
រូបថតសម្រិតសម្រាំងអ្នករស់នៅភ្នំពេញដែលត្រូវយកមកដាក់តាំងពិព័រណ៍ចាប់តាំងពីចុងខែមេសា ដល់ចុងខែឧសភា ។ រូបថត សហការី
ភ្នំពេញ: សហករណ៍រូបថតភ្នំពេញ ឬ «Phnom Penh Photography Collective» ជាក្រុមអ្នកថតរូបនៅក្នុងរាជធានីភ្នំពេញ បានប្រកាសការតាំងពិព័រណ៍ជាក្រុមលើកដំបូងរបស់ពួកគេដែលមានចំណងជើងថា «អ្នកនៅទីក្រុងភ្នំពេញ»។
ការតាំងពិព័រណ៍«អ្នកនៅទីក្រុងភ្នំពេញ»ត្រៀមបង្ហាញភាពទាក់ទាញនៃការរស់នៅរបស់ប្រជាជននិងវប្បធម៌របស់ទីក្រុងភ្នំពេញ ថតដោយអ្នកថតរូបដែលមានទេពកោសល្យប្រមាណ៤០នាក់។
លោកស៊ូន ស៊ូកេមីយ៉ាតាកេ ជាស្ថាបនិកក្រុមសហករណ៍រូបថតភ្នំពេញ បានសម្តែងក្តីរំភើបចំពោះការតាំងពិព័រណ៍នេះថា៖«យើងពិតជារំភើបជាទីបំផុតដែលមានការតាំងពិព័រណ៍រូបថតជាក្រុមដំបូងរបស់យើង។ភ្នំពេញជារាជធានីនៃបេះដូងប្រទេសកម្ពុជាសម្រាប់មនុស្សមកពីទូទាំងប្រទេសកម្ពុជានិងពិភពលោក»។
លោកបន្ដថា៖«យើងសង្ឃឹមថានឹងបង្ហាញភាពចម្រុះនៃទីក្រុងរបស់យើងនិងចាប់យកទស្សនៈប្លែកៗរបស់អ្នករស់នៅ។ យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយ WILD Phnom Penh និងសាលាភាពយន្ត PSE Film School ដើម្បីបង្កើតមិត្តភាពសម្រាប់ការតាំងពិព័រណ៍របស់យើង»។
លោក មីយ៉ាតាកេ បានថ្លែងថា អ្នកថតរូបបានសម្ភាសយ៉ាងហោចណាស់មនុស្សម្នាក់ដែលពួកគេបានជួបនៅតាមផ្លូវ ខណៈការថតរូបរបស់ពួកគេមានគោលដៅចាប់យកទស្សនៈប្លែកៗរបស់អ្នករស់នៅទីក្រុង។
ពិព័រណ៍នេះសហការជាមួយ WILD Phnom Penh និង PSE Film School ហើយគ្រោងនឹងដំណើរការពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២៣ នៅWILD Phnom Penh។
សហករណ៍រូបថតភ្នំពេញ គឺជាក្រុមមនុស្សដែលបានចូលរួមកម្មវិធី Phnom Penh Photo Walk ដែលរៀបចំដោយក្រុម ប៉ុន្តែពួកគេតែងតែស្វាគមន៍អ្នកដែលចូលចិត្តថតរូបដូចគ្នា។
សហករណ៍បានរៀបចំការដើរថតរូបទៅតាម«ប្រធានបទ»ប្រចាំខែនិងបង្ហាញទស្សនៈគួរឱ្យចាប់អារម្មណ៍ពីអ្នកចូលរួមនៅលើបណ្តាញឌីជីថលរបស់ពួកគេ។
ពួកគេក៏មានគម្រោងរៀបចំសិក្ខាសាលានិងបទសម្ភាសន៍ជាមួយអ្នកថតរូបឆ្នើមនៅក្នុងរាជធានីភ្នំពេញ ហើយពួកគេមានគោលបំណងពង្រីកសហគមន៍ដើម្បីរួមបញ្ចូលអ្នកថតវីដេអូ អ្នករចនា អ្នកកាសែត ជាងគំនូរនិងអ្នកបង្កើតមាតិកាគ្រប់ប្រភេទជា«សហករណ៍ច្នៃប្រឌិតរាជធានីភ្នំពេញ»។
លោក មីយ៉ាតាកេ បានបន្តថា៖«អ្នកអាជីពឬអ្នកស្ម័គ្រចិត្តមិនសំខាន់ទេ ប៉ុន្តែពួកគេត្រូវមានចំណង់ចំណូលចិត្តនិងស្រឡាញ់ការថតរូប។កាមេរ៉ាឌីជីថល កាមេរ៉ាអាណាឡូកឬកាមេរ៉ាទូរស័ព្ទ យើងស្វាគមន៍អ្នកថតរូបគ្រប់ប្រភេទ»។
រាជធានីភ្នំពេញសម្បូរទៅដោយភាពចម្រុះនៃមនុស្សមកពីជុំវិញពិភពលោក ហើយមានសហគមន៍រូបថតជាច្រើននៅទីនេះ។ប៉ុន្តែពួកគេផ្តោតលើការប្រកួតប្រជែងជាចម្បង ហើយពួកគេភាគច្រើនបង្កើតកម្មវិធីសម្រាប់អ្នកថតរូបប្រកួតប្រជែងដែលមានកាមេរ៉ាសមរម្យ។
លោកបានបន្ដថា៖ «ដូច្នេះយើងចង់បំពេញចន្លោះនេះ។យើងចង់ដាក់បញ្ចូលមនុស្សគ្រប់រូបទាំងក្នុងស្រុកឬជនបរទេសក្មេង ឬចាស់ ស្ត្រី ឬបុរសជាមួយនឹងចំណង់ចំណូលចិត្តក្នុងការចែករំលែកទស្សនៈប្លែកៗ និងភាពកម្រនៃការរស់នៅរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ»។
សហករណ៍រូបថតភ្នំពេញ កំពុងធ្វើការជាមួយ WILD Phnom Penh និង PSE Film School ដើម្បីសហការគ្នាលើការតាំងពិព័រណ៍ជាក្រុមដំបូងគេគឺ«អ្នកនៅទីក្រុងភ្នំពេញ»។
សហករណ៍បានជ្រើសរើសធ្វើការជាមួយ WILD Phnom Penh ដើម្បីបង្កើតជាទីកន្លែងសម្រាប់ការតាំងពិព័រណ៍របស់ពួកគេបន្ទាប់ពីបានសួរនាំនូវវិចិត្រសាលនិងកន្លែងសិល្បៈផ្សេងៗគ្នាជាច្រើននិងជាមួយសាលា PSE Film ដើម្បីលើកទឹកចិត្តអ្នកទស្សនាឱ្យបរិច្ចាគដើម្បីគាំទ្រអ្នកថតរូប និងផលិតវីដេអូជំនាន់ក្រោយ។
លោកមីយ៉ាតាកេ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«លើសពីនេះបេសកកម្មរបស់ PSE ស្របតាមគុណតម្លៃរបស់សហករណ៍ក្នុងការផ្តល់ឱកាសសិក្សានិងវិជ្ជាជីវៈដល់កុមារកម្ពុជាដែលរស់នៅក្នុងភាពក្រីក្រ»។
អង្គការដើម្បីភាពញញឹមនៃកុមារ(PSE)គឺជាអង្គការមួយដែលមានបេសកកម្មជួយសង្គ្រោះកុមារពីភាពក្រីក្រនិងផ្តល់ឱ្យពួកគេនូវជំនាញនិងឱកាសការងារដែលមានប្រាក់ខែល្អ។
អង្គការPSEផ្តល់កម្មវិធីអប់រំផ្ទាល់ខ្លួនដល់កុមារកម្ពុជាដែលត្រូវការជំនួយដោយផ្តោតលើវិស័យសំខាន់ៗចំនួន៦គឺការអប់រំ អាហារ ការថែទាំសុខភាព ការការពារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនួយគ្រួសារ។
ក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះPSEបានជួយកុមារចំនួន ១២ ៥០០នាក់ទទួលបានការអប់រំនិងការបណ្តុះបណ្តាលដើម្បីរៀបចំពួកគេសម្រាប់អាជីពវិជ្ជាជីវៈ។
ការចូលទស្សនាការតាំងពិព័រណ៍គឺមិនគិតថ្លៃទេ ប៉ុន្តែសហករណ៍ថតរូបភ្នំពេញលើកទឹកចិត្តអ្នកទស្សនាឱ្យបរិច្ចាគដល់សាលាភាពយន្ត PSE ដើម្បីគាំទ្រអ្នកថតរូបនិងផលិតវីដេអូជំនាន់ក្រោយ។
តាមរយៈព្រឹត្តិការណ៍និងសកម្មភាពនាពេលខាងមុខ សហករថតរូបភ្នំពេញសង្ឃឹមថា នឹងរីកចម្រើនជាសហគមន៍ច្នៃប្រឌិតនិងវិវឌ្ឍទៅជាវេទិកាដ៏ទូលំទូលាយមួយដែលមានឈ្មោះថា«សហករណ៍ច្នៃប្រឌិតភ្នំពេញ» ដែលរួមមានអ្នកថតវីដេអូ អ្នករចនា អ្នកកាសែត សកម្មជននិងប្រភេទអ្នកបង្កើតផ្សេងៗទៀត។
លោកមីយ៉ាតាកេ បាននិយាយថា៖«យើងមិនមែនគ្រាន់តែជាសហករណ៍ថតរូបប៉ុណ្ណោះទេ ប៉ុន្តែជាសហគមន៍នៃការច្នៃប្រឌិត។យើងចង់បង្កើតវេទិកាមួយសម្រាប់មនុស្សគ្រប់គ្នាដើម្បីចែករំលែកទស្សនៈប្លែកៗនិងភ្ជាប់ទំនាក់
ទំនងជាមួយមនុស្សដែលមានគំនិតដូចគ្នា។យើងសង្ឃឹមថា នឹងជំរុញទឹកចិត្តអ្នកដទៃឱ្យស្វែងយល់ពីភាពច្នៃប្រឌិតរបស់ពួកគេនិងរីកចម្រើនជាមួយគ្នា»។សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងស្ថាបនិកតាមរយៈmiyatake0930@gmail.com៕