
ពិធីលាងជើងគូស្វាមី ភរិយា ក្នុងពិធីរៀបអាពាហ៍ពិពាហ៍នៅកម្ពុជាកន្លងទៅ ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ពេលរៀបចំអាពាហ៍ពិពាហ៍គេឃើញមានពិធីតូចជាច្រើនដែលគេរៀបចំជាបន្តបន្ទាប់គ្នាពី ១ ទៅ ១ តាមលំដាប់លំដោយតាមដែលអាចារ្យបានណែនាំ។ ក្នុងនោះដែរអាពាហ៍ពិពាហ៍សម័យដើម គេឃើញមានពិធីមួយគឺពិធីលាងជើង។ ដូច្នេះសួរថា តើអាពាហ៍ពិពាហ៍សម័យទំនើបនេះ នៅបន្តរៀបចំពិធីនេះដែរឬទេ?
បើតាមលោកអាចារ្យមង្គល ឆេង សាវេង បានឱ្យដឹងថា ពិធីនេះនៅតែអាចធ្វើបាន តែគេដូររបៀបធ្វើដែលពីដើមគេលាងជើងមែនទែនគឺកូនស្រីយកទឹកមកលាងជើងឱ្យកូនប្រុស ប៉ុន្តែក្រោយពីមានការតវ៉ាមកពីខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្ដូរបរិបទទៅតាមក្បួនដែលមានចែងស្រាប់គឺក្បួនទម្រង់ការព្រះជ័យចេស្ដា អនុញ្ញាតឱ្យប្អូនរបស់កូនក្រមុំ ឬក្មួយបង្កើតរបស់កូនក្រមុំហ្នឹងទៅលាងជំនួស មិនមែនកូនក្រមុំទៅលាងដូចមុនទេ។
លោកថា ប្អូន ឬក្មួយបង្កើតរបស់កូនក្រមុំ ទោះប្រុសក៏ដោយ ស្រីក៏ដោយក៏អាចលាងជំនួសបានដូចគ្នា។
លោកអាចារ្យមង្គល ឆេង សាវេង បានអះអាងថា៖ «ការសម្ដែងនៃពិធីនេះ គ្រាន់តែជាន់លើថ្ម យកក្រណាត់ ឬកន្សែងមកជូតជើង បាញ់ទឹកអប់ជំនួស។ អារឿងចាក់ទឹកហ្នឹងវាយូរ ស៊ីពេលច្រើន ព្រោះពិធីការឥឡូវគេធ្វើតែ ១ព្រឹក មិនដូចពីមុនគេធ្វើ២យប់ ៣ថ្ងៃនោះទេ»។
លោកបានបន្តថា៖ «គេធ្វើតែពិធីណាចាំបាច់ដែលខានអត់បាន សូម្បីតែការអង្គុយសំពះយកពេលាក៏ពេលខ្លះគេកាត់ចោលបាត់ទៅហើយ។ ចាប់ផ្ដើមឡើង ហែទៅសំពះផ្ទឹមតែម្ដង មិនបាននៅសំពះយកពេលាអីទេ ហើយការលាងជើងហ្នឹង ខ្លះក៏គេកាត់ចោលបាត់ហើយដែរ ព្រោះគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើដែរ»។
បើតាមសំណេររបស់អ្នកស្រី កែវ ច័ន្ទបូរណ៍ បានបកស្រាយពីពិធីលាងជើងថា តាមតម្រាសម័យនគរគោកធ្លក ស្ត្រីជាអ្នកដឹកនាំប្រទេសខ្មែរ។ នៅពេលមានពិធីមង្គល ខ្មែរមានប្រារព្ធពិធីបុរសលាងជើងឱ្យស្ត្រី ដូចនៅក្នុងរូបភាពនេះ គឺតាំងពីយុគសម័យមុន ព្រះបាទហ៊ុនទៀន យាងមកពីឥណ្ឌាមករៀបអភិសេកនឹងព្រះនាងសោមា។ ក្រោយពីទទួលឥទ្ធិពលពីប្រទេសឥណ្ឌាដែលនាំចូលលទ្ធិព្រហ្មញ្ញសាសនាមក ប្រទេសខ្មែរបានចាប់ផ្តើមផ្លាស់ប្តូរទំនៀមនេះ ដោយឱ្យស្រី្តជាអ្នកលាងជើងបុរសទៅវិញ។
សំណេររបស់អ្នកស្រីបានបន្តថា នៅជំនាន់ដើម ពិធីលាងជើងនេះច្រើនធ្វើនៅតំបន់ស្រុកស្រែជនបទ ដែលកូនកំលោះត្រូវដើរជើងទទេ កាត់ភូមិ កាត់ស្រែ ពីតំបន់ឆ្ងាយ មកផ្ទះខាងស្រី ចូលមកដល់ហើយ ខាងស្រីបង្ហាញសុជីវធម៌ ដោយការទទួលហុចទឹកឱ្យខាងប្រុសលាងជើងឱ្យស្អាត មុននឹងឡើងលើផ្ទះកុំឱ្យប្រឡាក់ផ្ទះ។ នៅក្នុងន័យប្រៀបធៀប គេច្រើនធ្វើពិធីនេះ លាងជម្រុះរឿងអតីតកាលមិនល្អរបស់បុរស(បើសិនជាមានខិលខូចពីមុនមក) ថ្ងៃនេះ សូមឱ្យលាងស្អាតជ្រះមន្ទិល បង្ហាញនូវជើងស្អាត សម្រាប់ដើរក្នុងភាពសុចរិត បរិសុទ្ធជាមួយគូស្រករដែលបម្រុងរៀបការនឹងគ្នា។
ប្រភពដដែលបានបន្ថែមថា ពិធីនេះក៏មានប្រារព្ធដោយឱ្យសាមីខាងប្រុសលាងជើងឱ្យកូនក្រមុំ ដើម្បីជម្រះមន្ទិលដូចគ្នា។ ការមានពិធីឱ្យសាមីខ្លួនកូនកំលោះ និងកូនក្រមុំ លាងជើងគ្នាទៅវិញទៅមកនេះគឺដើម្បីជម្រះឧបទ្រព និងបង្កើនរាសី ជូនគូស្រករ។ តាមការពិត ពិធីនេះជាពិធីប្រារព្ធ ដ៏វិសេសវិសាលមួយ ដើម្បីបង្ហាញចំណងមនោសញ្ចេតនាស្មោះស្ម័គ្ររវាងគូស្រករ គឺការផ្តិតនូវសេចក្តីស្រឡាញ់ សូម្បីតែចុងជើងដែលដើរនឹងដីក៏គេនៅស្រឡាញ់គ្នាដល់កម្រិតនោះ។
អ្នកស្រី កែវ ច័ន្ទបូរណ៍ បានបញ្ជាក់ថា៖ «នោះហើយជាការបង្ហាញថា នៅក្នុងជីវិត ទោះក្រមាន សប្បាយលំបាកយ៉ាងណា ប្តីប្រពន្ធអាចទទួលគ្នាបានជានិច្ច មិនប្រកែប្រកាន់ គឺមានការយោគយល់ អធ្យាស្រ័យ និងផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមក គឺជាពិធីតំណាងឱ្យស្វាមី ដែលអាចបម្រើស្ត្រី ពេលមានជំងឺ មានកូនខ្ចី មានទទួលគ្រោះថ្នាក់ ដោយគ្មានការប្រកាន់វណ្ណៈរបស់ខ្លួនថា ជាប្រុសបន្ទន់ខ្លួនធ្វើកិច្ចការដូច្នេះមិនបានឡើយ»។
ចំណែកទឹកលាងជើងវិញទៀតសោត គេប្រារព្ធដោយយកទឹកដូងមកលាងជើងជាតំណាងទឹកចិត្តបរិសុទ្ធស្អាតស្អំ (ទឹកបេះដូង)ឬទឹកសួគ៌អម្រិតពរជ័យសាធុការសម្រាប់លាងជម្រះមន្ទិលទាំងឡាយរបស់បុរសដែលធ្លាប់មានពីអតីតកាល ឱ្យជ្រះស្អាតល្អបរិសុទ្ធ ចាប់តាំងពីថ្ងៃថ្មីនេះតទៅ លែងបង្កមន្ទិលបន្តទៀត បន្ទាប់ពីរៀបការហើយ។
សូមរំឭកថា ពិធីលាងជើងនេះហាក់មិនសូវមានធ្វើទេនៅក្នុងពិធីមង្គលការបច្ចុប្បន្ន ព្រោះមានមតិខ្លះយល់ថាជាការមិនឱ្យតម្លៃលើកូនក្រមុំ។ មួយវិញទៀតគេកាត់ពិធីនេះចោលដោយសារយល់ឃើញថានារីមានសិទ្ធិស្មើបុរស ដូច្នេះមិនគួរមានពិធីនេះក្នុងពេលរៀបអាពាហ៍ពិពាហ៍ខ្មែរទៀតឡើយ៕