តាកែវៈ ​ព្រះវិហារ​មួយ​ដែល​ខ្មែរក្រហម​យក​ធ្វើជា​ឃ្លាំង​អំបិល​នៅ​វត្ត​ខ្នារ​កកោះ ក្នុង​ឃុំ​​ដូង​ខ្ពស់ ស្រុក​បុរី​ជលសា ខេត្តតាកែវ នៅតែ​ជាប់​ដិតដាម​រឿង​​រ៉ាវ​កាលពី​របប​ខ្មែរក្រហម​នៅឡើយ​។ ដូច្នេះហើយ​បានជា​ព្រះចៅអធិការ​វត្ត​នេះ​រក្សា​​ទុកជា​តឹកតាង​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​សិក្សា​ស្វែងយល់​ពី​អតីតកាល​ក្នុង​របប​ខ្មែរក្រហម​។ រី​ឯម​ជ្ឈ​​មណ្ឌល​ឯកសារ​កម្ពុជា​ខេត្តតាកែវ​ បាន​យក​ទី​អារាម​មួយ​នេះ​ធ្វើ​​ការអប់រំ​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​ប្រជា​សហគមន៍​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​បាន​ជាង​ ១២០ ​គ្រួសារ​ហើយ​ក្នុង​ឆ្នាំ​ ២០២២​ កន្លងមក​។​

​វត្ត​ខ្នារ​កកោះ ស្ថិតនៅ​ភូមិ​តា​​សៃ ឃុំ​ដូង​ខ្ពស់ ស្រុក​បុរី​ជលសា ខេត្តតាកែវ ហើយ​បើ​យើង​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ តាមផ្លូវ​ជាតិ​លេខ ​២ មាន​ចម្ងាយ ​៩៨​ គីឡូម៉ែត្រ នឹង​ដល់ទី​តាំង​វត្ត​នោះ​ហើយ ក៏ប៉ុន្តែ​ទី​អារាម​នៅ​ជនបទ​ដាច់ស្រយាល​មួយ​នេះ​ហាក់​មិនសូវមាន​ព្រះសង្ឃ​គង់នៅ​សិក្សា​រៀនសូត្រ​បាន​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​ជាវ​ត្ត​ក្រខ្សត់​ដែល​បច្ចុប្បន្ន​មាន​ព្រះសង្ឃ​តែ ​៧ ​អង្គ​ប៉ុណ្ណោះ​កំពុង​គង់នៅ​។​

​តាមរយៈ​ថេរ​ដីកា​របស់​ព្រះ​​ចៅអធិការ​វត្ត​ខ្នារ​កកោះ ព្រះនាម សយ សុធី បានឱ្យ ​ភ្នំពេញ​ ប៉ុស្តិ៍​ដឹងថា ព្រះអង្គ​មក​គង់នៅ​ធ្វើជា​ចៅអធិការ​វត្ត​នោះ​រយៈ​​ពេល​ជាង​ ១៥ ​ឆ្នាំ​មកហើយ ហើយ​វត្ត​នេះ​ត្រូវបាន​បង្កើតឡើង​អស់កាល​ ២១៧​ ឆ្នាំ​មកហើយ និង​បាន​ប្តូរ​ចៅអធិការ​​វត្ត​ ១៥ ​ជំនាន់​មកហើយ​ដែរ​។​។​ដោយឡែក​ព្រះវិហារ​មួយ​ដែលមាន​ជញ្ជាំង​ឥដ្ឋ និង​មាន​សសរ​​ថ្ម​ដែល​ទុកចោល​នេះ​ក៏មាន​អាយុកាល​ជាង​ ៦០ ​ឆ្នាំ​មកហើយ​ដែរ​។​

​ព្រះអង្គ​បានឱ្យដឹងថា ព្រះវិហារ​នេះ​មាន​បណ្តោយ​ប្រហែល ​១៥ ​ម៉ែត្រ និង​ទទឹង​ប្រហែល​ ១២ ​ម៉ែត្រ​។ វត្ត​ខ្នារ​កកោះ​ក្នុងសម័យ​ខ្មែរក្រហម​ត្រូវបាន​គេ​យក​ធ្វើជា​កន្លែង​ដុត​ខ្មោច ជា​មន្ទីរពេទ្យ ហើយ​ព្រះវិហារ​ដែល​ទុកចោល​នោះ​ធ្វើជា​ឃ្លាំង​ដាក់​អំបិល​។ ដោយសារតែ​ត្រូវ​ជាតិ​​ប្រៃ​បានធ្វើឱ្យ​ជញ្ជាំង និង​សសរ​ព្រះវិហារ​ពុកផុយ​ដែល​មិនអាច​ចូលទៅ​គោរពបូជា​អ្វី​បាន អស់កាល​១៥​ឆ្នាំ​មកហើយ​។​

​ព្រះអង្គ សយ សុធី មាន​ថេរ​​ដីកា​ថា​៖ «​ឥឡូវ​អាត្មា​បាន​សាង​​សង់​ព្រះវិហារ​ថ្មី​ជំនួស​ហើយ តែ​អស់​ ៤០​ ម៉ឺន​ដុល្លារ​ហើយ​នៅតែ​មិនទាន់​រួចរាល់​ទៀត​។​រីឯ​ព្រះវិហារ​ចាស់​នោះ ត្រូវតែ​រក្សាទុក​ដើម្បី​ជា​តឹកតាង​ពញ្ញាក់​ស្មារតី​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​ខ្មែរក្រហម​យក​ព្រះវិហារ​ធ្វើជា​ឃ្លាំង​»​។​

​បើតាម​ថេរ​ដីកា ដោយសារតែ​ទីតាំង​វត្ត​ធ្លាប់មាន​ប្រវត្តិ​ក្នុងសម័យ​ខ្មែរក្រហម​នេះហើយ​ទើបបាន​លោក ផេង ពង្ស​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​ខេត្តតាកែវ​ជ្រើស​រើសយក​ធ្វើជា​ទីកន្លែង​បើក​វេទិកា​។​វេទិកា​នេះ​គឺ​ដើម្បី​អប់រំ និង​ផ្សព្វ​​ផ្សាយ​អំពី​អំពើហិង្សា​គ្រប់​រូបភាព គ្រប់​ទម្រង់​ដល់​ប្រជា​​សហគមន៍​ដោយ​ភ្ជាប់​ជាមួយ​ភ័ស្តុតាង​ទីតាំង​វត្ត និង​ព្រះវិហារ​ផង​។ ព្រះអង្គ​ក៏បាន​ចូលរួម​ក្នុង​វេទិកា​ដែរ​ដែល​បាន​ផ្សព្វផ្សាយ​ដល់​សហគមន៍​អំពី​អំពើ​យង់​​ឃ្នង​ក្នុង​របប​ខ្មែរក្រហម និង​មានការ​អប់រំ​ពី​សិទ្ធិមនុស្ស​ក៏ដូចជា​ច្បាប់​ផ្សេងៗ ដើម្បីឱ្យ​យល់​ពី​ច្បាប់ទម្លាប់​ក្នុងសង្គម​។​

​លោក ​ឈឹម ឆេង មេឃុំ​ដូង​​ខ្ពស់​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ដែរ​ថា ចំពោះ​ព្រះវិហារ​មួយ​នេះ​គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​មួយ​ពាក់​​ព័ន្ធ​នឹង​អំពើ​ឃោរឃៅ​ក្នុង​របប​ខ្មែរក្រហម ដែល​ទោះបី​មិនមែនជា​កន្លែង​កាប់សម្លាប់​មនុស្ស​ក្តី តែ​ក៏​ក្លាយទៅជា​មណ្ឌល​មួយ​សម្រាប់​អប់រំ​ប្រវត្តិសាស្ត្រ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង​។​

​ព្រះវិហារ​នេះ​ទៀតសោត​ក៏​រង​គ្រាប់ផ្លោង​របស់​ខ្មែរក្រហម​ជាច្រើន​កន្លែង​ផងដែរ ទាំង​សសរ និង​ជញ្ជាំង ដែល​ធ្វើឱ្យ​ពុទ្ធបរិស័ទ​មិន​ហ៊ាន​ចូលទៅ​គោរពបូជា​ព្រះ ព្រោះ​ខ្លាច​បាក់​សង្កត់​លើ​ដែល​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​លោក​ថ្លែងថា​៖ «​ព្រះវិហារ​នេះ​អាច​ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​ទុកជា​និមិត្តរូប ព្រោះ​ជា​វត្ថុតាង​មួយ​ដែរ​។ យើង​ទុក​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយៗ​ថា អាហ្នឹង​សម័យ​ខ្មែរក្រហម​វា​បន្សល់​ទុកឱ្យ​អ៊ីចឹង​»​។​

​លោក​មេឃុំ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ទី​អារាម​នេះ ត្រូវ​​បាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តតាកែវ​ដែល​សិក្សា និង​ស្រាវជ្រាវ​ពី​របប​ខ្មែរក្រហម​ជ្រើស​​រើសយក​ធ្វើជា​ទីកន្លែង​ប្រវត្តិ​​សាស្ត្រ​ជាពិសេស​ព្រះវិហារ​ដើម្បី​បើក​ជា​វេទិកា​សម្រាប់​អប់រំ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​អំពើហិង្សា​ដល់​ប្រជា​សហគមន៍​ផង​។​

​ជា​លទ្ធផល​ត្រឡប់មកវិញ​ឃើញថា គ្រួសារ​ប្រជាពលរដ្ឋ​ភាគ​​ច្រើន​ក្នុងភូមិ​តា​សៃ​ចេះ​សន្ដោស​​ប្រណី​ប្រាស្រ័យ​រាក់ទាក់​គ្នា​ហើយក៏​គ្មាន​បណ្តឹង​អំពី​ជម្លោះ​ក្នុង​គ្រួសារ​ដែរ​។​

ដោយឡែក​លោក​ ផេង ពង្ស​​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯក​​សារ​កម្ពុជា​ខេត្តតាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពាក់ព័ន្ធ​នឹង​ការ​​ជ្រើស​រើសយក​វត្ត​ខ្នារ​កកោះ​ធ្វើជា​កន្លែង​បើក​វាទិកា​អប់រំ​ព្រោះ​ទីតាំង​វត្ត​ក្នុងអំឡុង​ឆ្នាំ ​១៩៧០ ដល់​ឆ្នាំ​១៩៧៥​ ជា​កន្លែង​ព្យាបាល​របួស​ដល់​ទាហាន​ខ្មែរ​រំដោះ​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​លោក លន់ នល់​។​ក្រោយមក​ក្នុង​ឆ្នាំ​ ១៩៧៥​ ជា​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​របស់​ប្រជាជន​ដែល​ជម្លៀស​មកពី​ទីក្រុង​ភ្នំពេញ​។ លុះដល់​ឆ្នាំ ​១៩៧៦​ ដល់​ឆ្នាំ​ ១៩៧៨​ព្រះវិហារ​ចំណាស់​ ១ ដែល​បន្សល់ទុក​ដល់​ប​ច្ចុ​ប្បន្ន​គឺជា​ឃ្លាំង​ដាក់​អំបិល​ក្នុង​របប​ខ្មែរក្រហម​។​អ៊ីចឹង​ហើយ​សសរ​ទាំងអស់​រប​ស់​ព្រះវិហារ ត្រូវ​ប្រេះស្រាំ​ដោយ​​សារ​ត្រូវ​ជាតិ​ប្រៃ​របស់​អំបិល​។​

​លោក​បន្តថា ចំពោះ​គោល​​បំណង​សំខាន់​នៃ​ការបើក​វេទិកា គឺ​ទី​១ ដើម្បី​ផ្តល់ឱកាស​ឱ្យ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរ​​ក្រហម​បាន​ចែករំលែក​ពី​រឿង​​រ៉ាវ​ប្រវត្តិ​ជូរចត់​របស់​ពួកគាត់​ប្រាប់​ទៅកាន់​ក្មេងៗ​ជា​ចៅៗ​របស់គាត់​។ គោលបំណង​ទី​២​ គឺ​ចង់​បង្កើន​ការចងចាំ​ប្រវត្តិសាស្ត្រ​ហ្នឹង​តាមរយៈ​ការចងចាំ​ទៅ​ក្មេងៗ​ជំនាន់​ក្រោយ ព្រោះថា អ្នក​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ពី ​១​ ថ្ងៃ​ទៅ​ ១ ​ថ្ងៃ កាន់តែ​បាត់បង់​ទៅៗ​។

​អ៊ីចឹង​បើ​គាត់​បាត់បង់​ជីវិត​ទៅ​គឺ​រឿងរ៉ាវ​របស់​ពួកគាត់​ត្រូវ​កប់​បាត់ទៅ​ជាមួយ​ដែរ ហើយ​ប្រសិនបើ​មិនមាន​ក្មេងៗ​ដឹង​ពី​រឿងរ៉ាវ​របស់គាត់​តាមរយៈ​ការ​​និយាយប្រាប់​របស់គាត់​ទេ គឺ​រឿងរ៉ាវ​ទាំងអស់នោះ​នឹង​បាត់​បន្តិច​ម្តងៗ​។ គោលបំណង​ទី​៣​ គឺ​យើង​ចង់ដឹងថា បន្ទាប់ពី​ការ​​ដួលរលំ​របប​ខ្មែរក្រហម​ទៅ អ្នក​ដែល​នៅមាន​ជីវិត គឺ​គាត់​មាន​ជីវភាព សុខភាព​យ៉ាងម៉េច​ដែរ​?​គោលបំណង​ទី​៤​ គឺ​យើង​ចង់ឱ្យ​គាត់​លើក​ពី​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​នៅក្នុង​ភូមិ​ឃុំ​របស់គាត់​ថា តើ​បច្ចុប្បន្ន​គាត់​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​? តែ​យើង​មិនមែនជា​អ្នកដើរតួ​ដោះ​​ស្រាយ​បញ្ហា​នេះ​ទេ គ្រាន់តែ​យើង​អាចជា​អ្នក​នាំសារ​ប្រាប់​ទៅ​សង្គម ឬ​ប្រាប់​ទៅ​រដ្ឋា​ភិ​​បាល​ប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​គោលបំណង​ដែល​យើង​ធ្វើ​វេទិកា​អប់រំ​សហគមន៍​នៅតាម​មូលដ្ឋាន​នេះ​។ អ៊ីចឹង​ប្រសិនបើ​ក្មេងៗ​ចងចាំ​គឺ​រឿង​ហ្នឹង​វា​នៅ​រហូត រស់​រហូត​នៅក្នុង​ចិត្តគំនិត​របស់​ក្មេងៗ​ជំនាន់​ក្រោយ​»​។​

​បើតាម​លោក ពង្ស​រ៉ាស៊ី ការ​​ទទួលរង​នូវ​ការប៉ះពាល់​ផ្លូវចិត្ត​ដោយសារ​របប​ខ្មែរក្រហម​គឺ​នៅមាន​ខ្លះៗ ហើយ​អាច​ជះ​ឥទ្ធិ​​ពល​ទៅលើ​ក្មេងៗ​ដែលជា​កូន​ជា​ចៅ​របស់​ពួកគាត់​ខ្លះៗ ប៉ុន្តែ​មិន​ខ្លាំង​ដូច​កាលពី​ភ្លាមៗ​ទេ ហើយ​ម្យ៉ាងទៀត​ប្រសិនបើ​គាត់​[​ចាស់ៗ​]​បាន​និយាយ​ចេញមក​តាមរយៈ​ការធ្វើ​វេទិកា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​គាត់​នឹង​អាច​ព្យាបាល​របួស​ផ្លូវចិត្ត​របស់គាត់​បាន​។ ក្នុង​ឆ្នាំ ​២០២២​ កន្លងមក មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា​ខេត្តតាកែវ​បានធ្វើ​វេទិកា​ដល់​សហគមន៍​បាន​ជាង​ ១២០ គ្រួសារ​។​

​លោក​បាន​បន្ថែមថា យើង​ធ្វើ​វេទិកា​នេះ​ឃើញថា មាន​ប្រសិទ្ធ​​ភាព​ដោយ​កន្លងមក អ្នកចូលរួម​ភាគច្រើន​ដែល​លោក​បាន​ជួប​អះអាងថា​មិន​ធ្លាប់បាន​ស្តាប់​ព័ត៌មាន​ពី​របប​ខ្មែរក្រហម​ពី​ឪពុកម្តាយ​ពី​ជីដូន​ជីតា​របស់​ពួក​​គេ​ទេ ប៉ុន្តែ​បាន​ស្តាប់​គ្រូបង្រៀន​នៅតាម​សាលា​ខ្លះ ហើយក៏​មិន​បានមក​សាកសួរ​ឪពុកម្តាយ​ជីដូន​ជីតា​ដែរ តែ​នៅពេល​ក្រុម​​ការងារ​របស់​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា​ចុះទៅ​ពន្យល់​នៅតាម​ផ្ទះ​ទើបបាន​ធ្វើឱ្យ​ចៅៗ​ទទួលបាន​ព័ត៌មាន​ពេញលេញ​ហើយ​មាន​ក្តី​អាណិត​ដល់​ជី​​ដូន​ជីតា​របស់គាត់​ថា មិនគួរណា​ជីវិត​របស់គាត់​ជួប​ការលំបាក​ដល់​ថ្នាក់​ហ្នឹង​ទេ ហើយ​ដំណើររឿង​របស់​ចាស់ៗ​គឺ​ខុសគ្នា​ឆ្ងាយ​ពី​ពួកគាត់​សព្វថ្ងៃ​ដែលមាន​ទាំង​ទូរស័ព្ទដៃ​ទំនើប​ប្រើ មាន​ម៉ូតូ​ល្អៗ​ជិះ ទោះបី​សាលា​នៅ​ជិត​ផ្ទះ​ក៏ដោយ​ក៏​ជិះ​ម៉ូតូ​ដែរ​។​

​លោក​បាន​បន្តទៀតថា ក្នុង​ឆ្នាំ​ ២០២៣ ​គឺ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តតាកែវ​គ្រោង​ធ្វើ​វេទិកា​អប់រំ​ស្តីពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ចំនួន​ ៦ ​សហគមន៍ ហើយ​ជាដំបូង គឺ​លោក​នឹង​ជ្រើសរើស​ស្រុក ​២ ក្នុង​ខេត្ត​​តាកែវ រួមមាន ស្រុក​បុរី​ជលសា​និង​ស្រុក​ត្រាំកក់​។ ចំពោះ​ស្រុក​​បុរី​ជលសា​គឺមាន​សំណល់​របស់​តា​ម៉ុក​ដូចជា មាន​ស្ពាន មាន​ប្រឡាយទឹក មាន​ព្រែក មាន​ទំនប់ មានផ្ទះ​របស់​តា​ម៉ុក ជាដើម​។​ចំពោះ​ក្មេងៗ​ជំនាន់​ក្រោយ​គ្រាន់​​តែ​ដឹងថា ស្ពាន​តា​ម៉ុកៗ តែ​មិនបាន​ដឹងថា តា​ម៉ុក​ជា​នរណា​ផង​ទេ​។ អ៊ីចឹង​បានជា​លោក​ជ្រើស​​រើស​វេទិកា​នេះ ដើម្បី​ផ្សារភ្ជាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅក្នុង​របប​ខ្មែរក្រហម​តាមរយៈ​អ្នក​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ហើយ​បង្រៀន​ទៅកាន់​ក្មេងៗ​ជំនាន់​ក្រោយ​។​

​លោក​បាន​បញ្ជាក់ថា ចំណែកឯ​ស្រុក​ត្រាំកក់ គឺជា​ស្រុកកំណើត​របស់​តា​ម៉ុក ដើម្បី​ធ្វើ​វេទិកា​អប់រំ​ដែរ ហើយ​អ្នកស្រុក​ដែល​រស់នៅក្នុង​តំបន់​នោះ​ស្គា​ល់តា​ម៉ុក​ច្បាស់​ថា​ជា​នរណា ដែល​សុទ្ធតែជា​ប្រជាជន​មូល​​ដ្ឋា​ន​ច្រើន ប៉ុន្តែ​ស្រុក​បុរី​ជលសា​ភាគច្រើន​ជា​ប្រជាជន​ថ្មី ដូច្នេះហើយ​លោក​ចង់ដឹងថា តើ​ការធ្វើ​វេទិកា​របស់លោក​ទៅលើ​ស្រុក​ទាំង ​២ ​ហ្នឹង​វា​មានរឿង​រ៉ាវ​ចេញមក​យ៉ាងម៉េច​ខ្លះ​ហើយ​ការផ្សះផ្សា​របួស​ផ្លូវចិត្ត​រវាង​ស្រុក​នីមួយៗ​បាន​កម្រិតណា​?៕