ភ្នំពេញ:កម្រងគំនូររបស់វិចិត្រករជើងចាស់លោកស្វាយ កេន ត្រូវបានដាក់តាំងបង្ហាញក្នុងកិច្ចសហការរវាង Meta House ជាមួយលោកស្វាយ សានុច ជាប្អូនប្រុសរបស់សិល្បករដែលបច្ចុប្បន្នលោកបង្កើតសារមន្ទីរអនឡាញសម្រាប់តាំងបង្ហាញស្នាដៃបងប្រុសនិងជាអ្នកប្រមូល Helen Jarvis ជាមិត្តជិតស្និទ្ធរបស់វិចិត្រករ។
ពិព័រណ៍ «ស្វាយកេន៖ សិល្បៈខ្ញុំ ជីវិតខ្ញុំ»ចាប់ផ្តើមពីថ្ងៃទី៧ ខែកុម្ភៈ ដោយត្រូវបានដាក់ឈ្មោះដោយស្ថាបនិកMeta House ថា «បិតាសិល្បៈសម័យទំនើបកម្ពុជា»។
លោក Nicolaus Mesterharm ស្ថាបនិក និងជានាយកមជ្ឈមណ្ឌលសិល្បៈMeta House បាននិយាយថា៖«លោកស្វាយ កេន ដែលត្រូវបានគោរពយ៉ាងទូលំទូលាយក្នុងនាមជាបិតាសិល្បៈសហសម័យនៅក្នុងប្រទេសកម្ពុជា បានទទួលមរណភាពនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ ក្នុងជន្មាយុ ៧៦ឆ្នាំ។ លោកជាអ្នកកាន់សាសនាព្រះពុទ្ធមានកូន៥នាក់ និងចៅ៩នាក់»។
លោក Mesterharm បានថ្លែងថា លោក កេន គឺជាវិចិត្រករគំរូដ៏អស្ចារ្យម្នាក់សម្រាប់សិល្បករវ័យក្មេង ដោយសារតែលោកប្រហែលជាវិចិត្រករដំបូងគេដែលគូរគំនូរមិនសម្រាប់លក់ដូរនិងក៏មិនសម្រាប់អ្នកទេសចរដែរ។
លោក Edward B. Fiske មកពីកាសែត International Herald Tribune ជាអ្នកវិភាគសិល្បៈដំបូងគេដែលស្គាល់កេនតាំងពីឆ្នាំ ១៩៩៤ បានឱ្យដឹងថា៖ «គាត់គ្រាន់តែគូរអំពីជីវិតរបស់គាត់ និងការងាររបស់គាត់ ហើយអ្នកវិភាគ និងវិចិត្រករវ័យក្មេងមើលស្នាដៃគាត់ហើយ [គិត] អីយ៉ា! គាត់មិនគូរប្រាសាទអង្គរវត្តទេ គាត់គ្រាន់តែគូរជីវិតរបស់គាត់ប៉ុណ្ណោះ»។
លោកMesterharm បានបន្តថា ប្អូនប្រុសរបស់លោកកេនឈ្មោះស្វាយសានុច គឺជាអ្នកសារព័ត៌មាន ហើយបន្ទាប់ពីការស្លាប់របស់បងប្រុសលោក សានុច បន្តរក្សាកេរដំណែលរបស់កេនតាមរយៈសារមន្ទីរនិម្មិត និងបច្ចេកវិទ្យា VR។
លោកបានបញ្ជាក់ថា៖ «លោក កេនបានគូរគំនូររាប់ពាន់ផ្ទាំងនៅក្នុងអាជីពរបស់គាត់។ គំនូរប្រេងនៅលើផ្ទាំងក្រណាត់ដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់មាននៅក្នុងការប្រមែប្រមូលសិល្បៈសហសម័យ ការតាំងពិព័រណ៍នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជានៅទីក្រុងញូវយ៉កផងដែរ»។
គំនូររបស់លោក កេន នាពេលសព្វថ្ងៃមានតម្លៃថ្លៃ ដោយក្នុង១ផ្ទាំងធំលក់ក្នុងតម្លៃ១៥ ០០០ដុល្លារ។ ជាធម្មតា ស្នាដៃរបស់លោកមិនមានលក់ក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែមាននៅបរទេស។ នេះបើយោងតាមស្ថាបនិក និងជានាយកMeta House។
លោក កេន កើតនៅឆ្នាំ១៩៣៣ និងបានចូលរៀននៅវត្តព្រះពុទ្ធសាសនាក្នុងខេត្តតាកែវដែលជាខេត្តកំណើតរបស់លោក។ លោកមិនបានចាប់ផ្តើមគូរទេ រហូតដល់អាយុ ៦០ឆ្នាំ ដែលបានក្លាយជាវិចិត្រកររៀនដោយខ្លួនឯងហើយលោកចាប់ផ្តើមគូរជារៀងរាល់ថ្ងៃអស់រយៈពេល១៥ឆ្នាំរហូតដល់ទទួលមរណភាពក្នុងឆ្នាំ២០០៨។ នេះបើយោងតាមគេហទំព័ររបស់គម្រោងជំនួយការអប់រំខ្មែរ-ពុទ្ធសាសនា (KEAP)។
ប្រភពដដែលបានបន្តថា ដោយមិនគិតពីរយៈពេលជាង២ទសវត្សរ៍នៃសង្រ្គាមនិងភាពចលាចលសង្គមក្នុងប្រទេស លោក កេន បានចាប់ផ្តើមការងារក្នុងឆ្នាំ១៩៥៥ ជាអ្នករត់តុនៅសណ្ឋាគារ Le Royal ដ៏មានកិត្យានុភាពក្នុងទីក្រុងភ្នំពេញ។
មិនមែនជាគំនូរប្រាសាទអង្គរវត្តទេ លោកកេន បានចងក្រងគំរូពីជីវិតប្រចាំថ្ងៃក៏ដូចជាអតីតកាលដែលលោកនឹកឃើញ ដោយប្រើប្រភេទគំនូរពណ៌ប្រេងជាមួយនឹងស្ទីលបែបប្រជាប្រិយផ្ទាល់ខ្លួន។ ប្រធានបទរបស់លោកមានចាប់ពីការនឹករឭកដល់ភាពអាឡោះអាល័យ រហូតដល់ការលងបន្លាច។
ក្នុងនាមជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះរាប់លាននាក់នៃសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម លោក កេនក៏បានគូរពីទុក្ខលំបាក និងបទពិសោធន៍ដែលត្រូវបានជម្លៀសផងដែរ។
គេហទំព័ររបស់ KEAP បានដកស្រង់សម្តីរបស់លោក កេន ដែលនិយាយថា៖«ខ្ញុំគូរដើម្បីរក្សាទំនៀមទម្លាប់ពីជំនាន់មុន ជាពិសេសគឺជីតារបស់ខ្ញុំ។ ជីតារបស់ខ្ញុំឈ្មោះ ហូ ទូច មានកូនប្រុស៤នាក់ដែលត្រូវបានបណ្តុះបណ្តាលជាវិចិត្រករបុរាណ ប៉ុន្តែក្រោយមកបានគូរតាមបែបទំនើបនិងជាក់ស្តែង»។
លោកបន្ដថា៖ «នៅឆ្នាំ១៩៩៣ បន្ទាប់ពីសាច់ញាតិទាំងនេះបានស្លាប់ទៅ គ្មានចៅណាចេះសិល្បៈ និងអាចបន្តការងារបានឡើយ។ ទោះបីជាខ្ញុំមានអាយុ៦០ឆ្នាំហើយ នៅពេលនោះខ្ញុំនៅតែមានគំនិតថាខ្ញុំចង់គូរ»។
លោកបន្ថែមថា៖«ខ្ញុំតែងតែគូររូបដើម្បីភាពសប្បាយរីករាយហើយខ្ញុំបានមើលសកម្មភាពរបស់សាច់ញាតិវិចិត្រកររបស់ខ្ញុំ។ខ្ញុំចូលចិត្តស្តាប់ពួកគាត់ពេលពួកគាត់និយាយរឿងអំពីវិចិត្រករល្បីៗដែលមកពីប្រទេសជប៉ុន បារាំង អាមេរិក។ ដូច្នេះ ខ្ញុំចាប់ផ្ដើមបង្កើតគំនូរពិតនៅឆ្នាំ១៩៩៣»។
អ្នកឆ្លើយឆ្លងព័ត៌មាន New York Times លោក Seth Mydans បានហៅលោក កេន ក្នុងឆ្នាំ ២០០២ ថាជា «កវីធម្មតាដែលបង្កើតជាសិល្បៈរស់រវើកមិនថាប្រវត្តិសាស្រ្តដ៏ជ្រៅជម្រៅ។សូម្បីតែគំនូររបស់លោក[ក្នុងឆ្នាំ២០០១ស្នាដៃរបស់លោកក៏បានផ្ដោតលើឆ្នាំនៃរបបខ្មែរក្រហម ដូចជា ការធ្វើម្ហូប ការស្វែងរកទីជម្រក និងការមើលថែកូនៗរបស់លោក»។
Mesterharm បានឱ្យដឹងថា Meta House សូមអញ្ជើញភ្ញៀវកិត្ដិយសចូលរួមក្នុងការតាំងពិព័រណ៍ស្នាដៃដ៏កម្ររបស់លោក ស្វាយ កេន ដែលរួមចំណែកដោយអ្នកប្រមែប្រមូលវត្ថុសិល្បៈនៅភ្នំពេញចំនួន៣នាក់។
ពិព័រណ៍«ស្វាយកេន៖ សិល្បៈខ្ញុំ ជីវិតខ្ញុំ»បង្ហាញស្នាដៃរបស់ លោក កេន ចាប់ពីថ្ងៃអង្គារ ទី៧ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ នៅ Meta House ដែលមានទីតាំងនៅផ្ទះលេខ៤៨ផ្លូវ២២៨ រាជធានីភ្នំពេញប្រទេសកម្ពុជា៕