
ផលិតផលធ្វើពីសូត្រ អំបោះ រុក្ខជាតិ និងរោមសត្វ ដែលយកមកតាំងនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី កាលពីថ្ងៃទី ៦ កុម្ភៈ ។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈមន្ត្រីអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិនិងរោមសត្វទាំងអស់ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមិនមែនតាំងសម្រាប់តែ ១ ឆ្នាំ ឬ ២ ឆ្នាំ ហើយត្រូវបោះចោលនៅពេលវាខូចទេ ប៉ុន្តែក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន។
នេះជាការលើកឡើងពីសំណាក់លោក សែន គឹមស៊ុន នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីស្ថិតក្នុងខេត្តសៀមរាបដែលអាចជាសារមន្ទីរដំបូងគេនៅកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះសរសៃគ សម្បកឈើរោមសត្វតាមបែបប្រពៃណីផ្សេងៗគ្នា។
យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះមានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង កន្សែង ឈ្នួត និងវត្ថុធាតុដើមជាច្រើនទៀត រួមទាំងឧបករណ៍តម្បាញផង។
លោក សែន គឹមស៊ុន បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់សារមន្ទីរបានយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកទេសយ៉ាងត្រឹមត្រូវដើម្បីថែទាំ និងការពារអភិរក្សសមុច្ច័យទាំងនោះមិនឱ្យខូចខាតទៅតាមអាយុកាលនិងពេលវេលាឡើយ បើទោះបីជាវាមានអាយុកាលច្រើនឆ្នាំមកហើយក៏ដោយ។
លោកបានបញ្ជាក់ថា៖ «ផលិតផលធ្វើពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វទាំងអស់ ដែលមានតាំងបង្ហាញនៅក្នុងសារមន្ទីរមិនមែនតាំងសម្រាប់តែ ១ ឆ្នាំ ឬ ២ ឆ្នាំ ហើយពេលវាខូចត្រូវបោះចោលនោះទេ គឺក្រុមអ្នកជំនាញមានបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សារបស់ទាំងនោះឱ្យស្ថិតនៅបានយូរអង្វែងតទៅទៀតតាមដែលអាចធ្វើបាន»។
លោក សែន គឹមស៊ុន បានបន្តថា ៖ «សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមានគោលការណ៍ ២ ក្នុងការអភិរក្សផលិតផលសូត្រទាំងនោះដើម្បីរក្សាទុកឱ្យបានយូរអង្វែងដោយត្រូវការអភិរក្សយ៉ាងយកចិត្តទុកដាក់មុនពេលវាខូចខាត ដោយគិតពីបច្ចេកទេស តាំងតែពីការរៀបចំដាក់តាំងដើម្បីកុំឱ្យប៉ះពាល់ដល់សមុច្ច័យ ដូចជា ការព្យួរ និងដាក់ក្នុងទូចៀសវាងសមុច្ច័យទាំងនោះកុំឱ្យទៅប៉ះផ្ទាល់ជាមួយដែក ឬឈើដែលអាចនាំឱ្យមេឬសត្វល្អិតស៊ី និងធ្វើឱ្យកកិតជាដើម»។
រៀងរាល់ព្រឹក ត្រូវបើកបង្អូច និងទ្វាររយៈពេលខ្លីកុំឱ្យមានក្លិនផ្អួរនៅក្នុងសាលពិព័រណ៍នីមួយៗ សម្អាតកម្រាល និងជើងទម្រជាប្រចាំ ផ្លាស់ប្តូរទីតាំងជើងទម្រ ដើម្បីសម្អាតចៀសវាងមានធូលីកុំឱ្យមានសត្វល្អិត ឬធូលីតោងជាប់វត្ថុទាំងនោះអាចនាំឱ្យមានបញ្ហាដល់សមុច្ច័យបាន។ ដាក់ថ្នាំសម្លាប់សត្វល្អិតនៅតាមជ្រុងនិងទ្វារនៃសាលពិព័រណ៍និងដាក់របាំងការពារសត្វកណ្តុរ។ នេះជាការរៀបរាប់ពីលោក សែន គឹមស៊ុន។
លោកបានបន្តទៀតថា ចំណុចយកចិត្តទុកដាក់ ១ ទៀត គឺនៅពេលសមុច្ច័យខូចខាត គឺត្រូវជួសជុលភ្លាមៗតាមបច្ចេកទេស ដែលសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញឱ្យចេះពីវិធីជួសជុល និងសង្គ្រោះផលិតផលទាំងនោះឱ្យរួចផុតពីហានិភ័យ។
ទាក់ទងនឹងសាលសម្រាប់ដាក់តាំងពិព័រណ៍ទៀតសោត អ្នកជំនាញរូបនេះបានបញ្ជាក់ថា គឹត្រូវគ្រប់គ្រងពន្លឺអំពូលភ្លើងឱ្យបានសមស្រប ចៀសវាងការហើរពណ៌របស់ផលិតផល។ ម្យ៉ាងវិញទៀត ការកំណត់សីតុណ្ហភាពរឹតតែសំខាន់ដោយនៅគ្រប់សាលពិព័រណ៍គឺទាមទារឱ្យមានឧបករណ៍សម្រាប់វាស់សីតុណ្ហភាពជាប្រចាំ សម្រាប់ពិនិត្យតាមដាន កំណត់កម្តៅត្រឹម ៣០ អង្សា និងសំណើម ៦៥ ភាគរយ។
លោក សែន គឹមស៊ុន បានបញ្ជាក់ថា ៖ «ដើម្បីសុវត្ថិភាពក្នុងការថែរក្សាផលិតផលទាំងនោះឱ្យបានយូរអង្វែងសារមន្ទីរក៏មានដាក់បម្រាមសម្រាប់ភ្ញៀវដែលចូលមកទស្សនាទាំងឡាយហាមយកចំណីអាហារ និងភេសជ្ជៈចូល ហាមប៉ះឬស្ទាបជាដើម ដែលអាចនឹងនាំមកនូវហានិភ័យផ្សេងៗដល់សមុច្ច័យ»។
សូមរំឭកផងដែរថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងពិព័រណ៍ផលិតផលសូត្រខ្មែរចំនួន ១១ មុខ នៅពាក់កណ្ដាលខែកុម្ភៈនេះ ក្នុងនោះរួមមាន កន្សែងសូត្រចំនួន ៤ និងសំពត់ហូលចំនួន ៥ ហើយក៏មានហូលពិតានចំនួន ២ ជាអំណោយផ្តល់មកពីវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរផងដែរ។
ការដាក់តាំងពិព័រណ៍វត្ថុដ៏មានតម្លៃទាំងនេះ ក្នុងបំណងអភិរក្ស ថែរក្សាសិល្បៈតម្បាញហូលពិតានខ្មែរ ស្របពេលដែលចំនួនអ្នកប្រើហូលប្រភេទនេះកំពុងថយចុះគួរឱ្យព្រួយបារម្ភ។ ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញដល់សាធារណជនឱ្យបានស្វែងយល់ពីកេរដំណែលនិងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមក។
សូមបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ)សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សារមន្ទីរនេះ បានបើកដំណើរការតាំងតែពីខែមេសា ឆ្នាំ ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន ៦ ចូលរួមដូចជា កម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងគោលបំណងថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌក៏ដូចជាការបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ៕