
អ្នកស្រី តិច ស៊ីមហ៊ាង (កណ្ដាល) ពេលបង្ហាញអំបោះជ្រលក់ព័រណ៍ដែលច្នៃពីសំឡីគ កន្លងមក។ រូបថត ហ្វេសប៊ុក
កំពង់ធំៈ ជាទូទៅគេតែងសង្កេតឃើញសំពត់តម្បាញមួយចំនួនដូចជាហូល ផាមួង និងកន្សែងសូត្រក្រណាត់សូត្រគេយកចេញពីសម្បុកសត្វដង្កូវនាង ឬក្រណាត់ខ្លះផលិតចេញពីផ្លែកប្បាស។ ក៏ប៉ុន្តែមានស្ត្រីម្នាក់ជាអ្នកលក់សម្លៀកបំពាក់តម្បាញបានយកផ្លែគហូតជាសរសៃអំបោះត្បាញជាកម្រាលសម្រាប់ដាក់វត្ថុផ្សេងៗ និងកំពុងរកទីផ្សារលក់នៅក្រៅប្រទេស ជាពិសេសក្នុងបំណងឱ្យស្ត្រីខ្មែរងាកមកចាប់អារម្មណ៍និងឱ្យចេះទាញយកប្រយោជន៍ពីផ្លែគ។
ជាកូនអ្នកភូមិបាក់ក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ត្រីដែលមានមាឌធំក្រអាញសម្បុរស អ្នកស្រី តិច ស៊ីមហ៊ាង មិនមានសែស្រឡាយឈាមជ័រជាអ្នកតម្បាញឡើយ។ ប៉ុន្តែអ្នកស្រីស្រឡាញ់ចូលចិត្តនឹងអាជីពតម្បាញ និងចង់ជួយស្ត្រីខ្មែរឱ្យមានការងារធ្វើដែលនេះជាក្តីស្រមៃរបស់អ្នកស្រី។
អ្នកស្រី ស៊ីមហ៊ាង ឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា អ្នកស្រីជាកូនកសិករមានបងប្អូន៥នាក់(ប្រុសម្នាក់)ហើយអ្នកស្រីជាកូនច្បង រស់នៅភូមិបាក់ក សង្កាត់ព្រៃញាតិ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែក្រោយមកត្រូវឪពុកម្តាយរបស់អ្នកស្រីផ្លាស់លំនៅទៅរស់នៅក្នុងស្រុកសណ្តាន់វិញ។
ស្ត្រីអ្នកខេត្តកំពង់ធំរូបនេះបានបន្តថា ថ្វីដ្បិតតែអ្នកស្រីមិនចេះជំនាញត្បាញក៏ពិតមែនតែដោយសារក្តីស្រឡាញ់ចូលចិត្តសម្លៀកបំពាក់តម្បាញផងនោះអ្នកស្រីបានដើរទិញហូល ផាមួង ពីអ្នកត្បាញ ហើយយកដើរលក់បន្ត។ក្នុងមុខជំនួញជាអ្នកទិញលក់សំពត់ហូល ផាមួងជាច្រើនឆ្នាំផងនោះបានធ្វើឱ្យអ្នកស្រីចេះមើលសាច់ហូលផាមួងបានយ៉ាងស្ទាត់ជំនាញ។
អ្នកស្រី ស៊ីមហ៊ាង បានបញ្ជាក់ថា៖«តាមពិតទៅខ្ញុំគ្មានឈាមជ័រជាអ្នកចេះត្បាញទេតែខ្ញុំគ្រាន់តែដើរទិញពីអ្នកត្បាញយកមកលក់បន្តទៀតតែប៉ុណ្ណោះ។យើងទិញលក់ៗហើយយើងក៏មានអារម្មណ៍ស្រឡាញ់ចូលចិត្តសម្លៀកបំពាក់តម្បាញនេះរហូតមក»។
អ្នកស្រីបន្តទៀតថា លុះចូលដល់ឆ្នាំ ២០១៧ អ្នកស្រីបានបង្កើតសមាគមស្ត្រីតម្បាញ និងអភិវឌ្ឍន៍នៅតំបន់កោះដាច់ដែលកាលនោះមានសមាជិកពី៥០ទៅ៦០នាក់ដែរប៉ុន្តែក្រោយមកក៏រំសាយទៅវិញដោយសារតែជួបបញ្ហាក្នុងរបរសិប្បកម្មត្បាញនេះក៏បិទលែងដំណើរការរហូតដល់បច្ចុប្បន្ន។
បើទោះជាសមាគមត្រូវបិទទ្វារក្តីតែអ្នកស្រីបានខិតខំបន្តយកផ្លែគទុំស្រាវយកសំឡីវាមកវេញជាសរសៃអំបោះ។ក៏ប៉ុន្តែដោយសារពេលដែលកែច្នៃទៅជាអំបោះវាមានសរសៃធំដូច្នេះហើយអ្នកស្រីមិនអាចយកមកកែច្នៃឱ្យទៅជាសម្លៀកបំពាក់ដូចសរសៃសូត្របានទេ។
អ្នកស្រីប្រាប់ថា៖«ដូច្នេះហើយយើងអាចយកវាមកធ្វើជាកម្រាលសាឡុងឬក៏ស្រោមខ្នើយឬជាវត្ថុអ្វីដាក់តាំងលម្អនៅក្នុងផ្ទះគឺវាល្អជាងដែលយើងប្រើជាសម្លៀកបំពាក់ឬជាក្រមាដែលវាអត់ត្រូវ។យើងប្រើជាសម្លៀកបំពាក់គឺវាក្រាស់ពេកតែបើលក់ទៅក្រៅប្រទេសគឺរកប្រទេសណាដែលត្រូវនឹងភាពត្រជាក់ទើបបាន»។

បើតាមអ្នកស្រី ស៊ីមហ៊ាង បច្ចុប្បន្នអ្នកស្រីបានបញ្ចប់ការស្រាវជ្រាវពីវិធីកែច្នៃអំពីសរសៃអំបោះគហើយហើយបច្ចុប្បន្នអ្នកស្រីបានបើកហាងដែលមានយីហោ[កីមាស]នៅផ្សារសុរិយាដើម្បីលក់ផលិតផលកែច្នៃពីអំបោះគ។ជាមួយគ្នានេះអ្នកស្រីមានបំណងចង់បណ្តុះបណ្តាលដល់សហគមន៍ឱ្យពលរដ្ឋចេះទាញយកប្រយោជន៍ពីដើមគ។ចំពោះដើមគវិញគឺបច្ចុប្បន្ននៅមាននៅឡើយទេនៅតាមភូមិតាមតំបន់ជនបទហើយអ្វីដែលជាគោលបំណងចម្បងគឺអ្នកស្រីសង្កេតឃើញថាស្ត្រីវ័យចាស់ៗឬក៏វ័យកណ្តាលនៅតាមតំបន់ជនបទមិនដឹងថានឹងប្រកបរបរអ្វីដើម្បីបានលុយទេ។អ៊ីចឹងដើមគដែលមាននៅជុំវិញផ្ទះរបស់គាត់គឺគាត់បេះយកសំឡីរបស់វាទៅ នឹងអាចរកលុយបានខ្លះៗដែរ។
ពាក់ព័ន្ធនឹងការយកសំឡីគវិញអ្នកស្រីបានប្រាប់ថាសំឡីគដែលអាចយកបានលុះត្រាតែផ្លែគនោះទុំហើយគេបេះសំឡីចេញពីផ្លែគមក។បន្ទាប់មកទៀតគេស្រាវសំឡីគចេញពីផ្លែមកញែកពង្រាយកុំឱ្យនៅដុំៗរួចយករហាត់មករវៃឱ្យចេញទៅជាខ្សែអំបោះ តែកិច្ចការនេះក៏ត្រូវការអ្នកចេះជំនាញច្បាស់លាស់ដែរ។
អ្នកស្រីបានបន្ថែមថាក្រោយពីគេស្រាវបានជាខ្សែអំបោះរួចហើយទើបគេយកវាទៅស្ងោរដោយលាយជាមួយនឹងអំបិល។ការស្ងោរនេះគេមិនកំណត់ពេលវេលាឡើយតែបើស្ងោរយូរកាលណាគឺធ្វើឱ្យសរសៃអំបោះរឹតតែជាប់បានល្អ។បន្ទាប់ពីស្ងោររួចគេយកខ្សែអំបោះទៅហាលឱ្យស្ងួតទើបគេយកវាទៅស្ងោរដើម្បីជ្រលក់ពណ៌ទៅតាមការចង់បាន។
ស្ត្រីដែលមានដើមកំណើតមកពីខេត្តកំពង់ធំរូបនេះលើកឡើងថា ការងារនេះកាលពីមុនមានជំងឺកូវីដ១៩គឺអ្នកស្រីអាចរកចំណូលបានគួរសមដែរពីរបរលក់សម្លៀកបំពាក់តម្បាញយកទៅចំណាយដើម្បីបង្ហាត់បង្រៀនដល់គ្រួសារខ្លះដែលពួកគាត់ចង់ចេះពីវិធីយកសំឡីគធ្វើជាអំបោះ។តែទោះជាស្ថានភាពជំងឺកូវីដបានធូរស្រាលវិញក្តីក៏អ្នកស្រីមិនទាន់រកចំណូលបានពីការលក់សម្លៀកបំពាក់តម្បាញដើម្បីយកទៅទប់ទល់ក្នុងការពង្រីកការបណ្តុះបណ្តាលនៅតាមសហគមន៍ដើម្បីឱ្យប្រជាពលរដ្ឋចេះត្បាញរវៃយកសំឡីគដែរ ព្រោះពេលនេះអ្នកស្រីមិនទាន់មានលទ្ធភាពអាចធ្វើបាននៅឡើយទេ។
អ្នកស្រី ស៊ីមហ៊ាង បានពោលថា៖«សំខាន់ពេលនេះយើងត្រូវការរកទីផ្សារត្រូវការលក់ផលិតផលពីក្រណាត់ផលិតពីគនេះដើម្បីរចនាម៉ូដវាធ្វើយ៉ាងម៉េចឱ្យលក់លើទីផ្សារបាន។មិនមែនថាផលិតហើយចេះតែលក់បានទេវាទាមទារការរចនាម៉ូដថាធ្វើម៉េចតម្រូវចិត្តដល់អតិថិជនដែលគាត់ស្រឡាញ់ចូលចិត្ត។ការងារនេះយើងមិនមែនចេះតែធ្វើតាមចិត្តយើងបានទេ។ដូច្នេះការច្នៃប្រឌិតវាត្រូវការពេលវេលាអ៊ីចឹងខ្ញុំមិនទាន់មានពេលវេលាគ្រប់គ្រាន់ ដើម្បីជួយពួកគាត់ទេ»។
អ្នកស្រីថ្លែងថា៖«ពេលខ្លះមកពីខ្ញុំរកមនុស្សមិនត្រូវ ព្រោះយើងរកចំមនុស្សដែលគាត់អត់ចូលចិត្តអ្នកអត់ឧស្សាហ៍។គាត់ធ្វើមើលឃើញតែលុយតែគាត់មិនគិតថាធ្វើម៉េចរៀនជំនាញឱ្យចេះបានយូរអង្វែងគឺគាត់គិតមិនឃើញទេ»៕