
លោក គួង គិន ជាអ្នកប្រកបមុខរបរជីកយកថ្មបាយក្រៀម និងទីតាំងថ្ម ដែលលោកបានជីក។ រូបថត សហការី
សៀមរាបៈ ថ្មបាយក្រៀម ជាប្រភេទថ្មគ្រាប់តូចល្អិតប្រៀបបានទៅនឹងដុំក្រួស ប៉ុន្តែវានឹងខាំជាប់គ្នាកកើតទៅជាថ្មនៅពេលដែលក្រួសតូចៗនេះប៉ះជាមួយនឹងកម្ដៅថ្ងៃ និងភ្លៀង។ ថ្មបាយក្រៀម ត្រូវបានបុព្វបុរសខ្មែរជំនាន់ដើមប្រើប្រាស់ដើម្បីសាងសង់ប្រាសាទល្បីៗជាច្រើនដូចជា ប្រាសាទសម្បូរព្រៃគុក ប្រាសាទបន្ទាយស្រី ស្ពានកំពង់ក្ដីនិងប្រាសាទមេបុណ្យខាងកើតជាដើម។
ថ្មប្រភេទនេះ មានភាពពេញនិយមសម្រាប់ស្ដេចខ្មែរក្នុងការសាងសង់ប្រាសាទ ដែលត្រូវបានគេឃើញតាំងពីសតវត្សរ៍ទី៦ រហូតមកដល់សម័យអង្គរ (សតវត្សរ៍ទី១៣)។ ដោយឡែកសម្រាប់ពេលបច្ចុប្បន្ន បើទោះបីជាមិនមានការសង់ប្រាសាទក៏ដោយ ប៉ុន្តែតម្រូវការថ្មបាយក្រៀមនៅតែមាន។ សព្វថ្ងៃនេះ តម្រូវការថ្មបាយក្រៀម គឺច្រើនតែយកទៅជួសជុលប្រាសាទ យកទៅធ្វើជារបង ជាកំពែង ឬជញ្ជាំងវត្តជាដើម។
កាលណាមានតម្រូវការ ច្បាស់ណាស់ថា ត្រូវមានអ្នកផ្គត់ផ្គង់។
លោក គួង គិន គឺជាអ្នកប្រកបមុខរបរជីកយកថ្មបាយក្រៀម ប្រមាណជា ២០ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទៅកាន់ឈ្មួញកណ្ដាល។
ការដ្ឋានជីកថ្មបាយក្រៀមរបស់បុរសវ័យ ៤០ឆ្នាំប្លាយរូបនេះ មានទីតាំងនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប ដែលសព្វថ្ងៃលោកមានកូនជាជំនួយការជីកថ្ម ពេលមានការកុម្ម៉ង់ទិញពីឈ្មួញ។
ជាមួយនឹងដែកសម្រាប់ជីកថ្មដែលមានកម្ពស់ជិត៣ម៉ែត្រ និងមានទម្ងន់១០គីឡូក្រាម វាមានភាពលំបាក និងត្រូវការការអត់ធ្មត់ក្នុងការជីក ហើយក៏ជាមូលហេតុដែលក្នុងតំបន់ឃុំខ្វាវ មិនមាននរណាចង់ប្រកបរបរនេះឡើយ។
លោក គួង គិន បានប្រាប់ថា ៖ «ទម្រាំបាន១ដុំៗ ខ្ញុំជីកប្រហែល១អាទិត្យ ដែកជីកនោះក៏ធ្ងន់ទៀត ដៃវិញឡើងក្រិនអស់ហើយ អ៊ីចឹងទៅទើបគ្មានអ្នកណាគេចង់ធ្វើការងារនេះទេ»។
ក្នុងសម្លៀកបំពាក់ខោប៉ារ៉ា អាវសាច់ក្រណាត់ដៃវែង ពណ៌ប្រផេះ លោក គួង គិន កំពុងយកចិត្តទុកដាក់ជីកថ្មបាយក្រៀម។ ជីកបានមួយអន្លើ ផ្ទៃថ្មក៏ដាច់ចេញពីគ្នាបានបន្តិច ហើយលោកបន្តជីកបែបនេះ រហូតបានប្រវែងដែលឈ្មួញចង់បាន។
ផ្ទៃដីដែលមានថ្មបាយក្រៀមនេះ កន្លែងខ្លះក៏ត្រូវបានជីកជ្រៅទៅក្រោម រីឯកន្លែងខ្លះទៀត ក៏មានថ្មបែកជាបំណែកៗនៅគរជាគំនរ។ បច្ចុប្បន្ននេះការកុម្ម៉ង់ទិញហាក់មានការថយចុះច្រើន ដោយ១ខែមានការកុម្ម៉ង់ទិញជាមធ្យមពី១ម៉ែត្រគុប ទៅ២ម៉ែត្រគុប ប៉ុណ្ណោះ ខណៈដែលកាលពីពេលដែលលោកចាប់ផ្ដើមធ្វើដំបូងៗ មានការកុម្ម៉ង់ទិញរាប់រយម៉ែត្រក្នុង១ខែៗ។
បុរសវ័យកណ្តាលរូបនេះ ក៏បានឱ្យដឹងពីចំណូលដែលរកបានពីការជីកថ្មនេះដែរថា៖ «ដោយកម្លាំងយើងតិចផង គេកុម្ម៉ង់តិចតួចផង ១ខែជីកបានយ៉ាងច្រើន២គុបអីអស់ហើយ ហើយអាចបានចំណូលជាមធ្យម ៤០ម៉ឺនរៀល»។
បើតាមការបញ្ជាក់របស់លោក គួង គិន ក្នុង១គុបមានថ្មបាយក្រៀម៤ដុំ ហើយឈ្មួញឱ្យថ្លៃ ១គីប ៣៥ម៉ឺនរៀល ប៉ុន្តែរបរជីកថ្មនេះក៏មិនមែនជារបរស្នូលរបស់លោកឡើយ ពោលគឺលោកធ្វើចម្ការ ដាំដំណាំយកផលផងដែរ នៅពេលដែលមិនមានការកុម្ម៉ង់ទិញពីឈ្មួញ។
ទោះបីជារបរជីកថ្មនេះមិនមែនជារបរស្នូល ហើយវាមានភាពលំបាកច្រើនក្ដី កសិកររូបនេះក៏បន្តជំរុញឱ្យកូនប្រុសលោកបន្តជីកថ្ម នៅពេលណាមួយ ដែលកម្លាំងរបស់លោក មានការថមថយទៅ។ មិនចង់បោះបង់ព្រោះនេះជារបរដែលមានស្រាប់ៗ គ្រាន់តែចំណាយកម្លាំងដើម្បីធ្វើ ម្យ៉ាងទៀតគឺលោកចង់មានចំណែកក្នុងការផ្ដល់ថ្មទៅជួសជុលប្រាសាទដែលបាក់បែកខូចខាត ដើម្បីឱ្យកេរដំណែលដ៏អស្ចារ្យទាំងនោះ នៅឈររឹងមាំបានយូរអង្វែងទៅមុខទៀត៕