
លោកយាយ គិន យិន វ័យ ៨៦ ឆ្នាំ ពេលកំពុងបង្ហាញក្បាច់សម្ដែងល្ខោនបុរាណដល់សិស្សនៅវត្តកៀនស្វាយក្រៅ កាលពីថ្ងៃទី ២៥ មករា ឆ្នាំ ២០២៣ ។ ហេង ជីវ័ន
កណ្ដាល: ទាំងតួអង្គទេពអប្សរ នាយរោង តួយក្ស តួស្វា សុទ្ធតែត្រូវនិយាយសំឡេងខ្លួនឯងនៅពេលសម្ដែង អមដោយការពោលរឿងដោយសំឡេងមនុស្សស្រី។ ទម្រង់សិល្បៈប្រភេទនេះត្រូវបានហៅថា «ច្រៀងឯងរាំឯង»។
ការរាំក្បាច់បាតហាក់បង្ហាញថា វាជារបាំល្ខោនក្បាច់ខ្មែរបុរាណ ឬល្ខោនព្រះរាជទ្រព្យ តែជាល្ខោនក្បាច់បុរាណដែលសម្ដែងដោយស្ដ្រីសុទ្ធ ហើយតួអង្គនីមួយៗមិននិយាយនិងច្រៀងខ្លួនឯងឡើយ។ទម្រង់ល្ខោននេះមានលក្ខណៈប្រហាក់ប្រហែលល្ខោនយីកេ នៅពេលតួអង្គយក្ស ស្វា ឬឥសី ត្រូវបង្ហើបខ្មុកមុខអំឡុងពេលនិយាយ។
ទម្រង់ល្ខោនបុរាណ ដែលមានលក្ខណៈចម្រុះកូនកាត់ស្រដៀងនឹងល្ខោនក្បាច់ខ្មែរបុរាណ ឬល្ខោនព្រះរាជទ្រព្យ និងល្ខោនយីកេនេះ គឺជាល្ខោនបុរាណ ឬល្ខោនបុរាណកៀនស្វាយក្រៅ ដែលទើបត្រូវបានជីកកកាយបានពីការបាត់បង់មកវិញ។
ល្ខោនបុរាណ គឺជាទម្រង់ល្ខោនច្រៀងរាំបុរាណមួយដែលមានលក្ខណៈស្រដៀងគ្នានឹងសិល្បៈល្ខោនក្បាច់បុរាណដែរ ទាំងតន្ត្រីប្រគំជូនល្ខោន ទាំងសម្លៀកបំពាក់សំពត់ អាវស្បៃ មកុដ ក្បាំងប្រដាប់ដៃជើង និងអ្នកសម្តែង គឺសុទ្ធតែស្រីទាំងអស់សូម្បីតែតួអង្គប្រុសក៏ដោយ។
អ្នកស្រី ណម ណារីម អ្នកសម្របសម្រួលក្រុមសិល្បករល្ខោនបុរាណ និងអនុប្រធាននាយកដ្ឋានសិល្បៈ និងទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ល្ខោនបុរាណនេះ យកលំនាំតាមឈ្មោះទីតាំងនៃប្រភពល្ខោននេះ ដោយមានឈ្មោះ ល្ខោនបុរាណវត្ដកៀនស្វាយក្រៅ ខណៈសាស្ត្រាចារ្យ ចិន្ត នាគ បានហៅថា ល្ខោនបុរាណ។
អ្នកស្រីបានថ្លែងថា៖ «ទម្រង់ល្ខោននេះមានតែ ១ ដែលយើងអាចនិយាយបានថាមានតែ ១ គត់នៅក្នុងប្រទេសយើង។ វាមានប្រវត្ដិតាំងពីយូរមកហើយ ដែលមិនច្បាស់អំពីអំឡុងពេលណាមកទេ។ ល្ខោនវត្ដកៀនស្វាយក្រៅនេះខុសពីល្ខោនផ្សេងៗដោយសារវាយកទម្រង់របាំបុរាណជាគ្រឹះប៉ុន្ដែអ្វីដែលសំខាន់នោះវាប្លែកពីរបាំបុរាណ នៅពេលការច្រៀង និងការរាំ ក៏ដូចជា ការពោលផងដែរ និងការសម្ដែងដោយស្ដ្រីទាំងអស់»។
អ្នកស្រី ណម បានបន្ដថា ការពោលនេះ មិនមែនជាទម្រង់ល្ខោនខោលទេ។ រាល់តួសម្ដែងទាំងអស់សុទ្ធតែត្រូវនិយាយផ្ទាល់សូម្បីតែតួយក្សក៏ត្រូវបើកខ្មុកនិយាយដែរ។ ចំពោះលក្ខណៈក្បាច់ល្ខោនបុរាណវត្ដកៀនស្វាយក្រៅនេះ ក៏ខុសគ្នាពីល្ខោនបុរាណផ្សេងទៀតដែរ។
អនុប្រធាននាយកដ្ឋានសិល្បៈនិងទស្សនីយភាពរូបនេះបានលើកឡើងថា វាជាសិល្បៈល្ខោនបុរាណ និងបែបផែននៃសហគមន៍។ចាស់ៗបុរាណដែលសម្ដែងក្នុងល្ខោននេះ គ្រប់រឿងទាំងអស់សុទ្ធតែមានក្រាំងរបស់ពួកគេ។ ក្រាំងទាំងនោះត្រូវបានថែរក្សាតាំងពីដូនតាហើយមុនពេលសម្ដែង ត្រូវមានមនុស្សម្នាក់ទៅបើកក្រាំង ជាមនុស្សធ្លាប់បួសរៀន និងអុជធូបបួងសួងតាមប្រពៃណី ទើបអាចធ្វើការបើកក្រាំងបាន។
ជាទូទៅ ក្រុមល្ខោននេះធ្វើការសម្ដែង២លើកគឺនៅមុនចូលឆ្នាំខ្មែរ និងកម្មវិធីឡើងលោកតា ហើយតាមប្រវត្ដិជំនឿ បើសិនឆ្នាំណាអត់មានការសម្ដែង ព្រះចៅអធិការនឹងមានអាពាធ(ជំងឺ)។
យោងតាមសៀវភៅល្ខោនបុរាណ រៀបរៀងដោយលោកសាស្ត្រាចារ្យ ចិន្ត នាគ ក្នុងឆ្នាំ២០០៣ បានបង្ហាញថា ប្រភពកាលបរិច្ឆេទកំណើត និងការវិវឌ្ឍរបស់ទម្រង់ល្ខោនបុរាណរីនេះនៅមិនទាន់បានដឹងច្បាស់នៅឡើយទេ។
ប្រភពពីសៀវភៅបានឱ្យដឹងថា វាអាចកើតមានឡើងក្នុងសម័យលង្វែក ពិសេសក្នុងរជ្ជកាលព្រះបរមខត្តិយាមហាចន្ទរាជា (១៥១៦-១៥៦៦) ឬរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ (១៦០៣-១៦១៨) ដែលទ្រង់សោយរាជ្យនៅរាជវាំងកោះស្លាកែត(សព្វថ្ងៃហៅកោះនរា) ស្រុកព្រៃល្វាផ្អែម ឬស្រុកល្វាឯម ឬក្នុងសម័យព្រះរាជសម្ភារពេញតួ (១៦២៩-១៦៣៤) ដែលពីដំបូងទ្រង់គង់នៅរាជធានីឧដុង្គ រួចយាងទៅវាំងកោះឃ្លោក (សព្វថ្ងៃហៅ កោះឧកញ៉ាតី )។
យ៉ាងណាមិញ ទាំងក្រាំង ឯកសារ និងមរតកមនុស្សរស់ រួមទាំងទម្រង់សិល្បៈជាច្រើនទៀត ត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម ប៉ុល ពត រយៈពេលជិត ៤ ឆ្នាំ។
នៅឆ្នាំ១៩៩៩ មហាជនមានឱកាសបានទស្សនាទម្រង់ល្ខោនបុរាណវត្ដកៀនស្វាយក្រៅនេះជាថ្មីម្ដងទៀតនៅសាលមហោស្រពចតុមុខ ក្រោយមានការដំឡើងថ្មីពីសំណាក់ចាស់ព្រឹទ្ធាចារ្យ ដែលនៅរស់រានមានជីវិតមិនដល់ ១០ នាក់ផង។
ស្ថិតក្នុងវ័យ ៨០ ដល់ជាង ៩០ ឆ្នាំ ព្រឹទ្ធាចារ្យ ដែលជាមរតកមនុស្សរស់ បានចងក្រង និងបង្ហាត់បង្រៀនកូនចៅ ពីឆ្នាំ ១៩៩៨ រហូតដល់ព្រឹទ្ធាចារ្យខ្លះគ្មានឱកាសបានឃើញទម្រង់ល្ខោនបុរាណរបស់ខ្លួនត្រូវបានសម្ដែងនិងផ្សព្វផ្សាយឱ្យល្បីល្បាញជាថ្មីដោយពួកគាត់បានអស់ជន្មាយុជាបណ្ដើរៗ។
យោងតាមសៀវភៅរបស់លោកសាស្ត្រាចារ្យ ចិន្ត នាគ បានឱ្យដឹងថា ព្រឹទ្ធាចារ្យ ៧នាក់ ដែលបានបង្កើតក្រុមល្ខោនបុរាណឡើងវិញនោះ រួមមាន លោកតា នៅ ជា (គ្រូភ្លេង)លោកយាយ ជា មុត (តួនាយរោងឯក)លោកយាយ គិន យិន (តួយក្សនិងតួស្វា)លោកយាយ មាស ហូ (តួនាង) លោកយាយ សាន់ យឹន (តួនាង) លោកយាយ ណែម យឹន(មិនច្បាស់)និងលោកយាយ អ៊ូ ណម (តួយក្ស)។
បច្ចុប្បន្ននេះនៅសល់ដូនចាស់ ៣រូប ដែលនៅបន្ដបណ្ដុះបណ្ដាលគ្រាប់ពូជ ទោះបីជាពួកគាត់ស្ថិតក្នុងវ័យដ៏ជរាយ៉ាងណាក៏ដោយ។

អ្នកស្រី ពុំ សុខឃីម អាយុ ៤៤ ឆ្នាំ ជាប្រធានក្រុមល្ខោនបុរាណ ឬល្ខោនបុរាណកៀនស្វាយក្រៅ ដែលបច្ចុប្បន្នមានសមាជិក ៣០ នាក់ បានថ្លែងថា លោកយាយ ជា មុត អាយុ ៩៤ឆ្នាំ ដែលបានផ្ដល់កាព្យចម្រៀងដល់អ្នកចម្រៀង និងប្រាប់ឈ្មោះបទភ្លេងដល់អ្នកភ្លេង លោកយាយ គិន យិន អាយុ ៨៥ ឆ្នាំ ហើយលោកយាយ អ៊ូ ណម អាយុ ៩៤ ឆ្នាំ។
អ្នកស្រី សុខឃីម ដែលបានទទួលការបណ្ដុះបណ្ដាលពីដូនចាស់ទាំងនោះ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពីជំនាន់ដូនតា លោកយាយ មានអ្នកដឹកនាំក្រុម និងចងក្រងក្រាំង តែនៅត្រឹមជំនាន់របស់លោកយាយវត្ថុតាងទាំងប៉ុន្មានបានបាត់បង់អស់រលីង ដោយសារប្រជាជនរត់ខ្ចាត់ខ្ចាយក្នុងជំនាន់ប៉ុលពត»។
ស្ដ្រីដែលគ្រងតួអង្គយក្ស ប្រចាំក្រុមល្ខោនបុរាណវត្ដកៀនស្វាយក្រៅ ស្ថិតនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ព្រឹទ្ធាចារ្យទាំងនោះគឺជាប្រភពធនធានតែ ១គត់ដែលធ្វើឱ្យទម្រង់ល្ខោនប្រចាំតំបន់នេះមានជីវិតត្រឡប់មកកាន់ដែនដីសុវណ្ណភូមិវិញ។
ដោយចាប់កំណើតនៅក្នុងឆ្នាំ ១៩៩៨ ជាមួយសមាជិកដំបូងជិត ២០០ នាក់ ក្រុមល្ខោនបុរាណចេញសម្ដែងលើកដំបូងក្នុងឆ្នាំ ១៩៩៩ និងបន្ដដំណើរទាំងត្រដាបត្រដួសរហូតដល់សព្វថ្ងៃនេះ។
អ្នកស្រី សុខឃីម បានឱ្យដឹងថា «នៅឆ្នាំ ១៩៩៨ យើងប្រមូលគ្នាហាត់រៀន ហើយក៏មានលោកពូ ចិន្ត នាគ ចុះមកស្រាវជ្រាវ និងបានរកឃើញព្រឹទ្ធាចារ្យ ៦-៧រូបទៀត។ ពេលចូលហាត់រៀនជាផ្លូវការ ក្រុមល្ខោនបុរាណនេះចាប់ផ្ដើមនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៨ តាមរយៈការសំពះគ្រូ ថ្វាយខ្លួនដើម្បីចូលហាត់រៀនល្ខោនបុរាណនេះតែម្ដង»។
ដោយកត្ដាផ្សេងៗ ដូចជា អ្នកសម្ដែងមានគ្រួសារ និងផ្ទះនៅឆ្ងាយៗ បច្ចុប្បន្ន ក្រុមល្ខោន ដឹកនាំដោយអ្នកស្រី សុខឃីម មានសមាជិក ៣០នាក់ និងមានសិស្សកំពុងរៀនទម្រង់សិល្បៈពី ១០ ទៅ ១២ នាក់។
អ្នកស្រី បាននិយាយពីភាពវិសេសនៃល្ខោនបុរាណ ឬល្ខោនបុរាណកៀនស្វាយក្រៅថា អ្នកពោលទៅតាមសាច់រឿងជាមនុស្សស្រី ដែលអត្ថន័យនៃល្ខោនយកពាក្យពោលពីតួអង្គនីមួយៗផ្ទាល់ ដែលតួអង្គពាក់មុខយក្ស ឬស្វា អាចបង្ហើបមុខនិយាយពោលសន្ទនាបានដោយផ្ទាល់។
មួយវិញទៀត តួអង្គមនុស្សធំអាចប្ដូរជំនួសតួអង្គក្មេងពេលតួអង្គធំទៅ ហើយអាចប្រើតួជំនួសបាននៅពេលតួអង្គ ១ មានឈុតសម្ដែងច្រើន ដែលធ្វើឱ្យមានការនឿយហត់។ ពេលតួអង្គនីមួយៗឡើងមកលើឆាក ពួកគេត្រូវសំពះទស្សនិកជនសិន មុននឹងចាក់ក្បាច់តាមបទចម្រៀង និងណែនាំខ្លួន។
នៅឆ្នាំ ២០០០ ក្រុមល្ខោនបុរាណចេញសម្តែងនៅអង្គរវត្តនិងឆ្នាំ ២០០៨ សម្តែងនៅសាលមហោស្រពចេនឡា ប៉ុន្ដែគួរឱ្យសោកស្តាយល្ខោនបុរាណបានបាត់បង់ការសម្តែង និងស្ទើរតែត្រូវបានបំភ្លេចចោល។
ដោយមានកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមអ្នករៀបចំកម្មវិធីរដូវវប្បធម៌នៅវិទ្យាស្ថានភាសាបារាំងចាប់ពីខែកុម្ភៈខាងមុខនេះ ក្រុមល្ខោនបុរាណនេះ នឹងមានវត្ដមានសម្ដែងលើឆាកជាថ្មីជាមួយការបើកកម្មវិធីរដូវវប្បធម៌ នៅថ្ងៃទី ៣ និងទី ៤ ខែកុម្ភៈ។
ជាទូទៅក្រុមល្ខោនបុរាណនេះសម្ដែងរឿង លឹន ថោង រឿងព្រះសមុទ្រពុទ្ធសុមាលី ខណៈរឿងចម្ប៉ា៤ដើម កំពុងហ្វឹកហាត់សម្ដែង។
អ្នកស្រីនិយាយថា៖ «រឿងទាំងនោះ ដែលយោងតាមការសម្ដែងសាច់រឿងដើមត្រូវចំណាយពេល ៣ យប់ ៣ ថ្ងៃ ប៉ុន្ដែដោយសារក្រាំងឯកសារនានាត្រូវបានបាត់បង់ ព្រឹទ្ចាចារ្យទាំងនេះបានរើកកាយពីការចងចាំរបស់ពួកគាត់មកបង្កើតជាការសម្ដែងរយៈពេលជាង ១ ម៉ោង»។
អ្នកស្រី សុខឃីម បានបន្ដថា៖«ខ្ញុំចង់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យបានស្គាល់ពីទម្រង់ល្ខោនបុរាណ ដែលមានតែ១គត់នៅស្រុកកៀនស្វាយ ខេត្ដកណ្ដាលនេះ។ សូមជួយគាំទ្រល្ខោនបុរាណនៃវប្បធម៌ខ្មែរ និងសូមអំពាវនាវដល់ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិទិញសំបុត្រចូលទស្សនាឱ្យបានច្រើនក្នុងរដូវវប្បធម៌នេះ»។
រដូវវប្បធម៌នេះ អ្នកស្រី ណារីម បាននិយាយថា ផ្ដល់ឱកាសឱ្យសិល្បករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធបញ្ចេញស្នាដៃ។ ជាក់ស្ដែង ល្ខោនបុរាណនេះ ពួកគេកំពុងតែពង្រឹងខ្លួនឯងដើម្បីមានជីវិតរស់រានឡើងវិញ។
អ្នកស្រីអះអាងថា៖ «ប្រសិនបើគ្មានការសម្ដែង ទម្រង់ល្ខោនប្រចាំតំបន់នេះ អាចនឹងបាត់បង់ត្រឡប់ទៅវិញដែរ។ ដូច្នេះ វាជាចំណុចសំខាន់១ដែលគួរអរគុណចំពោះរដូវវប្បធម៌នេះ។
អ្នកស្រី ណារីម បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែសិក្សាស្រាវជ្រាវសិល្បៈបុរាណតាមតំបន់គ្រប់ទម្រង់ តែកំណត់ទៅពេលវេលា។ ដូច្នេះ ក្នុងពេលនេះ ក្រសួងសង្កត់ធ្ងន់ទៅលើទម្រង់ល្ខោនបុរាណ (ល្ខោនបុរាណ) ដែលទើបជីកកកាយបានពីការបាត់បង់ត្រឡប់មកវិញ។
កញ្ញា អឿន រ៉ូហ្សា តំណាងក្រុមយុវជនរីកសាយ និងជាទូតកម្មវិធីរដូវវប្បធម៌ បាននិយាយថា៖ «ខ្ញុំគិតថាបងប្អូនយើងជាច្រើនមិនទាន់ស្គាល់ឬទស្សនាល្ខោននេះ [ដែលត្រៀមសម្ដែងរឿង លឹន ថោង] ទេ។ វាជាប្រភេទល្ខោនដែលកម្រនិងស្ទើរតែបាត់បង់ទៅហើយ តែក៏បានប្រមូលផ្តុំនិងដំឡើងឡើងវិញ»។
តារាសម្ដែងដ៏មានប្រជាប្រិយរូបនេះបានបន្ដថា៖«យុវជនគួរតែចូលរួមក្នុងសិល្បៈបុរាណយើងឱ្យបានច្រើនពីព្រោះសិល្បករ និងសិល្បការិនីខិតខំប្រឹងប្រែងហាត់រៀនមែនទែន ដើម្បីបានថែរក្សាពីក្បាច់បុរាណ ដែលក្បាច់ខ្លះស្ទើរតែបាត់បង់ទៅហើយ ប៉ុន្ដែយុវជនមានការចូលរួមតិចតួចប៉ុណ្ណោះ»៕