
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោកPatrick Murphy ពេលចុះពិនិត្យមើលផលិតផលច្នៃពីមើមពន្លៃនិងផលិតផលផ្សេងៗកន្លងមក ។ រូបថត សហការី
សៀមរាបៈ ជាទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ គេយកមើមពន្លៃប្រើជាឱសថសម្រាប់តែព្យាបាលជំងឺថ្លោះ គ្រេច ហើមនិងធ្វើជាថ្នាំឆ្ពង់ជាដើម។ ប៉ុន្តែមានស្ត្រីខ្មែរម្នាក់បានកែច្នៃមើមពន្លៃជាឱសថថែទាំសុខភាព ថែរក្សាស្បែកដែលមានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
«ខ្ញុំមានចំណូលចិត្តកែច្នៃរុក្ខជាតិនេះដោយសារតែខ្ញុំជាអ្នកប្រើប្រាស់ពន្លៃផ្ទាល់ហើយខ្ញុំចង់រៀនជំនាញតែឪពុកម្តាយខ្ញុំក្រគ្មានលុយឱ្យរៀន។ ប៉ុន្តែខ្ញុំពិតជាមានសំណាងដែលអង្គការមួយជួយខ្ញុំឱ្យចូលរៀនជំនាញ
កែច្នៃរុក្ខជាតិដោយមិនយកលុយ»។ នេះជាការលើកឡើងរបស់អ្នកស្រី ឆែ កញ្ញា ជាម្ចាស់សិប្បកម្មពន្លៃធម្មជាតិ។
អ្នកស្រីឆែ កញ្ញា ប្រាប់ភ្នំពេញប៉ុស្តិ៍ទាក់ទងនឹងដំណើរដើមទងនៃការកែច្នៃមើមពន្លៃនេះថា អ្នកស្រីជាកូនអ្នកខេត្តសៀមរាប រស់នៅភូមិភ្នំក្រោម សង្កាត់-ក្រុង-ខេត្តសៀមរាប។កាលពីទើបឆ្លងទន្លេកូនដំបូងគឺម្តាយរបស់
អ្នកស្រីបានបុកមើមពន្លៃលាយជាមួយនឹងស្រាសឱ្យគាត់លាបខ្លួនដោយប្រាប់ថា ដើម្បីឱ្យចាស់សរសៃ និងរក្សាស្បែកមិនឆាប់ជ្រីវជ្រួញ។
អ្នកស្រីបន្តថា ចាប់តាំងពីនោះមកអ្នកស្រីបានកត់សម្គាល់ឃើញថា ការប្រើប្រាស់មើមពន្លៃជាប្រពៃណីរបស់ស្ត្រីខ្មែរនេះគឺមានអត្ថប្រយោជន៍ពិតប្រាកដដល់រាងកាយរាប់ ទាំងសុខភាពស្បែកផង។ដោយមើលឃើញពីអត្ថប្រយោជន៍របស់មើមពន្លៃនេះហើយបានជាអ្នកស្រីចេះតែចិញ្ចឹមចិត្តតាំងពីពេលនោះមក។
អ្នកស្រីឆែ កញ្ញា ថា៖«ដំបូងឡើយខ្ញុំកែច្នៃមើមពន្លៃជាលក្ខណៈគ្រួសារទេ ព្រោះវាមានប្រសិទ្ធភាពហើយដោយយើងគ្រាន់កែច្នៃវាឱ្យមានការវេចខ្ចប់ត្រឹមត្រូវបានហើយ។ម្យ៉ាងមានផលិតផលម្សៅពន្លៃនាំចូលពីបរទេស តែបើយើងផលិតក្នុងស្រុកវត្ថុធាតុដើមមានស្រាប់ដែលគ្មានលាយសារធាតុគីមី»។
បើតាមអ្នកស្រី ឆែ កញ្ញា ដោយមានការរៀបចំផែនការច្បាស់លាស់ហើយនោះអ្នកស្រីបានចាប់ផ្តើមបង្កើតជាលក្ខណៈទ្រង់ទ្រាយខ្នាតតូចមួយនៅឆ្នាំ២០១៧។ទោះជាសិប្បកម្មដំណើរការក្តី តែអ្នកស្រីត្រូវបានអង្គការ FEED THE FUTURE CAMBODIA HARVEST IIFINAL REPORTដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)ឱ្យចូលរៀនមិនបង់ប្រាក់លើជំនាញកែច្នៃផលិតផលពីរុក្ខជាតិបន្ថែមទៀតដែរ។
ស្ត្រីដែលមានកំណើតពីជនបទរូបនេះបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០២២កន្លងទៅនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាគឺលោកPatrick Murphy បានចុះទៅដល់សិប្បកម្មរបស់អ្នកស្រី។ លោកទូតបានបង្ហាញពីចំណាប់អារម្មណ៍ថាអ្នកស្រីគឺជាស្រ្ដីម្នាក់ក្នុងចំណោមស្ត្រីកម្ពុជាផ្សេងទៀតដែលមានចិត្តមោះមុតឈរលើសមត្ថភាពខ្លួនឯងរហូតទទួលបានជោគជ័យ។
អ្នកស្រីឆែ កញ្ញា បានបញ្ជាក់ថា៖«ជាបំណងរបស់ខ្ញុំគឺចង់គាំទ្រដល់ស្ត្រីដែលមានចំណេះដឹងទាបនិងបង្កើតការងារដល់ប្រជាកសិករដើម្បីឱ្យពួកគាត់ជួយអភិរក្សតាមរយៈការដាំដំណាំពន្លៃនេះបន្តទៀតបើមិនដូច្នោះទេវាផុតពូជ»។បន្ទាប់ពីបើកដំណើរការមក សិប្បកម្មរបស់អ្នកស្រីក៏ចេះតែមានការគាំទ្រផលិតផលខ្ញុំកាន់តែច្រើន។
ដោយឡែក អ្នកស្រីតាំង ជីវហៀង ភ្នាក់ងារផ្នែកលក់នៃសិប្បកម្មពន្លៃធម្មជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងសិប្បកម្មពន្លៃធម្មជាតិបានកែច្នៃវត្ថុធាតុដើមពីរុក្ខជាតិឱ្យទៅជាផលិតផលសម្រេចមាន១៨មុខដូចជា ប្រេងដូងត្រជាក់ ម្សៅខ្ជាយ ម្សៅពន្លៃ ម្សៅល្មៀត សាច់ជូ ក្រមួនដូងលាបមាត់ ថ្នាំឆ្ពង់ ពន្លៃកាហ្វេសម្រាប់ខាត់បំប៉នស្បែក។ អតិថិជនភាគច្រើនជាប្រជាពលរដ្ឋខ្មែរដែលមានទូទាំង២៥រាជធានី-ខេត្តតែម្តងតែអ្នកទិញភាគច្រើននៅរាជធានីភ្នំពេញ។
អ្នកស្រីតាំង ជីវហៀង ប្រាប់ថា៖«អតិថិជនមានទំនុកចិត្តលើផលិតផលយើងដោយសារការផលិតយើងមានស្តង់ដាផលិតផលមានការត្រួតពិនិត្យពីក្រសួងពាក់ព័ន្ធ ពិសេសមុននឹងចេញលក់គឺឆ្លងកាត់ការធ្វើតេស្តជាមុន»។
អ្នកស្រីជីវ ហៀង បញ្ជាក់ថា បច្ចុប្បន្នសិប្បកម្មមានបុគ្គលិកជាស្ត្រីទាំងអស់ចំនួន១១នាក់ ហើយដោយសារតែសិប្បកម្មនៅប្រើកម្លាំងមនុស្សនៅឡើយនោះទើបខាងអង្គការUSAIDផ្តល់ជាម៉ាស៊ីនចិតពន្លៃ ម៉ាស៊ីនសម្រាប់បាញ់ដីលាងរុក្ខជាតិនិងម៉ាស៊ីនកោសដូង។ទន្ទឹមនឹងនេះដោយសារតែគេមើលឃើញថា បើទោះជាសិប្បកម្មតូចក្តី តែបានព្យាយាមអភិវឌ្ឍខ្លួនទើបកាលពីថ្ងៃទី៦ ខែមីនាឆ្នាំ២០២៣ មានអង្គការមួយបានអញ្ជើញ អ្នកស្រី ឆែ កញ្ញា ទៅសហរដ្ឋអាមេរិករយៈពេលខ្លីដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីជំនាញអាជីវកម្មកែច្នៃនេះ៕