ភ្នំពេញៈ បើ​ត្រឡប់ទៅក្រោយ​បន្តិច ចន្លោះ​ពី​ចុងឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១ គ្រប់​បណ្តា​ប្រទេស​ទាំងអស់ រួមទាំង​កម្ពុជា​ផង សុទ្ធតែ​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​ចំណែកឯ​អាជីវកម្ម​វិញ មិន​ថា​ខ្នាតតូច ឬ​ខ្នាត​កណ្តាល ឬ​ខ្នាត​ធំ​នោះទេ សុទ្ធតែ​ព្យាយាម​បើក​ដំណើរការ​ឡើងវិញ​ទាំង​ត្រដរ​ក្រោយ​កូ​វីដ​ ១៩ ស្រាកស្រាន្ត​បន្តិច​ទៅ ឯ​អា​ជីវ​កម្ម​មួយចំនួន​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​។​

​ប៉ុន្តែ​មាន​បុរស​ជនជាតិ​បែ​ល​ហ្សុិក​ម្នាក់​បែរជា​ផ្តើម​បើក​អាជីវកម្ម​ថ្មី​របស់ខ្លួន​នៅ​ក្រុងភ្នំពេញ​ខណៈពេល​ស្ថានភាព​កូ​វីដ​១៩ ស្ថិតក្នុង​ភាពស្រពេចស្រពិល នោះ​គឺ​លោក Stephane Munster​ដែលមាន​ជំនាញ​ផ្នែក​ចំណីអាហារ អាជីវកម្ម​បង្កើត​ថ្មី និង​អាជីវកម្ម​នវានុវត្តន៍​។​

​លោក Stephane Munster បានមក​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០១៩ ពោលគឺ​មុន​ការមកដល់​នៃ​ជំងឺ​កូ​វីដ​១៩ បន្តិច​។​

​លោក Stephane បាន​ថ្លែងថា នៅពេលដែលលោកមកដល់​កម្ពុ​ជាដំបូង លោក​បាន​សិក្សា​ស្រាវជ្រាវ​បន្តិច​ពី​វិស័យ​ក​សិ​-​ចំណីអាហារ​នៅក្នុង​ខេត្តកំពត ដោយសារតែ​លោក​ធ្លាប់​ធ្វើការ​ក្នុង​វិស័យនេះ ក៏ដូចជា​ផ្នែក​កែច្នៃ​ចំណីអាហារ​ផងដែរ​។ ក្រោយមក​លោក​បាន​ចូល​បម្រើ​ការងារ​បានរ​យៈ​ពេល ៩​ខែ​ជា​អ្នក​ប្រឹក្សា​ដល់​សាកលវិទ្យាធិការ ព្រឹទ្ធបុរស និង​នាយកដ្ឋាន​ស្រាវជ្រាវ ដើម្បី​បង្កើត​កម្មវិធី​ឱ្យវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​ហៅ​កាត់​ថា Techno​។

​ បន្ទាប់មកទៀត កូ​វីដ​១៩​ក៏បាន​មកដល់ កម្មវិធី​របស់​សាលា​ក៏ត្រូវ​បាន​ផ្អាក លោក​បាន​ទៅ​បើក​កម្មវិធី​មួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​មួយរយៈ​ប៉ុន្តែ​ដោយសារ​គ្មាន​ថវិកា​គាំទ្រ ទើប​លោក​សម្រេច​បញ្ចប់​កម្មវិធី​នោះ​ទៀត​។​

​ ក្រោយមក លោក Stephane Munster ដោយ​សម្លឹង​ឃើញ​ឱកាស​ក្នុង​វិស័យ​ម្ហូបអាហារ និង​កម្សាន្ត​នៅតែ​បន្ត​មាន ទើប​លោក​បានចាប់ផ្តើម​បើក​បារ៍​មួយ​នៅលើ​ផ្លូវ​៣០៨ ឬ​តំបន់​បាសាក់​ឡែ​ន ដែលជា​តំបន់​ពេញនិយម​សម្រាប់អ្នកទេសចរ​បរ​ទេស និង​ជនបរទេស​ដែល​រស់នៅទី​ក្រុងភ្នំពេញ​។​

​ ធ្លាប់​ធ្វើការ​លើ​វិស័យ​មួយចំនួន​តូច​នៅ​កម្ពុជា លោក Stephane បាន​រៀបរាប់​ឱ្យ​ដឹង​ពី​មូល​ហេតុដែល​លោក​ងាក​ទៅ​បើក​អាជីវកម្ម​បារ៍ថា​៖ «​ពេលនេះ វិធី​ងាយស្រួល​បំផុត​ដើម្បី​បន្ត​ដើរ​លើ​វិស័យ​ម្ហូបអាហារ​គឺ​ការបង្កើត​បារ៍​ដោយសារ​វា​ជា​ផ្លូវ​មួយ​ដែល​មានឱកាស​ជួប​មនុស្ស​»​។​

​លោក​ បានឱ្យ​ដឹងថា​៖ «​យើង​មាន​បារ៍ វា​ជា​វិធី​ដ៏​ល្អ​ដែល​អនុញ្ញាត​ឱ្យខ្ញុំ​រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន​ជាច្រើន​របស់ខ្ញុំ​ឱ្យ​បានល្អ អតិថិជន​ដែល​មកពី​ប្រភព​ផ្សេងទៀត អ្នកទេសចរ​កម្ពុជា និង​អ្នកទេសចរ​អាជីវកម្ម​បរទេស​ជាដើម​»​។​

​ដោយឡែក គ្រា​ដែល​ដំណើរការ​អាជីវកម្ម​បារ៍​ដែលមាន​ឈ្មោះថា Pixel ដំបូងៗ​បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ លោក​បាន​បញ្ជាក់ថា​ លោក​ក៏មាន​ក្តីបារម្ភ​ខ្លះ​ដែរ​នាពេលនោះ តែ​មកទល់​បច្ចុប្បន្ននេះ​លោក Stephane បាន​ឱ្យដឹងថា​ អាជីវកម្ម​របស់លោក​កំពុង​រីកចម្រើន និង​ទាក់ទាញ​ទេសចរ​បាន​ច្រើន​ផងដែរ​។​

​យ៉ាងណាមិញ លោក​បាន​បញ្ជាក់ថា លោក​មិន​ចង់​ឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​សម្រាប់តែ​ទេសចរ​ទាំងស្រុង​នោះទេ លោក​ចង់​ឱ្យ​មាន​តុល្យភាព​រវាង​អ្នកទេសចរ​បរទេស​ដែល​រស់នៅ​កម្ពុជា និង​ប្រជាជន​ខ្មែរ​ផ្ទាល់ ដោយ​យល់ថា ​នៅ​កម្ពុជា​ភ្ញៀវទេសចរ​មិន​ទៀងទាត់​ពេក​នោះទេ បើ​ពឹង​ផ្អែកលើ​អ្នកទេសចរ​ទាំងស្រុង​នោះ​អាជីវកម្ម​នឹង​គ្មាន​លំនឹង​។​

​ លោក Stephane បញ្ជាក់ថា​៖ «​ទី​១ យើង​នៅ​កម្ពុជា​ស្រាប់ ដូច្នេះ​ខ្ញុំ​ចង់បាន​ភ្ញៀវ​ជា​ជនជាតិខ្មែរ ហើយ​វា​ប្រសើរ​បើ​ភ្ញៀវ​៣ប្រភេទ​នេះ​មាន​តុល្យភាព​ដូច ភ្ញៀវ​ខ្មែរ ៣៣​ភាគរយ ភ្ញៀវ​បរទេស​នៅ​កម្ពុជា ៣៣​ភាគរយ និង​ទេសចរ​បរទេស ៣៣​ភាគរយ នោះ​អាជីវកម្ម​នឹងមាន​លំនឹង​គ្រប់​រដូវ​កាល​»​។​

​លើសពីនេះ​បុរស​ជនជាតិ​បែ​ល​ហ្សុិក​រូបនេះ​ក៏បាន​រំលេច​ពី​គោលដៅ​សម្រាប់​អា​ជី​កម្ម​ថ្មី​របស់លោក​ពោលគឺ​លោក​ចង់ឱ្យបារ៍​របស់លោក​ជា​បារ៍​ចម្រុះ​ជាតិ​សាសន៍ ជា​បារ៍សកល​ដែលមាន​មនុស្ស​គ្រប់​វ័យ គ្រប់​ជាតិ​សាសន៍ និង​វប្បធម៌​ផ្សេងៗ​គ្នា​ផងដែរ​៕