
អ្នកចូលរួមលេងកម្សាន្តបុណ្យភូមិ ក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ខួបទី១០ ឆ្នាំ នៃមហោស្រព «បុណ្យភូមិ» មិនត្រឹមតែបង្កការសប្បាយរីករាយបង្ហាញពីវប្បធម៌ សិល្បៈ តន្ត្រីនិងភាពយន្តនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ តែថែមទាំងបង្កើតបានគម្រោង «បុណ្យភូមិមានជើង» ១ ទៀត ដើម្បីធ្វើដំណើរទៅកាន់ខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា លើកបង្ហាញពីសិល្បៈវប្បធម៌ និងភាពលេខធ្លោនៃខេត្តទាំងនោះបង្ហាញលើឆាកបុណ្យភូមិទៀតផង។ នេះបើតាមប្រធានគ្រប់គ្រងមហោស្រពសិល្បៈបុណ្យភូមិ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែមីនា កញ្ញា លី សីលៈវតី ប្រធានគ្រប់គ្រងមហោស្រពសិល្បៈបុណ្យភូមិនិយាយថា៖«អាចនិយាយបានថាបុណ្យភូមិជាដើមកំណើតដូចជាម្តាយអ៊ីចឹង ចំណែកបុណ្យភូមិមានជើងប្រៀបដូចជាកូនជាប្អូនម្នាក់ដែលគាត់ធ្វើដំណើរទៅកាន់ខេត្ត អ៊ីចឹងយើងដាក់ឈ្មោះផ្សេងគ្នា មានន័យថា បុណ្យភូមិយើងធ្វើនៅភ្នំពេញ ឬជិតៗភ្នំពេញ តែចំពោះបុណ្យភូមិមានជើងគឺយើងនឹងធ្វើនៅតាមខេត្តតំបន់នីមួយៗក្នុងប្រទេសខ្មែរ»។
ប្រធានគ្រប់គ្រងមហោស្រពសិល្បៈបុណ្យភូមិ បានឱ្យដឹងថា បុណ្យភូមិមានជើង នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចក្ខុវិស័យដើម្បីបង្កើនប្រជាប្រិយភាពទៅដល់ខេត្តនានា ដែលមិនសូវមានប្រជាប្រិយភាព។ បង្កើតសហគមន៍ច្នៃប្រឌិតនៅតាមបណ្ដាខេត្ត ដើម្បីបង្កើតជាបណ្ដាញនៃទឹកចិត្តនិងព្រលឹងនៃខ្មែរក្នុងចំណោមយុវជននៃប្រទេសកម្ពុជា ដោយវប្បធម៌និងសិល្បៈ តន្ត្រីនិងភាពយន្ត និងមានការវិនិយោគលើការអភិរក្ស និងការអភិវឌ្ឍទៅលើសិល្បករនៅតាមតំបន់ និងតាមបណ្ដាខេត្តនានា ដើម្បីឱ្យមានការបន្តបង្កើត និងអភិវឌ្ឍស្នាដៃថ្មីៗ។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៣ ខែមីនា លោក សកល កិត្យា ស្ថាបនិក១រូបរបស់បុណ្យភូមិ ក្នុងចំណោមស្ថាបនិក៤រូបបានលើកឡើងថា មហោស្រពបុណ្យភូមិឆ្នាំទី១០ នេះនឹងត្រៀមរៀបចំនៅតាមបណ្តាខេត្ត ហើយបុណ្យភូមិដែលរៀបចំតាមបណ្តាខេត្តនេះ ត្រូវបានអ្នករៀបចំកម្មវិធីដាក់ឈ្មោះថា «បុណ្យភូមិមានជើង»។
លោក សកល កិត្យាបានបញ្ជាក់ថា៖« បុណ្យភូមិមានជើងជាគម្រោងមួយដែលពួកយើងបានគិតទុកជាយូរមកហើយព្រោះថា ប្រិយមិត្តនៅតាមខេត្តជាច្រើនបានអញ្ជើញ មហោស្រពបុណ្យភូមិទៅកាន់ខេត្តរបស់ពួកគេ»។
ប្រធានគ្រប់គ្រងមហោស្រពសិល្បៈបុណ្យភូមិ កញ្ញា លី សីលៈវតី បានឱ្យដឹងថា បុណ្យភូមិមានជើង នឹងត្រៀមរៀបចំអំឡុងខែវិច្ឆិកាហើយខេត្តដំបូងដែលបុណ្យភូមិមានជើងធ្វើដំណើរទៅនោះ គឺខេត្តក្រចេះ ដែលនឹងផ្តោតសំខាន់លើប្រធានបទសត្វផ្សោត។
យ៉ាងណាក៏ដោយប្រធានគ្រប់គ្រងមហោស្រពសិល្បៈបុណ្យភូមិបញ្ជាក់ថាមិនទាន់មានកម្មវិធីជាក់លាក់ដែលនឹងត្រូវរៀបចំក្នុងបុណ្យភូមិមានជើងគ្រោងធ្វើឡើងនៅខេត្តក្រចេះនេះទេ។
កញ្ញាបញ្ជាក់ថា៖«ចំពោះagendaដែលនឹងរៀបចំកម្មវិធីតែម្ដងងគឺយើងអត់ទាន់មានជាspecificទេ ប៉ុន្តែអ្វីដែលគម្រោងយើងចង់ធ្វើហ្នឹងគឺយើងចង់នាំយកសិល្បៈប្រចាំតំបន់នោះតែម្តងមកធ្វើជាប្រធានបទរបស់យើងដោយផ្តល់ឱកាសជូនពួកគាត់ឡើងមកលើឆាកបុណ្យភូមិ ហើយយើងយកសិល្បៈពីខាងភ្នំពេញទៅបង្ហាញឱ្យពួកគាត់បានទស្សនាវិញ»។
កញ្ញា លី សីលៈវតី បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះក្រុមការងារមហោស្រពសិល្បៈបុណ្យភូមិនឹងចុះទៅខេត្តក្រចេះដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីសក្តានុពល ភាពលេចធ្លោ សិល្បៈ វប្បធម៌ នៅក្នុងខេត្តក្រចេះដើម្បីរៀបចំឱ្យមានកម្មវិធីជាក់លាក់ដាក់បង្ហាញលើឆាកបុណ្យភូមិ។
ដោយឡែកបុណ្យភូមិនៅក្នុងរាជធានីភ្នំពេញ ប្រធានគ្រប់គ្រងមហោស្រពសិល្បៈបុណ្យភូមិប្រាប់ថា នឹងត្រូវបានរៀបចំរយ:ពេល១០ថ្ងៃ ពោលគឺថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមេសា ដោយបែងចែកចេញជា៣ទីតាំង។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ មេសា បុណ្យភូមិនឹងធ្វើការរៀបចំនៅ ហ្វេកតូរី ភ្នំពេញ ដែលអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា«សប្តាហ៍សិល្ប:សម័យ»។
ថ្ងៃទី៣ ដល់ថ្ងៃទី៦មេសា បុណ្យភូមិនឹងធ្វើការរៀបចំនៅ ផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ ដែលអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្ដាហ៍ពិសេស»។ ចំណែកថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា បុណ្យភូមិនឹងធ្វើការរៀបចំនៅវត្ត១កន្លែងដែលចំណាយពេល៤៥នាទី ពីរាជធានីភ្នំពេញ ដែលអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្ដាហ៍បុរាណ»។
កញ្ញាបញ្ជាក់ថា ពិធីបុណ្យភូមិរយ:ពេល១០ថ្ងៃនេះ រំពឹងថានឹងមានអ្នកចូលរួមប្រមាណ៤០ម៉ឺននាក់។កម្មវិធីបុណ្យភូមិនឹងបើកឱ្យមហាជនចូលរួមដោយសេរី លើកលែងតែការរៀបចំឡើងនៅក្នុង«សប្តាហ៍សិល្ប:សម័យ» ដែលរៀបចំនៅហ្វេកតូរី ភ្នំពេញ ប៉ុណ្ណោះ នឹងត្រូវមានការលក់សំបុត្រតម្លៃ ១ម៉ឺនរៀល។ ថវិកាដែលទទួលបានពីការលក់សំបុត្របុណ្យភូមិ ក្រុមការងារត្រៀមសម្រាប់ការរៀបចំកម្មវិធី «បុណ្យភូមិមានជើង»៕