ភ្នំពេញៈ ​ស្រប​ពេល​អ្នក​និពន្ធ​ជាច្រើន​កំពុង​ផុស​ផុល​ក្នុង​ការ​និពន្ធ​ប្រលោម​លោក ​ទស្សនៈ ផ្នត់​គំនិត និង​សៀវភៅ​ជោគ​ជ័យ​ជា​ដើម​នោះ ​លោក ​ជាង រ៉ាវី បែរ​ជា​សរ​សេរ​សៀ​វភៅ​សម្រាប់​អ្នក​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ​ទៅវិញ​។ លោក​បាន​អះ​អាង​ថា៖ «​ផ្នែក​នេះ​ជា​ជំនាញ​របស់​ខ្ញុំ បើ​ឱ្យ​ខ្ញុំ​ទៅ​សរសេរ​ផ្នែក​ផ្សេង​ដូច​ជា​គណិត​វិទ្យា រូបវិទ្យា ឬ​ភូមិវិទ្យា ក៏​ពុំ​កើត ព្រោះ​ពុំ​ចេះ បើ​អាចក៏​ខុស​ជំនាញ​»​។​

​អ្នក​និពន្ធ ជាង រ៉ាវី បាន​ប្រាប់​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​លោក​ព្យា​យាម​សរសេរ​សៀវភៅ​ទាក់​ទង​នឹង​ផ្នែក​វេយ្យា​ករណ៍​និង​អក្សរ​សាស្ត្រ​ខ្មែរ ទាំង​ដែល​មាន​គេ​ជា​ច្រើន​យល់​ថា ស្នា​ដៃ​បែបនេះ​សម្បូរ ប៉ុន្តែ​សម្រាប់​លោក​ដែល​រៀន​ផ្នែក​នេះបាន​មើល​ឃើញ​ថា ពុំ​សូវ​សម្បូរ​នោះទេ​ ​តែបើ​មាន​ច្រើន​ក៏​ជា​ប្រភេទ​ដែល​ជាន់​ខ្លឹម​សារ​គ្នា ពុំ​សូវ​មាន​គំនិត​ប្លែកៗ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឡើយ។ ម្យ៉ាង​ទៀត លោក ជាង រ៉ាវី ព្យា​យាម​ស្រាវ​ជ្រាវ​និង​សរសេរ​ពី​រឿងនេះក៏​ព្រោះ​តែ​លោក​ចង់​បក​ស្រាយ​ឬ​បង្ហាញ​នូវ​គំនិត ​របៀប​ឬ​របក​គំហើញ​ថ្មី ខុស​ពី​លំ​អាន​ដែល​មាន​កន្លង​មក​។

​លោក​បាន​បញ្ជាក់​ថា៖ «​និយាយ​ជារួម​ទៅ ទោះ​​អ្នក​ផ្សេង​យល់​យ៉ាង​ណា ​ជាការ​យល់​ឃើញ​របស់​គេខ្ញុំ​នឹង​នៅតែ​ព្យា​យាម​សរ​សេរ​ស្រាវ​ជ្រាវ​ជានិច្ច​ឱ្យតែ​មាន​លទ្ធ​ភាព​ដើម្បី​ចូល​រួម​ចំណែក​​ផ្ដល់​នូវ​គំនិត​ដល់​សង្គម​និង​មនុស្ស​ជំនាន់​ក្រោយ​ ឱ្យ​មាន​ឯក​សារ​អាន​សម្បូរ​ជាង​នេះ​»​។​

​លោក ​ជាង រ៉ាវី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ឯកទេស​ភាសាវិទ្យា ហើយ​បច្ចុប្បន្ន​លោក​ជា​គ្រូ​បង្រៀន​កម្រិត​ឧ​ត្ត​មសិ​ក្សានិង​ជា​សមា​ជិក​គណៈ​កម្មាធិ​ការ​វចនានុ​ក្រម​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​ដែរ​។

កន្លង​មក​លោក​ធ្លាប់​បាន​សរសេរ​អត្ថបទ​មួយ​ចំនួន​ដូចជា រនាប់​ក្នុង​ភាសា​ខ្មែរ​ទំនើប​,​សំយោគ​សញ្ញា​នៃ​មេពាក្យ​ក្នុង​វចនានុ​ក្រម​ខ្មែរ​,សុន្ទរក​ថា​របស់​សម្ដេច ហ៊ុន សែន​, ពហុ​សំណេរ​នៃ​មេពាក្យ​ក្នុង​វចនានុ​ក្រម​ខ្មែរ (​សា​រណា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ភាសា​វិទ្យា​),សទ្ទានុ​ក្រម​សំនួន​វោហារ​ស័ព្ទ​នយោ​បាយ​ខ្មែរ​,ឈ្នាប់​នៃ​ភាសា​ខ្មែរ​ទំនើប​, សុភា​សិត​ក្នុង​សង្គម​ខ្មែរ និង​សទ្ទានុ​ក្រម​សំនួន​ពាក្យ​ទាក់​ទង​នឹង​សព៌ាង្គ​កាយ​។

​ចំពោះ​វិស័យ​តែង​និពន្ធ​នៅ​កម្ពុជា​វិញ លោក​មើល​ឃើញ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​សម្ទុះ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា ឯកសារ​តែង​និពន្ធ​ភាគ​ច្រើន​សម្បូរបែប​ខាង​អប់រំ​ចិត្ត​គំនិត ការ​លើក​ទឹក​ចិត្ត និង​ប្រលោម​លោក​។ ចំពោះ​ការ​តែង​និពន្ធ​ខាង​កិច្ចការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ​នៅ​មាន​ខ្វះ​ខាត​ច្រើន​នៅ​ឡើយ​ ដែល​ត្រូវ​ការ​ឱ្យមាន​អ្នក​និពន្ធ​ផ្នែក​នេះ​ច្រើន​ព្យា​យាម​បន្ថែម​ទៀត​។​

​លោក​ ជាង ​រ៉ាវី បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បន្ថែម​ថា ៖ «​ចំពោះ​ការ​តែង​និពន្ធ​បាន​ផ្ដល់​នូវ​គុណ​សម្បត្តិ​ជាច្រើន​ចំពោះ​សង្គម ​ដូចជា ផ្ដល់នូវ​គំនិត ​របក​គំហើញ​ថ្មីៗ​ផ្ដល់​នូវ​ទស្សនៈ​អប់រំ​ លើក​ទឹក​ចិត្ត​ឯក​សារ​ស្រាវ​ជ្រាវ​ឱ្យ​កាន់តែ​សម្បូរ​បែប​បរិយា​កាស​សិ​ក្សា ឱ្យ​មនុ​ស្សមាន​ទម្លាប់​អាន​សៀវភៅ​ផ្ដល់នូវ​សាមគ្គី​ភាព មិត្តភាព ការ​ពិភាក្សា​តាមរយៈ​កម្ម​វិធី​ជួបជុំ​នានា​។ ​​ជា​រួម គឺ​ផ្ដល់​នូវ​ចំណេះ ​ជំនាញ ជំនុំ និង​ចំណូល​ចំពោះ​សង្គម​ជាតិ​”​។

​ទោះ​ជា​យ៉ាង​ណា ការ​និពន្ធ​ក៏មាន​ផ​លប៉ះពាល់​ជា​អវិ​ជ្ជមាន​មួយ​ចំនួន​ចំពោះ​សង្គម​ផងដែរ​ដោយ​លោក​បានបង្ហាញ​ពី​ផល​ប៉ះពាល់​ថា ៖ «​ប្រសិន​បើ​ការ​តែង​និពន្ធ​នោះ មិនត្រូវ​បាន​ធ្វើ​ឡើង​សម​ស្រប​តាម​វិធី​វិទ្យា​សាស្ត្រ ការគោរព​កម្ម​សិទ្ធិ​បញ្ញា​នៃ​គំនិត​ស្រាវ​ជ្រាវ ដោយ​លួច​ឬ​គៃបន្លំ​យក​ស្នាដៃ​របស់​គេម​ក​ធ្វើជា​ស្នាដៃ​របស់​ខ្លួនឬ​លួច​ចម្លង​ស្នាដៃ​គេ​ឡើង​វិញ​ដើម្បី​បោះពុម្ព​រក​ចំណូល​ផ្ទាល់ខ្លួន​ជា​ដើម​ដែល​នេះ​ជា​ទង្វើ​អសីល​ធម៌ ពុំគប្បី​ចំពោះ​សង្គម​នោះ​ទេ​»​។

​ទោះបី​ជា​លោក ​ជាង រ៉ាវី បាន​ចង​ក្រង​សៀវ​ភៅ​ជាច្រើន​មក​ហើយ​ក្ដី ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​លោក​មិន​មែន​ជា​អ្នក​និពន្ធ​នោះ​ឡើយ​។ លោក​បញ្ជាក់​យ៉ាង​នេះ​ថា ៖ «​ខ្ញុំ​ពុំមែន​ជា​អ្នក​និពន្ធ​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ព្យា​យាម​សរ​សេរ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ប៉ុណ្ណោះ​»​។

​លោក​បានប​ន្តថា៖ «​ទោះ​យ៉ាង​ណា បើ​សួរ​ខ្ញុំ​ចង់​បាន​ចម្លើយ​ពី​រឿងនេះ ខ្ញុំ​យល់​ថា បុគ្គល​ម្នាក់ៗ​គួរ​អាន​សៀវភៅ​ទាក់​ទង​នឹង​ជំនាញ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​,តាម​ដាន​ការសិក្សា របក​គំហើញ​របស់​ប​រទេស​នានា​ទាក់​ទង​នឹង​ជំនាញ​រប​ស់ខ្លួន​ ចេះ​អង្កេត​មើល​ពីអ្វី​ដែល​អ្នក​ជាន់​មុន​ធ្លាប់​សរសេរ ព្រម​ទាំង​កំហុស និង​កង្វះ​ខាត​។ មើល​គំរូ​នៃ​ការ​សរសេរ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​បុគ្គល​ដ​ទៃ​ ចាប់​ផ្ដើម​សរ​សេរ​ភ្លាមកុំ​នៅតែ​ទន្ទឹង​រង់​ចាំ បើ​ខុស​ត្រូវ​ចេះ​កែ​ជា​បន្ត​បន្ទាប់​»៕