
ការកិនកម្ទេចដើមប្រេងខ្យល់ (ឆ្វេង) ឡដុត (លើស្ដាំ) និងធ្យូងសរីរាង្គដែលផលិតបាន។ រូបថត សហការី
កំពង់ស្ពឺៈ ការចម្អិនម្ហូបអាហារជាតម្រូវការចាំបាច់ដែលមនុស្សទូទៅតែងប្រើមធ្យោបាយតាមលទ្ធភាពរៀងៗខ្លួន។តាមការកត់សម្គាល់បច្ចុប្បន្ន ថ្វីបើមាននិន្នាការនៃការប្រើហ្គាស ឬអគ្គិសនីដើម្បីចម្អិនម្ហូបច្រើនក៏ដោយ ក៏គេមិនទាន់អាចបោះបង់ការប្រើធ្យូងបាននៅឡើយដែរ ហេតុដូច្នេះហើយបានជាអ្នកប្រកបរបរផលិតធ្យូងតែងមានទីផ្សារជាហូរហែ។
ដោយមើលឃើញពីតម្រូវការធ្យូងនៅតែមានបែបនេះ ទើបបានជាអតីតនិស្សិតបរិញ្ញាបត្រផ្នែកស្ថាបត្យកម្មម្នាក់បានសុខចិត្តបោះបង់ជំនាញដែលខ្លួនបានរៀនហើយចាប់យកអាជីពដុតធ្យូងដែលកែច្នៃពីដើមប្រេងខ្យល់យកមកលក់តាមទីផ្សារក្នុងស្រុក ហើយគ្រោងនឹងលក់ទៅបរទេសទៀតផង។ «ខ្ញុំប្រើប្រាស់ដើមប្រេងខ្យល់ដើម្បីកែច្នៃដុតជាធ្យូងគឺបំណងកាត់បន្ថយការប្រើប្រាស់ព្រៃឈើធម្មជាតិរបស់យើង។ ខ្ញុំចង់ឱ្យអ្នកចម្អិនម្ហូបអាហារងាកមកប្រើប្រាស់ធ្យូងកែច្នៃនេះវិញដើម្បីជួយរក្សាបរិស្ថានព្រៃឈើទាំងអស់គ្នា»។នេះជាការលើកឡើងរបស់លោកលី សុវណ្ណដា អាយុ ២៩ ឆ្នាំរស់នៅភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក សុវណ្ណដា បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមានបរិញ្ញាបត្រជំនាញស្ថាបត្យកម្ម តែលោកមិនបានយកជំនាញរបស់លោកមកប្រើប្រាស់ទេ។ ផ្ទុយទៅវិញលោកបែរជាចាប់យកអាជីពដុតធ្យូងជំនួសវិញដោយធ្យូងរបស់លោកហៅថាធ្យូងសរីរាង្គ។មូលហេតុដែលលោកចាប់យកអាជីពដុតធ្យូងក៏ដោយសារលោកសម្លឹងឃើញថា ការប្រើប្រាស់ធ្យូងភាគច្រើនរបស់ប្រជាពលរដ្ឋនៅតែមានតម្រូវការ បើទោះជាមានការជំនួសដោយការប្រើអគ្គិសនីឬហ្គាសដើម្បីចម្អិនម្ហូបអាហារក្តី។
លោកបន្តថា ម្យ៉ាងវិញទៀតលោកកែច្នៃធ្យូងសរីរាង្គនេះឡើងក៏ចង់ជំនួសការប្រើប្រាស់ធ្យូងព្រៃផងដែរ ហើយជាធម្មតាភាគច្រើនអ្នកដុតធ្យូងបានយកឈើព្រៃមកដុត។ ចំណែកលោកវិញគឺយកតែដើមប្រេងខ្យល់ដែលដាំនៅតាមភូមិប៉ុណ្ណោះមកកែច្នៃជាធ្យូងដែលគោលបំណងធំរបស់លោក គឺគ្រាន់តែចូលរួមកាត់បន្ថយពីការកាប់បំផ្លាញព្រៃឈើធម្មជាតិតែប៉ុណ្ណោះ។
លោកប្រាប់ថា៖ «ដើមប្រេងខ្យល់ជាប្រភេទឈើដាំហើយក៏មិនមានដុះនៅក្នុងព្រៃដែរ។ ធម្មតាបើមានអ្នកត្រូវការប្រើប្រាស់ធ្យូងព្រៃច្រើនក៏រឹតតែជំរុញឱ្យអ្នកដុតធ្យូងចូលព្រៃកាប់ឈើដើម្បីដុតធ្យូង។ តែបើមានអ្នកស្គាល់ និងប្រើប្រាស់ធ្យូងរបស់លោកច្រើននោះ តម្រូវការធ្យូងព្រៃក៏កាត់បន្ថយ ហើយអ្នកដែលធ្លាប់ចូលព្រៃកាប់ឈើយកមកដុតធ្វើធ្យូងក៏ធ្លាក់ចុះដែរ។ នេះហើយជាបំណងចង់ចូលរួមរក្សាព្រៃឈើធម្មជាតិរបស់ខ្ញុំ»។
បើតាមលោក សុវណ្ណដា ចំពោះអាយុដើមប្រេងខ្យល់ដែលត្រូវយកមកកែច្នៃធ្វើធ្យូងគឺមិនកំណត់ទំហំទេ ពោលគឺអាស្រ័យតាមដើមដែលអាចយកមកប្រើការបាន ដែលអាចមុខកាត់ចាប់ពី ១ តឹកឡើងទៅ។ចំពោះបច្ចេកទេសកែច្នៃធ្យូងវិញគឺមុនដំបូងកាត់ច្រៀកដើមប្រេងខ្យល់ជាកំណាត់ៗរួចហើយយកទៅកិនឱ្យល្អិតដូចអាចម៍រណារ។បន្ទាប់មកយកភាគល្អិតនៃកម្ទេចឈើទាំងនោះទៅសម្ងួតនឹងម៉ាស៊ីនឱ្យស្ងួតល្អទើបបានយកគាបទៅជាអុសទំហំចាប់ពី ៤ តឹកទៅកន្លះម៉ែត្រ ទើបយកទៅដុតក្នុងឡដែកដើម្បីកែច្នៃឱ្យក្លាយទៅជាធ្យូង។ វត្ថុធាតុដើមទាំងនេះលោកបានប្រមូលទិញពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្បែរៗនោះដែលពួកគាត់ដាំនៅតាមភូមិដោយក្នុង ១ ម៉ែត្រគុបតម្លៃចន្លោះពី ៦ ម៉ឺនទៅ ៧ ម៉ឺនរៀល។
លោកបានឱ្យដឹងទៀតថា ធ្យូងសរីរាង្គរបស់លោកជាប្រភេទធ្យូងដែលមានកម្តៅចំហេះក្ដៅជាងប្រភេទធ្យូងផ្សេងៗដែលតាមការដុតពិសោធរបស់លោកប្រើម៉ាស៊ីនឃើញថា កម្តៅរបស់វាឡើងដល់ ៨០០ អង្សារឯណោះ។
ចំណែកឯផេះរបស់វាវិញគឺមានកម្រិតតិចជាងធ្យូងធម្មតា ពិសេសធ្យូងសរីរាង្គនេះ ពេលឆេះគ្មានផ្សែងទេ។បច្ចុប្បន្ននេះធ្យូងរបស់លោកមានទីផ្សារនៅខេត្តព្រះសីហនុនិងនៅភ្នំពេញ ហើយភាគច្រើនម៉ូយបានទិញយកទៅអាំងសាច់លក់នៅតាមហាង។
បើតាម លោក វណ្ណដា សម្រាប់ធ្យូងសរីរាង្គរបស់លោកមានលក្ខណៈខុសពីធ្យូងធម្មតាដែលធ្យូងធម្មតាមិនត្រូវការបច្ចេកទេសផលិតស្មុគស្មាញទេ។ប៉ុន្តែធ្យូងសរីរាង្គរបស់លោកទាមទារឱ្យអ្នកផលិតមានបច្ចេកទេសខ្ពស់ដែលធ្វើឱ្យងាយស្រួលបង្កាត់ឆាប់ឆេះ គ្មានផ្សែងហុយ និងមានកម្តៅក្តៅខ្លាំងដែលអាចកាត់បន្ថយការដុត ហើយបើធ្យូងធម្មតាប្រើ ១ គីឡូក្រាម គឺធ្យូងសរីរាង្គប្រើតែកន្លះគីឡូក្រាមប៉ុណ្ណោះ។
ម្យ៉ាងវិញទៀតយើងត្រូវដឹងពីសំណើមអាចម៍រណារ ដោយត្រូវដឹងថា ប្រភេទសាច់ឈើរបៀបម៉េចទើបអាចយកមកកែច្នៃជាធ្យូងសរីរាង្គនេះមានគុណភាពល្អ។ចំពោះជំនាញបច្ចេកទេសផលិតគឺលោកបានសិក្សាពីអ្នកជំនាញជនជាតិចិន និងបានសិក្សាស្រាវជ្រាវខ្លួនឯងខ្លះ។
លោកបញ្ជាក់ថា ក្នុង ១ ថ្ងៃ សិប្បកម្មរបស់លោកអាចផលិតធ្យូងសរីរាង្គបានចន្លោះពីកន្លះតោនទៅ ១ តោនដែលទំហំផលិតនេះអាចផ្គត់ផ្គង់លើទីផ្សារខេត្តព្រះសីហនុនិងរាជធានីភ្នំពេញបានគ្រប់គ្រាន់។ចំពោះតម្លៃវិញធ្យូងរបស់លោក ១ កេស ទម្ងន់ ១០ គីឡូក្រាម លក់ក្នុងតម្លៃ ៦ ដុល្លារកន្លះ តែបើ ១ គីឡូក្រាមតម្លៃ ២ ៦០០ រៀល ខណៈធ្យូងព្រៃធម្មតា ១ គីឡូក្រាមថ្លៃតែ ១ ៥០០ រៀលប៉ុណ្ណោះ។ តាមគម្រោងធ្យូងរបស់លោកក៏គ្រោងនាំចេញទៅជប៉ុន និងប្រទេសកូរ៉េផងដែរនៅពេលខាងមុខ។
លោក វណ្ណដា ប្រាប់ថា ធ្យូងសរីរាង្គរបស់លោកក៏មានការគាំទ្រពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានិវត្តន៍ ខេត្តកំពង់ស្ពឺដែរដូចជា ការជួយលើកទឹកចិត្តហៅទៅចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ផ្សេងៗទាំងនៅក្នុងខេត្តផ្ទាល់ទាំងនៅតាមខេត្តក្នុងប្រទេសកម្ពុជា។ «បញ្ហាប្រើធ្យូងនេះខ្ញុំមិនមែនឱ្យបងប្អូនងាកមកប្រើធ្យូងខ្ញុំទេតែក៏សូមបងប្អូនគិតពីការប្រើប្រាស់ធ្យូងធម្មជាតិ ព្រោះវាជាការកាប់បំផ្លាញព្រៃឈើហើយគួរងាកមកប្រើធ្យូងកែច្នៃវិញដើម្បីរួមគ្នាជួយបរិស្ថានព្រៃឈើយើង»។
ទាក់ទងនឹងការងារសិប្បកម្មនេះដែរ លោកស្រី តាំង គឹមចេង មេឃុំអូរ ក្នុងស្រុកភ្នំស្រួចបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំពោះសិប្បកម្មកែច្នៃធ្យូងសរីរាង្គដែលម្ចាស់សិប្បកម្មបានយកដើមប្រេងខ្យល់ដាំនៅក្នុងភូមិមកដុតជាធ្យូងនេះ ក៏ជាការជ្រើសរើសវិធីល្អមួយរបស់គាត់ដែរ ព្រោះគាត់មិនបានចូលព្រៃកាប់ឈើបំផ្លាញព្រៃឡើយ។ ជំនួសមកវិញក្នុងឃុំអូរនេះមានចម្ការដើមប្រេងខ្យល់ ៣០ ហិកតា តែលោកស្រីមិនដឹងថាខាងសិប្បកម្មដុតធ្យូងរបស់លោកលី សុវណ្ណដា ទិញពីចម្ការនោះឬយ៉ាងណាទេ។
លោកស្រីថា៖ «ក្នុងនាមអាជ្ញាធរមូលដ្ឋានខ្ញុំលើកទឹកចិត្តគាត់ឱ្យធ្វើបែបនេះដើម្បីរួមគ្នារក្សាបរិស្ថានព្រៃឈើរបស់យើង។នៅក្នុងឃុំអូរមានគេដាំដើមប្រេងខ្យល់ ៣០ ហិកតាដែរ ហើយខ្ញុំឃើញអ្នកធ្លាប់ដុតធ្យូងដែលតែងតែចូលព្រៃកាប់ឈើ ឥឡូវគាត់ដើរកាប់ដើមអំពិលជូរអីមកដុតធ្វើធ្យូងដែរហើយ»។
លោក ស្រ៊ុន មករា មន្ត្រីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពាក់ព័ន្ធនឹងសិប្បកម្មកែច្នៃធ្យូងសរិរាង្គដែលស្ថិតនៅក្នុងភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួចនោះ ម្ចាស់សិប្បកម្មមិនធ្វើឱ្យប៉ះពាល់ឬខុសច្បាប់អ្វីទេ។ «គាត់យកដើមប្រេងខ្យល់មកកែច្នៃហើយខ្ញុំព្រមទាំងក្រុមការងារនៃមន្ទីរឧស្សាហកម្ម ធ្លាប់ចុះទៅដល់សិប្បកម្មគាត់ដែរ»៕