សៀមរាប: ផលិតផល​សមុច្ច័យ​ទាំង​ ១១​ មុខដូចជា​កន្សែង​សូត្រ​ចំនួន​ ៤ និង​សំពត់​ហូល​ចំនួន​ ៥ ​និង​​ហូល​ពិតាន​ចំនួន​ ២ ដែល​ត្រូវបាន​ផលិត​ឡើង​តាម​ក្បួន​ខ្នាត​បុរាណ នឹង​​​ដាក់​តាំង​​នៅ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​ក្នុង​ក្រុង​សៀមរាប​ ជាអចិន្ដ្រៃយ៍​ចាប់​ពី​ខែ​កុម្ភៈ​តទៅ​​។

លោក សែន គឹម​ស៊ុន នាយករង​ស្តីទី​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី (MGC Asian Traditional Textiles Museum) បាន​ឱ្យ​ដឹងថា​៖​ «បច្ចុប្បន្ន​នេះ ក្រុម​ការងារ​យើង​កំពុង​រៀបចំការ​តាំង​បង្ហាញ​ផលិតផល​ទាំង​នោះ​ទៅតាម​កម្រិត​ស្ដង់ដាបច្ចេកទេស​ ដែល​មិនធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ផលិតផល​ រួម​ទាំងការ​តុបតែង​សាល​ពិព័រណ៍​ឱ្យ​សម​ទៅនឹង​រចនាប័ទ្ម​ផលិតផល​»។

ការដាក់​តាំងពិព័រណ៍​សមុច្ច័យ​ចម្លង​ចេញ​ពី​គោម​បុរាណ​ខ្មែរ​ទាំង​នេះ ត្រូវបាន​ធ្វើ​ឡើង​​ក្នុង​បំណង​អភិរក្ស​ថែរក្សា​​សិល្បៈ​តម្បាញ​​​ខ្មែរជាពិសេសហូល​ពិតាន​ ​ដែល​កំពុង​ថយចុះ​គួរឱ្យ​ព្រួយបារម្ភ​។ កេរដំណែល​ក្បាច់​រចនា​នៅលើ​ផលិតផល​តម្បាញ​បែប​បុរាណ​ត្រូវបាន​បាត់​បង់​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​របប​ខ្មែរ​ក្រហម។

​សិស្ស-និស្សិតភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​ អាច​បាន​ស្វែងយល់​ពី​កេរដំណែល និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ដែល​​សិប្បករ​ខ្មែរ​បច្ចុប្បន្ន​បន្ដ​អភិរក្ស​ និង​ផលិត​ឡើង​ជាថ្មី​​។​

ផលិតផល​សមុច្ច័យរចនាប័ទ្ម​បុរាណ​ទាំង​​​នេះដែល​មិន​ត្រូវបាន​ដឹង​ច្បាស់​អំពី​សម័យ​កាលនិង​ឆ្នាំ​ផលិត​ដំបូង​ត្រូវបាន​ប្រទះ​ឃើញ​ប្រើ​ប្រាស់​ច្រើន​អំឡុង​សតវត្សរ៍​ទី១៣ និងទី១៤។ នេះ​បើយោង​តាម​លោក គឹមស៊ុន​។

​ក្រៅពី​កន្សែង​សូត្រ​ និង​សំពត់​ហូល​សម្រាប់​ប្រើ​ប្រាស់​ទូទៅហូល​ពិតាន​ ត្រូវបាន​ផលិតឡើង​សម្រាប់​គោរព​បូជា និង​តាំង​លម្អ​នៅ​ក្នុង​ស៊ុម​តាម​គេហដ្ឋាន និង​អគារ​ផ្សេងៗ​។

លោក គឹមស៊ុន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «ចំពោះ​ហូល​ពិតានទាក់ទង​នឹង​ពុទ្ធ​ប្រវត្ដិ​ គឺ​ជា​វត្ថុ​គោរព​សក្ការ​បូជា។ ពិតាន​ខ្លះត្រូវបាន​ត្បាញ​ជា​ព្រះ​បត់​ពី​ហូល​ ហើយ​ត្រូវបាន​ប្រើ​ក្នុង​ពិធី​សាសនា​ ដូចជាកម្មវិធី​សូត្រ​មន្ដ​។ បច្ចុប្បន្ន​នេះរូប​ពិតាន​ព្រះ​ពុទ្ធ​ត្រូវ​បាន​ច្នៃ​ជា​រូប​ព្រីន​ ដែល​ព្យួរ​នៅ​តាម​ពិធី​សាសនា​សម្រាប់​គោរព​បូជា​។

លោក​បន្ដថា ការ​គោរព​ប្រណិបតន៍​ដូច​គ្នា​ចំពោះ​ជំនាន់​​​មុនដែល​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ពិតាន​ត្បាញ​ពី​ហូល​។ តែ​ក្រោយ​មកដោយសារ​តែ​ផលិត​ផល​ហូល​មាន​តម្លៃ​​ថ្លៃប្រជាជន​ចាប់​ផ្ដើ​មទៅជា​ការ​ប្រើ​រូប​ព្រីន​។

ការ​ត្បាញ​ម៉ូដ និង​លំនាំ​តាម​បែប​បុរាណ​នេះ លោក គឹមស៊ុន និយាយ​ថា វា​លំបាក​ជាង​តម្បាញ​នា​ពេល​បច្ចុប្បន្ន​ ដោយសារ​បញ្ហា​ខ្វះ​ធនធានដែលចេះ​ដឹង​អំពី​បច្ចេកទេស។ អ្វីដែល​សំខាន់ គឺ​ការ​ប្រើ​ប្រាស់​វត្ថុធាតុ​ដើមដែល​មិន​មែន​ជា​សារធាតុ​គីមី​ តែ​ជា​គ្រឿង​ផ្សំ​ជ្រលក់​ពណ៌​ធម្មជាតិ​នៅ​ក្នុង​ស្រុក​។

លោក​អះអាង​ថា ទាក់ទង​វត្ថុ​ធាតុ​ដើមបច្ចុប្បន្ន វា​ក៏​មាន​ការលំបាក​ក្នុង​ការ​ស្វែង​រក​ដើម្បី​យក​មក​ប្រើ​ប្រាស់​ដែរ ដោយសារ​បញ្ហា​នៃការ​បាត់​បង់​ព្រៃ​ឈើ​ជាដើម។

លោកស្រី យ៉ាន ម៉ារីណា ប្រធាន​អង្គការវាយនភណ្ឌ​ប្រពៃណី​ខ្មែរ​នាំ​មក​នូវ​គំនិត​ថ្មី​ (Institute for Khmer Traditional Textiles) (IKTT) ដែល​ទទួល​បន្ទុក​ចំពោះ​កិច្ចការ​តម្បាញ​សមុច្ច័យ​ទាំង១១ នោះ​ទទួល​ស្គាល់​ថា ការ​ផលិត​ឡើង​វិញ​ នូវ​ផលិត​ផល​ហូល​បុរាណ​ទាំង​នោះ​ ពិត​ជាលំបាក​ និង​ត្រូវការ​ពេលវេលា​យូរ។

លោកស្រីបាន​និយាយថា​៖ «​ការ​ផលិត​​សមុច្ច័យទាំង ១១ សម្រាប់​ដាក់​តាំង​ពិព័រណ៍​នេះបាន​​ចំណាយ​ពេលជិត ២ ឆ្នាំ​ ជា​ពិសេសហូល​ពិតានដែល​ចំណាយពេល​​ច្រើន​ជាង​គេរហូត​ដល់​ជាង ១ ឆ្នាំ​​ ក្នុង​ការ​ធ្វើ​គោម​ប្រវែង​ពី ៧ ទៅ ៨ ម៉ែត្រ​»។

លោកស្រី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «ប្រសិនបើ​មាន​គៀតដែល​យើង​ចង​រួច​ស្រាប់ យើង​អាច​ធ្វើ​ដំណាល​គ្នា​ជាមួយ​ប្រភេទ​​សមុច្ច័យដទៃ​ទៀត។ ប៉ុន្ដែ​បើ​ត្រូវ​ប្រើ​គៀត​ផ្សេងៗទៀត យើង​ត្រូវ​ធ្វើ​ដាច់​ដោយ​ឡែក»​។

ប្រធាន​អង្គការ IKTT បាន​បញ្ជាក់ថា រាល់​ក្បាច់​នៅលើ​ហូល​ទាំង ១១ នោះ​ សុទ្ធតែ​ក្បាច់​បុរាណ​ខ្មែរ​ទាំង​អស់​ ដែល​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​។ ប៉ុន្ដែលោកស្រី​ទទួល​ស្គាល់​ថា លោកស្រី​មិន​ស្គាល់​ច្បាស់​អំពី​សម័យ​កាល​នោះទេ ដោយសារ​មិន​មាន​ឯកសារ​ចង​ក្រង​ដែលលោកស្រី​ទទួល​បាន​។

គោម​ពិតាន​ទាំង ២ ដែល​នឹងត្រូវ​ដាក់​តាំងបង្ហាញ​ក្នុង​សារមន្ទីរ​ មាន​ពិតាន​រូប​ក្ងោក​ ១ ​គូ​ ចំនួន ១ ​ផ្ទាំង និង​រូប​នាគ​ធំ​ដែល​បង្កប់នូវ​រូប​សត្វ​ជា​ច្រើន​ទៀត​ចំនួន ១ ​ផ្ទាំង​។

លោកស្រី ម៉ារីណា បាន​បន្ដថា​៖ «រូប​ក្ងោក​​ញីនិង​ឈ្មោល​១ឡូ តំណាង​ឱ្យ​មង្គល​សិរីហើយ​ចំពោះ​នាគបើក​ក្រញ៉ាំ​​មាន​តែ ១ ​នោះទេ តែ​វា​បង្កប់​នូវ​អត្ថន័យ​រូប​ភាព​សត្វ​ផ្សេងៗ​ទៀត​ ដែល​មើល​មិន​ឃើញ​ពី​ចម្ងាយ​នោះទេ»​។

ក្រៅពី​គោម​ពិតាន ​ប្រធាន​អង្គការ​ដែល​វិវត្ដ​ពី​សហគ្រាស​វាយនភណ្ឌ​រូប​នេះ​ បាន​ឱ្យ​ដឹងថា ចំពោះ​សំពត់​ហូល​​ក៏​ត្រូវ​បាន​​ប្រើ​ក្បាច់​ហង្ស​ដង​ទង់​ ដែល​​មាន​ក្រឡា​គោម​ញឹក​ចូល​គ្នាផង​ដែរ​។ នេះ​មានន័យ​ថា បន្ទាប់​ពី​គោម​ពិតាន គោម​ក្បាច់​​ទ្វារ​ប្រាសាទ (ឈ្មោះ​ដាក់​ថ្មី ដោយសារ​មិន​ស្គាល់​ឈ្មោះ​ដើម​) និង​គោម​ផ្កា​ច័ន មាន​ការ​លំបាក​ក្នុង​ការ​ផលិតចំណោម​សមុច្ច័យ​ទាំង ១១​​។

អង្គការ IKTT បង្កើត​ឡើង​ដោយ​ជនជាតិ​ជប៉ុន ឈ្មោះ គីគូអុ ម៉ូរីម៉ូតុ ក្នុង​ឆ្នាំ​ ១៩៩៦ បំណង​គាស់​កកាយ​ស្នាដៃ​តម្បាញ​បុរាណ​របស់​ខ្មែរ​ ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ​ ហើយ​ឆ្នាំ​ ២០០០ អង្គការ​ត្រូវបាន​ផ្លាស់​ទៅ​ទីក្រុង​សៀមរាប ដោយ​មាន​សាខា​នៅ​ស្រុក​អង្គរធំ​។

លោកស្រី ម៉ារីណា បាន​ឡើង​ជា​ប្រធាន​អង្គការ​នៅពេល​ស្ថាបនិក​ជនជាតិ​ជប៉ុន​បាន​ទទួល​មរណភាព​ក្នុង​ឆ្នាំ ​២០១៧​ ក្រោយ​ពេល​លោក​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​មួយ​រយៈ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ជំងឺ​។

លោកស្រី​និយាយ​ថា លោកស្រី​សហការ​ជាមួយ​សារមន្ទីរដោយសារ​ខាង​សារមន្ទីរ​បាន​លើក​ស្ទួយ​នូវ​ក្រណាត់​សូត្រ​ និង​ការ​ចង​ក្រង​នូវ​ពិតាននិង​សំពត់​ខ្មែរ​ឡើង​វិញ​។

​សារមន្ទីរ​​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ីបង្កើត​ឡើង​ដោយ​កិច្ចសហការ​​​៦ប្រទេស​​ចូលរួម​ដូចជាកម្ពុជា ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាមក្នុង​គោលបំណង​ថែរក្សា​ប្រពៃណី​នៃ​ការផលិត​វាយ​ន​ភណ្ឌក៏ដូចជា​ការបង្ហាញ​ពី​ទំនាក់ទំនង​រវាង​អរិយធម៌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជា​សមាជិកដែលមាន​រយៈពេល​ជាច្រើន​សតវត្ស​រ៍មកហើយ​។

លោកគឹមស៊ុន បាន​ឱ្យ​ដឹង​ថា​៖ «វាជា​ការ​ឧទ្ទិស​ដល់​ប្រវត្ដិសាស្ដ្រ​នៃការ​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​រវាង​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេ​គង្គា​ ដែល​ប្រទេស​ឥណ្ឌា​ធ្វើ​ជំនួញ​វាយនភណ្ឌ​មក​កាន់​តំបន់​ឥណ្ឌូ​ចិន»។

នៅ​ឆ្នាំ​ ២០០០ បណ្ដា​ប្រទេស​ទាំង​នេះ ​​មាន​​​គំនិត​ផ្ដួចផ្ដើម​បង្កើត​សារមន្ទីរ​មួយ​រួម​គ្នា​ ហើយ​នៅ​ឆ្នាំ​ ២០០២ សារមន្ទីរ​​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ីត្រូវ​បាន​ប្រកាស​កសាង​ជា​ផ្លូវការ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ដ​សៀមរាប​។

យោងតាម​នាយករង​ស្តីទី​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ីរូប​នេះបាន​ឱ្យ​ដឹង​ថា​ នៅឆ្នាំ​ ២០១៣ សារមន្ទីរ​​​បាន​ទទួល​​សមុច្ច័យតាម​បណ្ដា​ប្រទេស​ដៃគូ​​ចំនួន ៧៦៨ សម្រាប់​តាំង​បង្ហាញ​នៅ​ក្នុង​សារមន្ទីរ​មុន​ពេល​វា​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០១៤​។

លោក គឹមស៊ុន បាន​បញ្ជាក់​ថា៖«សមុច្ច័យមកពី​បណ្ដា​ប្រទេស​ទាំង​ ៥ ទៀត បាន​ដាក់​តាំង​បង្ហាញ​មុន​យូរ​ហើយនៅពេល​បើក​សារមន្ទីរ​នេះ​ឡើង។ បច្ចុប្បន្ន​នេះសារមន្ទីរផ្ដោត​តែ​ទៅលើ​សមុច្ច័យរបស់​កម្ពុជា​មួយ​នោះទេ»។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេសប៊ុក​របស់​សារមន្ទីរវាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ​​ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ភូមិ​បឹង​ដូន​ប៉ាតាម​បណ្តោយផ្លូវ​ ៦០​ ម៉ែត្រ​ ​សង្កាត់​ស្ល​ក្រាម ក្នុង​ទីក្រុង​សៀមរាប www.facebook.com/Ilikemgcattmuseum៕