
ចាននិងឧបករណ៍មួយចំនួនដែលធ្វើឡើងពីដើមចេក ។ រូបថត សហការី
ភ្នំពេញៈ ដំណាំចេកជាទូទៅនឹងត្រូវកសិករកាប់ចោល បន្ទាប់ពីផ្លែបានម្ដងហើយ ព្រោះមុននិងក្រោយ ដើមចេកដែលផ្ដល់ផ្លែរួចហើយនោះ នឹងត្រូវងាប់។ ម្ល៉ោះហើយ ដើមចេកដែលត្រូវបានគេកាប់ចោលទាំងនោះបានក្លាយទៅជាគំនរសំរាមរុក្ខជាតិ ដែលមិនអាចយកទៅធ្វើអ្វីទៀតបានឡើយ។
ដោយមើលឃើញពីបញ្ហានេះបុគ្គលិករបស់សហគ្រាសមួយដែលជាអតីតនិស្សិតផ្នែកវិស្វករជីវសាស្ត្រ (Bio-engineer)បានសាកល្បងស្រាវជ្រាវមើលពីលទ្ធភាពដែលអាចកែច្នៃដើមចេកទាំងនោះទៅជាផលិតផលអ្វីមួយ។
ចាប់ផ្ដើមគម្រោងស្រាវជ្រាវក្នុងឆ្នាំ២០២១រហូតដល់ខែមិថុនា ឆ្នាំ២០២២ ទើបគម្រោងនេះបានលេចចេញជារូបរាងនិងមានសិប្បកម្មក្នុងការផលិតសាកល្បង។រីឯផលិតផលដែលសិប្បកម្មផលិតបាននោះគឺចានបរិស្ថាន។
កញ្ញា សឿង ស្រីនិច ដែលជាអ្នកស្រាវជ្រាវនៅក្នុងគម្រោងនេះនិងជាបុគ្គលិកនៃក្រុមហ៊ុន Villageworks Cambodiaបានឱ្យដឹងថា៖ «ដោយសារតែដើមចេកមានសារជាតិ Fiberច្រើន អ៊ីចឹងហើយ បើយើងយកទៅផលិតជាចានគឺវាស្វិតល្អ ហើយងាយរលាយទៅក្នុងបរិស្ថានវិញ»។
សឿង ស្រីនិច បានឱ្យដឹងទៀតថា ក្រៅពីសរសៃចេកក៏មានវត្ថុធាតុដើមផ្សេងទៀតដែលត្រូវបានស្រាវជ្រាវរកឃើញថាអាចយកទៅធ្វើចានបានផងដែរ ប៉ុន្តែដោយមើលឃើញថាដើមចេកមានច្រើនជាងគេ ទើបក្រុមរបស់កញ្ញាសម្រេចជ្រើសរើសយកដើមចេកធ្វើជាវត្ថុធាតុដើមតែម្ដង។
ដោយឡែក នៅក្នុងការផលិតចានបរិស្ថាននេះ ក្រុមហ៊ុនរបស់កញ្ញាបានបង្កើតបណ្ដាញទំនាក់ទំនងជាមួយកសិករ និងសហគមន៍ដែលមានដាំចេកច្រើន ដើម្បីទិញយកដើមចេកពីពួកគេ។ ក្នុងការទិញយកទៀតសោត ក្រុមហ៊ុនបានឱ្យតម្លៃចន្លោះពី១ពាន់ទៅ២ពាន់រៀលក្នុង១ដើម ដែលវាបានផ្ដល់ប្រាក់ចំណេញខ្លះទៅដល់កសិករដែលជាអ្នកដាំដែរ។
បើតាមកញ្ញា សឿង ស្រីនិច ចំពោះតម្លៃប៉ុណ្ណឹងគឺមិនថ្លៃពេកទេ ពោលគឺកញ្ញាចាត់ទុកថាថ្លៃដើមទាប ធ្វើឱ្យការលក់ផលិតផលចានបរិស្ថានចូលក្នុងទីផ្សារវិញក៏ស្ថិតក្នុងរង្វង់នៃតម្លៃសមរម្យមួយដែលប្រជាជនអាចទិញប្រើប្រាស់បានដែរ។
កញ្ញាស្រីនិច បានឱ្យដឹងទៀតថា នៅពេលប្រមូលដើមចេកពីកសិករបានហើយ កញ្ញា និងក្រុមការងារប្រមាណជា១០នាក់ទៀត ចាប់ផ្ដើមបន្តការងារនៅក្នុងសិប្បកម្ម។ កញ្ញាបានរៀបរាប់យ៉ាងដូច្នេះថា៖ «ជំហានដំបូងយើងយកដើមចេកដែលយើងកាប់ផ្លែវាហើយទៅដាក់ក្នុងម៉ាស៊ីនដើម្បីដកយកសរសៃចេក បន្ទាប់មកយើងកិនបំបែក ហើយសង្កត់យករូបរាងដែលយើងចង់បានជារូបរាងមូលឬសំប៉ែតគឺស្រេចតែយើងឬក៏យើងអាចធ្វើជាក្រដាសក៏បានដែរ»។
កញ្ញា បានបញ្ជាក់ផងដែរថា ក្នុង១ថ្ងៃ សិប្បកម្មរបស់កញ្ញា អាចមានលទ្ធភាពផលិតបានចានបរិស្ថានចន្លោះពី ២៥ទៅ៤០ចាន ដែលចំនួននេះនៅតិចតួច ព្រោះសិប្បកម្មកំពុងស្ថិតក្នុងទំហំតូចនៅឡើយ។ ប៉ុន្តែយ៉ាងណា បើតាមគម្រោងរបស់ក្រុមហ៊ុនVillageworks សិប្បកម្មមួយនេះនឹងត្រូវពង្រីកខ្លួនឆាប់ៗនាពេលខាងមុខ ដើម្បីឈានទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែម្ដង។
យ៉ាងណាក្ដី បច្ចុប្បន្នផលិតផលដែលសិប្បកម្មផលិតបានមិនទាន់សិក្សាកំណត់តម្លៃសម្រាប់លក់ចូលទីផ្សារនៅឡើយទេ ដោយកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងគុណភាពរបស់ចានជាមុនសិន ប៉ុន្តែគម្រោងមួយនេះត្រូវបានក្រសួងបរិស្ថានក៏ដូចជាអង្គការ UNDP គាំទ្រពេញទំហឹង ព្រោះវាជាចំណែកមួយក្នុងការកាត់បន្ថយការខ្ជះខ្ជាយធនធានរបស់កម្ពុជា។
សម្រាប់ជំហានបន្ទាប់ទៅទៀតសិប្បកម្មរបស់ក្រុមហ៊ុនVillageworksនឹងអាចមានលទ្ធភាពប្រមូលទិញយកដើមចេកដែលប្រជាកសិករកាប់ចោលមកកែច្នៃចេញជាផលិតផលផ្សេងៗដើម្បីបម្រើការឱ្យការរស់នៅប្រចាំថ្ងៃជំនួសឱ្យប្លាស្ទិក។ម្យ៉ាងទៀតសិប្បកម្មក៏កំពុងពិនិត្យលើវត្ថុធាតុដើម២ប្រភេទផ្សេងទៀតគឺក្រចៅ និងចំបើង សម្រាប់យកមកផលិតចាន ដើម្បីទទួលបានភាពចម្រុះនៃផលិតផលទៅថ្ងៃអនាគត៕