ភ្នំពេញៈ ​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា មាន​សម្ទុះ​កើនឡើង​ជា​លំដាប់ ហើយ​អ្នកអាន​ក៏​ងាក​បែរមក​កាន់​សៀវភៅអាន មាន​ចំនួន​ច្រើនឡើងៗ ជាពិសេស​កំណាព្យ​ខ្មែរ ក៏មាន​សម្ទុះ​អាន​ច្រើនឡើង​ដែរ ហើយ​នៅ​ពិព័រណ៍​សៀវភៅ​កម្ពុជា​ម្តងៗ ក៏មាន​អ្នកអាន​ជាច្រើន​បាន​ជាវ​សៀវភៅ​កំណាព្យ​ច្រើន​ផងដែរ​។ នេះ​បើតាម​ការអះអាង​ពី​កវីនិពន្ធ អ៊ុន សុខ​ហ៊ាង​។​

កវីនិពន្ធ អ៊ុន សុខ​ហ៊ាង មាន​ស្រុកកំណើត​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង ដែល​កាលពី​កុមារ​ព​ភាព ក្នុងអំឡុង​ឆ្នាំ​ ១៩៧០-១៩៧៥ លោក​រៀន​នៅ​បឋមសិក្សា​ក្បាលថ្នល់​។ ក្នុង​ឆ្នាំ​ ១៩៧៥-១៩៧៩ ​កុមារ​រូបនេះ​ត្រូវ​ពួក​អង្គការ​អាវខ្មៅ​ជម្លៀស​ទៅ​រស់នៅ​ភូមិ​កណ្ដាល​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្ដ​ព្រៃវែង​។

ដោយ​គុណ​ទឹកដោះ​ម្ដាយ​ថ្លៃ បាន​នាំ​ជីវិត​លោក​ឱ្យបាន​វិល​ត្រឡប់មក​រស់នៅ​ទីក្រុង​សាជាថ្មី​។​ ពី​ឆ្នាំ ​១៩៨១-១៩៨៣​ យុវជន អ៊ុន សុខ​ហ៊ាង បាន​ចូលរៀន​នៅ​សាលា​កម្រិតសិក្សា​ទី​១​ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១​។ លុះ​ឆ្នាំ​ ១៩៨៣-១៩៨៨​ សាលារៀន​សាធារណរដ្ឋ​គូ​បា​មធ្យមសិក្សា​កម្រិត​ទី​២ ​ដែល​បច្ចុប្បន្ននេះ​ជា​វិទ្យាល័យ​ច្បារអំពៅ​។ ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​សាលា​កម្រិត​ ២ ឆ្នាំ ​១៩៨៨ ​លោក​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដោយ​រៀន​ត្រៀម​ភាសា​វៀតណាម​នៅ​សាលារៀន​បឹង​កេងកង​។

​ឆ្នាំ​១៩៨៩ លោក​បាន​សិក្សា​វគ្គ​បំពាក់បំប៉ន​ទ្រឹស្ដី​នយោបាយ នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​។ ឆ្នាំ​១៩៨៩​លោក​បាន​បន្ដ​ការសិក្សា​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​សាលា​រៀនចំណេះ​ទូទៅ​មិ​ត្ដ​ភាព​កម្ពុជា​-​វៀតណាម​សឺ​ន​តី រដ្ឋធានី​ហាណូយ​។ ឆ្នាំ​១៩៩៣​លោក​បន្ត​សិក្សា​នៅ​មហាវិទ្យាល័យ​ព​ពហុបច្ចេកទេស​ទីក្រុង​ហូជីមិញ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បន្តទៀត​។

​ ក្រោយពី​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​វៀតណាម មក​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៣-១៩៩៥ ​កវីនិពន្ធ​ អ៊ុន សុខ​ហ៊ាង បាន​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ភ្នំពេញ​ជំនាញ​វិស្វករ​ទេពកោសល្យ​គីមី ចំណីអាហារ​។ បច្ចុប្បន្ន​លោក​ក៏​ជាម​ន្ដ្រី​បច្ចេកទេស​ជាន់ខ្ពស់​ដើមខ្សែ​ពិសេស​នៃ​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​និង​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ​។

​ កវីនិពន្ធ អ៊ុន សុខ​ហ៊ាង មាន​ស្នាដៃ​និពន្ធ​សំខាន់ៗ​ជាច្រើន ដែល​ក្នុងនោះ​មានដូចជា ឆ្នាំ​២០១៥​ បានទទួល​ជយលាភី​និង​ពានរង្វាន់​ក្នុង​ប្រលោមលោក​ខ្លី​រឿង​«​ទឹកដោះ​ម្តាយ​ថ្លៃ​»​ក្នុង​មហោស្រព​អក្សរសិល្ប៍​ទន្លេមេគង្គ លើក​ទី​៦ ចំនួន​៦​ប្រទេស មាន​កម្ពុជា ឡាវ ចិន មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។​

​ ឆ្នាំ ​១៩៩៧ ​បានទទួល​ជយលាភី​ចំណាត់ថ្នាក់​លេខ ​១ ក្នុង ប្រលោមលោក​រឿង​ «​ថ្ងៃ​មិន​រុះ​រោយ​»​ ក្នុង​មហោស្រព​អក្សរសិល្ប៍​ទូទាំងប្រទេស​ពានរង្វាន់​«៧​មករា​»​លើក​ទី​១​ក្នុងចំណោម​ស្នាដៃ​ដាក់​ប្រឡង​ចំនួន​១១៧​វណ្ណ​កម្ម​។​ឆ្នាំ​១៩៩៥​បានទទួល​ជយលាភី​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​ប្រលោមលោក​រឿង​«​រាត្រី​ស្ងប់ស្ងាត់​»​ក្នុង​មហោស្រព​អក្សរសិល្ប៍​ទូទាំងប្រទេស​ពានរង្វាន់​«​ព្រះសីហនុ​រាជ​» លើក​ទី​១​ក្នុងចំណោម​បេក្ខជន​៩៦​នាក់​។​

​ ឆ្នាំ​១៩៨៩ ​បានទទួល​ជយលាភី​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ប្រលោមលោក​រឿង​«​រលក​សមុទ្រ​»​ក្នុង​មហោស្រព​តែង​និពន្ធ​អក្សរសិល្ប៍​រដ្ឋធានី​ភ្នំពេញ រង្វាន់​អក្សរសិល្ប៍ « រដ្ឋធានី​ភ្នំពេញ​»​មាន​ប្រលោមលោក​ខ្នាត​វែង​១៩​រឿង​និង​គំនូរ​អា​ហ៊ី្វ​ស​២០​ផ្ទាំង​។​ឆ្នាំ​១៩៨៤-១៩៩៤​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ដូចជា រូប​ត្លុក​ទិតៀន​កំណាព្យ​រឿង​ខ្លី ល្បងប្រាជ្ញា រឿង​កំប្លែង ចុះផ្សាយ ស្ទើរ​គ្រប់​លេខ​តាម​ទំព័រ​កាសែត​កម្ពុ​ជាមាន​រឿង​ខ្លី «​យប់​ហួស​អធ្រាត្រ​» រឿង​«​ឱ​! ព្រហ្មចារី​យ៍​» រឿង​«​ទឹក​បឹង​ទន្លេសាប​» និង​រឿង​«​លោហិត​តែមួយ​»​។​

​ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​១៩៨៧ លោក​ទទួល​បានការ​ប្រសិទ្ធ​នាម​ជា «​អ្នកនិពន្ធ​វ័យក្មេង​»​ដោយ​ចុះផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្ដី​កម្ពុជា លេខ ២/១៨-១៩៨៧​។ ​ឆ្នាំ​១៩៨៧ ​ប្រលោមលោក​រឿង​«​ចូល​ជ្រៅ​ក្នុង​បេះដូង​»​បានចេញ​ផ្សាយ​តាម​ទំព័រ​ព្រឹ​ត្ដិ​ប​ត្រ​របស់​សមាគមយុវជន​ក្រុងភ្នំពេញ​ចាប់ពី​លេខ​៣​ឆ្នាំ​១៩៨៦​ដល់​លេខ​១២​ឆ្នាំ​១៩៨៧​។ ​ឆ្នាំ​១៩៨៦ ​ទទួល​ជយលាភី​ចំណាត់ថ្នាក់​លេខ​១ និទ្ទេស​ល្អប្រសើរ​ក្នុង​ប្រលោមលោក​រឿង​«​ចូល​ជ្រៅ​ក្នុង​បេះដូង​»​រង្វាន់​អក្សរសិល្ប៍ «​យុវជន​រដ្ឋធានី​ភ្នំពេញ​»​ក្នុង​ការប្រឡង​ជ្រើសរើស​រក​អ្នក​ដែលមាន​ស្នាដៃ​ពូកែៗ​ក្នុងការ​តែង​និពន្ធ​រឿង​និង​អត្ថបទ​ផ្សេងៗ​របស់​គណៈកម្មាធិការ​យុវជន​ប​ដិ​វត្ដ​ន៍ ក្រុងភ្នំពេញ​។​

​ឆ្នាំ​១៩៨៦ ​បានទទួល​ជយលាភី​ចំណាត់ថ្នាក់​លេខ​២ ក្នុងការ​ប្រឡងប្រណាំង​ជ្រើសរើស​សិស្ស​ពូកែ ផ្នែក​តែងសេចក្ដី​ប្រចាំ​រដ្ឋធានី​ភ្នំពេញ​ក្នុងចំណោម​បេក្ខជន​៥៤​នាក់​ពិន្ទុ​៨,០០​។​ឆ្នាំ​១៩៨៥​បានទទួល​ជយលាភី​ចំណាត់ថ្នាក់​លេខ​១​ក្នុងការ​ប្រឡងប្រណាំង​ជ្រើសរើស​សិស្ស​ពូកែ ផ្នែក​តែងសេចក្ដី​ប្រចាំ​រដ្ឋធានី​ភ្នំពេញ​ក្នុងចំណោម​បេក្ខជន​៦០​នាក់​ពិន្ទុ​៨,៧៥​។​

​ក្រោយពី​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា ជាង​៤​ទសវត្សរ៍​ កវីនិពន្ធ អ៊ុន សុខ​ហ៊ាង យល់ឃើញ​ដូច្នេះ​ថា៖ «​វិស័យ​តែង​និពន្ធ​បានផ្តល់​គុណ​តម្លៃ​យ៉ាង​ល្អប្រសើរ​ណាស់​សម្រាប់​សង្គម​ជាតិ​នៅពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ពីព្រោះ​ប្រទេស​មាន​សន្តិភាព មានការ​លូតលាស់​នោះ​ត្រូវតែមាន​ការអភិវឌ្ឍ​ផ្នែក​ផ្នត់គំនិត​ជាមុន ទើប​ប្រទេសជាតិ​មាន​ភាពទំនើប ស៊ី​វិ​ល័យ ដូច​អរិយធម៌​បរទេស​»​។​

​ លោក​បាន​បន្ថែមថា​ក្នុងនោះ​កត្តា​មនុស្ស ជា​ធនធាន​ដ៏​ចាំបាច់ ដែល​ត្រូវតែ​កែប្រែ ផ្លាស់ប្តូរ​គំនិត​ជា​ជំហានៗ ទោះបី​ក្នុងនោះ​មាន​ភាពអវិជ្ជមាន​ខ្លះ​ទៅលើ​វិស័យនេះ​ក៏ពិតមែន ក៏ប៉ុន្តែ​ពុំបាន​បណ្តាលឱ្យ​រង​ប៉ះពាល់​ដល់​សង្គមជាតិ​ឡើយ​។​

​កវីនិពន្ធ អ៊ុន សុខ​ហ៊ាង បានផ្ដល់​គតិ​ថា​៖ «​ខ្ញុំ​មានគំនិត​ថា បើ​មិត្ត​អ្នកអាន​ចង់​ជាវ​សៀវភៅ​ល្អៗ នោះ​គួរតែ​ជ្រើសរើស​រក​សៀវភៅ​ដែល​បាន​សរសេរ និង​សម្រិតសម្រាំង​ពី​អ្នកនិពន្ធ​ល្បីៗ មានបទពិសោធន៍​សរ​សេរ​មិនតិចជាង​១០​ឆ្នាំ ហើយ​មើល​លើ​មាតិកា​សៀវភៅ​ផងដែរ មិនថាឡើយ​ប្រលោមលោក កំណាព្យ និង​ទស្សនវិជ្ជា​»​។​

​ចំពោះ​អ្នក​ចង់​ក្លាយជា​អ្នកនិពន្ធ លោក​បាន​លើកឡើងថា បើ​ចង់​ក្លាយជា​អ្នកនិពន្ធ កវី​ឆ្នើម ឬ​ជា​កវីនិពន្ធ​អាជីព នោះ​ភាពចាំបាច់ ត្រូវតែ​អាន​សៀវភៅ​ឱ្យបាន​ច្រើន យ៉ាងហោចណាស់ ពី​ ១ ០០០​ ក្បាល​ឡើងទៅ និង​ហាត់សរសេរ ពី​រឿង​ខ្លី អត្ថបទ​ខ្លី កំណាព្យ​ខ្លី ពង្រីក​គំនិត​ឱ្យបាន​ជាប្រចាំ ហើយ​ត្រូវតែ​រៀន​អង្កេត តាមដាន បរិបទ​សង្គម ព័ត៌មាន​សង្គម ជីវិត​ប្រចាំថ្ងៃ ដើម្បី​មក​បង្កើតបាន​ពុទ្ធិ ទុន នៃ​ការសរសេរ​៕