
អ្នកនិពន្ធ ស៊ូ សារឿន កាលពីពេលកន្លងមក ។ រូបថត សហការី
ភ្នំពេញៈ មនុស្សជាច្រើនបានដឹងនិងស្គាល់ពីស្នាដៃរបស់អ្នកនិពន្ធ ស៊ូ សាវឿន រួចមកហើយ ប៉ុន្តែមិនទាន់បាន ស្គាល់និងដឹងពីការនិពន្ធរបស់លោកនៅឡើយស្របពេលដែលគាត់បានអះអាងថាការក្លាយខ្លួនជាអ្នកនិពន្ធរបស់លោក គឺមិនមែនចៃដន្យឡើយ ពោលគឺបានមកពីការខិតខំប្រឹងប្រែងដោយខ្លួនឯងផងនិងពីគ្រួសារផង។
អ្នកនិពន្ធ ស៊ូ សាវឿន បានអះអាងថា ៖ «លទ្ធផលថ្ងៃនេះមិនមែនកើតដោយចៃដន្យទេ វាកើតពីការលះបង់និងការរៀបចំផ្លូវដ៏ថ្លៃថ្លារបស់ឪពុកម្តាយរបស់ខ្ញុំ។ ដោយមានការលះបង់ដ៏ធំធេង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រថុយទាំងជីវិត ទើបខ្ញុំមានលទ្ធផលដូចសព្វថ្ងៃ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះបងប្រុងនិងប្អូនៗ ចូលរួមឧបត្ថម្ភខ្ញុំឱ្យបានរៀនសូត្រ។ ខ្ញុំក៏សូមអរគុណចំពោះភរិយានិងកូនៗដែលតែងតែគាំទ្រនិងផ្តល់កម្លាំងចិត្តដល់រូបខ្ញុំដែរ»។
លទ្ធផលដែលលោកក្លាយជាអ្នកនិពន្ធនេះ ក៏ដោយសារព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូជាអ្នកផ្ដល់ឱ្យដោយលោកទទួលស្គាល់ថា៖ «ពិតណាស់ លទ្ធផលនៅថ្ងៃនេះមិនត្រឹមតែកើតពីគ្រួសារជួយជ្រោមជ្រែង តែជាការចូលរួមយ៉ាងធំធេងពីសំណាក់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មិត្តភក្តិ ពិសេសព្រះគ្រូចៅអធិកា ព្រះសង្ឃ និងយាយជីវត្តស្រះចកផងដែរ»។
អ្នកនិពន្ធ ស៊ូ សាវឿន មានស្នាដៃសំខាន់ដូចជា៖ ផ្លូវអ្នកខ្លាំង,ជម្រើសផ្លូវដើរ, ជួយខ្លួនឯង, ៣៦៥ថ្ងៃច្នៃគំនិត, ក្តាប់ឱកាស, តិចនិចលក់ និងសិល្បៈលក់។ សៀវភៅខ្លះ សរសេរពីបទពិសោធផ្ទាល់ខ្លួនរបស់លោកចន្លោះឆ្នាំ២០១៣ដល់ពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា ៖ «សៀវភៅទាំងនោះនិយាយពាក់ព័ន្ធនឹងការអភិវឌ្ឍបុគ្គលិកលក្ខណៈ អត្តចរិត ភាពជាអ្នកដឹកនាំខ្លួនឯង និងធ្វើជាបុគ្គលដែលស្គាល់ខ្លួនឯងច្បាស់»។
សូមបញ្ជាក់ថា អ្នកនិពន្ធ ស៊ូ សាវឿន មានស្រុកកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអប់រំ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងការអភិវឌ្ឍ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច។
នៅឆ្នាំ១៩៩៣ អ្នកនិពន្ធរូបនេះ បានចាប់ផ្តើមបង្រៀនភាសាអង់គ្លេស ហើយការបង្រៀននេះបានជំរុញគាត់ឱ្យស្រឡាញ់វិស័យអប់រំ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងជ្រោមជ្រែងរហូតដល់បច្ចុប្បន្ន។
លោកក៏មានបទពិសោធជាច្រើនផងដែរក្នុងវិស័យអប់រំ ក្នុងនោះលោកជាគ្រូបង្រៀនភាសាអង់គ្លេស,ជានាយកគ្រប់គ្រងសាលាឯកជន,ជាប្រធានកម្មវិធីការពារកុមារនិងអប់រំ, ជាប្រធានគម្រោងចងក្រងសហគមន៍និងស្តារជីវភាព,ជាប្រធានកម្មវិធីអភិវឌ្ឍន៍ចម្រុះ, ជាប្រធានកម្មវិធីចងក្រងសហគមន៍ដើម្បីសិទ្ធិលំនៅឋាន, ជានាយកប្រតិបត្តិ (ពីរអង្គការ), ប្រធានផ្នែកលក់ថ្នាក់ជាតិ, ជាអគ្គនាយកក្រុមហ៊ុន, ជានាយកផ្នែកបណ្តុះបណ្តាល, ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកក្រុមហ៊ុន៕