
យុវសិស្ស អ៊ុង ឈួនមន្នី។ រូបថត សហការី
ភ្នំពេញៈ ដូនតាខ្មែរបានបន្សល់ទុកមរតកជាច្រើនសម្រាប់កូនខ្មែរតជំនាន់ ដែលមរតកដូនតាខ្មែរទាំងនោះសុទ្ធតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅបង្ហាញពីការរីកចម្រើនៃសង្គមខ្មែរទាំងសីលធម៌ គុណធម៌ ចំណេះដឹង និងភាពរុងរឿងគ្រប់វិស័យនៃសង្គមជាតិ។
មរតកវប្បធម៌សិល្បៈជាច្រើនបានឆ្លាក់ចារជាប់នឹងជញ្ជាំងប្រាសាទសិលាចារឹកផ្សេងៗពាសពេញផ្ទៃប្រទេស ក្នុងនោះល្ខោនខោលគេឃើញមានឆ្លាក់ចារជាប់នឹងសិលាចារឹកផងដែរ។ ល្ខោនខោល ជាល្ខោនពាក់របាំងមុខរបស់កម្ពុជា ដែលមានដើមកំណើតនៃការសម្តែងក្នុងអំឡុងស.វទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)។ រហូតមកដល់សព្វថ្ងៃនេះ ល្ខោនខោលនៅតែមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោក។
យុវសិស្ស អ៊ុង ឈួនមន្នី ដែលមានស្រុកកំណើតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានចាប់យកជំនាញល្ខោនខោលមកសិក្សា ដែលយុវសិស្សរូបនេះជាសិស្សសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល ប៉ុន្តែលោកមិនទាន់មានបរិញ្ញាបត្រនៅឡើយទេ។
ទាក់ទិននឹងការចាប់ជំនាញសិល្បៈមួយនេះ អ៊ុង ឈួនមន្នី បានឱ្យដឹងថា៖ «ខ្ញុំចាប់ជំនាញយកផ្នែកល្ខោនខោល ពីព្រោះខ្ញុំយល់ថាល្ខោនខោលមានចំណុចគួរឱ្យចាប់អារម្មណ៍ច្រើនក្នុងនោះមានទាំងការជួយរក្សាវប្បធម៌ឱ្យគង់វង្សនិងការបន្តឱ្យក្មេងជំនាន់ជួយថែរក្សាវប្បធម៌កេរមរតកពីដូនតាមកផងដែរ»។
សេចក្ដីស្រឡាញ់ពេញចិត្តពិតជាធ្វើឱ្យយុវសិស្សរូបនេះមានបំណងស្នងសិល្បៈល្ខោលខោនទៅមុខទៀត ដើម្បីឱ្យសិល្បៈនេះបានគង់វង្ស ស្របពេលដែលទម្រង់សិល្បៈនិងបច្ចេកវិទ្យាកំពុងវិវឌ្ឍតាមសង្គមសម័យថ្មី។
យុវសិស្សរូបនេះបានអះអាងពីបំណងខ្លួនថា៖ «ខ្ញុំចង់ក្លាយជាគ្រូបង្ហាត់ល្ខោនខោលពីព្រោះខ្ញុំចង់បង្ហាត់ដល់ក្មេងជំនាន់ក្រោយឱ្យជួយថែរក្សាល្ខោនខោលឱ្យបានគង់វង្ស។ ខ្ញុំនឹងខិតខំហាត់ហើយនិងសម្រេចក្តីស្រមៃរបស់ខ្ញុំឱ្យបាន។ កាលពីខ្ញុំនៅក្មេងខ្ញុំចូលចិត្តល្ខោនខោលណាស់ព្រោះមានក្បាច់ល្អៗច្រើនទើបបានជាខ្ញុំសុំម៉ាក់ប៉ាចូលមករៀននៅសាលាមធ្យមវិចិត្រសិល្បៈនេះ”។
ក្នុងនាមជាអ្នកស្រឡាញ់ពេញចិត្ត និងជាសិស្សសិល្បៈល្ខោនខោល អ៊ុង ឈួនមន្នី មានសំណូមពរខ្លីថា ៖ «ជាចុងក្រោយខ្ញុំសូមផ្ដាំទៅក្មេងៗ ឬយុវជនជំនាន់ក្រោយឱ្យជួយថែរក្សាវប្បធម៌ដែលជាកេរពីដូនតារបស់យើងដែលបានបន្សល់ទុកមកនេះផង»។
បើយោងតាមសៀវភៅល្ខោនខោលរបស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធដោយ ពេជ្យ ទុំក្រវ៉ិល បានសរសេរថា នៅលើសិលាចារឹក K.99 ប្រាសាទសំបូរព្រៃគុក នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី» រ្មាំ ឬរមាំភាណី គឺជាអ្នករាំភាណី សុទ្ធតែជាប្រុស ហើយត្មឹនភាណី គឺតន្ត្រីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែជាប្រុសផងដែរ យ៉ាងណាវិញអ្នកប្រវត្តិវិទូផ្នែកវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗទៀត មិនទាន់ទទួលស្គាល់ថាល្ខោនខោល ដាច់ខាតត្រូវតែសម្ដែងតែបុរសនោះទេ ព្រោះមិនទាន់មានប្រភពជាក់លាក់ណាមួយអំពីការលើកឡើងនេះនៅឡើយ។
ល្ខោនខោល គេជឿថា ជាល្ខោនដែលបំប្លែងចេញពីល្ខោនស្បែកធំ។ ពាក្យខោលក្នុងវចនានុក្រមខ្មែរ សម្ដេចសង្ឃរាជ ជួន ណាត ជានាមស័ព្ទដែលមានន័យថាពួកល្ខោនប្រុស, ( រាំរឿងរាមកេរ្តិ៍ )។គេប្រទះពាក្យ ខោល ក្នុងសិលាចរឹកមួយចំនួនទៀតដូចជា សិលាចារឹកនៅវត្តប្រមា ខេត្តសៀមរាប K.1229C, សិលាចារឹកនៅ ស.វទី៩ គ.សករាជ ៩៧៩ និយាយពីព្រាហ្មណ៍បុរោហិតម្នាក់ នៅវ្យាធៈបុរៈ បានបញ្ជូនមនុស្សឱ្យទៅបម្រើក្នុងរាជវាំង ក្នុងនោះតម្រូវឱ្យ «វាប» (អានថា៖ វាប៉ៈ) មានន័យថា សាក ឬមកសម មនុស្ស៦នាក់ត្រូវទៅផ្ទះនាដខោល (ផ្ទះអ្នករាំរបាំខោល)៕