
សកម្មភាពត្បាញកន្ទេលកក់នៅស្រុកពារាំងពីថ្ងៃទី ១០ មេសា។ រូបថត សហការី
កំពង់ចាម/ព្រៃវែងៈ កក់ជាដំណាំមួយប្រភេទ ឬក៏អាចថាជាដំណាំប្រពៃណីរបស់ដូនតាខ្មែរផង ព្រោះដើមរបស់វាគេតែងយកទៅត្បាញជាកន្ទេលដែលហៅថាកន្ទេលកក់។ បច្ចុប្បន្នមានពលរដ្ឋរស់នៅខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម និងពលរដ្ឋរស់នៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កំពុងដាំដំណាំកក់ និងត្បាញជាកន្ទេលលក់ដែលអាចរកកម្រៃបន្ថែមលើរបរធ្វើស្រែបានផងដែរ។
ស្ថិតក្នុងសភាពមិននៅមួយកន្លែង ម្តងឱន ម្តងងើប ដែលដៃខាងស្ដាំកំពុងកាន់កណ្ដៀវ ខណៈដៃឆ្វេងក្តាប់ត្រកងរុក្ខជាតិពណ៌ខៀវដែលដើមរបស់វាមានទម្រង់វែងជាងដើមស្រូវបន្ដិច នោះហើយគឺជាបុរសអ្នកដាំកក់ម្នាក់ដែលរស់នៅក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពា-រាំង ខេត្តព្រៃវែង។
បុរសរូបនេះឈ្មោះ ហឿង វុទ្ធី អាយុ ៤៨ ឆ្នាំ ដែលមានប្រពន្ធនិងមានកូនប្រុសចំនួន ២ នាក់ ហើយកូនច្បងអាយុ ២៥ ឆ្នាំ។លោកបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រៅពីធ្វើជាប្រធានភូមិ លោកក៏ជាកសិករដាំកក់ម្នាក់ដែរ ហើយរបរដាំកក់នេះបានបន្តមកជាច្រើនជំនាន់មកហើយ ពោលគឺជាមុខរបរតំណពីដូនតាមកម្ល៉េះ។នៅក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋជាង ២០០ គ្រួសារ ដែលក្នុងនោះមានជាង ៦០ គ្រួសារបានប្រកបរបរដាំកក់បន្ថែមពីលើរបរធ្វើស្រែ។
លោកបានឱ្យដឹងថា លោកមានដីស្រែចំនួន ៣០ អា និងមានទីតាំងដីផ្សេងៗគ្នា ហើយជារៀងរាល់ឆ្នាំទាំងគ្រួសាររបស់លោកក៏ដូចជាអ្នកភូមិផ្សេងមួយចំនួនទៀត តែងតែចាប់ផ្តើមដាំកក់នៅរដូវទឹកសម្រកដោយចាប់ផ្តើមពីខែសីហា ឬខែកញ្ញាទៅ។
ចំពោះរបៀបដាំកក់វិញ លោកបានប្រាប់ថា មុនដំបូងគេយកគ្រាប់កក់ដែលបេះទុកកាលពីដាំលើកមុនៗយកទៅបាចលើថ្នាលរហូតបានប្រហែល ១០ថ្ងៃ វាក៏ដុះបានពន្លកប្រវែងពី ១ តឹកទៅ ២ តឹក ទើបគេដកវាយកទៅផ្សាំរហូតដើមកក់លូតត្រឹមជង្គង់មនុស្សចាស់់ បន្ទាប់មកគេក៏ដកវាយកទៅស្ទូងម្តងទៀត។ក្រោយពីស្ទូងបានរយៈពេលពីកន្លះខែទៅ១ ខែ ទើបបានបាចជីដែលការប្រើជីនេះគឺអាស្រ័យទៅលើអ្នកដាំជ្រើសរើស។
លោក វុទ្ធី បានបន្តថា នៅពេលដែលដើមកក់លូតលាស់ល្អហើយ អ្នកដាំត្រូវមើលថែទាំទឹកកុំឱ្យខ្វះពីក្នុងស្រែដោយទុករយៈពេលចន្លោះពីជាង ១ ខែទៅ ២ ខែ ទើបបានគេច្រូតរួចកាត់តម្រឹមចុងដែលដើមកក់ខ្លះមានប្រវែង ១ ម៉ែត្រ ១ តឹក ឬអាច ១ ម៉ែត្រកន្លះ ហើយបានយកវាទៅច្រៀកជាចម្រៀកៗរួចគេយកទៅហាលថ្ងៃឱ្យស្អួតល្អ និងចងជាបាច់យកទៅទុកដើម្បីជ្រលក់ពណ៌សម្រាប់ត្បាញធ្វើជាកន្ទេល។មុនត្បាញកន្ទេលគេត្រូវយកវាទៅជ្រលក់ពណ៌ដែលស្ងោរនៅក្នុងខ្ទះដោយពណ៌ខ្លះបៃតង ពណ៌ខ្លះក្រហម លឿង និងពណ៌ខ្មៅជាដើម។
បើតាមលោក វុទ្ធី កន្ទេលកក់មានខ្នាតរបស់វា ហើយអ្នកត្បាញក៏ផលិតតម្រូវទៅតាមការបញ្ជាទិញពីឈ្មួញដែរដែលមានខ្នាតខ្លះគេត្រូវការប្រវែង ១ម៉ែត្រកន្លះ ខ្លះ ១ ម៉ែត្រ ៤ តឹក ខ្លះ ១ ម៉ែត្រ ២ តឹក និងខ្លះទៀត ១ ម៉ែត្រ ១ តឹក។ចំពោះការលក់ដុំឱ្យម៉ូយ បើកន្ទេលខ្នាត ១ ម៉ែត្រកន្លះ ថ្លៃ៨ម៉ឺនរៀល តែបើអតិថិជនមកទិញផ្ទាល់អាចលក់បានថ្លៃ ១០ ម៉ឺនរៀលដែរ។ បច្ចុប្បន្ននៅពេលត្បាញរួចភ្លាមគឺមានម៉ូយជាឈ្មួញកណ្ដាលមកទទួលទិញអស់ៗ ហើយពេលខ្លះម៉ូយទាំងនោះដណ្តើមគ្នាទិញក៏មាន។
រីឯឈ្មួញកណ្តាលមិនមែនមកពីក្រៅទេគឺជាអ្នកនៅក្នុងភូមិតែម្តង ព្រោះគាត់ទិញយកទៅបោះលក់ឱ្យម៉ូយគាត់បន្តទៀត។លោកបាននិយាយថា៖ «របរនេះហត់ តែវាបានកម្រៃគ្រាន់បើដែរ ហើយពេលយើងទំនេរយើងមានតែធ្វើអាហ្នឹងទៅ។របរដាំកក់ត្បាញកន្ទេលនេះអាចរកកម្រៃបានសមល្មមគ្រាន់ផ្គត់ផ្គង់ជីវភាពបន្ថែមពីលើការធ្វើស្រែដែលយើងមិនបាច់ធ្វើចំណាកស្រុកទៅឆ្ងាយ។ បើយើងទៅធ្វើសំណង់ក៏ពិបាកដែរ តែនេះយើងម្ចាស់ការខ្លួនឯង»។
បើតាមលោកប្រធានភូមិរូបនេះ ចំពោះការដាំកក់មូល និងរបរត្បាញកន្ទេលនៅក្នុងភូមិរបស់លោកបច្ចុប្បន្ននេះកំពុងតែមានដំណើរការទីផ្សារល្អ។
ម្យ៉ាងអ្នកភូមិនៅតែថែអាចអភិរក្សបានលើមុខរបរជាប្រពៃណីរបស់ដូនតាមិនបាត់បង់ឡើយ ព្រោះមនុស្សពី ១ ជំនាន់ទៅ ១ ជំនាន់គឺបង្រៀនកូនចៅតៗគ្នារហូតមក។ បើតាមលោកសង្កេតឃើញថា នៅព្រែកតាមាក់ ក៏មានត្បាញកន្ទេលដែរ តែកន្ទេលខាងភូមិលោកសាច់ក្រាស់ល្អ ហើយស្អាតយើងដេកក៏ត្រជាក់សាច់ផង។
លោកបានបញ្ជាក់ថា៖ «កន្ទេលភូមិខ្ញុំ គឺអ្នកខ្លះយកទៅខេត្តផ្សេងៗដូចជា រាជធានីភ្នំពេញ ខេត្តក្រចេះ រតនគិរី មណ្ឌលគិរីទៅខាងខេត្តលើៗវិញ។ នៅក្នុងខេត្តព្រៃវែងខ្ញុំក៏មានគេដើរលក់នៅតាមភូមិដែរ ព្រោះគេចូលចិត្តប្រើដែលអ្នកខ្លះគេមិនប្រើពូកទេ គេប្រើកន្ទេលព្រោះដេកទៅត្រជាក់»។
ដោយឡែកអ្នកស្រី ឈួន នៅ អាយុ ៧៥ ឆ្នាំ រស់នៅក្នុងភូមិជាមួយលោក វុទ្ធី ដែរនោះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា អ្នកស្រីពីមុនក៏ជាអ្នកដាំកក់ត្បាញកន្ទេលម្នាក់ដែរ តែបច្ចុប្បន្នអ្នកស្រីឈប់ធ្វើការងារនេះហើយ ដោយគ្រាន់តែបានបង្ហាត់បង្រៀនដល់កូនស្រីរបស់អ្នកស្រី ២ នាក់ទៀតប៉ុណ្ណោះ ហើយពេលនេះពួកគេក៏កំពុងប្រកបរបរនេះផងដែរ ដោយជាទូទៅក្នុង ១ ថ្ងៃ គេអាចត្បាញកន្ទេលបានចន្លោះពី ១ ទៅ ២ ដែលមានខ្នាតពី ១ ម៉ែត្រ ទៅ ១ ម៉ែត្រកន្លះ។
លោក ឈាង ស៊ាវី ជាមេឃុំ កំពង់ពពិលបានឱ្យភ្នំពេញប៉ុស្ដិ៍ដឹងថា នៅក្នុងឃុំរបស់លោកមាន ៥ ភូមិ ដែលប្រជាពលរដ្ឋមានមុខរបរដាំកក់ និងត្បាញកន្ទេល តែក្នុងចំណោមភូមិទាំងនោះ គឺមានភូមិខ្លះដាំកក់ច្រើនគ្រួសារ និងភូមិខ្លះដាំតិចគ្រួសារទេ។ លោកបានឱ្យដឹងទៀតថា មុខរបរនេះបានធ្វើឱ្យជីវភាពរបស់ពួកគាត់បានធូរធារមួយកម្រិតដែរ បន្ទាប់ពីរបរធ្វើស្រែ និងរបរដាំឈូក ហើយបើតាមលោកដឹងគឺរបរដាំកក់នេះ ជាការងារមួយធូរស្រាលជាងការធ្វើស្រែ។
លោកបានថ្លែងថា៖ «ប៉ុន្តែគាត់មិនបានធ្វើជាលក្ខណៈទ្រង់ទ្រាយធំដូចស្រូវទេ បើស្រូវធ្វើធំ ដែលនេះជារបររួមផ្សំ តែបើស្រូវគាត់ធ្វើ ១ ឆ្នាំ ជួនកាល ២ដង និងពេលខ្លះរហូតដល់ ៣ ដងឯណោះ ព្រោះមានបឹងជាប្រភពមេទឹក»។
ដោយឡែកអ្នកស្រី ស៊ីវ ម៉េង អាយុ ៤៥ ឆ្នាំ ដែលកំពុងរស់នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាមក៏បានឱ្យដឹងដែរថា នៅក្នុងភូមិឃុំរបស់អ្នកស្រី ក៏មានអ្នកដាំកក់មូល និងត្បាញកន្ទេលដែរ តែអ្នកស្រីជាឈ្មួញកណ្តាលចាំទទួលទិញលក់បន្តប៉ុណ្ណោះ។
ចំពោះអ្នកត្បាញកន្ទេលនៅក្នុងភូមិរបស់អ្នកស្រី ហាក់មិនចង់ត្បាញទៀតទេ ដោយសារលក់បានតម្លៃថោកពេកដែលកន្ទេល ១ មានខ្នាត ១ ម៉ែត្រ ៤តឹក លក់បានថ្លៃតែ ៦ ម៉ឺនរៀលប៉ុណ្ណោះ តែសាច់កន្ទេលគាត់ត្បាញក្រាស់ហើយស្អាតទៀត។ទោះយ៉ាងណាក៏ហាងឆេងកន្ទេលខ្មែរដែលអ្នកស្រីលក់ចេញនៅតែថេរមិនក្រោម ៨ ម៉ឺនរៀលឡើយ ហើយមានពេលខ្លះអាចឡើងថ្លៃដល់ ១០ ម៉ឺនរៀលក៏មានដែរ។
ចំពោះកន្ទេលកក់វាគ្រាន់បើជាងកន្ទេលជ័រឆ្ងាយណាស់ ដោយសារកន្ទេលជ័រពេលដេកទៅវាក្តៅ តែសម្រាប់កន្ទេលកក់ខ្មែរវិញវាត្រជាក់ហើយបើគេដេកយូរទៅសាច់កន្ទេលក៏វារឹតតែរលោងល្អទៀតផង។អ្នកស្រី បានបន្ថែមទៀតថា៖ «កន្ទេលដែលខ្ញុំលក់នៅក្នុងស្រុកកងមាសដាច់គ្រាន់បើដែរនិងតែងមានអតិថិជននៅទីរួមខេត្តកំពង់ចាមមកទិញ តែពេលនេះ ខ្ញុំអត់មានកន្ទេលលក់ទេ ព្រោះអ្នកត្បាញគាត់ផ្អាកទៅធ្វើស្រែសិន»៕