សៀមរាបៈ តម្បាញ​សូត្រ​​មាស​ខ្មែរ មានដូចជា​ផលិតផល​សំពត់សូត្រ អាវ​សូត្រ និង​ក្រមា​សូត្រ​ជាដើម ដែលជា​កេរ​មរតក​វាយ​ន​ភណ្ឌ​ប្រពៃណី​របស់​ខ្មែរ ធ្លាប់មាន​ប្រវត្តិ​ល្បីល្បាញ​ជា​យូរ​មកហើយ បច្ចុប្បន្ន​នៅមាន​តិច​នៅលើ​ទីផ្សារ ខណៈ​ការចិញ្ចឹម​ដង្កូវ​នាង​យក​សូត្រ ស្ទើរតែ​បាត់បង់​អស់​ទៅហើយ​។​

​ផលិតផល​ដែល​ច្នៃ​ពី​សូត្រ​ខ្មែរ តែង​ត្រូវបានគេទទួលស្គាល់ និង​ពេញនិយម ប្រើប្រាស់​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ទោះបីជា​សូត្រ​ខ្មែរ​មានការ​ទទួលស្គាល់ និង​ល្បីល្បាញ​យ៉ាងណាក៏ដោយ តែ​ផលិតផល​មួយចំនួន​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន ពុំមែន​ជា​ផលិតផល​ដែល​ច្នៃ​ចេញ​ពីសរ​​សៃ​សូត្រ​ខ្មែរ​នោះទេ ខណៈដែល​បច្ចុប្បន្ន​ការផលិត​សូត្រ​ខ្មែរ​មាន​តិច​។​

​អ្នកស្រី ម៉ន សារឿ​ត ម្ចាស់​សិប្បកម្ម Khmer Golden Silk ដែល​ច្នៃ​សូត្រ​មាស​ខ្មែរ​ទៅជា​ផលិតផល​ផ្សេងៗ​ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប និង​ខេត្ត​បន្ទាយ​មានជ័យ​បានឱ្យដឹងថា សូត្រ​ខ្មែរ​មាន​លក្ខណពិសេស​ខ្លាំងណាស់ តែ​ក៏​ពិបាក​ផលិត និង​ចំណាយពេល​យូរ ហើយ​បច្ចុប្បន្ននេះ ទោះបី​ជំងឺ​កូ​វីដ ១៩ ​ត្រូវបាន​ទប់​ស្កាត់​ដោយ​ជោគជ័យ​ហើយ​ក្តី តែ​តម្រូវការ​នៃ​សូត្រ​ខ្មែរ គឺ​មិនទាន់​ត្រឡប់​មករក​ភាពប្រក្រតី​ដូចដើម​វិញ​ទេ​។​

​អ្នកស្រី ម៉ន សារឿ​ត បាន​ឱ្យដឹងពី​លក្ខណពិសេស និង​មូល​​ហេតុដែល​ធ្វើឱ្យ​សូត្រ​ខ្មែរ​មានតម្លៃ​ថ្លៃ​បែបនេះ​ថា​៖ «​ទី​១ សូត្រ​ខ្មែរ ឬ​សូត្រ​ក្នុង​តំបន់​ខ្ញុំ គឺមាន​ពណ៌​មាស​តែម្ដង ទី​ ២​ គឺ​ទាក់ទង​នឹង​ការផលិត​ការចិញ្ចឹម​ដង្កូវនាង​គឺ​ទាមទារ​អនាម័យ​ខ្ពស់ តាមបែប​ធម្មជាតិ និង​ការ​ស្រាយ​សូត្រ​គឺ​ទាមទារ​ភាព​អត់ធ្មត់​ខ្ពស់ រួមទាំង​ចំណាយ​ពេលវេលា​យូរ​ផងដែរ ហើយ​នៅពេលដែល​ច្នៃ​វា​ទៅជា​ផលិតផល គឺ​វា​ទាមទារ​ដំណាក់កាល និង​ពេលវេលា​យូរ​ទៀត​»​។​

​អ្នកស្រី​បាន​បន្តថា​៖ «​និយាយ​ទៅ​គឺ​យើង​នៅតែ​ប្រើ​បែប​បុរាណ​ទាំងអស់ ដោយ​ដៃ​ទាំងអស់ ប្រើ​កម្លាំង រយៈពេល​យូរ និង​ការអត់ធ្មត់​ខ្លាំង​មែនទែន ហើយ​អ្វីដែល​កាន់តែ​លំបាក​គឺ​យើង​មិនមាន​ជា​គ្រឿង​ម៉ាស៊ីន ជា​ជំនួយ​ទេ រាល់​ឧបករណ៍​ទាំងអស់ គឺ​បុរាណ​តែម្ដង​»​។​

​អាជីវករ​ដើមកំណើត​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បាន​បន្ត​ឱ្យដឹងទៀតថា ពេលវេលា​នៃ​ការផលិត​គឺ​អាស្រ័យទៅលើ​ផលិតផល ឧទាហរណ៍​ដូចជា​ភួយ គឺ​ត្រូវការ​ពេល​ចន្លោះ​ពី ១​ ថ្ងៃ​ដល់ ៣​ ថ្ងៃ ចំណែក​ផលិតផល​ផ្សេងទៀត​ក៏​ដូចគ្នា គឺ​អាស្រ័យទៅលើ​ម៉ូដ​របស់​វា ដែល​ម៉ូដ​ខ្លះ​អាច​ត្រូវការ​ពេល​យូរ​ខ្លាំង​មែន​ទែន​។ ជុំវិញ​តម្រូវការ​នៃ​ផលិត​​ផល​សូត្រ​ខ្មែរ​នាពេលនេះ​ម្ចាស់​អាជីវកម្ម​សូត្រ​ដែល​ដំណើរការ​ជាង ១០ ​ឆ្នាំ មកហើយ​រូបនេះ​បាន​ឱ្យដឹងពី​ចំនួន​នៃ​តម្រូវការ​ថា ចាប់តាំងពី​ការមកដល់ និង​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩ តម្រូវការ​មានការ​ថយចុះ​មែនទែន គឺ​មិនទាន់​ត្រឡប់​មករក​ភាពប្រក្រតី​ដូចដើម​វិញ​ទេ​។

​ជាមួយគ្នានេះ​អ្នកស្រី ម៉ន សារឿ​ត បាន​សំណូមពរ​ថា​៖ «​ខ្ញុំ​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រួម​គាំទ្រ​ផលិតផល​ខ្មែរ ព្រោះ​ផលិតផល​ខ្មែរ​ពិត​មាន​មិន​ច្រើន​ទេ ខ្ញុំ​ដឹងថា ផលិតផល​ខ្មែរ​មានតម្លៃ​ខ្ពស់​បន្តិច ប៉ុន្តែ​វា​ពិបាក​ក្នុង​ការផលិត ប្រើ​កម្លាំងចិត្ត ប្រើ​ទឹក​ចិត្ត​ក្នុង​ការផលិត អ្វីដែល​សំខាន់​មុនពេល​យើង​អាច​ចេញ​ជា​ផលិតផល​មួយ​គឺ​ត្រូវ​ចំណាយពេល​យូរ អ៊ីចឹង​ហើយ​ខ្ញុំ​ចង់ឱ្យ​បងប្អូន​ខ្មែរ​ព្យាយាម​យល់​ពី​ផលិតផល​ខ្មែរ​»​។

​បច្ចុប្បន្ននេះ សិប្បកម្ម​របស់​អ្នកស្រី​ ម៉ន សារឿ​ត ច្នៃ​ផលិតផល​ជាច្រើន​ដូចជា ភួយ ខ្នើយ ក្រមា មាន​ទាំង​ក្រណាត់​ដែល​អាច​យកទៅ​កាត់​ជា​ខោ​​អាវ​បាន និង​អាច​ច្នៃ​ទៅជា​របស់​ប្រើប្រាស់​ផ្សេងទៀត​ដូច​ជាកា​បូ​ប​ដៃ​ស្ត្រី​ដែល​ច្នៃ​ចេញ​ពីសរ​​សៃ​សូត្រ​តែម្តង​។​

​គួរ​ជម្រាបជូន​ថា ក្នុងឱកាស​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ អ្នកស្រី​ម៉ន សារឿ​ត ក៏បាន​ដាក់​ស្តង់​លក់​ផលិតផល​របស់​អ្នកស្រី​ផងដែរ ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​ពី​ផលិត​ផល​ខ្មែរ និង​ទាញ​ចំណូល​ខ្លះ​ពី​ព្រឹត្តិការណ៍​មួយ​នេះ​៕