
តារាភាពយន្ដហូលីវូដ Michelle Yeoh(ទី៣រាប់ពីស្តាំ)និងលោក ឌី សៅ (ស្តាំ)ដែលបង្ហាត់ក្បាច់គុន សម្រាប់ការម្តែង ដល់តារាហូលីវូដរូបនេះ។ រូបថត សហការី
ភ្នំពេញ: តារាភាពយន្ដហូលីវូដ Michelle Yeoh កើតនៅប្រទេសម៉ាឡេស៊ី ក្លាយជាតារាដំបូងគេដែលមានដើមកំណើតអាស៊ីអាគ្នេយ៍ដែលឈ្នះពានរង្វាន់ជាតួឯកស្រីឆ្នើមក្នុងសាច់រឿងបែបវាយតប់កំប្លែង «Everything Everywhere All at Once» នៅកម្មវិធី Academy Awards នៅទីក្រុងឡូសអេនជឺលេស។
តារាហុងកុងអ្នកស្រី Yeoh បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងជំនាញក្បាច់គុនដែលមិនបានហាត់រៀន។ នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនេះ គ្រប់ចលនាប្រយុទ្ធកើតឡើងពីការបង្វឹករបស់គ្រូគុនជនជាតិខ្មែរ។
លោក ឌី សៅ ជាជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តបាត់ដំបងក្នុងឆ្នាំ ១៩៧៩ ក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមស៊ីវិលកម្ពុជា គឺជាគ្រូបង្ហាត់ក្បាច់គុនដល់តារាដែលឈ្នះពានរង្វាន់អូស្ការ។
លោកសៅ បាននិយាយថា៖«ខ្ញុំមានឯកសិទ្ធិពិសេសក្នុងការបណ្តុះបណ្តាលអ្នកស្រី Michelle Yeoh សម្រាប់ខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការចំនួន ៧។ វាជាកិត្តិយសមិនគួរឱ្យជឿ ព្រោះមានតែមនុស្សមួយចំនួនប៉ុណ្ណោះ ដែលអាចបញ្ជាក់ពីស្នាដៃបែបនេះ។ ខ្ញុំគ្រាន់តែបង្រៀនក្បាច់គុនចិន ដល់គាត់ក្នុងការត្រៀមខ្លួនសម្រាប់តួសម្ដែងនេះ»។
លោកបានចាប់ផ្ដើមអាជីពជាអ្នកសម្ដែងតួជំនួសលេងក្បាច់គុននៅហូលីវូដ ដែលចូលចិត្ដក្នុងវិស័យភាពយន្ដ និងបានបន្ដចំណង់ចំណូលចិត្តរបស់លោកចំពោះសិល្បៈក្បាច់គុន។
លោកបានរំឭកថា លោកត្រូវបានមិត្តភក្តិជិតស្និទ្ធ២នាក់គឺអេន ឌីឡេ និងប្រាយអេន ឡេ ស្នើឱ្យជួយតារាសម្ដែង Simu Liu បង្ហាត់ក្បាច់គុនក្នុងខ្សែភាពយន្តរឿង Shang-Chi និង Legend of the Ten Rings។
ដូចគ្នានេះដែរចំពោះរឿង «Everything Everywhere All At Once» លោកអេនឌី និងប្រាយអេន បានសម្តែងក្នុងភាពយន្ត ហើយលោក សៅ ត្រូវបានទទួលភារកិច្ចបង្វឹកតួសម្តែង ដោយសារតែជំនាញនិងបទពិសោធន៍ក្នុងវិស័យនេះ។
លោកសៅ បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោក បង្ហាញពីការអបអរសាទរចំពោះលោក Ke HuyQuan ដែលបានឈ្នះពានរង្វាន់ Golden Globe Award សម្រាប់តារាសម្តែងឆ្នើម និងបានថ្លែងអំណរគុណដែលបានផ្សព្វផ្សាយពាក្យមួយឃ្លាថា«គ្រូបង្វឹកកម្ពុជាបានបង្វឹកក្បាច់គុនដើម្បីជួយខ្ញុំឱ្យសម្ដែងបានល្អ»។
លោក សៅ ដែលបង្វឹកក្បាច់គុនដល់តារាភាពយន្ដ Simu Liu, Michelle Yeoh, Ke HuyQuan និង Bryce Dallas Howard បាននិយាយថា៖«ខ្ញុំបានរកឃើញថា វាជាបទពិសោធន៍ដ៏រលូនមួយ ក្នុងការធ្វើការជាមួយតារាសម្តែងទាំងអស់ដែលខ្ញុំបានបណ្តុះបណ្តាល»។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «នេះដោយសារតែទំនុកចិត្តរបស់ខ្ញុំកើតចេញពីការហ្វឹកហាត់ក្បាច់គុនអស់រយៈពេល ៣៧ ឆ្នាំ ហើយបានចែករំលែកចំណេះដឹងរបស់ខ្ញុំ ដល់សិស្សអស់រយៈពេលជាង ២ ទសវត្សរ៍»។
លោកសៅ និយាយថា ទោះបីជាលោកមានការហ្វឹកហ្វឺនប្រយុទ្ធយ៉ាងសកម្មក៏ដោយ ប៉ុន្តែលោកសិក្សាសិល្បៈក្បាច់គុនសម្រាប់តែខ្សែភាពយន្តដោយយកលំនាំតាមសិល្បករក្បាច់គុនដ៏អស្ចារ្យដូចជា Donnie Yen, Jet Li, Jackie Chan, PannaRittikrai, Tony Jaa, Sammo Hung, Yuen Biao, Vincent Zhao , Jean-Claude Van Damme, IkoUwaisនិងជាពិសេស Bruce Lee។
អតីតអ្នកជំរំជនភៀសខ្លួនរូបនេះដែលតែងតែបង្ហោះវីដេអូសកម្មភាពហ្វឹកហាត់នៅលើហ្វេសប៊ុកបាននិយាយថា ក្បាច់គុនគឺជាទស្សនវិជ្ជានិងការពង្រឹកសមត្ថភាពរាងកាយ ក៏ដូចជា ស្មារតី។
លោកបាននិយាយថា ពេលនៅក្នុងជំរំជនភៀសខ្លួនKhao-I-Dang ក្នុងប្រទេសថៃ ឈ្មោះម្តាយរបស់លោកមាននៅក្នុងបញ្ជីទៅរស់នៅសហរដ្ឋអាមេរិក។
លោកបានរៀនក្បាច់គុនចម្រុះតាំងពីអាយុ ៧ឆ្នាំ ដោយតាមរយៈឪពុកបង្ហាត់បង្រៀនគុនខ្មែរជាមូលដ្ឋាន និងការ៉ាតេបន្ដទៅគុនកុងហ្វូចិន វ៉ូស៊ូ កុងហ្វូ ប្រដាល់សេរីអាមេរិក មួយថៃ ចំបាប់ MMA និងសូម្បីតែហ្គ្រេស៊ីជឺជីតស៊ូប្រេស៊ីល។
លោកបានឱ្យដឹងថា៖ «អាយុ ៣០ ឆ្នាំប្លាយខ្ញុំបានត្រឡប់ទៅឫសគល់របស់ខ្ញុំហើយចាប់ផ្តើមរៀនគុនខ្មែរនិងគុនខ្មែរបុរាណ ដោយមើលការបង្រៀនតាមអនឡាញរបស់គ្រូគុននៅកម្ពុជា»។
លោកបានបន្ថែមថា៖ «ខ្ញុំបានសិក្សាល្បុក្កតោដោយមើលលោកគ្រូចាន់ វីរៈ យុទ្ធយុទ្ធគុនខមរបស់គ្រូចាន់ រតនា និងលោកគ្រូសក្កដា វិមាន ហើយបានរៀនច្រើនបំផុតពីលោកគ្រូជិន ឈុន ដែលបានក្លាយជាមិត្តភក្តិនិងជាអ្នកណែនាំតាមរយៈការផ្ញើសារមកគាត់តាមហ្វេសប៊ុកជាមួយនឹងចម្ងល់ផ្សេងៗ»។
ដោយមិនសង្ស័យលោកសៅមានមោទនភាពក្នុងការលើកស្ទួយវប្បធម៌ និងបេតិកភណ្ឌមាតុភូមិរបស់ខ្លួនរួមជាមួយនឹងក្បាច់គុនខ្មែរដ៏ល្អឯកដល់តារាសម្ដែងទាំងអស់ដែលលោកបានបង្វឹក។
លោកថា តារាសម្ដែងតែងមានការចាប់អារម្មណ៍ថា លោកមកពីប្រទេសកម្ពុជា ប៉ុន្តែក្លាយជាគ្រូបង្វឹកកុងហ្វូដ៏ឆ្នើមម្នាក់នៅហូលីវូដ។
បច្ចុប្បន្នលោកកំពុងសហការជាមួយមិត្តសម្លាញ់របស់លោកជាផលិតករជនជាតិអាមេរិកដើមកំណើតខ្មែរគឺលោកDaron Ker ដើម្បីផលិតភាពយន្តខ្នាតធំមួយនៅចុងឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា។
លោកបាននិយាយថា៖ «យើងមានបំណងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យក្នុងស្រុក និងបណ្ដុះបណ្ដាលពួកគេពីរបៀបបង្កើតភាពយន្តប្រកបដោយវិជ្ជាជីវៈតាមរចនាប័ទ្មហូលីវូដ»។
លោក សៅ បានពន្យល់ថា ពួកគេមានគម្រោង មានមហិច្ឆតាក្នុងការបង្កើតសាលាភាពយន្តសម្រាប់ប្រជាជនខ្មែរ ដើម្បីពួកគេអាចបង្កើតឧស្សាហកម្មភាពយន្តដែលទ្រទ្រង់ដោយខ្លួនឯង និងមិនត្រឹមតែផ្តោតលើគម្រោងមួយប៉ុណ្ណោះទេ។
គោលបំណងរបស់ពួកគេគឺដើម្បីកសាងឧស្សាហកម្មទាំងមូលហើយលោកសៅ ធានាថា កម្ពុជានឹងនាំមុខគេក្នុងភាពយន្តក្បាច់គុន និងចែករំលែកវាទៅកាន់ពិភពលោក។
លោកសៅ សរសេរខ្មែរដោយមានជំនួយពី Google Translation ថា៖«ខ្ញុំសង្ឃឹមថា ខ្ញុំអាចផលិតភាពយន្តនៅកម្ពុជានៅឆ្នាំ២០២៣។ គ្រប់គ្នាសួរថា ពេលណាខ្ញុំនឹងទៅអរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា វាពិបាកក្នុងការថតភាពយន្តនៅកម្ពុជា។ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព»។
លោកបាននិយាយថា លោកនឹងត្រឡប់មកវិញ ហើយបង្ហាញទេពកោសល្យសិល្បៈរបស់ប្រទេសកម្ពុជារួមទាំងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបលើវិស័យផ្សេងៗ និងការផលិតភាពយន្ត។
លោកបានបញ្ជាក់ថា៖ «ប្រទេសកម្ពុជាមានអ្វីៗជាច្រើន ហើយវាជាពេលវេលារបស់យើងក្នុងការក្រោកឈរឡើង និងធ្វើអ្វីមួយឱ្យលេចធ្លោលើឆាកពិភពលោក។ ចំពោះប្រជាជនខ្មែរអ្នកគឺជាជើងឯករបស់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់»៕