
លោក អាំង ជូលាន ជានរវិទូនិងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ រូបថត សហការី
ភ្នំពេញៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងប្រគល់គ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» ជូនលោក អាំង ជូលាន ដែលជានរវិទូនិងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសម្រាប់និទាឃរដូវឆ្នាំ ២០២២ បន្ទាប់ពីការទទួលបានពានរង្វាន់ «Fukuoka Grand Prize» កាលពីឆ្នាំ ២០១១។
លិខិតអញ្ជើញអ្នកសារព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ពិធីប្រគល់គ្រឿងឥស្សរិយយសនោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ក្រោមវត្តមានរបស់ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក សឺន ស៊ូប៊ែរ្តិ៍ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ។
ស្ថានទូតជប៉ុន បានលើកឡើងថា ការប្រគល់គ្រឿងឥស្សរិយយសនោះ សម្រាប់ការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក អាំង ជូលាន ក្នុងកិច្ចការជំរុញការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលធ្វើជាវាគ្មិនក្នុងទិវាអំណានលើកទី៨ កាលពីថ្ងៃទី១១ ខែមីនា លោក អាំង ជូលាន បានរំឭកនូវមូលហេតុដែលនាំឱ្យលោកទទួលបានពានរង្វាន់ពីរដ្ឋាភិបាលជប៉ុន គឺផ្តើមចេញពី «អំណានជាមូលដ្ឋានគ្រឹះ»។
ក្នុងន័យបន្ទាបខ្លួន ឬដាក់ខ្លួនមិនអួតអាងដោយសារបានទទួលគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលជប៉ុន លោកជូលាន បានប្រាប់អ្នកចូលរួមថា ក្នុងឆ្នាំ២០២២ លោកទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលជប៉ុន ប៉ុន្តែដោយសារការអវត្តមានរបស់លោកក្នុងពេលធ្វើពិធីប្រគល់ជូន ស្ថានទូតជប៉ុនក៏បង្វែរមកធ្វើពិធីក្នុងឆ្នាំ២០២៣ នេះវិញ។
លោក អាំង ជូលាន បញ្ជាក់ថា៖«បានជាខ្ញុំនិយាយរឿងនេះ ជាថ្មីម្តងទៀត មិនមែនដើម្បីអួតអាងខ្លួនឯងទេ គឺ រង្វាន់ទាំងអស់នោះ គេថា មកពីខ្ញុំ ព្រះករុណាខ្ញុំនេះ ជួយជំរុញឱ្យមិត្តភាព វិស័យវប្បធម៌ រវាងជប៉ុន និងខ្មែរកាន់តែជឿនលឿនទៅមុខអីនោះ។ តាមពិតមិនមែនជាបែបនោះប៉ុន្មានទេ។ មិនមែនមានឆន្ទៈ ដោយគិតថា អូហ៍! ទៅពង្រឹងមិត្តភាពខ្មែរ-ជប៉ុននោះទេ។ ម្យ៉ាងខ្ញុំគ្មានតួនាទី នៅក្នុងរាជការបន្តិចផងទេ។ តាមពិត មកពីការអាននេះ!»។
លោក ជូលាន បានលើកឡើងថា លោកបានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងនៅមុនសង្គ្រាម ហើយលោកបានបន្តរស់នៅបរទេសអស់រយៈពេលប្រមាណ២០ឆ្នាំ។ ក្នុងអំឡុងពេលស្រុកកើតសង្គ្រាម ហើយលោករស់នៅក្រៅប្រទេសនោះ គឺលោកមានពេលវេលាសិក្សាអានរឿងរ៉ាវរបស់ជប៉ុនបានច្រើន ដែលជាបច្ច័យល្អ សម្រាប់លោកក្នុងការទំនាក់ទំនងជាមួយអ្នកប្រាជ្ញជប៉ុនក្នុងពេលក្រោយមក។
លោក អាំង ជូលាន លើកឡើងថា៖«កាលពីនៅក្មេង [ខ្ញុំ] ចូលចិត្តអាននេះ អាននោះ និងចូលចិត្តមើលកុន។ កុនជប៉ុនកាលពីដើមមាន ប៉ុន្តែចាប់ផ្តើមអាន ដល់ទៅប្រទេសគេ មានសៀវភៅច្រើន សៀវភៅអក្សរសាស្ត្របែបបុរាណច្រើន ដែលនិយាយពីជប៉ុន ដែលនាំឱ្យលោកស្គាល់ជប៉ុនច្រើន ដោយសារការចូលចិត្ត [អាន] មិនមែនដោយសារការគិតទៅរកមិត្តភាពជប៉ុនអីនោះទេ»។
លោក បន្ថែមថា៖«ដល់ទៅក្រោយមកម្តងបន្តិចៗ ការនិយាយជាមួយមិត្តភក្តិជប៉ុន និយាយជាមួយសាស្រ្តាចារ្យជប៉ុនអី ក៏គេចាប់អារម្មណ៍ថា ខ្ញុំនេះស្គាល់អក្សរសាស្ត្រគេខ្លះអ៊ីចឹងទៅ ហើយ ពីមាត់មួយទៅមាត់មួយ ទៅជាផ្តល់ឱ្យអ៊ីចឹងទៅ»។
ស្ថានទូតជប៉ុនរំឭកសាវតារឱ្យដឹងថា ក្នុងវិស័យអភិរក្ស និងការជួសជុលទីតាំងបុរាណវិទ្យានានា លោក អាំង ជូលាន ក៏បានចូលរួមនិងគាំទ្រយ៉ាងពេញទំហឹង ជាមួយអ្នកសា្រវជ្រាវ ព្រមទាំងអង្គការពាក់ព័ន្ធរបស់ជប៉ុន។ ក្នុងន័យនេះ លោកជូលាន ជួយដល់ប្រតិបត្តិការក្នុងគម្រោងនានាពាក់ព័ន្ធការអភិរក្ស និងជួសជុល ឱ្យអាចប្រព្រឹត្តទៅយ៉ាងរលូន និងចូលរួមចំណែកពង្រឹងវត្តមានរបស់ប្រទេសជប៉ុន ក្នុងកិច្ចការទាំងនេះ។
គ្រឿងឥស្សរិយយសទាំងនេះ ត្រូវបានប្រគល់ជូនជនបរទេស ដែលបានចូលរួមចំណែកដ៏គួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងការយល់ដឹងចំពោះគ្នាទៅវិញទៅមកជាមួយប្រទេសប៉ុន។
លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានទទួលពានគ្រឿងឥស្សរិយយសដូចគ្នានេះ កាលពីឆ្នាំមុនផងដែរ៕