
ការរៀបចំតុក្កតារបស់សហគមន៍កំពង់ភ្លុកសម្រាប់ហែក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ។ រូបថត Sophal Sea FB
សៀមរាបៈ អ្នកស្ម័គ្រចិត្តជាង ១០០ នាក់ នៅក្នុងសហគមន៍កំពង់ភ្លុកបានរួមគ្នារៀបចំដំឡើងតុក្កតាយក្សសម្រាប់ហែក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំនេះ ដើម្បីអបអរសាទរទិវាបរិស្ថានជាតិនិងពិភពលោក ក្រោមប្រធានបទ ស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប រយៈពេល ២ ថ្ងៃ នៅក្នុងខែមិថុនាខាងមុខ។
លោកស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៧ ឧសភាថា អ្នកស្ម័គ្រចិត្តដែលជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជាពលរដ្ឋក្នុងសហគមន៍កំពង់ភ្លុកជាង១០០នាក់បានជួបជុំគ្នារយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និង១៨ ខែឧសភា ដើម្បីរួមគ្នារៀបចំដំឡើងតុក្កតាយក្សសម្រាប់ហែក្នុងព្រឹត្តិការណ៍ដ៏ធំក្នុងពេលខាងមុខ។
លោកបានបន្តថា ការជួបជុំនេះ គឺបានធ្វើឡើងនៅវត្តកំពង់ភ្លុក ស្ថិតក្នុងឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីត្រៀមប្រារព្ធព្រឹត្ដិការណ៍ទេសចរណ៍បរិស្ថានប្រចាំ២០២៣ និងដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ក្រោមប្រធានបទ ស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។
លោកបានឱ្យដឹងទៀតថា ក្នុងព្រឹត្ដិការណ៍នៅថ្ងៃទី១៧ និង១៨ ខែមិថុនាខាងមុខនោះ ប្រជាសហគមន៍ ក៏នឹងប្រារព្ធរួមគ្នានូវពិធីបុណ្យសមុទ្រទឹកសាបផងដែរដើម្បីគោរពទៅដល់ទឹកទន្លេសាបដ៏ធំល្វឹងល្វើយ ដែលបានផ្តល់ផលចម្រុះដល់ប្រជាសហគមន៍ទាំងរដូវប្រាំង និងវស្សា។
លោកបានបញ្ជាក់ថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាមួយបងប្អូនអ្នកកំពង់ភ្លុករៀបចំសង់រោងសាលាឆទាន និងស្ពានមាត់ទន្លេ ដើម្បីប្រារព្ធពិធីបុណ្យឆ្លងសាលា ជាប្រពៃណីពីដើមបរមបុរាណរបស់ប្រជាសហគមន៍កំពង់ភ្លុកដែលក្រោយមកបានអាក់ខានទៅវិញប្រមាណជា១៥ឆ្នាំកន្លងមកហើយ។ កម្មវិធីបុណ្យនោះ ធ្វើឡើងដើម្បីអបអរសាទទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក និងដើម្បីថែរក្សាអភិរក្សប្រពៃណីដើម និងប្រារព្ធពិធីដឹងគុណដល់បឹងទន្លេសាប ក្នុងរូបភាពជាបុណ្យសមុទ្រទឹកសាបកម្ពុជា ជាលើកដំបូងនៅស្រុកខ្មែរយើង»។
ជាមួយនឹងគោលគំនិតក្នុងការដំឡើងតុក្កតាយក្សនេះ លោក ស៊ា សុផល បានអះអាងថា រូបនីមួយៗដែលប្រជាសហគមន៍បានរួមគ្នាបង្កើតឡើងក្នុងពេលនេះ គឺដើម្បីបង្ហាញពីជីវចម្រុះដែលមាននៅក្នុងបឹងទន្លេសាបក្នុងន័យទាក់ទាញភ្ញៀវទេសចរ និងធ្វើយ៉ាងណារួមគ្នារក្សាការពារធនធានទាំងនេះឱ្យបានគង់វង្ស។
លោកបានបន្តថា៖«ដោយសារតែព្រឹត្តិការណ៍នោះ គឺជាពិធីបុណ្យ ដូច្នេះយើងចង់បង្កើតភាពសប្បាយរីករាយដល់អ្នកចូលរួម ហើយរូបតុក្កតាយក្សទាំងនោះ យើងធ្វើ១២០រូប ដែលមានជាប្រភេទសត្វត្រី និងជីវភាពចម្រុះដទៃទៀត។យើងនឹងកាន់តុក្កតាយក្សនេះដង្ហែចេញពីភូមិ១ទៅភូមិ១ដើម្បីទាក់ទាញភ្ញៀវទេសចរ»។
កញ្ញាមាំ ពីសី តំណាងយុវជននៅក្នុងសហគមន៍កំពង់ភ្លុក បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយបង្ហាញក្តីសប្បាយរីករាយចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដោយអះអាងថា នេះគឺជាព្រឹត្តិការណ៍លើកទី១ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងសហគមន៍របស់ខ្លួន។ កញ្ញា រំពឹងថា ព្រឹត្តិការណ៍នេះ នឹងចូលរួមទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតឱ្យមកកម្សាន្តនៅក្នុងសហគមន៍កំពុងភ្លុក។
កញ្ញាបានបញ្ជាក់ថា៖ «សម្រាប់ក្រុមខ្ញុំ គឺបានបែងចែកទៅតាមក្រុម ហើយក្រុមការងារបានណែនាំក្នុងការយើងរៀបចំដំឡើងតុក្កតាយក្សទៅតាមក្រុមនីមួយៗ។ បើនៅក្នុងថ្ងៃកម្មវិធីខាងមុខ គឺយើងនឹងមានការរៀបចំកម្មវិធីបន្ថែមផ្សេងៗទៀត។ចំពោះខ្ញុំ និងគ្រូៗនៅក្នុងសាលារបស់ខ្ញុំ និងនៅក្នុងសហគមន៍ កូនសិស្ស គឺពិតជាទទួលបានចំណេះដឹងថ្មីក្នុងការរៀបចំកម្មវិធីនេះ»។
សហគមន៍កំពង់ភ្លុកមានប្រជាសហគមន៍ប្រមាណ១ ០០០គ្រួសារ រស់នៅក្នុងភូមិចំនួន៣ គឺភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ភាគច្រើនប្រជាសហគមន៍រស់នៅលើផ្ទះបណ្តែតទឹក និងប្រកបរបរនេសាទ ខណៈសហគមន៍នេះមានភាពទាក់ទាញដល់អ្នកទេសចរដែលអាចទស្សនាផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចនៅលើផ្ទៃបឹង៕