​ទទួល​សិទ្ធិ​ក្នុងការ​បំបែក​កំណត់ត្រា​ពិភពលោក​ក្រោម​ប្រធានបទ​«​ត្រីចក្រយាន​ជំ​ជាងគេ​នៅលើ​លោក​»​។

​ស៊ីក្លូ​យក្ស​ដែល​លោក​ហួង​ហាវ​មានបំណង​ចង់​ផលិត​នោះ​មាន​កម្ពស់ ១៣,២ ម៉ែត្រ បណ្ដោយ ១២,២ ​ម៉ែត្រ និង​ទំហំ​កង់ ៥,៥ ម៉ែត្រ​។ ពេលនេះ​លោក​មានបំណង​ចង់​ដាក់​កាលបរិច្ឆេទ​ដល់​ប្រជាជន និង​ក្រុមហ៊ុន​ទាំងអស់​ដែលមាន​បំណង​ចូលរួម នៅ​ថ្ងៃ ទី ​១៨ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ដោយមាន ​៣ ​ទីតាំង ដែល​គ្រោង​ជ្រើសរើស គឺ​ភ្នំពេញ សៀមរាប ឬ​បាត់ដំបង​។

​លោក​សរសេរ​បន្ដថា​៖ «​យើងខ្ញុំ​សង្ឃឹមថា នឹង​អាច​អញ្ជើញ​បងប្អូន​មក​ចូលរួម​ទាំងអស់គ្នា​នា​ចុង​ឆ្នាំនេះ​នៅឯ​ទីក្រុង​ភ្នំពេញ ឬ​អាចធ្វើ​នៅ​ខេត្តសៀមរាប ឬ​ខេត្តបាត់ដំបង​។ នៅពេល​អនាគត​យើងខ្ញុំ​សង្ឃឹមថា ស៊ីក្លូ​យក្ស​នេះ​អាច​ក្លាយជា​សារមន្ទីរ​ស៊ីក្លូ​និង​យានជំនិះ ដែលមាន​ជាការ​តាំងពិព័រណ៍​អំពី​មធ្យោបាយ​យានជំនិះ​ផ្សេងៗ​តាម​សម័យ​នីមួយៗ​នៅ​ប្រទេស​កម្ពុជា​»​។

​និស្សិត​ឆ្នាំ​ទី​៤ ​នៃ​សាកលវិទ្យាល័យ University of St. Thomas សហរដ្ឋអាមេរិក​លើ​មុខវិជ្ជា Supply Chain and Operation Management បានឱ្យដឹងថា ការជ្រើសរើស​នៅ​ភ្នំពេញ​ដោយសារ​វា​ជាទី​កន្លែង​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ប្រមូល​ផ្ដុំគ្នា​ដែលមាន​ចំនួន​ចន្លោះ​ពី ២៥០ ទៅ ២៨០ ​ស៊ីក្លូ​។

យុវជន​អាយុ ២៣ ​ឆ្នាំ​រូបនេះ​និយាយថា ប៉ុន្ដែ​ក្រុម​សិល្បករ​ដែល​សហការ​គម្រោង​នេះ ក៏បាន​ស្នើឱ្យ​រៀបចំ​ធ្វើ​នៅ​ខេត្ដ​បាត់ដំបង ឬ​សៀមរាប​ដែល​សុទ្ធតែជា​ទីតាំង​ល្អៗ​ដូចគ្នា​។ ស្ថាបនិក Local4Local  រូបនេះ​ថ្លែងថា​៖ «​ទីតាំង​សៀមរាប ក៏​ល្អ​ដែរ​ដោយនៅ​ខេត្ដ​នេះ​ក៏មាន​ស៊ីក្លូ និង​មាន​តំបន់​ទេសចរណ៍​អង្គរ​គួរ​ត្រូវ​លើកស្ទួយ​ផងដែរ​»​។

​យោងតាម​សៀវភៅ​កំណត់ត្រា​ហ្គី​ណេ​ស​ពិភពលោក​បានបង្ហាញ​ថា អង្គភាព​នេះ​តម្រូវឱ្យមាន​បែបបទ​ជាក់ស្ដែង​ដូចជា​ទំហំ​ត្រូវតែ​ធំ​ជាង​ទោចក្រយាន​ធំជាងគេ​នៅ​ប្រទេស​ឥណ្ឌា​ផលិត​ក្នុង​ឆ្នាំ​ ២០០៥​។ ចំណុច​មួយទៀត​សម្រាប់​គម្រោង​សាងសង់​ទោចក្រយាន​នេះ ត្រូវមាន​ទំហំ​កង់​ធំ​ជាង​ទំហំ​កង់​គ្រង​កំណត់ត្រា​បច្ចុប្បន្ន​ហើយ​ត្រូវ​អាច​ជិះ​បាន​ទៅមុខ​ក្នុង​ចម្ងាយ​លើសពី ១០០ ម៉ែត្រ​។ លោក​ហួង​ហាវ​បានឱ្យដឹងថា នៅ​ថ្ងៃ​កម្មវិធី​សម្ពោធ​ស៊ីក្លូ​យក្ស លោក​ចង់​រៀបចំ​ឱ្យមាន​ជាការ​ប្រគំ​តន្ដ្រី ដោយមាន​ការអញ្ជើញ​សិល្បករ​សិល្បការិនី​បង្ហាញ​ការសម្ដែង និង​ការតាំង​បង្ហាញ​ស្នាដៃ​គំនូរ​ផ្សេងៗ​ដោយមាន​សកម្មភាព​គ​គ្រឹក​គគ្រេង​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​។

​យុវជន​ស៊ីក្លូ​នេះ បាន​ពិភាក្សា​ជាមួយ​សិល្បករ​ជើងចាស់​ម្នា​ក់នៅ​ខេត្ដ​បាត់ដំបង​ចំពោះ​ការរៀបចំ​ផលិត​ស៊ីក្លូ និង​បង្កើត​កម្មវិធី​អបអរ​ផ្សេងៗ​។ លោក​ប្រាប់ថា​៖ «​នៅ​ថ្ងៃ​កម្មវិធី​នេះ​យើង​នឹង​មានការ​ជិះ​ស៊ីក្លូ​មើល​គំនូរ និង​ចង់ឱ្យ​អ៊ំ​ស៊ីក្លូ​មើលឃើញ​ស៊ីក្លូ​យក្ស​ពីព្រោះ​វា​ជា​គម្រោង​មួយ ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា និង​ផ្ដួចផ្ដើម​ឱ្យ​យុវជន​ជួយ​ជំរុញ​ដល់​វិស័យ​ទេស ចរណ៍​ផងដែរ​»​។

​លោក ​ហួង​ហាវ​ និយាយថា នៅពេល​អនាគត លោក​មាន​គម្រោង​បង្កើត ​«​សារមន្ទីរ​ស៊ីក្លូ​និង​យានជំនិះ​» ដែល​ដាក់តាំង​ស៊ីក្លូ​យក្ស និង​យានជំនិះ​ផ្សេងៗ ដូចជា​រថយន្ដ​សម័យ​បារាំង​រ៉ឺម៉ក​ខ្មែរ​យើង​ម៉ូតូ រទេះគោ ពោលគឺ​យានជំនិះ​ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​ទៅតាម​សម័យកាល​នីមួយៗ​។ ទីកន្លែង​ស៊ីក្លូ​យក្ស​នឹង​ក្លាយជា​សារមន្ទីរ​ដែល​ពោរពេញ​ដោយ​ស៊ីក្លូ និង​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ភ្ញៀវ​អាច​ទស្សនា​ចូលរួម និង​ដឹងឮ​អំពី​ការវិវឌ្ឍ​យានជំនិះ ព្រមទាំង​ឱ្យ​ភ្ញៀវ​ជិះ​ស៊ីក្លូ​លេង​។

​យុវជន​រូបនេះ​បានឱ្យដឹង​ទៀតថា​៖ «​ចំពោះ​ការសាងសង់​ស៊ីក្លូ​យក្ស​នេះ​ខ្ញុំ​កំពុងតែ​ពិភាក្សា​ជាមួយ​បង​សម្បត្ដិ ជា​ប្រធាន​សមាគម​ស៊ីក្លូ​ហើយ​គាត់​បាន​បន្ដទៅ​ពិភាក្សា​ជាមួយ​ជាងដែក​ដែល​បានធ្វើ​ស៊ីក្លូ​នៅ​កម្ពុជា​យើង​ក៏ដូចជា​ប្រឹក្សា​ជាមួយ​រោងចក្រ​នៅ​វៀតណាម​ដែល​ផលិត​គ្រឿង​ជ័រ និង​សម្បក​កង់ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​នៃ​ការផលិត​ស៊ីក្លូ​យក្ស​នេះ​»​។

​ថ្វីដ្បិតតែ​គម្រោង​ស៊ីក្លូ​យក្ស​ស្ថិតក្នុង​ដំណាក់កាល​ផែនការ​ដំបូង​យ៉ាងណាក៏ដោយ ក៏​ស្ថាបនិក Local4Local រូបនេះ រំពឹងថា តាមរយៈ​ការ​បង្ហោះ និង​ផ្សព្វផ្សាយ​នេះ​អាច​ជំ​រុញឱ្យ​អ្នកដទៃ​ចូលរួម និង​ដឹង​ឮថា ជា​គម្រោង​មួយ​ដ៏​ប្លែក ក៏ដូចជា​ពួតដៃគ្នា​បំបែក​កំណត់ត្រា​មួយ​នេះ​។

​ដៃគូ​ដែល​លោក ហាវ រំពឹងថា​នឹងមាន​ការចូល​រួមជាមួយ​គ្នា​នោះ មានដូចជា អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ យូណេស្កូ សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងទេសចរណ៍ ដែល​លោក​សង្ឃឹមថា ស្ថាប័ន​ទាំងនេះ​នឹងចូលរួម​ទាំងអស់​ដើម្បី​ធ្វើ​គម្រោង​នេះ​ឡើង ពីព្រោះ​គម្រោង​នេះ​ពិត​ជាធំ​សម្រាប់​លើកមុខ​មាត់​ប្រទេស​កម្ពុជា និង​លើកស្ទួយ​វិស័យ​ស៊ីក្លូ​។​

​លោក​ ហួង​ហាវ បាននិងកំពុង​ដំណើរកា​រ​គម្រោង​ជាច្រើន​ដើម្បី​លើកស្ទួយ​ជីវភាព​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ដែល​ជួប​ការលំបាក​ជាពិសេស​អំឡុងពេល​បិទ​ខ្ទប់ ដែល​មិនអាច​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​។

​លោក​បាន​ប្រាប់​អំពី​មូលហេតុ ដែល​លោក​ផ្ដោត​ចម្បង​លើ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ថា​៖ «​ស៊ីក្លូ​គឺជា​អនុស្សាវរីយ៍​មួយ​របស់ខ្ញុំ​ជាមួយ​លោកយាយ​ដែល​គាត់​បាន​ចែក​ឋាន​កាលពី ៣​ ឆ្នាំមុន​។ គឺមាន​អនុស្សាវរីយ៍​ច្រើន ដូចជា​ពេល​ជិះ​ស៊ីក្លូ​ទៅ​មាត់ទន្លេ ឬ​ទៅ​សាលារៀន​ហើយ​ដូចដែល​បានឃើញ​ថា ចំនួន​ស៊ីក្លូ​បាន​ថយចុះ​ពី ១​ ឆ្នាំទៅ ១ ឆ្នាំ​ដោយសារ​អត់​ចង់ឱ្យ​វា​បាត់បង់ ដូច្នេះ​ទើប​រក​វិធី​ធ្វើយ៉ាងណា​ដើម្បី​បង្ហាញ​ឱ្យគេ​ឃើញថា ស៊ីក្លូ​មាន​ភាព​ឡូយ​ដែល​វា​ជា​គំនិត​វិជ្ជមាន​មួយ​»​។

​បច្ចុប្បន្ននេះ​ម៉ូតូ​កង់​ ៣​ ធំ​បំផុត​របស់​ឥណ្ឌា​ដែល​គ្រង​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ត្រូវបាន​ផលិតឡើង និង​ជិះ​នៅ​ទីក្រុង Hyderabad ក្នុង​ឆ្នាំ​ ២០០៥​។ ម៉ូតូ​កង់​ ៣​ នេះ​ សាងសង់ឡើង​ដោយ Kanyaboyina Sudhakar មាន​កម្ពស់ ១២,៦៧ ​ម៉ែត្រ និង​ប្រវែង ១១,៣៧​ ម៉ែត្រ និង​ទំហំ​កង់ ៥,១៨ ​ម៉ែត្រ​៕