
លោកលី ប៉េងហេង ឈរជិតរថយន្ដ Volkswagen Beetle 1100 ដែលលោកអះអាងថា ជារថយន្តអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ រូបថត សហការី
សៀមរាប: វាគ្រាន់តែជារថយន្ដម៉ូដែលចាស់ ១ គ្រឿង ស្ថិតក្នុងចំណោមសម្ភារប្រើប្រាស់អាយុកាលរាប់រយឆ្នាំប៉ុណ្ណោះ នៅផ្នែកម្ខាងនៃសារមន្ទីរវិមានសុខាខេត្ដសៀមរាប។
ប៉ុន្ដែក្រោយពេលម្ចាស់សារមន្ទីរ លោក លី ប៉េងហេង ដែលហៅថា តាឆ្កួត ជាឈ្មោះត្រូវបានមហាជនហៅដោយសារទម្លាប់ប្រមូលទិញវត្ថុចាស់ៗ បានណែនាំថា រថយន្ដ Volkswagen Beetle 1100 ផលិតក្នុងឆ្នាំ ១៩៥៨ ធ្លាប់ជាកម្មសិទ្ធិប្រើប្រាស់របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយរថយន្ដរាងដូចអណ្ដើកនេះ ក្លាយជាតួឯកមួយក្នុងសារមន្ទីរ។
លោក ប៉េងហេង បាននិយាយថា៖ «ភ្ញៀវភាគច្រើនមិនចាប់អារម្មណ៍រថយន្ដ Volkswagen ១ គ្រឿងនេះទេ។ប៉ុន្ដែនៅពេលដឹងថាវាធ្លាប់ជាកម្មសិទ្ធិរបស់លោក ស៊ីន ស៊ីសាមុត ក៏មានអ្នកចាប់អារម្មណ៍ច្រើនជាពិសេស មនុស្សវ័យចាប់អាយុ ៥០ ឡើង»។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «រថយន្ដនេះលោក ស៊ីន ស៊ីសាមុត ប្រើប្រាស់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់សម័យសង្គ្រាមក្នុងឆ្នាំ ១៩៧៥»។
ជាភរិយាលោក ស៊ីន ស៊ីសាមុត លោកយាយ ខាវ ថងញ៉ុត ដែលបច្ចុប្បន្ននេះរស់នៅក្នុងភូមិស្ពានថ្មសង្កាត់ស្ទឹងតែង ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង បានឱ្យដឹងថា លោកយាយបានដឹងអំពីព័ត៌មានរថយន្ដ Volkswagen ដែលលោកយាយ និងលោកស៊ីន ស៊ីសាមុតធ្លាប់ប្រើប្រាស់នោះដែរ តែលោកយាយមិនធ្លាប់បានឃើញនោះទេ។
លោកយាយ ថងញ៉ុត អាយុ ៨៤ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដោយមិនចាំឆ្នាំ ដំបូងឡើយគាត់និងខ្ញុំធ្លាប់ជិះរថយន្ដ Volkswagen ហើយក្រោយមកគាត់ប្ដូរមកជិះ Toyota និងបន្ដមកជិះ Mercedes-Benz»។
យ៉ាងណាមិញលោកយាយមិនធ្លាប់បានឃើញរថយន្ដដែលត្រូវបានដាក់តាំងនៅសារមន្ទីរវិមានសុខានោះទេ ដោយលោកយាយគ្រាន់តែឮដំណឹងរថយន្ដរបស់ស្វាមីតាមរយៈការនិយាយប្រាប់ពីអ្នកដទៃ។
ភរិយាអធិរាជសំឡេងមាស អ្នកស្រី ថងញ៉ុត បានឱ្យដឹងថា ដោយសារតែសុខភាពមិនអំណោយផលលោកយាយមិនអាចធ្វើដំណើរទៅមើលវត្ថុអនុស្សាវរីយ៍រវាងអ្នកស្រីនិងតារាចម្រៀងល្បី ដែលបន្សល់តែសំឡេងដ៏ក្រអួនក្រអៅបានឡើយ។
យ៉ាងណាមិញការរ៉ាយរ៉ាប់របស់លោក ប៉េងហេង អំពីវត្ថុប្រើប្រាស់បុគ្គលល្បីតាំងពីជំនាន់ទសវត្សរ៍ឆ្នាំ ១៩៦០ មិនត្រូវបានយកចិត្ដទុកដាក់ខ្លាំងពីមនុស្សអាយុខ្ទង់ ៤០ ចុះក្រោមឡើយហើយមនុស្សខ្លះទៀតក៏មិនជឿថាវាជាកម្មសិទ្ធិរបស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត ថែមទៀត។
លោកបានឱ្យដឹងថា ពេលលោករៀបរាប់អំពីប្រវត្ដិរថយន្ដ អ្នកខ្លះក៏ជឿ ហើយអ្នកខ្លះទៀតក៏មិនជឿ ដែលលោកអះអាងថាវាជាការគិតរបស់មនុស្សម្នាក់ៗដោយមិនអាចបង្ខិតបង្ខំឱ្យអ្នកដទៃជឿបានទេ។
លោក ប៉េងហេង ចំណាយពេលវេលាប្រមាណ ៣ ទសវត្សរ៍ ប្រមែប្រមូលវត្ថុចាស់ៗជាច្រើនរយមុខដូចជា គ្រឿងអេឡិចត្រូនិកដែលផលិតនៅគ្រប់សម័យកាលគ្រប់តំបន់តាំងពីផលិតផលក្នុងស្រុករហូតដល់ក្រៅស្រុកជាច្រើនប្រភេទមានចំនួនរាប់រយមុខតាំងពីឆ្នាំ ១៩៩៨ មក។
គ្រឿងអេឡិចត្រូនិកចាស់ៗចាប់ពីទូកក្ដោងគំរូខ្នាតតូចផលិតឆ្នាំ ១៦២០ កង់បុរាណម៉ាក BS ផលិតឆ្នាំ ១៨៧៦ កាមេរ៉ាខ្នាតដ៏តូចបំផុតផលិតឆ្នាំ១៩៣៧ទូរទស្សន៍និងវិទ្យុក្នុងទសវត្សរ៍ទី៥០ រហូតដល់ម៉ូឌីឡែត កង់ម៉ាស៊ីន ម៉ូតូទូរស័ព្ទ ម៉ាស៊ីនចាក់ឌីសវីដេអូ និងរថយន្ដ Volkswagen ម៉ូដែល V1010 ឆ្នាំ ១៩៣៨ និងគ្រឿងអេឡិចត្រូនិកមានរាប់រយមុខទៀត។
លោកបាននិយាយថា៖ «រថយន្ដទាំងអស់ ១២ គ្រឿងខ្ញុំបានលក់អស់ហើយនៅសល់តែ ១ គ្រឿងនេះដែលជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ដោយសារវាមានប្រវត្ដិ ខ្ញុំចេះតែទុកឱបៗរហូតដល់សព្វថ្ងៃ។ខ្ញុំនឹងមិនលក់វានោះទេដរាបណាខ្ញុំនៅមានជីវិត»។
តាមរយៈបងថ្លៃលោកប៉េងហេងបានទិញរថយន្ដ Volkswagen Beetle 1100 ពីលោកសវណ្ណពុធជាអតីតផលិតករភាពយន្ដ ក្នុងឆ្នាំ ១៩៩៨។
លោកបានប្រាប់មូលហេតុដែលអតីតផលិតកររូបនេះដាច់ចិត្ដលក់រថយន្ដអធិរាជសំឡេងមាសថា៖ «ពេលនោះគាត់កុនលុយ ហើយណាមួយគាត់បានបែកបាក់ជាមួយភរិយាដែលធ្វើដំណើរទៅអាមេរិក។គាត់នៅទីនេះខូចចិត្ដ និងបានសម្រេចចិត្ដលក់រថយន្ដនោះឱ្យខ្ញុំ។គាត់បានស្លាប់ប៉ុន្មានឆ្នាំមុនហើយ»។
រថយន្ដស៊េរីចាស់ម៉ូដែលឆ្នាំ ១៩៥៨ នេះ ត្រូវបានកែកុនប្រមាណ ៥០ ភាគរយ ពីគំរូដើមក្រោយពេលលោកប៉េងហេងបានទិញពីអតីតផលភាពយន្ដសតវត្សរ៍ឆ្នាំ ១៩៨០។
លោកបានឱ្យដឹងថា ម៉ាស៊ីនត្រូវបានផ្លាស់ប្ដូរពីក្រោយមកដាក់មុខដោយសារជំនាន់នោះប៉ុលពតវាកម្ទេចម៉ាស៊ីនហើយហើយក៏បានដាក់ម៉ាស៊ីនខុសទៀត។លោកបានផ្លាស់ប្ដូរម៉ាស៊ីនខុសនោះដាក់ម៉ាស៊ីនថ្មីជំនួសវិញរួចរាល់ ដែលបើកបរបាន។
លោក ប៉េងហេង ហៅតាឆ្កួត បានបន្ដថា៖ «ពេលម្ចាស់មុនយកមកក្នុងឆ្នាំ ១៩៧៩ មានកាងហ្ស៊ីន តែពេលខ្ញុំទិញមកយកជួសជុលឡើងវិញជាងបានដោះកាងលក់ឱ្យអេតចាយរួមទាំងស្លាកលេខទៅបាត់។សរុបមកយើងកែកាងកែកង់កញ្ចប់ផ្នែកខ្លះ។នេះជាហេតុដែលអ្នកខ្លះបញ្ចេញទស្សនៈបែបនេះបែបនោះ។តែខ្ញុំមិនចាប់អារម្មណ៍នោះទេ»។
ក្រោយពីរៀបចំទីតាំងទុកដាក់ឱ្យបានត្រឹមក្នុងទូកញ្ចក់រួចលោកប៉េងហេងគ្រោងលាបពណ៌ Volkswagen Beetle 1100 ទៅជាពណ៌សគំរូដើមវិញ។ភ្ញៀវនៅតែអាចមកប៉ះស្ទាប និងថតរូបអនុស្សាវរីយ៍បានដដែល លើកលែងតែការបើកទ្វារចូលអង្គុយខាងក្នុង ដោយសារតែវាអាចបង្កការបាក់ត្រចៀកទ្វាររថយន្ដ។
ក្រៅពីរថយន្ដ Volkswagen Beetle 1100 របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត សារមន្ទីរវិមានសុខារបស់លោក លី ប៉េងហេង នៅមានវត្ថុចាស់ៗអាយុកាលពី ២០០ ទៅ ៣០០ ឆ្នាំច្រើនប្រភេទទៀត ដែលអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្ដរជាតិ។
លោកបាននិយាយថា៖ «ខ្ញុំបានប្រមូលទិញប្រភេទម៉ូតូ កង់ដាក់ម៉ាស៊ីននិងកង់ធម្មតាជាង ១០០ គ្រឿង។ម៉ាស៊ីនជាច្រើនម៉ូដែលចំនួនប្រមាណ ៣០០ គ្រឿង នាឡិកាប៉ោលចំនួន ១០០ គ្រឿង ទូរស័ព្ទ ១០០ គ្រឿង វិទ្យុជិត ៨០ គ្រឿង និងឧបករណ៍ផ្សេងៗជាច្រើនប្រភេទទៀតសរុបជិត ១ ពាន់មុខ»។
លោកបន្ដថា កង់ម៉ាស៊ីនម៉ាក Whizzer ផលិតឆ្នាំ ១៩៣៩ ម៉ូតូម៉ូប៊ីឡែតម៉ាស៊ីន២ម៉ាក Super Cross និងកង់ម៉ាក Rolls-Royce ផលិតឆ្នាំ១៩៣៥ម៉ាស៊ីនចាក់ស៊ីឌីផលិតឆ្នាំ១៩០៦។
មន្ទីរវិមានសុខាចំណាយពេលធ្វើដំណើរ ៥នាទីពីក្រុងអង្គរនិង ១០ នាទីពីព្រះអង្គចេកព្រះអង្គចមដែលមានទីតាំងនៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបចូលតាមច្រកទី២ពីវត្តថ្មីហៅវត្តក្បាលខ្មោច ជាកន្លែងប្រមូលផ្តុំទៅដោយរបស់របរចាស់ៗ និងអាយុកាលជិត ៣០០ ឆ្នាំ សម្រាប់មហាជនថតរូបមុនទុកជាអនុស្សាវរីយ៍ដែលវិលត្រឡប់ទៅកាន់អតីតកាល។
សម្រាប់ភ្ញៀវទេសចរជាតិតម្លៃសំបុត្រ ៥ ០០០ រៀលម្នាក់ និង ២ ម៉ឺនរៀល សម្រាប់ភ្ញៀវបរទេសម្នាក់ ហើយចំពោះការថតរូបមុនអាពាហ៍ពិពាហ៍ ឬ Pre-wedding មានតម្លៃ ៤០ ម៉ឺនរៀល។
សម្រាប់ព័ត៌មានលម្អិតសូមទៅកាន់ហ្វេសប៊ុក VimeanSokha៕