អាជីព​ជា​អ្នកនិពន្ធ ទោះបីជា​មិន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ក៏ដោយចុះ ប៉ុន្តែ​នៅតែមាន​អ្នកធ្វើ​ដោយ​មិន​រួញរា ដែល​ជាក់ស្តែង​ដូចជា លោក ​ស៊ូ សាវឿន ដែលជា​អ្នកនិពន្ធ​ម្នាក់​ក្នុងចំណោម​អ្នកនិពន្ធ​ផ្សេងទៀត​ដែលមាន​ឆន្ទៈ​មុតមាំ​ក្នុង​វិស័យ​មួយ​នេះ​។

​លោក ​ស៊ូ សាវឿន បាន​អះអាងថា​៖ «​គុណ​ស​ម្ប​តិ្ត​នៃ​ការ​តែង​និពន្ធ ពិតជា​ល្អ​ជាង​ការ​ប្រែ​សម្រួល​ស្នាដៃ​បរទេស​។ ការ​ប្រែ​សម្រួល​ស្នាដៃ​បង្កើតបាន​នូវ​ចំណេះដឹង​សកល និង​ទូលំទូលាយ ធ្វើឱ្យ​កូន​ខ្មែរ​របស់​យើង​ដឹង​និង​យល់​ព័ត៌មាន​ល្អៗ​នៅ​ជុំវិញ​សកលលោក តែ​ការ​តែង​និពន្ធ​អាច​ផ្តល់​គុណសម្បត្តិ​ច្រើនជាង​នេះ ពិសេស​ជួយ​លើកតម្កើង​អក្សរសាស្ត្រ​ជាតិ អត្តសញ្ញាណ​ជាតិ កិត្តិយស​របស់​ជាតិ​សាសន៍​ខ្លួនឯង​»​។

​លោក​បន្តថា​៖ «​ខ្ញុំ​គិតថា ការ​តែង​និពន្ធ​បង្ហាញ​អំពី​ឆន្ទៈ​ពិតៗ​នៃ​ការលើកស្ទួយ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​ពិត​នៅក្នុង​សង្គម​របស់​យើង​។ ខ្ញុំ​អាច​និយាយថា សេដ្ឋកិច្ច​ដែល​រីកចម្រើន​ដោយសារ​ចំណេះដឹង​ពិត ជំនាញ​ពិត បទពិសោធន៍​ពិត គឺជា​គ្រឹះ​ពិតប្រាកដ​សម្រាប់​សង្គម​ជាតិ​យើង​»​។​

​បច្ចុប្បន្ននេះ ក្រៅពី​ជា​អ្នកនិពន្ធ​ហើយ​នោះ លោក ស៊ូ សាវឿន ក៏​ជា​សហ​ស្ថាបនិក និង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន K Asia ផងដែរ ដែល​លោក​ចូលរួម​បង្កើត​ជាមួយនឹង​មិត្តភក្តិ ហើយ​ក្រៅពីនេះទៀត អ្នកនិពន្ធ​រូបនេះ​ក៏​ជា​វាគ្មិន​ដែល​ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​តាម​បណ្ដា​ក្រុមហ៊ុន ស្ថាប័ន​មួយចំនួន​ផងដែរ​។​

​លោក ស៊ូ សាវឿន បាន​ប្រាប់​ពី​ហេតុផល​ដែល​ធ្វើឱ្យ​លោក​ចាប់​អាជីព​ជា​អ្នកនិពន្ធ​សៀវភៅ​ថា លោក​ចូលចិត្ត​ការចែករំលែក ចូលចិត្ត​ការប្រមូលផ្តុំ​គំនិត​និង​បទពិសោធន៍ រួម​នឹង​ចូលចិត្ត​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ច្រើន​ជំនាន់​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​មានបទពិសោធន៍ ទោះបី​ល្អ​ឬ​មិនល្អ ឱ្យតែ​យើង​ចែករំលែក​ដល់​អ្នកដទៃ នោះ​នឹង​ជួយ​ដាស់តឿន ក្រើនរំឭក និង​ជួយ​បង្ហាញផ្លូវ​អំពី​កិច្ច​ការដែល​គួរ​ធ្វើ​និង​កិច្ច​ការដែល​មិនគួរ​ធ្វើ​។ ការចែករំលែក គឺជា​ឧបករណ៍​ជួយ​យើង​និង​អ្នកដទៃ​ឱ្យ​រីកចម្រើន ជា​គន្លឹះ​អភិវឌ្ឍ​ខ្លួន​យ៉ាង​ល្អប្រសើរ ហើយ​ជា​ប្រភព​នៃ​គំនិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»​។

លោក​បន្ថែមថា​៖ «​តាម​គំនិត​របស់ខ្ញុំ ការចែករំលែក​បណ្តុះ​ការគិត បណ្តុះ​ការវិភាគ បណ្តុះ​ការសិក្សា​ឈ្វេងយល់ បណ្តុះ​ទម្លាប់​ចង់​ចេះ​ចង់ដឹង​។ កាលណា​យើង​ចែករំលែក យើង​នឹង​សម្អិតសម្អាង ជ្រើសរើស​គំនិត​និង សាច់រឿង ល្អៗ​សម្រាប់​បញ្ចូល​ទៅក្នុង​ខួរ ក្បាល​របស់​យើង​»​។​

​ទាក់ទង​នឹង​ចំណូលចិត្ត​ចំពោះ​ការប្រមូលផ្តុំ​គំនិត​និង​បទពិសោធន៍​វិញ លោក ស៊ូ សាវឿន បាន​បញ្ជាក់ថា លោក​ចូលចិត្ត​ចំណាយ​ពេលវេលា​ជាមួយ​មិត្តភក្តិ ផឹក​កាហ្វេ​ជជែក​គ្នា​លេង ពិសេស​ផ្តោតលើ​ការវែកញែក​គំនិត បទពិសោធន៍​និង​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​ទូទៅ​។

​លោក​ថ្លែងថា​៖ «​ចំណង់​ចំណូលចិត្ត​នេះ​ធ្វើឱ្យ​ខ្ញុំ​ទទួលបាន​គំនិត​ថ្មីៗ​បទពិសោធន៍​ល្អៗ និង​គន្លឹះ​ចាំបាច់​សម្រាប់​ការងារ ការរស់នៅ និង​ការប្រកបមុខរបរ​ជា​ដើម​។ ការ​តែង​និពន្ធ​ត្រូវ​ផ្សារភ្ជាប់​នឹង​បទពិសោធន៍​ពិត គំនិត​ពិត និង​គ្រប់​រសជាតិ​ទាំង​នៅក្នុង​ជីវិត​ការងារ​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​»​។​

​ចំពោះ​វិស័យ​តែង​និពន្ធ​កម្ពុជា​អ្នកនិពន្ធ​រូបនេះ​លើកឡើងថា ការ​តែង​និពន្ធ​ចាប់ផ្តើម​មាន​ភាពរស់រវើក​ និង​ផុសផុល​គួរឱ្យកត់សម្គាល់ ហើយ​វា​ជា​ចំណុច​គួរឱ្យ​ស្ញប់ស្ញែង ព្រោះ​វា​មិន​ត្រឹមតែ​ជា​សិល្បៈ​នៃ​ការចែករំលែក ថែមទាំង​ជា​កិច្ចខិតខំ​ប្រឹងប្រែង​បន្សល់ទុក​នូវ​ក្បួនខ្នាត​ផ្សេងៗ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ស្រុកទេស​មួយ​ដែលមាន​អ្នក​ចងក្រង​ឬ​តែង​និពន្ធ​ច្រើន ស្រុកទេស​នោះ នឹង​សម្បូរ​ទៅដោយ​គំនិត បទពិសោធន៍ និង​របៀប​ធ្វើ​ការល្អៗ ហើយ​វា​នឹង​ជួយ​ឱ្យ​ចំណេះដឹង​ក្លាយជា​ប្រភព​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​យ៉ាង​ល្អប្រសើរ​។

​លោក​ថា​៖ «​ខ្ញុំ​កោតសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដែល​បង្កើត​បរិយាកាស​បើកទូលាយ ហើយ​ធ្វើឱ្យមាន​ភាព​ផុសផុល​នៅក្នុង​វិស័យ​តែង​និពន្ធ​។ ខ្ញុំ​ស្គាល់​ក្មេងៗ​ដែល​ទើបតែ​កំពុង​រៀន​និង​បញ្ចប់​ថ្នាក់​ទី​ ១២ ថែមទាំង​ស្គាល់​មនុស្ស​វ័យ​ចំណាស់​ដែល​ចូលនិវត្តន៍​ពី​ការងារ សុទ្ធតែ​បានផ្តល់​តម្លៃ​លើ​ការងារ​តែង​និពន្ធ​។ នេះ​ជា​រឿង​ល្អ​សម្រាប់​សង្គមជាតិ ទោះបី​ការ​តែង​និពន្ធ​ខ្លះ​មិនល្អ​សម្រាប់​សង្គម ប៉ុន្តែ​ពិតជា​បានបង្ហាញ​ផ្លូវ​ខ្លះៗ​សម្រាប់​មនុស្សជាតិ​»​។​

​ចាប់តាំងពី​អ្នកនិពន្ធ ស៊ូ សាវឿន ឈាន​ជើង​ចូល​ជា​អ្នកនិពន្ធ​មក លោក​បាន​បង្កើត​ស្នាដៃ​ជា​សៀវភៅ​មាន ៧​ ចំណងជើង រួមមាន​៖​ផ្លូវ​អ្នកខ្លាំង​, ជម្រើស​ផ្លូវ​ដើរ​, ជួយ​ខ្លួនឯង​, ៣៦៥ ​ថ្ងៃ​ច្នៃ​គំនិត​, ក្តាប់​ឱកាស​, តិច​និក​លក់​និង​សិល្បៈ​លក់​។ សម្រាប់​សៀវភៅ «​តិច​និក​លក់ និង​សិល្បៈ​លក់​»​ ទាំង​ ២ ​ចុងក្រោយ​នេះ លោក​សរសេរ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់លោក​ចន្លោះ​ឆ្នាំ​ ២០១៣ ដល់ពេល​បច្ចុប្បន្ន ដែល​សៀវភៅ​ទាំង​ ២ ​នេះ​មានបំណង​ជួយ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​អ្នកធ្វើ​ការឱ្យ​ចេះ​ពីរ​បៀ​បលក់ និង​ដឹកនាំ​ក្រុមការងារ​លក់បាន​ល្អ​។

​លោក​បាន​បញ្ជាក់ថា ចំណែក​សៀវភៅ​ ៥​ ចំណងជើង​ផ្សេងទៀត គឺ​ស្ថាប័ន​ផ្សេង​សុំ​សិទ្ធិ​បោះពុម្ពផ្សាយ ដែល​សៀវភៅ​ទាំងនោះ​និយាយ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​បុគ្គលិកលក្ខណៈ អត្តចរិត ភាពជា​អ្នកដឹកនាំ​ខ្លួនឯង និង​ធ្វើជា​បុគ្គល​ដែល​ស្គាល់​ខ្លួនឯង​ច្បាស់​។

​អ្នកនិពន្ធ ស៊ូ សាវឿន បានផ្ដល់​អនុសាសន៍​ថា៖ «​ការ​តែង​និពន្ធ ថ្វី​ដ្បិត​មិនបង្កើត​លទ្ធផល​ភ្លាមៗ ប៉ុន្តែ​វា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ផ្លាស់ប្តូរ​ខ្លួនឯង និង​សង្គមជាតិ​ទាំងមូល​តាមរយៈ​មរតក​ចំណេះដឹង និង​បទពិសោធន៍​ជីវិត​ជាក់ស្តែង​។ ការ​ក្លាយខ្លួនជា​អ្នក​តែង​និពន្ធ​ក៏​មិន​ងាយស្រួល​ពេក​ដែរ គឺ​ទាមទារ​ការស្រឡាញ់​ពិតៗ ថែមទាំង​ហ៊ាន​លះបង់​រឿង​ដែល​អ្នកដទៃ​ពិបាក​លះបង់ ឧទាហរណ៍​ពេលវេលា​ដើរលេង​សប្បាយ​ជាដើម​»៕