
ពិធីអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា។ រូបថត ហ៊ួន ស៊ីឡូន
ភ្នំពេញៈ អាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយដែលប្រជាជនតែងតែធ្វើតគ្នាមកនោះមានពិធីជាច្រើន ដែលសុទ្ធតែមានអត្ថន័យដោយឡែកៗពីគ្នា។ ក្នុងនោះដែរ គេសង្កេតឃើញពិធីមួយ គឺពិធីបុកល័ក្ដ ដែលពិធីនេះធ្វើឡើង ដើម្បីឱ្យកូនប្រុសស្រីយល់ពីបញ្ហាជីវិតគ្រួសារក្រោយពេលរៀបការ។
នេះបើតាមការលើកឡើងពីលោកអាចារ្យមង្គល ឆេង សាវេង ដោយលោកបានប្រាប់ថា ពិធីបុកល័ក្ដនេះ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរហាក់មិនសូវធ្វើទេ ព្រោះអាស្រ័យលើកត្តាជីវភាព។
លោកបានអះអាងថា ៖ «ការរៀបចំពិធីនេះចំណាយច្រើនលើអ្នកភ្លេង អ្នកកំប្លុកកំប្លែង អ្នករកល័ក្ដ និងលើលោកអាចារ្យផង ដូច្នេះមិនសូវមានអ្នកធ្វើទេ សឹងតែថា១០០រោង មាន៤ ឬ៥រោងទេដែលធ្វើ»។
អត្ថន័យក្នុងការប្រារព្ធពីធីបុកល័ក្ដនេះឡើងតាម ដូនតាខ្មែរគូស្វាមីភរិយាក្រោយថ្ងៃរៀបការទទួលបានសេចក្ដីសុខ គឺលោកឱ្យអត់ធ្មត់៣ប្រការ ក្នុងនោះមាន ការអត់ធ្មត់ផ្លូវអារម្មណ៍, អត់ធ្មត់ផ្លូវចិត្ត និងអត់ធ្មត់ផ្លូវកាយ។
លោកអាចារ្យមង្គល ឆេង សាវេង បានពន្យល់ថា ការអត់ធ្មត់់ផ្លូវអារម្មណ៍នេះ គឺកូនទាំង២ធ្លាប់រស់នៅម្នាក់ឯង គឺធ្លាប់បណ្ដែតអារម្មណ៍ អាចគិតវែងឆ្ងាយភ្លេចបាយភ្លេចទឹកបាន ដូច្នេះលោកឱ្យកាត់បន្ថយមកគិតអ្នកនៅជិតខ្លួន អ្នកនៅក្បែរខ្លួន។
លោកបានបន្តថា ៖ «រីឯអត់ធ្មត់ផ្លូវចិត្ត គឺចិត្តបុត្រាបុត្រីទាំង២ នៅម្នាក់ឯងធ្លាប់ចិត្តខ្លាំង ចិត្តដាច់ខាត ដូច្នេះសុំឱ្យកាត់បន្ថយកុំឱ្យចិត្តដាច់ខ្លាំងពេក ដែលបុរាណលោកថាដាច់គឺឃ្លាត ខាតគឺមិនចំណេញ។ ចំណែកអត់ធ្មត់ផ្លូវកាយ គឺបុត្រាបុត្រីរស់នៅម្នាក់ឯងធ្លាប់ប្រឡែងលេងដៃធ្ងន់ ជើងធ្ងន់ ដូច្នេះសុំឱ្យកាត់បន្ថយមកដៃស្រាលជើងស្រាល ហើយភាពស្រទន់ទើបស្វាមីភរិយាបានសេចក្ដីសុខ»។
ការរៀបចំពិធីបុកល័ក្ដតាំងពីដើមរឿងមក តម្រូវឱ្យមានរណ្ដាប់រណ្ដាសំខាន់ៗ៧មុខ។ វត្ថុទាំងប៧មុខនេះលោកយកមកប្រៀបធៀបថា មនុស្សទោះបីជាកើតមកមានអាយុរាប់រយឆ្នាំយ៉ាងណាក៏ដោយ ក៏មិនអាចរំលងនូវថ្ងៃទាំង៧បាននោះទេ ដូច្នេះលោកមានវត្ថុទាំង៧ ដែលវត្ថុទាំងនោះមាន ល័ក្ដជុំកន្លង់, ជ័រចុង,សាច់ជូរ, អម្ពិល, បាយដំណើប,ទឹកដូង និងទឹកតែ។
លោកអាចារ្យមង្គល ឆេង សាវេង បកស្រាយពីអត្ថន័យវត្ថុទាំង៧មុខនេះដោយលោកឱ្យពិចារណា បើមានបញ្ហាក្នុងគ្រួសារលោកឱ្យយកអ្វីមកដោះស្រាយ។ ឧទាហរណ៍ដូចជាល័ក្ដដែលមានជាតិល្វីងចត់ មិនអាចពិសាបានទេ គឺលោកឱ្យយកទឹកតែ មកទប់ទល់ ព្រោះទឹកតែមានភាពក្ដៅស្រទន់ ដែលហូបទៅហើយបែកញើសរំសាយចិត្ត (នេះគឺទឹកតែ និងល័ក្ដជុំកន្លង់)។
ចំណែកជ័រចុង ដែលមានរសជាតិល្វីងហើយចត់ ក៏មិនអាចពិសាបានដែរ លោកឱ្យយកទឹកដូងមកទប់ទល់។ ហេតុអ្វីបានជាលោកមិនយកទឹកសុទ្ធ ឬទឹកសាបមកប្រើនេះក៏ដោយសារទឹកដូងបញ្ជាក់នូវភាពបរិសុទ្ធភាពស្ងៀមស្ងាត់។ ដូច្នេះទេបើមានបញ្ហាខុសឆ្គងដោយកាយវាចាចិត្ត គឺយកទឹកដូងមកទប់ទល់ភាពផ្អែមល្ហែម ភាពត្រជាក់ស្ងប់ (នេះគឺទឹកដូង និងល័ក្ដជុំកន្លង់)។
រីឯសាច់ជូរ មានរសជាតិជូរប្រហេតប្រហាត មិនអាចពិសាបានទេ លោកឱ្យយកបាយដំណើបមកទប់ទល់ព្រោះបាយដំណើបនេះបញ្ជាក់ពីភាពស្អិតល្មួត គឺខុសឆ្គងបន្តិចបន្តួចយ៉ាងណាកុំឱ្យបែកខ្ចាត់ខ្ចាយឱ្យដោះស្រាយស្អិតល្មួតដោយសេចក្ដីសុខសេចក្ដីចម្រើន (នេះ គឺសាច់ជូរ និងបាយដំណើប)។ ចំណែកឯអម្ពិលមានរសជាតិជូរ តែទោះបីជាជូរយ៉ាងណាក៏ដោយ គឺមានរសជាតិពិសេសរបស់វា អ៊ីចឹងទេអាចថ្ងៃក្រោយនឹកឃើញអាចចង់ពាក្យថាម្ជូរ លោកប្រៀបធៀបថាបើមានអ្នកចង់ហើយអាចមានអ្នកដោះស្រាយដោយរីករាយ (នេះ គឺអម្ពិល)។
ចំណែកឯម្លូដែលលោកមហាមូរហើយ លោកអាចារ្យឱ្យកូនកំលោះកូនក្រមុំខាំ ហើយលោកកោស។ លោកកោសនេះ គឺលោកអប់ម្ទេសដើម្បីកោសនូវភាពល្វីងជូរចត់ក្នុងក្រអូមមាត់ឱ្យមានភាពស្អាតល្អទៅថ្ងៃមុខ និងគ្រួសារបានសេចក្ដីសុខ។ លោកកោសហើយលោកបានប្រើនូវគាថា (កូនក្រមុំអានថា អភិ កូនកំលោះអានថា អគ្គ) អភិ អគ្គ ហិរិកំ អនត្បព្វំ ជាតិបរិយន្តំ អាវាហ វិវាហ មង្គលា សុរតោហោន្តុ ការកោស និងកាត់កម្ចាត់នូវឧបទ្រពចង្រៃចេញ នាំចូលមកនូវសេចក្ដីជានា គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍បានសេចក្ដីសុខតទៅ។
លោកអាចារ្យមង្គល ឆេង សាវេង បានរៀបរាប់បន្តថា ចំណែកឯនៅខាងក្រោមកូនក្រមុំកូនកំលោះអង្គុយ លោកហៅថាអង្កររាប។ អង្កររាប លោកបង្កប់នូវវត្ថុ ៧មុខ ដែលមានមាស, ប្រាក់, ត្រល់, ស្រា, ម្ជុលចេស, អំបោះ និងអម្ពិល សម្រាប់ឱ្យកូនកំលោះកូនក្រមុំផ្សង។
លោកអាចារ្យមង្គល ឆេង សាវេង បានថ្លែងថា ៖ «បើផ្សងបានមាស និងប្រាក់បញ្ជាក់នូវភាពត្រជាក់ត្រជំ និងរីកចម្រើន។ បើផ្សងបានត្រល់ គឺមានការហត់នឿយនៅក្នុងម្លប់។ បើផ្សងបានស្រា គឺសម្បូរញាតិ។ បើផ្សងបានម្ជុលចេស គឺហត់នឿយ។ បើផ្សងបានអំបោះ គឺជំពាក់ជំពិនក្នុងជីវិត។ បើផ្សងបានអម្ពិល គឺជីវិតរកាំរកូស»។
ក្រោយធ្វើពិធីបុកល័ក្ដនេះចប់ គេធ្វើពិធីមួយទៀតដែលឱ្យឈ្មោះថា ពិធីកប់ល័ក្ដ ដែលតម្រូវឱ្យយកល័ក្ខទៅកប់ឱ្យជ្រៅក្នុងដី។ ការកប់ល័ក្ដឱ្យជ្រៅទៅក្នុងដីនេះ លោកអាចារ្យមង្គល ឆេង សាវេង បានបញ្ជាក់ពីអត្ថន័យបន្ថែមថា «កប់នេះគឺកប់រឿងអាស្រូវចោលទៅក្នុងដី កុំយកទៅប្រាប់អ្នកក្រៅ។ ឱ្យចិត្តកូនប្រុសកូនស្រីត្រូវចេះអត់ធ្មត់ ព្រោះក្នុងជីវិតគ្រួសារមានប្រៃ មានជួរ មានចត់ មានលី្វងដូចល័ក្ដដែលបៀមក្នុងមាត់អ៊ីចឹង»៕