
លោក ធឿន សុធា និងស្នាដៃសៀវភៅដែលលោកបាននិពន្ធ។ រូបថត សហការី
ទោះបីជាបណ្ដាញបច្ចេកវិទ្យាមានភាពជឿនលឿន ការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀតសម្រាប់ជាជំនួយដល់ការអានក៏ពិតមែន ប៉ុន្តែមានមនុស្សជាច្រើននៅតែបន្តការអានលើក្រដាសសៀវភៅ។ មានអ្នកនិពន្ធជាច្រើនបានចេញផ្សាយស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះគេសង្កេតឃើញប្រលោមលោកនៅតែមានប្រជាប្រិយភាពសម្រាប់អ្នកអានទូទៅ។
លោក ធឿន សុធា ជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធប្រលោមលោកខ្មែរ ដែលលោកទើបតែនឹងចេញផ្សាយសៀវភៅប្រលោមលោកថ្មី ១ ទៀតក្នុងខែមករា ឆ្នាំ ២០២៣ នេះ។
ទាក់ទងនឹងរឿងប្រលោមលោកខ្មែរនេះ លោកយល់ឃើញថា ល្អ និងមានការរីកចម្រើនខ្លាំង ដោយសារស្នាដៃថ្មីៗចេញនៅលើទីផ្សារក៏ច្រើន អ្នកអានដែលជាយុវជន ឬជាក្មេងៗជំនាន់ក្រោយ ក៏ចូលចិត្តអានបែបជាសាច់រឿង ១រឿងពេញ ឬជារឿងភាគជាដើម។
លោក ធឿន សុធា បានប្រាប់ថា៖ «អ្នកនិពន្ធយើងបានបង្កប់នូវតម្លៃអប់រំល្អៗនៅក្នុងសៀវភៅប្រលោមលោកទាំងនោះ ជាពិសេសអ្នកអានថ្មីៗជាហូរហែ ក៏បានបង្វែរមកនិយមអានសៀវភៅលើកទឹកចិត្ត សៀវភៅទស្សនៈ ឬសៀវភៅចំណេះដឹងផ្សេងៗ ក៏កើតចេញពីអ្នកអានប្រលោមលោកផងដែរ»។
លោកបានថ្លែងក្នុងនាមជាអ្នកនិពន្ធ ៖ «ខ្ញុំសង្ឃឹមថា អ្នកអាន ក៏ដូចជាការតែងនិពន្ធស្នាដៃថ្មីៗ នឹងកាន់តែកើនឡើង ហើយកាន់តែមានគុណភាព គឺដើម្បីបំពេញតម្រូវការសៀវភៅអាននាពេលបច្ចុប្បន្នយើងនេះ»។
យ៉ាងណាមិញ អ្នកនិពន្ធប្រលោមលោកខ្មែររូបនេះ ក៏បានស្នើឱ្យអ្នកនិពន្ធដទៃទៀតបន្ថែមតម្លៃអប់រំ ផ្នត់គំនិតល្អៗ ថ្មីៗ និងការលើកទឹកចិត្តឱ្យបានច្រើន ជាជាងការអានគ្រាន់តែជាការកម្សាន្ត ហើយសំណូមពរឱ្យអ្នកនិពន្ធបន្តផលិតស្នាដៃក្រោយៗ កាន់តែល្អ កាន់តែខ្លឹម មានក្បូនមានខ្នាត របៀបរបបត្រឹមត្រូវ និងគួរណារៀនសូត្របន្ថែមពីស្នាដៃរបស់រៀមច្បងជំនាន់មុន ឬក៏ចូលរួមវគ្គបណ្តុះបណ្តាលនានាឱ្យកាន់តែមានចំណេះជំនាញកាន់តែប្រសើរឡើង។
អ្នកនិពន្ធ ធឿន សុធា ជាអ្នកនិពន្ធវ័យក្មេង ១ រូប ដែលអាចនិពន្ធបានសៀវភៅស្ទើរតែគ្រប់ទម្រង់ទាំងសៀវភៅគំនិត និងប្រលោមលួងលោម។
លោកអះអាងថា ៖ «សម្រាប់ខ្ញុំ គឺបានទាំង ២ ដោយអាស្រ័យលើស្ថានភាព បរិយាកាស និងអារម្មណ៍ថា ផ្តោតមួយណាបានល្អជាង ប៉ុន្តែបើឱ្យជ្រើសរើសយកតែមួយ គឺសៀវភៅបែបផ្នត់គំនិត ខ្ញុំចូលចិត្ត និងឆាប់ចូលអារម្មណ៍បានលឿនជាង»។
អ្នកនិពន្ធដែលទើបចាប់អាជីពជាអ្នកនិពន្ធរូបនេះ មិនទាន់បាន ២ ឆ្នាំពេញលេញផង លោកបាននិពន្ធ និងបោះពុម្ពផ្សាយស្នាដៃរហូត ៥ ចំណងជើង។ លោកបានបង្ហាញពីបញ្ហាប្រឈមក្នុងពេលនិពន្ធឡើងចាប់តាំងពីឆ្នាំ២០២១មក គឺមានជួបបញ្ហាច្រើន ច្រើនរហូតដល់ពេលខ្លះចង់បោះបង់ ឬផ្អាកម្តងៗក៏មានដែរ។
លោកបានប្រាប់ថា៖ «ធ្វើម៉េចបើយើងជ្រុលជាដើរលើវិថីនេះហើយ ម្យ៉ាងមានគេស្គាល់ និងមានអ្នកគាំទ្រជាច្រើនចេះតែចង់ឱ្យបន្ត ចង់បានស្នាដៃថ្មី ហើយខ្លួនឯងផ្ទាល់ ក៏នៅតែមានចិញ្ចឹមចិត្តស្រឡាញ់នៅតែខ្លាំង ទោះបីជាដឹងមុនថា លំបាកក្តី តែសេចក្តីស្រឡាញ់ វាធំជាង និងធ្ងន់ជាង ធ្ងន់រហូតភ្លេចអស់ការលំបាកនានាដោយមិនដឹងខ្លួន»។
លោកបញ្ជាក់បន្ថែម ៖ «បើនិយាយពីការលំបាក គឺចាប់តាំងពីដើមដំបូងមកម្ល៉េះ ព្រោះយើងដឹងហើយថា វិស័យ ឬក៏ការតែងនិពន្ធនេះ ប្រហែលជាមិនងាយស្រួលទេ មិនងាយមានបាន អ្នកអានក៏នៅមានកម្រិត ការផ្សព្វផ្សាយ និងការជួយជ្រោមជ្រែង ក៏មិនបានទូលំទូលាយទៀត»។
ចំណែកឯចំណេះដឹងខ្លួនឯងផ្ទាល់ ឯកសារស្រាជ្រាវ ក្បូនច្បាប់តែងនិពន្ធ ក៏មិនសូវជាមានច្រើន។ ត្រូវគិតថា គួរសរសេរបែបណា ជ្រើសរើសយកមុំណាដែលថ្មី ប្លែក បែបជាខ្មែរ ចាក់ចំចំណុចរសើប ឬងាយបានជាប្រយោជន៍ដល់អ្នកអានជាដើម។ លោក ធឿន សុធា បន្តថា អ្វីដែលចាំបាច់នោះ គឺមិនស្រដៀងគេ មិនយករបស់គេមកលើកឡើង មិនហួសហេតុ និងមិនផ្ទុយពីតថភាពក្នុងសង្គម ហើយមានរូបភាពជាខ្មែរ ដើម្បីកូនខ្មែរដូចគ្នា។
ចូលដល់ការបោះពុម្ពវិញម្តង គឺរិតតែពិបាកថែមមួយកម្រិតទៀត ដោយសារលោកត្រូវធ្វើទីផ្សារ ដើរចែកចាយ ដឹកជញ្ជូន រករោងពុម្ព ផ្តល់ជាភាគរយខ្ពស់ មានអ្នកជំពាក់បន្ត ការទូទាត់យឺតយ៉ាវ ជាដើម។
លោកបានប្រាប់ថា ៖ «និយាយឱ្យងាយយល់ គឺមិនខុសពីអ្នកធ្វើអាជីវកម្មទេ។ សរុបមក វាមិនមែនសរសេររួចបោះពុម្ព និងចេញផ្សាយ ហើយអង្គុយចាំតែទទួលផលទេ គឺមានឧសបគ្គជាច្រើនរៀបរាប់មិនអស់...។ ជាចុងបញ្ចប់ វាជួបបញ្ហាច្រើនមែនពិត តែក៏នៅមានសេចក្តីរីករាយ រំភើប និងសប្បាយរីករាយជាច្រើន បានមកពីការដែលមានឈ្មោះជាអ្នកនិពន្ធក៏មានមិនតិចដែរ»។
សូមជម្រាបថា ស្នាដៃថ្មីដែលអ្នកនិពន្ធ ធឿន សុធា ទើបនឹងចេញផ្សាយមានចំណងជើងថា «ឪពុកខ្ញុំជាវីរបុរស» ជាប្រភេទប្រលោមលោក មនោសញ្ចេតនាខ្សែជីវិត ដែលគ្រប់វគ្គនីមួយៗ សុទ្ធសឹងតែបានឆ្លុះបញ្ចាំងពីបញ្ហា ការសម្រេចចិត្ត កំហុស និងការហួងហែង ទាមទារឱ្យគ្រប់យ៉ាងស្របទៅតាមការចង់បានរបស់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ។
លោក ធឿន សុធា ថា សៀវភៅនេះនឹងនាំលោកអ្នកឱ្យចេះទទួលស្គាល់ការពិត និងរៀនប្រើប្រាស់ជីវិតដោយអនុញ្ញាតឱ្យរឿងរ៉ាវមួយចំនួនប្រព្រឹត្តទៅតាមលំហូររបស់ជីវិត ជាពិសេសឱ្យស្គាល់អ្វីទៅជាសុភមង្គល និងសេចក្តីស្រឡាញ់ពិតប្រាកដ៕