
ចម្លាក់ធ្វើពីស្រទបចេក ដែលរចនាឡើងដើម្បីប្រារព្ធពិធីមួយនៅខេត្ដសៀមរាប ពីថ្ងៃ ២៩ មីនា។ រូបថត Apsara page
សៀមរាបៈ ចម្លាក់ស្រទបចេក ឬឆ្លាក់ស្រទបចេកជាក្បាច់ផ្កាភ្ញីផ្សេងៗជាសិល្បៈកេរដំណែលរបស់ដូនតាខ្មែរ និងចាត់ទុកថាជាជំនាញប្រពៃណីបន្តពី ១ ជំនាន់ទៅ ១ ជំនាន់ ពិសេសអ្នកភូមិពាមឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
សិល្បៈឆ្លាក់ស្រទបចេកមួយនេះ គេតែងនិយមធ្វើនៅពេលមានពិធីបុណ្យទានផ្សេងៗសម្រាប់ជាគ្រឿងតុបតែងលម្អអាសនៈ តម្កល់ព្រះពុទ្ធរូប ពិធីចម្រើនព្រះជន្ម និងសម្រាប់លម្អមឈូសតម្កល់សពជាដើម។
ជាកូនកសិករដែលមានមាឌធំក្រអាញ និងមានសម្បុរខ្មៅកម្ពស់ ១ ម៉ែត្រ ៦៥ បុរសម្នាក់នេះគឺជាជាងឆ្លាក់ស្រទបចេកឈ្មោះ ជា វុធ អាយុ ៤៤ ឆ្នាំ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ លោកបានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកធ្វើជាជាងសិល្បៈឆ្លាក់ស្រទបចេកនេះអស់រយៈពេលជាង ២០ ឆ្នាំ មកហើយដែលការចេះនេះគឺបន្តពីគ្រូជាដូនតាម្ចាស់ស្រុករស់នៅក្នុងភូមិពាម ឃុំដូនកែវ ស្រុកពួក។
លោកបានឱ្យដឹងទៀតថា ចំពោះការរៀនសិល្បៈចម្លាក់ស្រទបចេកឬចាក់ចេកនេះទៀតសោតបើតាមទំនៀមទម្លាប់ប្រពៃណីបុរាណរៀងមក គឺមានជំនឿថា ចំពោះអ្នកដែលចង់រៀនត្រូវតែរៀបចំបាយសី ១ គូ ស្លាធម៌ ១ គូ មានម្លូ ៤ សន្លឹក តំណាងឱ្យ ៤ ទិស និងក្បាលជ្រូក ១ ផង។
លោកបាននិយាយថា៖ «សិល្បៈចាក់ចេកនេះយើងមិនចេះតែធ្វើៗទេ ពីព្រោះវាបង្កប់នូវជំនឿទៀតផង តែបើបុគ្គលណាម្នាក់រៀនគ្មានគ្រូ និងមិនរៀបចំសែនថ្វាយគ្រូទេក៏ត្រូវជួបគ្រោះចង្រៃឬបើដូច្នេះក៏ចាក់ឆ្លាក់មិនស្អាតដែរ»។
លោកបានបន្តថា សិល្បៈធ្វើចម្លាក់ពីស្រទបចេកមានទម្រង់ក្បាច់ច្រើនបែបដូចជាបើធ្វើសសរគឺលោកត្រូវឆ្លាក់ក្បាច់ភ្ញីវល្លិ៍ ក្បាច់កិន្នរ និងក្បាច់ភ្ញីហក់។ បើប្រើសម្រាប់ធ្នឹមវិញ គេឆ្លាក់ក្បាច់ក្លាំពូ ក្បាច់ដកចន្ទ ផ្កាចន្ទ និងក្បាច់ភ្ញីទេសឬភ្ញីវល្លិ៍ជាដើម។ចម្លាក់ស្រទបចេកនេះគឺគេប្រើសម្រាប់ប្រារព្ធពិធីបុណ្យទាន ផ្សេងៗក៏ដូចជា បុណ្យសពក៏គេប្រើចម្លាក់ស្រទបចេកបានដែរ សម្រាប់តែងលម្អមឈូស។
បើតាមលោកជា វុធ ទោះជាបច្ចុប្បន្នមានការវិវឌ្ឍជឿនលឿនផ្នែកដេគ័រតុបតែងតាមបែបស៊ីវិល័យយ៉ាងណាក្តី តែប្រជាពលរដ្ឋរស់នៅក្នុងស្រុកពួកភាគច្រើននៅតែនិយមចូលចិត្តសិល្បៈចម្លាក់ស្រទបចេកនេះណាស់។ជាទូទៅឱ្យតែធ្វើពិធីបុណ្យអ្វីមួយមិនថាជាពិធីបុណ្យតូចឬបុណ្យធំនោះទេគឺប្រជាពលរដ្ឋតែងតែប្រើចម្លាក់ស្រទបចេកដាក់តាំងនៅក្នុងពិធីស្ទើរតែគ្រប់កន្លែង។
ចំពោះសម្ភារសម្រាប់ឆ្លាក់ស្រទបចេកលោកជា វុធ ប្រាប់ថា មានកាំបិតចិតបន្លែមុខស្រួច ១ និងមានដើមឫស្សីដែលទើបនឹងបែកស្លឹកដើម្បីយកវាមកមូរសម្រាប់ដោតធ្វើជាឆ្អឹង។ រីឯដើមចេកវិញ គឺគេរកដើមចេកណាថ្លោសៗដែលដុះត្រង់ល្អហើយគេយកបានតែចេកជ្វាប៉ុណ្ណោះពីព្រោះដើមចេកប្រភេទនេះសម្បកវាធន់នឹងកម្ដៅថ្ងៃ ហើយវាមានសម្បកសស្អាត ប៉ុន្តែមិនកំណត់ថាត្រូវយកប៉ុន្មានម៉ែត្រជាគោលទេ ព្រោះអាស្រ័យទៅតាមរានប្រារព្ធពិធី តែបើរានវែងក៏ត្រូវការដើមចេកវែងដែរ។
លោក ជា វុធ បានបញ្ជាក់ថា ស្រទបចេកដែលឆ្លាក់រួចហើយទុកបានយូរឬមិនបានយូរគឺអាស្រ័យទៅតាមរដូវកាលដូចជារដូវក្តៅ គឺទុកមិនបានយូរទេ តែបើខែកត្តិកឬរដូវត្រជាក់វិញ អាចទុកបាន៣ថ្ងៃ។ដោយសារតែគេដឹងថាប្រជាពលរដ្ឋនៅក្នុងឃុំដូនកែវ ស្រុកពួក ចេះឆ្លាក់ស្រទបចេក ហើយដោយភាពល្បីល្បាញតៗផងនោះលោកក៏ត្រូវបានគេហៅទៅឆ្លាក់ក្នុងពិធីបុណ្យផ្សេងៗមានទាំងខេត្តជិតនិងខេត្តឆ្ងាយក៏គេហៅលោកទៅដែរ។
ចំពោះខេត្តណាឆ្ងាយគឺលោកយកតម្លៃពលកម្ម ១៥០០ ដុល្លារ ព្រោះលោកមានក្រុមការងាររហូតដល់ ១៥ នាក់សុទ្ធតែចេះជំនាញឆ្លាក់ទៅតាមផ្នែកនីមួយៗ តែបើនៅក្នុងស្រុកក្នុងមូលដ្ឋានវិញលោកយកថ្លៃ ៥០០ ដុល្លារប៉ុណ្ណោះ។ចំពោះដើមចេកវិញបើចេញទៅឆ្លាក់នៅតាមខេត្តឆ្ងាយៗគឺលោកមានរថយន្តសម្រាប់ដឹកចន្លោះពី ២០ ទៅ ៣០ ដើមដើម្បីធ្វើចម្លាក់ទៅតាមទំហំដែលម្ចាស់កម្មវិធីត្រូវការ។
លោកបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំទទួលស្គាល់ថា ប្រទេសយើងសព្វថ្ងៃរីកចម្រើនច្រើន ហើយចំពោះអ្នកនៅតំបន់ផ្សេងៗខ្ញុំមិនដឹងថាយ៉ាងម៉េចទេ តែប្រជាជននៅតំបន់ខ្ញុំមានជំនឿលើចម្លាក់ស្រទបចេកនេះណាស់។ ដោយសារពួកគេមានជំនឿថា ជាកេរដំណែលប្រពៃណីបុរាណផង ហើយពួកគាត់ចង់អភិរក្សវាដូចខ្ញុំដែរ ម្យ៉ាងកាលណាចាក់ចេញជាក្បាច់ទៅវាតុបតែងមើលទៅស្រស់ណាស់»។
លោកបានបញ្ជាក់ទៀតថា កន្លងមកលោកក៏ធ្លាប់ត្រូវបានសពសម្តេចជា ស៊ីម ហៅលោកឆ្លាក់ក្នុងពិធីបុណ្យធំៗដែរ បន្ទាប់សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាដើម។ របរមួយនេះមិនរើសពេលវេលាទេ ពោលគឺអាចរកបានគ្រប់រដូវកាលទាំងរដូវវស្សា ទាំងរដូវប្រាំង ហើយក្នុង ១ ខែៗលោកអាចទទួលឆ្លាក់បានពី ២ ទៅ ៣ រោងដែរ។ ទោះយ៉ាងណាលោកក៏មានបង្រៀនដល់យុវជនជំនាន់ក្រោយៗដែរដើម្បីថែរក្សាសិល្បៈចម្លាក់បុរាណនេះឱ្យបាននៅគង់វង្ស។
ពាក់ព័ន្ធមុខរបរនេះ លោកស្រី ជា សំនៀង ជាមេឃុំដូនកែវ បានថ្លែងថា ប្រជាពលរដ្ឋនៅក្នុងឃុំដូនកែវទាំងអស់ក្រៅពីរបរធ្វើស្រែពួកគាត់មានរបរចម្លាក់ស្រទបចេកមួយទៀតដែលជាសិល្បៈតំណតាំងពីដូនតាមក។អ្នកភូមិពី ១ ជំនាន់ទៅ ១ ជំនាន់តែងតែរក្សាជំនាញនេះបានរហូតមកហើយដោយសាររបរនេះហើយបានធ្វើឱ្យគ្រួសាររបស់ពលរដ្ឋភាគច្រើនមានជីវភាពធូរធារ។
លោកស្រីបានឱ្យដឹងថា៖ «ក្នុងឃុំដូនកែវប្រមាណជា៤០០គ្រួសារឯណោះ។ហេតុដែលពួកគាត់នៅតែប្រកបជំនាញនេះដោយសារពួកគាត់នៅមានជំនឿដែលមិនត្រឹមតែជាចម្លាក់មើលទៅល្អមើលទេ តែវាបានបង្កប់នូវជំនឿយ៉ាងមុតមាំពីដូនតារបស់ពួកគាត់ទៀត»។
លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា អ្វីដែលបានបង្ហាញកន្លងមកនូវចម្លាក់ស្រទបចេក ហើយដែលប្រជាពលរដ្ឋរស់នៅឃុំដូនកែវកំពុងតែធ្វើនោះគឺក្នុងន័យចង់ឱ្យពលរដ្ឋបានយល់ដឹងទូទៅ និងឱ្យស្គាល់អំពីក្បាច់ចម្លាក់នេះ។បើជាទ្រឹស្តីក្នុងន័យជាអ្នកស្រាវជ្រាវវិញគេហៅថាជាសំណង់មិនអចិន្រៃ្តយ៍ដែលចម្លាក់នេះល្អប្រណីតណាស់។
លោកបានថ្លែងថា៖ «ឥឡូវនេះមនុស្សមិនសូវចាប់អារម្មណ៍ទេ សូម្បីតែសាដកក៏លែងធ្វើខ្លួនឯងអស់ហើយដែរ តែបើពីដើមគេធ្វើខ្លួនឯងសម្រិតសម្រាំងណាស់ ព្រោះគេយល់ថា គេគិតថា អាហ្នឹង (សាដក) បានកុសលផលបុណ្យខ្លាំងណាស់ទៅជាតិមុខ។ចំពោះចម្លាក់ស្រទបចេកនេះបើបងប្អូនណាចាប់អារម្មណ៍ក៏គួរតែអភិរក្សទៅ»៕