តាកែវៈ​ ផលិត​ផល​សិប្បកម្ម​ចង្កឹះ​ដែល​ធ្វើ​ពី​ដើម​ឫស្សី​ត្រូវគេ​ដឹងថា ​ភាគ​ច្រើន​ជា​ផលិត​ផល​នាំចូល​ពី​បរទេស​ដើម្បី​យក​មក​ប្រើ​ប្រាស់​នៅក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​។​ ទន្ទឹមនឹង​ការនាំ​ចូល​នេះ​ ក៏មាន​សិប្បកម្ម​មួយ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​បាន​កែច្នៃ​ដើម​ឫស្សីព្រៃ​ផលិត​ចេញ​ជា​ចង្កឹះ​មិន​ចាញ់​ចង្កឹះ​នាំចូល​ពី​បរទេស ​និង​មិន​ប្រើ​គីមី​ផង​។

​យូរៗ​ម្តង​សំឡេង​រោទ៍​របស់​ម៉ា​ស៊ីន​ហាក់​លុប​បាត់​សំឡេង​និយាយ​ក្នុង​ទូរស័ព្ទ​ដែល​នោះ​ជា​សំឡេង​រោទ៍​ចេញពី​សិប្បកម្ម​ផលិត​ចង្កឹះ ១ កន្លែង ​របស់លោក​ ស៊ឹម សុ​ទ្ធី​ អាយុ ​៤១ ​ឆ្នាំ ​ជា​ម្ចាស់​សិប្បកម្ម​ ស្ថិតនៅក្នុង​ភូមិ​សំណ​ខ្មៅ ឃុំ​ធ្លក​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​។​

​លោក​ ស៊ឹម សុ​ទ្ធី បាន​និ​យាយ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ សិប្ប​កម្ម​ផលិត​ចង្កឹះ​របស់​លោក​ឈ្មោះ ​[​សិប្ប​កម្ម​ផលិត​ចង្កឹះ​ឫស្សី​ខ្មែរ​]​។ មូល​ហេតុ​ដែល​នាំឱ្យ​លោក​ចំណាយ​ទុន​បង្កើត​សិប្ប​កម្មនេះ​ឡើង​ដោយ​សារ​លោក​ចង់​បង្កើត​ឱកាស​ការងារ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហ​គមន៍​មាន​ការ​ងារ​ធ្វើ​។

​ម្យ៉ាង​វិញ​ទៀត​ លោក​ចង់​បណ្តុះ​គំនិត​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ឱ្យ​ចេះ​កែច្នៃ​ដូច​គេ​នូវ​របស់​អ្វី​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ ​ព្រោះ​កន្លងមក ​លោក​សង្កេត​ឃើញ​ថា​ មាន​ធន​ធាន​ធម្មជាតិ​ខ្លះ​ និង​រុក្ខជាតិ​មួយ​ចំនួន​ដែល​អាច​កែច្នៃ​ជា​របស់​ប្រើ​ប្រាស់​មាន​ប្រ​យោជន៍​ច្រើន​ តែនៅ​មិន​ទាន់​ទាញ​យក​ប្រ​យោ​ជន៍​ពី​វា​បាន​។​

​លោក​បន្តថា ​ចំពោះ​លោក​ការផលិត​ចង្កឹះ​នេះ​ក៏​ច​ង់ឱ្យ​ប្រជា​ពលរដ្ឋ​កាត់​បន្ថយ​ពី​ការប្រើ​ប្រាស់​របស់​នាំចូល ​ហើយ​ងាក​មក​ប្រើ​ប្រាស់​ផលិត​ផល​ដែល​ផលិត​ក្នុង​ស្រុក​វិញ​ ពីព្រោះថា​ បច្ចុប្បន្ន​នេះ​កូន​ខ្មែរ​បាន​សិក្សា​រៀនសូត្រ​ទាំង​នៅក្នុង​ប្រទេស​រហូត​ដល់​បរទេស​ ហើយ​ចេះ​ជំនាញ​អាច​ផលិត​កែច្នៃ​ផ្លែឈើ​ដូច​ជា ​ចេក​ណាំវ៉ា ​ដំឡូង​មី ជា​ដើម​មកកែច្នៃ​ទៅជា​ស្រា​ឬ​ជា​អាហារ​កែច្នៃ​ផ្សេងៗ​ទៀត ​និង​មាន​គុណ​ភាពមិន​ចាញ់​បរទេស​ឡើយ​។​ គំនិត​ច្នៃប្រឌិត​ទាំង​អស់​នេះ​បាន​ប​ង្ហាញ​ថា​ កូន​ខ្មែរ​បច្ចុប្បន្ន​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​គ្រប់​ផ្នែក ​គ្រប់​វិស័យ​ទាំង​អស់​។​

​បើតាម​លោក​សុ​ទ្ធី សិប្ប​កម្ម​ផលិត​ចង្កឹះ​របស់​លោក​គិត​រហូត​មក​ទល់​ពេល​នេះ​បាន​ដំណើ​រការ​រយៈ​ពេល​ប្រហែល​ ៥ ​ខែ​មក​ហើយ​ ហើយ​ក៏មាន​ទីផ្សារ​ជា​បណ្តើរៗ​ដែរ​។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​ទីផ្សារ​នៅ​មិន​ទាន់​បាន​ទូលំ​ទូលាយ​ដែរ ​ពោលគឺ​ផលិត​ផល​ចង្កឹះ​របស់​លោក​គ្រាន់តែ​បាន​លក់​ក្នុង​តំបន់​នៅក្នុង​ខេត្ត​តាកែវ​តែប៉ុណ្ណោះ​។ ​​ទោះជា​​យ៉ាង​ណាក៏​ដោយ​ក៏​លោក​មានការ​ពេញ​ចិត្ត​ដែរ​ព្រោះថា ​ព​លរដ្ឋ​ខ្មែរ​កំពុង​ចាប់​អារម្មណ៍​ប្រើ​ផលិត​ផល​ដែល​ផលិត​ក្នុង​ស្រុក​ជា​បណ្តើរៗ​ហើយ​។​

​លោក​និយាយ​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​ឃើញ​ប្រជា​ពលរដ្ឋ​យើង​គាំទ្រ​ផលិត​ផល​ក្នុងស្រុ​ក​។​ចំពោះ​ចង្កឹះ​ខ្ញុំ​មិន​មាន​ប្រើ​សារ​ធាតុ​គីមី​អ្វី​ទាំង​អស់ ​ខ្ញុំ​ផលិត​គិត​ដល់​ផល​ប៉ះ​ពាល់​សុខ​ភាព​ច្រើន​ជាង​ចង់​បាន​លុយ​»​។​

​ពាក់​ព័ន្ធ​វត្ថុ​ធាតុ​ដើម​ឫស្សី​វិញ​ ​លោក ​ស៊ឹម សុ​ទ្ធី បានឱ្យ​ដឹងថា ​ដើម​ឫស្សី​​គឺ​លោក​បានទ​ទួល​ទិញ​ពី​ម៉ូយ​ពី​ខេត្ត​កំពង់​ស្ពឺ​និង​ពី​ខេត្ត​ក្រចេះ​ដែលជា​ប្រភេទ​ឫស្សីព្រៃ​។​ប៉ុន្តែ​ឫស្សីស្រុក​ក៏​អាចធ្វើ​ចង្កឹះ​បាន​ដែរ​គ្រាន់តែ​ឫស្សី​ស្រុក​មាន​សាច់​ខ្មៅ​ហើយ​ពោះ​របស់​វាសម្បូរស​ម្បុក​ស្រ​មោ​ច​ច្រើន​តែបើ​ឫស្សីព្រៃ​វិញ​វា​មាន​សាច់​ពណ៌​ស​ស្អាត​។​

រីឯ​ដំណើរ​ការ​ផលិត​វិញលោក​ស៊ឹម សុ​ទ្ធី បានប្រាប់​ថា ដើម្បី​ឱ្យ​កើត​ចេញ​ជា​ផលិត​ផល​ចង្កឹះ​គឺ​ដំបូង​ឡើយ​គេ​យក​ដើម​ឫស្សី​ចូល​ក្នុង​ម៉ា​ស៊ីន​ពុះ​ច្រៀក​ រួច​ហើយ​យក​ទៅ​ហាល​ថ្ងៃ​ឱ្យស្ងួត​រយៈ​ពេល​ ៤ ​ទៅ ​៥ ​ថ្ងៃ​ បន្ទាប់​មក​គេ​កាត់​ឱ្យ​ខ្លីៗ​ហើយ​ប​ញ្ចូល​ទៅក្នុង​ម៉ា​ស៊ីន​ប៉ូ​លា ​ដើម្បី​ធ្វើឱ្យ​សាច់​ចង្កឹះ​រលោង​រហូត​ចេញ​ជា​ផលិត​ផល​សម្រេច​។​

​លោក​បន្ត​ទៀត​ថា​ ទាំង​ម៉ា​ស៊ីន​ ទាំង​សម្បក​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​ចង្កឹះ​គឺ​សុទ្ធតែ​នាំចូល​ពី​ប្រទេស​ចិន​ទាំងអស់​។​សិប្បកម្ម​របស់​លោក​ក្នុង ​១​ ថ្ងៃ​ មាន​សមត្ថ​ភាព​អាច​ផលិត​​ចង្កឹះ​បាន​ចំនួន​ ៣០ ​បេ​ ដោយ ​ក្នុង​ ១ ​បេ​មាន​ ៤០ ​កញ្ចប់ ​ហើយ​ក្នុង ​១ ​កញ្ចប់​មាន ​២៤ ​គូ​​អាច​ប្រើ​ដាក់​នៅតាម​តុ​ការ​បាន​ ២ ​តុ​។​ ចំពោះ​តម្លៃ​លក់​នៅលើ​ទីផ្សារ​វិញ​គឺ​ក្នុង​ ១ ​បេ​ តម្លៃ​ ២៦ ០០០ ​រៀល​ ហើយក៏​មានការ​គាំទ្រ​ច្រើនពី​អ្នក​ប្រើ​ប្រាស់​ឡើង​ផងដែរ ​ព្រោះថា ​ចង្កឹះ​នៅ​សិប្ប​កម្ម​របស់​លោកគ្មាន​ផ្ទុក​សារ​ធាតុ​គីមី​ឡើយ​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ផលិត​បែប​ធម្មជាតិ​ទៅ​ គឺ​យើង​ផលិត​មិនបាន​លឿន​ទេ​ ដោយសារតែ​យើង​ហាល​ឫស្សី​ឱ្យ​វា​ស្ងួត​តាម​ធម្មជាតិ​ យើង​មិន​ប្រើ​ម៉ា​ស៊ីន​ស្ងួតទេ ​តែបើ​ប្រើ​ម៉ា​ស៊ីន​ស​ម្ងួ​ត​អាច​ផលិត​បាន​ច្រើន​។​បងប្អូន​ខ្មែរ​យើង​ឥឡូវ​ក៏​គាត់​ឆ្លាត​ដែរ​ មុននឹង​គាត់​ប្រើ​របស់​អ្វី​មួយ​ គឺ​គាត់​គិតពី​សុខ​ភាព​ជាមុន​»​។​

​លោក​ សុ​ទ្ធី បាន​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​សិប្បកម្ម​របស់លោក​មាន​បុគ្គលិក​ប្រមាណ​ជា ​១០ ​នាក់​ តែ​ចំនួន​នេះ​នៅ​តិច​នៅឡើយ​ទេ ​ហើយ​អ្វីដែល​ធ្វើឱ្យ​លោក​មាន​មោទន​ភាព​នោះ​គឺ​បាន​ជួយ​ដល់​ពលរដ្ឋ​នៅក្នុង​សហ​គមន៍​ឱ្យមាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។​មួយ​វិញ​ទៀត​ក៏បាន​រួម​ចំណែក​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​បាន​ខ្លះៗ​ដែរ​។​

​ជុំវិញ​ការ​ច្នៃ​វត្ថុធា​តុ​ដើមក្នុ​ងស្រុ​កធ្វើរប​ស់ប្រើ​ប្រាស់​នេះ ​លោក ​សោម ​ចាន់​ថុល ជា​មេឃុំ​ធ្លក​ស្រុក​ទ្រាំង​បានថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នេះជាការ​បង្កើត​ឱកាស​ឱ្យ​ប្រជា​សហ​គមន៍​មាន​ការ​ងារ​ធ្វើ​ និង​បាន​កម្រៃ​ជា​ប្រាក់​ខែ ​ទោះ​តិច​ឬ​ច្រើន​ក៏​លោក​ត្រេក​អរ​ដែរ​ ព្រោះ​ពលរដ្ឋ​មិន​ធ្វើ​ចំណាកស្រុក​ ​ព្រោះអី​មាន​ពលរដ្ឋ​ខ្លះ​បាន​ចេញពីផ្ទះ​ទៅធ្វើ​ការ​នៅ​ទីឆ្ងាយ​ដោយ​ដើរ​ចោល​ផ្ទះ​។​ការចេញ​ចោល​ផ្ទះ​ទៅធ្វើ​ការងារ​ឆ្ងាយ​នេះ​ក៏​វា​មិន​ងាយ​ស្រួល​ដែរ​ ដូច្នេះ​វា​ប្រសើរ​ដែល​មាន​ការងារ​ធ្វើ​នៅក្បែរ​ផ្ទះ​។​

​លោក​បន្តថា​៖ «​វា​មាននៅ​ជិត​ផ្ទះ​គឺ​វា​ងាយ​ស្រួល​ហើយ​គ្រាន់តែ​ចេញ​ពីផ្ទះ​ចូល​ដល់​តែម្តង​។ ពេល​យើង​ចេញពី​ធ្វើការ​បាន​មើល​កូន​មើល​ចៅ​ ហើយ​គាត់​ធ្វើ​ស្រែ​ធ្វើ​ភ្លឺ​អី​បាន​ខ្លះទៀត​​»៕