ភ្នំពេញៈ ភាព​យន្ត​រឿង​ភាគ​ប្រវត្តិ​សាស្ត្រ​ «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌​មី​» ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ដាក់​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​រសៀល​ថ្ងៃទី​ ១៣ ខែ​មីនា ឆ្នាំ​ ២០២៣​ ក្នុង​ពេល​ខ្សែ​ភាព​យន្ត​នេះ​​ថត​សម្រេច​បាន​ ៦០%​ ​ខណៈ​លោក​​ស្នើឱ្យ​សម្រុក​បញ្ចប់​ការ​ថត​ក្នុង​ខែ​មេសា និង​ខែឧ​សភា​។​

​លោក ហ៊ុយ ​វាសនា ​ប្រធាន​គណៈ​កម្មការ​ផលិត​ភាព​យន្ត​ភាគ​រឿង «​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូ​ណ៌​មី​» បាន​លើក​ឡើង​ថា គិត​ត្រឹម​ថ្ងៃទី​១៣ ​ខែមីនា ខ្សែ​ភាព​យន្ត​ភាគ​នេះ​សម្រេច​ផលិត​បាន​ចំនួន​១១៣ ​ឈុត​ឆាក ដែល​ស្មើនឹ​ង​៦០%​នៃ​សាច់​រឿង​សរុប​ក្រោម​ការច​ង្អុល​បង្ហាញ​ផ្ទា​ល់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​។​

​លោក​បាន​ថ្លែង​ថា ៖ «​ខ្ញុំ​ផ្តួច​ផ្តើម​ផលិត​ចេញ​ជា​ខ្សែភាព​យន្ត​ភាគ​ប្រវត្តិ​សាស្ត្រ​នេះ គឺ​នៅក្នុង​អំឡុង​ចុងឆ្នាំ​១៩​៩៩ ​ខ្ញុំ​បាន​ឃើញ​ស្នាដៃ​ដំបូង​ជា​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​ហ៊ុន សែន​ បុរស​ខ្លាំង​ប្រចាំ​កម្ពុជា បន្ទាប់​មក​យើ​ងខ្ញុំ​បាន​តាក់​តែង​ចេញ​ជា​រឿង​ភាគនិ​ទាន​ដោយ​ដាក់​ចំណងជើ​ង​ថា កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូ​ណ៌​មី យោង​ទៅតា​ម​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​សម្តេច​តេ​ជោ​»​។​

​នាឱ​កាស​នោះ​ដែរ ​លោក​ស្រី ភឿង ស​កុ​ណា រដ្ឋ​មន្ត្រីក្រ​សួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​ថ្លែង​ឱ្យដឹង​ផង​ដែរ​ថា រឿង «​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូ​ណ៌​មី​» គឺជា​ចំណង​ជើង​រឿង​ដែល​កូន​ខ្មែរ​ស្ទើរតែ​គ្រប់​រូប​បាន​អាន ​បាន​ស្តាប់​តាម​រយៈ​ឯក​សារ​ ព័ត៌មាន និង​ល្ខោន​វិទ្យុ​ដែល​បាន​ផ្ស​ព្វផ្សាយ​នា​ពេល​កន្លង​មក​។

​លោក​ស្រី​បាន​បន្ត​ថា ប៉ុន្តែ​ការយក​រឿង​នេះ​មក​ផលិត​ជា​ខ្សែភាព​យន្ត​នា​ពេល​នេះ​គឺជា​ការ​លាត​ត្រដាង​កាន់តែ​ពិស្តារ ​និង​ស៊ីជ​ម្រៅ​បន្ថែម​ទៀត​ពី​ជីវិត និង​ការ​តស៊ូ​រប​ស់លោក ហ៊ុ​ន សែន តាំងពី​វ័យក្មេង សុខ​ចិត្ត​ពលី​កម្ម សុខចិត្ត​បែក​ចេញ​ពី​គ្រួសារ ប្រ​ពន្ធ​កូន ​ដើម្បី​ស្វែងរ​ក​សុ​ខសន្តិ​ភាព ឯ​ករាជ​ភាព ​ជូន​ប្រទេស​ជាតិ​។​

​លោក​ស្រី ភឿង ស​កុ​ណា បាន​ថ្លែងថា​ ៖ «​តាមរយៈ​ភាពយន្ត​​នេះ យើង​បាន​រៀន​ពី​គុណ​តម្លៃ​មិន​អាច​កា​ត់ថ្លៃ​បាន​ព្រម​ទាំង​គំរូ​វីរ​ភាព និង​លក្ខណ​សម្បត្តិ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក្នុងភា​ពជា​អ្នកដឹ​កនាំ​ និង​អគ្គម​គ្គុ​ទ្ទេស​ក៍ឯកនៃ​​កម្ពុជា​ ដែល​ធ្វើឱ្យ​យើង​មាន​មោទ​នៈ​ផង និង​ភាព​ភ័យ​រន្ធត់ សោក​ស្តាយ​ផង​ពី​ភាព​និ​រាស្ត្រ​ព្រាត់​រវាង​ប្តី​ប្រពន្ធ ​ឪពុក​និង​កូន​…»​។​

​ថ្លែង​នា​ថ្ងៃ​នៃ​ការ​ដាក់​សម្ពោធ​នេះ លោកនា​យក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើ​ង​ដោយ​ថ្លែង​អំ​ណរគុណ​ដល់​តួអង្គ​សម្តែង​ដែលមា​ន​ស្ទើរតែ​​គ្រប់​ជំនាន់ ​ហើយ​លោក​មាន​ការ​ពេញ​ចិត្ត​ការស​ម្តែង​ទាំង​អស់​នៃ​រឿង​នេះ​។​

​លោក ​ហ៊ុន​ សែន​ មាន​ប្រសា​សន៍ថា ៖ «​រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌​មីនេះ​នឹង​ក្លាយជា​​កេរ​ម​រត​កសម្រាប់​អ្នក​ជំនាន់​ក្រោយ​យល់ដឹ​ង ហើយ​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ស្រាវ​ជ្រាវ​ប្រវត្តិ​សាស្ត្រ ដែល​មាន​ពីដំណាក់កា​ល​១ ​ទៅ​ដំណាក់​កាល​១​ទៀត​»​។​

​លោក​បាន​បន្ត​ថា ការផ្តើម​ចេញពី​ការយក​ជីវិត​ធ្វើ​ដើម​ទុន​នេះហើយ ទើប​ប្រទេស​ជាតិ​មាន​សន្តិ​ភាព​ដូច​សព្វ​ថ្ងៃនេះ​។​

​បើតាម​ការប​ញ្ជាក់​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២០ ខែមីនា​ខាង​មុខ​នេះ ខ្សែភាពយន្ត​កូ​នប្រុ​ស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌​មីនេះ​នឹង​ចាប់​ផ្តើម​ចាក់​បញ្ចាំង​តែម្តង​ដោយ​១សប្តាហ៍ ​នឹង​ចាក់​បញ្ចាំង៣​ថ្ងៃ គឺ​ថ្ងៃ​ចន្ទ អង្គារ និង​ថ្ងៃ​ពុធ​។​

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​លើកឡើ​ង​ពី​ប្រវត្តិ​ស្នេហា​របស់លោ​ក​ជាមួ​យនឹ​ង​ភរិយារប​ស់លោក​ផង​ដែរ ដោយ​លោក​បាន​ស្រក់​ទឹក​ភ្នែក​នៅពេ​លដែល​លោក​រៀប​រាប់​ពី​ប្រវត្តិ​ស្នេ​ហា ការព្រា​ត់ប្រាសប្រពន្ធ​ដែល​កំពុង​មាន​ផ្ទៃពោះ​​ផងដែ​រ​។

​លោក​បាន​ថ្លែង​ថា ៖ «​របួស​ខ្លួនប្រាណ​អាច​ព្យាបាល​​ជា តែ​របួស​ផ្លូវចិត្ត​ពិបាក​ព្យា​បាល​​ដែល​បាន​វាយ​ប្រហារ​ផ្លូវចិត្ត​របស់ខ្ញុំ​ខ្លាំង​ណាស់​រហូត​មក​ដល់​ពេល​នេះ គឺ​ការស្លាប់​កូនប្រុស​ ហ៊ុន ​កំស​ត់ នៅ​នឹង​មុខ​ សុំ​គេ​យកទៅ​​កប់ គេ​មិន​ឱ្យ ​ប្រពន្ធ​ឈឺ​ក៏​គេ​មិន​ឱ្យ​ទៅ​មើល​»​។

​ប្រមុខ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​រូ​បនេះ បាន​បញ្ជា​ក់ដែរ​ថា ការ​វាយ​ប្រហារ​ផ្លូវចិត្ត​យ៉ាងខ្លាំ​ង គឺ​ខ្លាំង​ជាង​ការ​ចូល​សមរ​ភូមិ​ប្រយុទ្ធ​ទៅ​ទៀត ដែល​លោក​តែង​តែ​ហូរ​ទឹកភ្នែក​នៅពេល​ស្តាប់​ចម្រៀង ​ទុក្ខ​ស្រី​ប្តី​ព្រាត់ អនិច្ចា​កូន​កំសត់ និង​សំបុត្រ​ដែល​ពិបាក​សរ​សេរ​បំផុត​។​

​លោក​ថា ៖ «​ដោយសា​រតែ​ឆ្លង​​កាត់​ការលំ​បាក​ទុក្ខ​សោក​នេះហើ​យ ​ដែល​នាំ​ឱ្យ​ខ្ញុំ​ប្តេជ្ញា​ថា ទោះ​ក្នុង​តម្លៃ​ណាក៏​ដោយ​ខ្ញុំ​នឹង​មិន​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​សង្គ្រាម​នោះ​ទេ​»៕