
គណៈប្រតិភូនិងសិល្បករ សិល្បការិនី កម្ពុជាពេលទៅចូលរួមការសមែ្ដងសិល្បៈនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៧ ។ រូបថត UYFC
ភ្នំពេញៈ តំណាងកម្ពុជានឹងដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ ឆ្នាំ ២០២៣»នៅប្រទេសសិង្ហបុរីនាខែកុម្ភៈខាងមុខ ដើម្បីបង្ហាញវប្បធម៌ខ្មែរដ៏ស្រស់បំព្រងនៅលើឆាកអន្តរជាតិ ដែលកម្មវិធីនេះគឺជាព្រឹត្តិការណ៍ក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី។
ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមប្រជាជនសាធារណរដ្ឋសិង្ហបុរី លោកស្រី ដាំដារិនី អនុប្រធានស.ស.យ.ក.នឹងដឹកនាំគណៈប្រតិភូសិល្បករ សិល្បការិនីកម្ពុជា រួមជាមួយលោកគ្រូ អ្នកគ្រូ ជាសាស្ត្រាចារ្យដឹកនាំការសម្ដែង និងក្រុមការងារប្រតិបត្តិសរុបចំនួន ៣៥នាក់ ទៅចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ«ឈីងហ្គេ ឆ្នាំ២០២៣» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ខែកុម្ភៈឆ្នាំ២០២៣ នៅទីតាំង F1 Pit Building,សាធារណរដ្ឋសិង្ហបុរី។
សេចក្តីជូនដំណឹងរបស់ស.ស.យ.ក. ចុះថ្ងៃទី២៨ ខែមករា បានឱ្យដឹងថា ក្បួនដង្ហែឈីងហ្គេគឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយក រដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។
ដោយឡែកនៅក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នឹងរៀបចំឡើងដោយមានការរំពឹងទុកអ្នកចូលរួមជាង ១ម៉ឺននាក់ រួមទាំងអ្នកសិល្បៈជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន ។
សម្រាប់ព្រឹត្តិការណ៍ក្បួនដង្ហែ“ឈីងហ្គេឆ្នាំ២០២៣»នឹងប្រារព្ធឡើងក្រោមប្រធានបទ៖«Embrace Tomorrow» ហើយប្រទេសកម្ពុជាបានត្រៀមនូវការសម្ដែងដ៏ពិសេសមួយក្រោមប្រធានបទ៖ «ក្តីសង្ឃឹមរបស់យើង(Our Hopes)»ដែលមានរួមបញ្ចូលគ្នានូវរបាំបុរាណ របាំសហសម័យ ក្បាច់ផ្ការំដួល និងសៀកដើម្បីបង្ហាញជូនភ្ញៀវអន្តរជាតិដែលបានចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែដោយផ្ទាល់ឬទស្សនាតាមការផ្សព្វផ្សាយនានា។ ប្រភពដដែរបញ្ជាក់ថា ការសម្ដែងទាំងមូលនឹងបង្ហាញក្តីសង្ឃឹមនិងភាពសុខដុមរបស់ប្រជាជាតិខ្មែរ ក៏ដូចជាភាពស្រស់ត្រកាលក្នុងការរស់នៅប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងសន្និសីទកាសែតកាលពីពេលកន្លងទៅ លោក សុខសប្បាយណា សមាជិកអចិន្ដ្រៃយ៍របស់ ស.ស.យ.ក. បានថ្លែងថា ការចូលរួមរបស់កម្ពុជានៅព្រឹត្តិការណ៍អន្តរជាតិបែបនេះ គឺជាការចាប់យកឱកាស ដើម្បីបង្ហាញពីវប្បធម៌ដ៏ប្រពៃរបស់ខ្មែរទៅកាន់ពិភពលោកតាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី ។
លោកបន្តថា៖«ក្រៅពីការសម្តែងសិល្បៈវប្បធម៌ខ្មែរ លើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ឈីងហ្គេ កម្ពុជាចង់បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យុវជនខ្មែរក្នុងការរួបរួមគ្នាថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ ដែលដូនតាបន្សល់ទុក ក៏ដូចជាការចូលរួមជំរុញផ្សព្វផ្សាយ តាមលទ្ធភាពផ្សេងៗ ដែលអាចធ្វើបាន»។
សូមជម្រាបថា តបតាមការអញ្ជើញពីសមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី ស.ស.យ.ក.ធ្លាប់បានដឹកនាំប្រតិភូកម្ពុជា ចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍នេះ២លើករួចមកហើយ។ ក្នុងនោះឆ្នាំ២០១៧ ប្រធានស.ស.យ.ក លោក ហ៊ុន ម៉ានី បានដឹកនាំប្រតិភូកម្ពុជា សិល្បករ និងសិល្បការិនីសរុបចំនួន៧៥រូបចូលរួមសម្ដែងទស្សនីយភាពសិល្បៈខ្មែរក្រោមប្រធានបទ៖«សុខដុមក្នុងភាពចម្រុះនៃវប្បធម៌» (Unity in Cultural Diversity)»។ ព្រឹត្តិការណ៍នាពេលនោះ កម្ពុជាបានសម្តែងសិល្បៈប្រពៃណីក្រោមទម្រង់ជារបាំអប្សរា ល្ខោនស្បែកធំ គុនល្បុក្កតោនិងការដាក់តាំងបង្ហាញសម្ភារកញ្ចែផងដែរ។ រីឯនៅក្នុងឆ្នាំ២០១៩ កម្ពុជា ក៏បាននាំយកសិល្បៈប្រពៃណីនិងរបាំរហ័សសម័យចំនួន៥ទម្រង់រួមបញ្ចូលគ្នាទៅសម្ដែងក្រោមប្រធានបទ៖«ភាពសុខដុម (HARMONY)»។សិល្បៈ៥ទម្រង់ពេលនោះរួមមាន ទី១ របាំមករ ទី២ ឈុតព្រះថោងនាងនាគទី៣ ឈុតកូរសមុទ្រទឹកដោះ ទី៤ របាំក្រមា និងក្បាច់ក្រមានៃគុនល្បុក្កតោ និងទី៥ក្បាច់ផ្ការំដួល៕