
ភោជនីយដ្ឋានបែបធម្មជាតិ១កន្លែងក្នុងក្រុងភ្នំពេញ។ រូបថត Kinin
ភ្នំពេញៈ ស្របពេលដែលការយល់ដឹងរបស់មនុស្សកាន់តែទូលាយ ការគិតគូរទៅដល់បរិស្ថានក៏មានច្រើនជាងមុនផងដែរ ហើយការគិតគូរដល់បរិស្ថានអាចមានច្រើនរូបភាពខុសគ្នាៗ ដូចជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គ្រប់គ្រងសំណល់ឱ្យបានល្អ ការដាំដើមឈើដើម្បីបង្កើតបរិស្ថានភាពបៃតងជាដើម។
ស្ថិតនៅក្នុងទីក្រុងភ្នំពេញស្រាប់ និងមានទីធ្លា (outdoor) ទូលាយផង ភោជនីយដ្ឋានគីនីន-Kinin តែងតែទទួលបានភ្ញៀវចូលទៅបរិភោគម្ហូបអាហារ ឬពិសាកាហ្វេមិនដាច់ ដែលភ្ញៀវភាគច្រើនជា ជនបរទេស។
មួយជ្រុងនៃភោជនីយដ្ឋានឯណោះវិញ មានលក់នូវកូនឈើ កូនផ្កា ព្រមទាំងផើងផ្កាយ៉ាងចម្រុះគ្នា។ បើគេមើលទៅទីធ្លារបស់ភោជនីយដ្ឋាន គេនឹងអាចឃើញដើមឈើខ្ពស់ៗ ដុះត្រឈឹងត្រឈៃ ចោលម្លប់ដ៏ត្រជាក់មកកាន់ភ្ញៀវដែលអង្គុយនៅខាងក្រោម។
ភោជនីយដ្ឋានមួយនេះមានទីតាំងនៅក្នុងសង្កាត់ទួលទំពូង រាជធានីភ្នំពេញ ហើយម្ចាស់ ទីតាំងផ្ទាល់ជាជនបរទេស។ វាត្រូវបានគេរៀបចំឡើង ដោយគិតគូអំពីបរិស្ថាន ពោលគឺរាល់សេវាកម្ម នៅក្នុងភោជនីយដ្ឋាននឹងជៀសវាងនូវការប្រើប្រាស់ប្លាស្ទិក។
ទឹកដែលដាក់ជូនភ្ញៀវពិសា ត្រូវបានដាក់នៅក្នុងដបកែវ ដែលគេអាចប្រើប្រាស់បានបន្តទៀត។ នៅលើតុអាហារភ្ញៀវ មិនមានក្រដាសជូតមាត់ឡើយ ហើយវាត្រូវបានជំនួសដោយការប្រើក្រណាត់។ សម្រាប់កន្លែងលាងដៃ នៅបន្ទប់ទឹកទៀតសោត ក៏ភោជនីយដ្ឋានមួយនេះប្រើប្រាស់ក្រណាត់តូចៗ សម្រាប់ជូតដៃផងដែរ។
ថ្វីដ្បិតថា ភោជនីយដ្ឋានមួយនេះមានម្ចាស់ដែលមិនមែនជាជនជាតិខ្មែរក្ដី ប៉ុន្តែការតុបតែងហាង ឬសូម្បីតែមឺនុយមុខម្ហូបក៏ត្រូវបានយកគំរូតាមរចនាប័ទ្មខ្មែរ ដែលនេះជារឿងដ៏កម្រមួយ ខណៈដែលហាងភាគច្រើននៅក្នុងក្រុងត្រូវបានធ្វើឡើងដោយយកតាមរចនាប័ទ្មបរទេស។
លោក Kerryn Leitch ដែលជាម្ចាស់ភោជនីយដ្ឋាន គីនីន បានឱ្យដឹងថា ៖ «យើងព្យាយាមផ្ដល់ជូននូវបរិយាកាសបែបធម្មជាតិជូនភ្ញៀវ ព្រោះបរិយាកាសបែបនេះកម្រនឹងមាននៅក្នុងទីក្រុងណាស់!»។
លោកបន្តថា៖ «យើងក៏ព្យាយាមកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកឱ្យអស់ពីលទ្ធភាព ព្រោះយើងចង់រួមចំណែកការពារបរិស្ថានពីការបោះសំរាមចោល ដោយមិនមានការទទួលខុសត្រូវ»។
បើតាមការឱ្យដឹងពីម្ចាស់ភោជនីយដ្ឋានដដែលនេះ លោក Kerryn Leitch មិនមានផ្ដល់នូវសេវាកម្មខ្ចប់ម្ហូបអាហារ ឬកាហ្វេនោះទេ ព្រោះបើកាលណាមានសេវាកម្មនេះ លោកច្បាស់ជាត្រូវប្រើប្រាស់ប្លាស្ទិកមិនខាន ហើយដោយចៀសមិនផុត ប្លាស្ទិកទាំងនោះនឹងត្រូវបានចោលទៅក្នុងបរិស្ថានវិញ។
ក្រៅពីនោះទៅ ភោជនីយដ្ឋានគីនីន ក៏មានការសហការជាមួយនឹងភោជនីយដ្ឋាន ក៏ដូចជាហាងផ្សេងៗ ដែលធ្វើការពាក់ព័ន្ធនឹងការលើកស្ទួយបរិស្ថាននេះផងដែរ។ ជានិច្ចកាល ភោជនីយដ្ឋាន គីនីន តែងបង្កើតនូវសកម្មភាពបញ្ជ្រាបចំណេះដឹង មានការដាក់នូវធុងចល័តសម្រាប់ប្រមូលយកកែវប្លាស្ទិក ទៅប្រើប្រាស់ឡើងវិញជាដើម។
ជាក់ស្ដែង ដបស្រាជាច្រើនប្រភេទដែលត្រូវបានប្រើប្រាស់ហើយ នឹងមានការសន្សំទុក នៅពេលបានក្នុងទំហំណាមួយ ភោជនីយដ្ឋានគីនីននឹងប្រមូលទៅជូនដៃគូសហការដែលធ្វើការលើការកែច្នៃដប ដើម្បីអាចប្រើប្រាស់ឡើងវិញ។
សកម្មភាពទាំងអស់នេះ ជាសកម្មភាពគំរូមួយដែលលោក Kerryn Leitch ព្យាយាមធ្វើ និងបង្កើតការសហការជាមួយនឹងទីតាំងភោជនីយដ្ឋានផ្សេងៗ ដើម្បីឱ្យការជួយបរិស្ថានកាន់តែមានទំហំធំ។ ម្យ៉ាង លោកយល់ថា ភោជនីយដ្ឋានដើរតួនាទីសំខាន់នៅក្នុងការការពារបរិស្ថាន ដោយសារក្នុង១ថ្ងៃៗហាងនីមួយៗ បានប្រើប្រាស់ប្លាស្ទិកដើម្បីបម្រើឱ្យតម្រូវការអតិថិជនច្រើនណាស់។
អតិថិជន១រូប អ្នកស្រី ស៊ុន សុគន្ធា បានប្រាប់ឱ្យដឹងថា អ្នកស្រីធ្លាប់បានទៅពិសាកាហ្វេម្តងជាមួយនឹងក្រុមគ្រួសារនៅភោជនីយដ្ឋានគីនីននេះ ដោយអ្នកស្រីក៏បានសរសើរពីការរៀបចំរបស់ម្ចាស់ទីតាំងនេះផងដែរ ដែលភ្ញៀវចូលទៅហើយ គឺមានអារម្មណ៍ស្រស់ស្រាយ និងហាក់ដូចជាចូលញ៉ាំកាហ្វេក្នុងព្រៃអ៊ីចឹង។
អ្នកស្រីបានលើកឡើងថា ៖ «សម្រាប់អ្នកដែលចូលចិត្តបរិយាកាសស្ងៀមស្ងាត់ ជាធម្មជាតិៗ គឺទៅកាន់ភោជនីយដ្ឋាននេះ មិនខុសបំណងទេ ជាពិសេសសិស្សានុសិស្សដែលគាត់ត្រូវការកន្លែងសម្រាប់រំឭកមេរៀន ឬអានសៀវភៅជាដើម»។
អ្នកស្រី ស៊ុន សុគន្ធា បានប្រាប់ដែរថា អ្នកស្រីនឹងទៅភោជនីយដ្ឋានគីនីន ម្តងទៀត នៅថ្ងៃណាមួយ៕