សៀមរាបៈ FCC Angkor by Avani សហការជាមួយអង្គការសង្គមស៊ីវិលចំនួន ២ ដែលធ្វើការនៅក្នុងតំបន់បឹងទន្លេសាប រួមគ្នារៀបចំការតាំងពិព័រណ៍រយៈពេល ៣ ថ្ងៃ អំពីជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅបឹងទន្លេសាប ដោយក្នុងនោះ ការបំពុលបរិស្ថានដោយសំណល់ប្លាស្ទិក ក៏ត្រូវបានលើកយកទៅពិភាក្សាផងដែរ។
តាមសេចក្តីប្រកាសរួមដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាន នៅថ្ងៃទី ២៦ មីនា ពិព័រណ៍រូបភាពអំពី «ជីវិតអ្នករស់នៅលើផ្ទៃសមុទ្រទឹកសាបកម្ពុជា! យើងរួមគ្នាថែរក្សាការពារជីវិត និងជីវចម្រុះបឹងទន្លេសាប» ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ មីនា នៅបរិវេណ FCC Angkor by Avani ជាមួយនឹងការតាំងរូបថតជាច្រើន ដែលបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅលើទឹកសាបក្នុងប្រទេសកម្ពុជា។
FCC Angkor by Avani មានមោទនភាពដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលចំនួន២ គឺអង្គការ Ocean Recovery Alliance និងអង្គការមូលនិធិទំពាំងស្នងឫស្សីដោយមានការតាំងបង្ហាញ និងបង្កើតជាវេទិកាជជែកគ្នា ដើម្បីរួមចំណែកកាត់បន្ថយការបំពុលប្លាស្ទិកនៅតំបន់បឹងទន្លេសាប។
FCC Angkor by Avani ថា៖ «ពិធីបុណ្យទឹកស្រក និងទឹកឡើង បានបំផុស និងបានភ្ជាប់ទំនាក់ទំនងរបស់មនុស្សមួយចំនួន ដែលរស់នៅក្នុងភូមិជាប់មាត់បឹងឱ្យយល់ដឹង និងធ្វើសកម្មភាពបន្ថែមទៀតក្នុងការមិនចោលសំរាម ឬដុតកាកសំណល់ប្លាស្ទិក ការកែលម្អការនេសាទ ទេសចរណ៍ និងប្រព័ន្ធអេកូឡូស៊ីនៅទីនោះ»។
FCC Angkor by Avani បន្តថា៖ «អង្គការក្រៅរដ្ឋាភិបាលទាំង២នេះបានបង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំទាំងនោះ ហើយក្នុងរយៈពេល ៣ ថ្ងៃនេះ បាននាំយករឿងជីវិតអ្នករស់នៅលើផ្ទៃសមុទ្រទឹកសាបកម្ពុជា មកតាំងបង្ហាញនៅបរិវេណ FCC ដើម្បីចែករំលែកការរំភើបរបស់កម្មវិធី និងផលប៉ះពាល់នៅក្នុងតំបន់ទឹកសាបរបស់យើង»។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលមានទីតាំងនៅតំបន់បឹងទន្លេសាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ មីនាថា ពិព័រណ៍នេះ គឺមានការសម្តែងឈុតឆាកពិសេសសម្រាប់ សាធារណជនទស្សនា ដោយ «Angkor Roo the Recycling Rooster» ដែល ការសម្តែងជា៨ភាសា ដែលនាំមកនូវការអប់រំ និងការយល់ដឹងដល់សហគមន៍អំពីការកែលម្អ ការកែច្នៃសំរាមឡើងវិញ។
លោកថា៖ «យើងរួមគ្នាថែរក្សាការពារជីវិត និងជីវចម្រុះបឹងទន្លេសាប នឹងបង្ហាញរូបភាពអំពីការរស់នៅផលប៉ះពាល់មួយចំនួន និងសកម្មភាពពិធីបុណ្យទឹកស្រក កាលពីឆ្នាំមុន ដែលថតរូបដោយ Chris Hall»។
ជាមួយគ្នានោះ លោក ស៊ា សុផល ជឿជាក់ថា ព្រឹត្តិការណ៍សំខាន់ៗក្នុងពិព័រណ៍នេះ នឹងជួយឱ្យមានការស្វែងយល់ពីអ្នកចូលទស្សនាអំពីផលប៉ះពាល់នៃប្លាស្ទិក និងបរិស្ថាន ដោយបើកឱកាសឱ្យពួកគេបានជជែកពិភាក្សាគ្នា អំពីបញ្ហាប្រឈមទាំងនោះ ដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសពាក់ព័ន្ធនឹងការបំពុលដោយប្លាស្ទិក និងការអប់រំ។
លោករៀបរាប់ថា៖ «នៅពេលដែលកម្មវិធីបានពង្រីកទៅកាន់ភូមិថ្មីៗក្នុងតំបន់បឹងទន្លេសាប អំពីការប្រមូលសំរាមប្លាស្ទិក នោះ កម្មវិធីថ្មីនោះ នឹងបានសាកល្បង និងចូលរួមផ្តោតលើការស្ដារឡើងវិញនូវសំណល់ប្លាស្ទិក ដែលមានឈ្មោះថា ជង្រុកអង្ករដែលផ្តល់ផលជាពិសេសទៅដល់គ្រួសារនីមួយៗ កំពុងរស់នៅក្នុងបឹងទន្លេសាប។ កាកសំណល់អាហារ ការចោលសំរាម និងការដុត នឹងត្រូវបានទប់ស្កាត់»។
បើតាមក្រសួងបរិស្ថាន សំរាមប្លាស្ទិកជាច្រើន ត្រូវបានហូរចូលបឹងទន្លេសាប ដោយការប្រើប្រាស់របស់សហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិកដែលពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូលមកក្នុងបឹងទន្លេសាបផង។ លោក ស៊ា សុផល អះអាងថា ក្នុង ១ ឆ្នាំៗ សំរាមប្លាស្ទិករាប់សិបតោន ត្រូវបានប្រមូលចេញពីបឹងទន្លេសាប៕