​ភ្នំពេញៈ​ ​ក្រសួង​យុត្តិ​ធម៌បាន​ប្រកាស​រៀបចំ​កម្ម​វិធី «​ជិះ​កង់​អង្គរ​» ដើម្បី​រៃអ​ង្គាស​ថវិកា​ដោយ​ស្ម័គ្រ​ចិត្តរបស់​មន្ត្រី​រាជ​ការ និង​អ្នក​វិ​ជ្ជាជីវៈ​ក្នុង​វិស័យ​យុត្តិធ​ម៌ព្រមទាំង​សប្បុរស​ជនសម្រាប់​ទ្រទ្រង់​ដល់​កិច្ចដំ​ណើរ​ការ​របស់​ម​ន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី​៧ (​គន្ធ​បុប្ផា ​៣) ក្នុង​ខេត្ត​សៀមរាប​។​ នេះ​បើ​យោង​តាម​លិខិត​ជូន​ដំណឹង​របស់​ក្រសួងយុ​ត្តិធម៌ចុះ​ថ្ងៃ​ថ្ងៃទី​ ១៤​ ខែមីនា ឆ្នាំ​ ២០២៣ ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ កាលពី​ម្សិល​មិញ​។​

​តាមរយៈ​លិខិត​នោះកម្មវិធី«​ជិះ​កង់​អង្គរ​»ដើម្បី​រៃអ​ង្គាស​ថវិកា​ជូន​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី​៧​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃទី​១៨ ​ខែមីនា ឆ្នាំ​២០២៣ ​ក្នុង​ក្រុង​-​ខេត្ត​សៀម​រាប និង​មាន​ការ​ចូលរួម​ផ្ទាល់​ពីលោក ​កើត រិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួងយុ​ត្តិធម៌ផង​ដែរ​។

​បើតាម​មន្ត្រី​ទំនាក់​ទំនង​ផ្នែក​រៀបចំ​កម្មវិធី​ខាងលើ​នេះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​លក្ខខ​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ គិត​ត្រឹម​ថ្ងៃទី​១៥ ​ខែមីនា ឆ្នាំ​២០២៣ ​មាន​មន្ត្រី​ក្នុង​វិស័យ​យុត្តិ​ធម៌​ប្រមាណ​ជិត​៣០០​នាក់​ហើយ បាន​កត់​ឈ្មោះ​ចូល​រួម​នៅក្នុង​កម្មវិធី​នេះ​។

​មន្ត្រី​រូប​នោះបាន​បញ្ជាក់​ថា​៖«​កម្មវិធី​នេះគឺមាន​ការបើក​ទូលាយ​សម្រាប់​សាធារណ​ជន​​ទូទៅ​ចូលរួមនិង​មិន​តម្រូវឱ្យ​ប​ង់ប្រាក់​នោះទេ​។ ចំណែក​ កង់ និង​ឯកស​ណ្ឋាន ក៏​មិន​កំណត់​ថា ​ជា​ប្រភេទ​កីឡា​នោះ​ដែរ គឺ​អាស្រ័យ​ទៅ​លើ​ធន​ធាន​ផ្ទាល់​របស់​អ្នក​ចូល​រួម​ប៉ុណ្ណោះ​»​។

​បើតាម​មន្ត្រី​ដដែល​នោះអ្នក​ចូលរួម​នៅក្នុង​កម្មវិធី​នេះនឹងត្រូវ​មក​ជួបជុំ​គ្នា នៅវេលា​ម៉ោង​៦ ​ព្រឹក​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៣ នៅ​កន្លែង​ត្រួត​ពិនិត្យ​សំបុត្រ​ទី​១​របស់​អាជ្ញា​ធរ​ជាតិ​អប្សរាក្នុង​ក្រុង​សៀម​រាបដើម្បី​ប្រារព្ធ​កម្មវិធី​ជិះ​កង់​អង្គររៃអង្គាសប្រាក់​ពី​សប្បុរសជនដែល​ការ​ជិះ​នេះគឺ​ក្នុង​តម្រាយ​ផ្លូវពី​ចំណុច​វង្ស​ធំទៅកាន់​ប្រាសាទ​បន្ទាយស្រី​។ ថវិកា​ដែល​បានម​កពី​ការ​បរិច្ចាគ​របស់​អ្នកចូលរួម​ និង​សប្បុរស​ជន​នានា ដែល​គាំទ្រ​នូវ​កម្មវិធី​នេះនឹង​ត្រូវ​នាំយ​កទៅ​ប្រគល់ជូ​ន​មន្ទី​រពេទ្យ​ជ័យ​វរ្ម័នទី​៧(​គន្ធបុប្ផា​៣)សម្រាប់​ទ្រទ្រង់​ដល់​ដំណើរកា​រ​របស់​មន្ទីរ​ពេទ្យ ​ក្នុងការ​ចូលរួម​ជួយ​សង្គ្រោះ​ព្យាបាល​កុមារ​នៅ​កម្ពុជា​។ ពិធី​ប្រគល់​ទទួល​ថវិកា​សប្បុរ​ធម៌​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែមីនា ឆ្នាំ​២០២៣​៕