សៀមរាបៈ មាន​ប្រភព​ចេញពី​ប្រទេស​ថៃ ការ៉េម​ឆា​ជា​បង្អែម​លាង​មាត់​ដែល​ប្លែក មាន​សោភណភាព​ទាក់ទាញ និង​មានការ​គាំទ្រ​ច្រើន​។ នៅក្នុង​ប្រទេស​ថៃ ការ៉េម​ឆា ជា​បង្អែម​ដ៏​ពេញនិយម​មួយ ដែល​គេ​ស្គាល់​ថា​ជា​ប្រភេទ Street Food ហើយ​វា​មាន​ភាពល្បីល្បាញ​ខ្លាំង​ក្នុង​ឆ្នាំ ២០១២​។​

ដោយ​មើលឃើញ​ពី​ឱកាស​នេះ ស្ត្រី​ខ្មែរ ១​រូប គឺ​អ្នកស្រី អ៊ុក ចាន់​វ​ល័ក្ខណ៍ បាន​ទៅ​រៀន​ធ្វើ​ការ៉េម​ឆា​ពី​ប្រទេស​ថៃ​ផ្ទាល់ និង​បានមក​ចាប់ផ្ដើម​បើក​អាជីវ​កម្មនេះ នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ ២០១៤ នៅ​ផាប់​ស្ត្រី​ត (Pub Street) ដែលជា​តំបន់​មាន​ចរន្ដ​ទេសចរ​បរទេស​ខ្លាំង ជាទី​តាំង​ដែល​ស្ត្រី​រូបនេះ​ចាប់ផ្ដើម​មុខរបរ​របស់ខ្លួន​។​

​ក្នុងការ​ចាប់ផ្ដើម​នេះ អ្នកស្រី​ត្រូវ​ចំណាយ​ដើមទុន​អស់​ច្រើន ដោយសារតែ​ម៉ាស៊ីន​សម្រាប់ធ្វើ​ការ៉េម​ឆា មានតម្លៃ​ថ្លៃ ដូច្នេះ​អ្នកស្រី​ត្រូវ​សន្សំ​ប្រាក់​សម្រាប់ធ្វើ​ដើមទុន​នេះ​ប្រមាណ​ជា ៤​ពាន់​ដុល្លារ​។​

បើតាម​អ្នកស្រី អ៊ុក ចាន់​វ​ល័ក្ខណ៍ កាលពីពេល​ចាប់ផ្ដើម​ដំបូងៗ អ្នកស្រី​មិនមាន​ជាទី​តាំង​ណាមួយ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​គ្រាន់​តែមាន​រទេះ​ផ្សារភ្ជាប់​នឹង​ម៉ូតូ ដែល​អ្នកស្រី និង​ស្វាមី ជិះ​លក់​ចល័ត​។ ម្យ៉ាង​ក៏ដោយ​សារ​ពេលនោះ​មិនទាន់មាន​ការរៀបចំ​ដងផ្លូវ Pub Street ដូច​បច្ចុប្បន្ន​ផង និយាយ​រួម​គឺ​ម៉ូតូ​រ៉ឺម៉ក​កង់​៣ អាច​ជិះ​ចូលទៅក្នុង​ទីធ្លា​នោះបាន​។​

​ប៉ុន្តែ​ក្រោយពី​មានការ​រៀបចំ និង​មានការ​ហាមប្រាម​ឱ្យធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​តំបន់ Pub Street ទើប​អ្នកស្រី និង​ស្វាមី​រៀបចំ​ជា​តូប​តូច​មួយ នៅជាប់​នឹង​ដងផ្លូវ​ដែលមាន​ភ្ញៀវទេសចរ​ដើរ​ឆ្លងកាត់​ខ្វែងខ្វាត់​។​

យូរៗ​ម្ដង ភ្ញៀវ​ដែល​ដើរ​ឆ្លងកាត់​តែង​ឈប់​មើល​ការធ្វើ​ការ៉េម​របស់​អ្នកស្រី អ៊ុក ចាន់​វ​ល័ក្ខណ៍ និង​សាក​ភ្លក្ស​បង្អែម​មួយ​នេះ​។ ភាពរហ័សរហួន​រប​ស់​អ្នកស្រី​ក្នុងការ​ឆា​ការ៉េម​នៅលើ​បន្ទះ​ដែក ព្រមទាំង​ភាព​ចម្រុះ​ពណ៌ នៃ​ការ៉េម​ដែល​ធ្វើ​ចេញពី​ផ្លែឈើ កាន់តែ​ទាក់ភ្នែក​អ្នកដើរ​ឆ្លងកាត់​ឱ្យ​បង្វែរ​ការចាប់អារម្មណ៍​មក​មើល​តូប​ការ៉េម​របស់​អ្នកស្រី​។ នៅ​ថ្ងៃ​ខ្លះ កូនស្រី​អាយុ​៨​ឆ្នាំ​របស់​អ្នកស្រី​ក៏​ឆ្លៀត​មកជួយ​លក់ ជួយ​ហៅភ្ញៀវ​ផងដែរ​។​

​បើតាម​ការរៀបរាប់រ​បស់​អ្នកស្រី អ៊ុក ចាន់​វ​ល័ក្ខណ៍ ជិត​១០​ឆ្នាំ​មកនេះ របរ​ការ៉េម​ឆា​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​អ្នកស្រី ជាពិសេស​កូនៗ​របស់​អ្នកស្រី​ទាំង ២​នាក់​។

អ្នកស្រី អ៊ុក ចាន់​វ​ល័ក្ខណ៍ បាន​ប្រាប់ថា ៖ «​កាលពីមុន​កូ​វីដ ខ្ញុំ​អាច​រកបាន ១​យប់​២០​ម៉ឺន​ទៅ ៦០​ម៉ឺន​រៀល តែ​ក្រោយ​កូ​វីដ​នេះ​ដោយសារ​ភ្ញៀវ​អត់​ទាន់​ត្រឡប់មកវិញ​អស់ ១​យប់​បាន​ត្រឹម​២០​ម៉ឺន​អី​ទេ​។​»

សម្រាប់​វត្ថុធាតុដើម អ្នកស្រី​បញ្ជាក់ថា មិនមាន​អ្វី​ត្រូវ​ត្រៀម​ដូច​ធ្វើ​នំ​ផ្សេងៗ​ទេ ពោលគឺ​គ្រាន់តែ​ទិញ​គ្រឿង​លាយ​មួយចំនួន​ដូចជា ទឹកដោះគោ​ស្រស់ ទឹកដោះគោ​ខាប់ ផ្លែឈើ និង​គ្រឿង​ផ្សេងៗ​ទៀត យកមក​ទុក​ប៉ុណ្ណោះ​។ ម្យ៉ាង​ដោយសារ​វា​ជា​ប្រភេទ​បង្អែម​ដែល​ត្រូវធ្វើ​ភ្លាមៗ ដូច្នេះហើយ​ក្រៅពី​ពេល​លក់ ការ៉េម​ទៅ អ្នកស្រី​នៅសល់​ពេល​ច្រើន​សម្រាប់ធ្វើ​ការងារ​ផ្ទះ​។​

ដោយសារតែ​វត្ថុធាតុដើម​ច្រើន និង​មានតម្លៃ​ថ្លៃ​គួរសម ផាត់​ថ្លៃ​ចំណាយ​អ្នកស្រី​អាច​ចំណេញ​បាន ៤០% ពី​ការលក់ ដែល​ប្រាក់ចំណេញ​នេះ​សមល្មម​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ​។​ ​បើតាម​អាជីវករ​រូបនេះ ការលក់​គឺ​ចាប់ផ្ដើម​ពី​ម៉ោង​៣​រសៀល​ទៅ រហូតដល់​ម៉ោង​១២​យប់ ព្រោះ​តំបន់ Pub Street អ៊ូអរ និង​មាន​ភ្ញៀវ​នៅ​លេង​កម្សាន្ដ​រហូតដល់​ទៀបភ្លឺ​។ ដោយឡែក អ្នកស្រី​ក៏មាន​បំណង ចង់​ពង្រីក​របរ​នេះ​បន្តទៀត​ដែរ ព្រោះតែ​តម្រូវការ​ជីវភាព​ក៏​កាន់តែច្រើន ស្របពេល​ដែល​កូនៗ អ្នកស្រី​ក៏​កាន់តែ​ធំ​។ ម្យ៉ាងទៀត អ្នកស្រី​ថា របរ​នេះ​ងាយស្រួល​រក​ព្រោះ​ជា​របរ​ដែល​ផ្ដល់​សេវាកម្ម​ដល់​ភ្ញៀវទេសចរ ដូច្នេះ​អ្នកស្រី​អាច​ទទួលបាន​ប្រាក់​ត្រឡប់​ភ្លាមៗ ដោយ​មិន​មានការ​ជំពាក់​ដូច​របរ​ផ្សេង​ទេ​។​

​ប៉ុន្តែ​យ៉ាងណា ការធ្វើ​អាជីវកម្ម​ដែល​ពឹង​លើ​ភ្ញៀវទេសចរ​ក៏មាន​គុណវិបត្តិ​ផងដែរ​។ អ្នកស្រី អ៊ុក ចាន់​វ​ល័ក្ខណ៍ បាន​រៀបរាប់ថា​៖ «​អ្នករកស៊ី​នៅទីនេះ ភាគច្រើន​ពឹង​លើ​ភ្ញៀវ​បរទេស អីចឹង​ហើយ​គេ​ក៏​មិន​ចេះតែ​មកលេង​រាល់​ខែ​ដែរ គេ​មាន​ពេល មាន​វេលា​របស់គេ​ដូចគ្នា​...​អីចឹង​ហើយ​នៅ​ខែ​ដែល​គេ​ធ្វើការ យើង​ក៏​រក​មិនសូវ​រកបាន​ដែរ រហូត​ទាល់តែ​ដល់​ខែ​គេ​សម្រាក​ពី​ការងារ ទើប​យើង​អាច​លក់បាន​ច្រើន​វិញ​»​។​

​បើទោះជា​យ៉ាងនេះ​ក៏ដោយ អ្នកស្រី អ៊ុក ចាន់​វ​ល័ក្ខណ៍ នៅតែ​ពេញចិត្ត និង​ប្រឹងប្រែង​ប្រកប​របរ​លក់​ការ៉េម​ឆា ដោយ​មិន​បោះបង់ចោល​ឡើយ ព្រោះ​របរ​នេះ​ជា​របរ​ស្នូល​ដែល​អាចឱ្យ​អ្នកស្រី​ចិញ្ចឹម​បីបាច់​កូន​ឱ្យទទួល​បានការ​សិក្សា​ល្អ​៕