សៀមរាបៈ វាយ​ន​ភណ្ឌ​ប្រពៃណី​​កម្ពុជា​គឺជា​ប្រភព​នៃ​មោទនភាពសម្រាប់​ប្រជាជន​កម្ពុជា ហើយ​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​កំពុង​ត្រូវបាន​ធ្វើឡើង ដើម្បី​ថែរក្សា​សិប្បកម្ម​ដ៏​ពិសេស​នេះ​។​

​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​បាន​សហការ​ជាមួយ​សា​លា​នានា​ដើម្បី​ផ្តល់ឱ្យ​សិស្ស​នូវ​បទពិសោធន៍​ផ្ទាល់​ក្នុង​ការរៀន​ជ្រលក់​ពណ៌​ដែលជា​បច្ចេកទេស​សំខាន់​មួយ​ក្នុងការ​ផលិត​វាយ​ន​ភណ្ឌ​។ តាមរយៈ​ភាពជា​ដៃគូ​នេះ​សិស្សានុសិស្ស​ទទួលបាន​កា​រ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ អំពី​វិស័យ​វាយ​ន​ភណ្ឌ​របស់​កម្ពុជា និង​បង្កើត​ការចងចាំ​ចំពោះ​សិប្បកម្ម​បុរាណ​នេះ​។​

​លោក​ គឹម មុនី​រតនៈ ជា​ប្រធាន​កម្មវិធីសិក្សា​ភាសា​ខ្មែរ​នៃ​សា​លា​រៀន​អន្ដរជាតិ GO-GLOBAL School ស្ថិតក្នុង​ខេត្ដ​សៀមរាប បានឱ្យដឹងថា​៖ «​ជា​កម្មវិធី​មួយ​នៃ​កម្មសិក្សា​ដែល​សិស្សានុសិស្ស​ត្រូវ​ចុះ​កម្មសិក្សា​នៅតាម​ទីតាំង​ផ្សេងៗ​។ យើង​ចង់ឱ្យ​ពួកគាត់​ស្វែងយល់​បន្ថែម​ពី​វាយ​ន​ភណ្ឌ​ខ្មែរ​មាន​លក្ខណៈ​ខុសប្លែក​ពី​វាយ​ន​ភណ្ឌ​ប្រទេស​ផ្សេងៗ​»​។​

​លោក​បាន​ដឹកនាំ​សិស្សានុសិស្ស​ថ្នាក់​ទី​៥ ក៏ដូចជា​លោកគ្រូ អ្នក​គ្រូ​ចុះ​កម្មសិក្សា និង​ស្វែងយល់​អំពី​វិស័យ​វាយ​ន​ភណ្ឌ​បុរាណ​របស់​ប្រទេស​កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម នៅ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​កាលពី​ថ្ងៃទី​ ១៥ ខែឧសភា​កន្លងទៅ​។ តាមរយៈ​ការសិក្សា​ដ៏​គួរឱ្យ​ទាក់ទាញ​នេះ​បាន​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​បាន​ជ្រួតជ្រាប​ចូលទៅក្នុង​មរតក​វប្បធម៌​ដ៏​សម្បូរបែប​នៃ​ប្រទេស​កម្ពុជា និង​ទទួលបាន​ចំណេះដឹង​ដ៏​មានតម្លៃ​អំពី​សិល្បៈ​នៃ​ការផលិត​វាយ​​ន​ភណ្ឌ​។​

​លោក ​គឹម មុនី​រតនៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ការ​អនុវត្ដ​ផ្ទាល់​នេះ​បាន​ផ្ដល់នូវ​ចំណេះដឹង​កាន់​តែ​ច្បាស់ និង​មានការ​ចងចាំ​ជាង​ការ​ទស្សនកិច្ច​ស្វែងយល់​តាម​រយៈ​ការធ្វើ​បទ​បង្ហាញ និង​លើសពី​ការរៀន​តែ​ទ្រឹស្ដី​នៅក្នុង​ថ្នាក់​រៀន​។ វា​ជា​កម្មសិក្សា​សម្រាប់​សិស្សានុសិស្ស​តូចៗ តែ​យើង​ចង់​បណ្ដុះ​គំនិត​ពួកគាត់​ដើម្បី​ជា​បទពិសោធន៍​នៅពេល​ពួកគាត់​បាន​ឡើងទៅ​ថ្នាក់​ធំ​។ កិច្ច​សហ​ការ​រវាង​សាលា និង​សារមន្ទីរ​ត្រូវបាន​សម្របសម្រួល​ដោយ​បុគ្គ​លិ​ករ​បស់​សារមន្ទីរ​ដែល​ដើរតួ​ជា​គ្រូបង្ហាត់​សម្រាប់​កម្មវិធី​នេះ​។​

​យោងតាម​លោក​ សែន គឹម​ស៊ុន​ នាយករង​ស្តីទី នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​បានឱ្យដឹងថា ការជ្រើសរើស​ការ​អនុវត្ដ​ជ្រលក់​ពណ៌​នេះ ដោយសារ​វា​ជា​កិច្ចការ​ងាយស្រួល​ជាងគេ​ក្នុងចំណោម​ចង្វាក់​ផលិតកម្ម​វាយ​ន​ភណ្ឌ ដែល​កុមារ​អាចធ្វើ​បាន​។ លោក​បាន​និយាយថា​៖ «​ក្រណាត់ ដែល​អនុវត្ដ​ជ្រលក់​ពណ៌​រួច​ពួកគាត់​យក​ទុកជា​អនុស្សាវរីយ៍​បាន​។ ការ​ជ្រលក់​ពណ៌​ជា​បច្ចេកទេស​មួយ​ក្នុងចំណោម​បច្ចេកទេស​ផ្សេងៗ​ក្នុងការ​ផលិត​ជា​វាយ​​ន​ភណ្ឌ​»​។

​អ្នក​តម្បាញ​អាចធ្វើ​ការ​ជ្រលក់​ពណ៌​មុនពេល​ត្បាញ ឬក៏​ត្បាញ​រួច​ទើប​ជ្រលក់​តាម​ក្រោយ​ក៏បាន​ដែរ​។ មិនថាតែ​កុមារ និង​មនុស្សពេញវ័យ​ទេ អ្នកខ្លះ​មិនបាន​ដឹង​ច្បាស់​អំពី​នីតិវិធី​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នេះ​ទេ​។

​បន្ថែម​ពី​គម្រោង​ទស្សនកិច្ច​សិក្សា​នេះ​លោក​ គឹម​ស៊ុន​ បានឱ្យដឹងថា សារមន្ទីរ​ក៏មាន​គម្រោង​បង្កើត​រោង​ជ្រលក់​មួយ​ដែល​ទទួល​ការឧបត្ថម្ភ​ពី​អង្គការ GIZ របស់​អា​ល្លឺ​មង់ ដែល​ទំនងជា​អាច​ដាក់ឱ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំ​ ២០២៣ ខាងមុខនេះ​។ វា​សម្រាប់​ទទួលភ្ញៀវ​ដែលមាន​បំណង​ចង់​អនុវត្ដ​ការ​ជ្រលក់​ពណ៌​លើ​សរសៃអំបោះ​។ ពួកគេ​អាចមាន​លទ្ធភាព​អនុវត្ដ​ជំនាញ​ខ្លះៗ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ដើម្បី​ស្វែងយល់​ពី​ចង្វាក់​ផលិតកម្ម​។

​លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ដំណាក់​ដំបូង​នេះ យើង​បង្រៀន​កូនក្មេង​សិន ក្រោយមក​ក្រុមការងារ​យើង​ទទួល​បានការ​បណ្ដុះបណ្ដាល​។ ពេល​យើង​មាន​រោង​ជ្រលក់​ពណ៌ យើង​ចាប់​ផ្ដើម​ទទួល​និស្សិត ក៏ដូចជា​ភ្ញៀវ​​ទេសចរ​ជាតិ និង​អន្ដរជាតិ​»​។

​លោក​បន្ដថា ការសិក្សា​ស្វែង​​យល់​តាមរយៈ​ទ្រឹស្ដី ជាពិសេសការ​អនុវត្ដ​ផ្ទាល់​នេះ សិ​ស្សា​នុ​​សិស្ស​ទទួលបាន​ការបណ្ដុះ​គំនិត​ឱ្យ​យល់ដឹង​អំពី​អ្វី​ជា​វាយ​ន​ភណ្ឌ​។ ជាទូទៅ ពួកគេ​គ្រាន់តែ​ដឹង​អំពី​ការ​ស្លៀកពាក់ ដោយ​មិន​បានដឹង​ច្បាស់​អំពី​នីតិវិធី​នៃ​ការផលិត​។

ការ​ជ្រលក់​ពណ៌​នេះ​ពិតជា​សំខាន់​ណាស់​ក្នុងការ​រំលេច​នូវ​សម្រស់​សម្លៀកបំពាក់​។ លោក​និយាយថា​៖ «​នៅ​ប្រទេស​កម្ពុជា​យើង វិស័យ​វាយ​ន​ភណ្ឌ​ក៏មាន​ប្រ​វ​ត្ដិ​យូរលង់​ណាស់ដែរ​។ យើង​ចង់​លើក​តម្លៃ​នៃ​ការងារ​តម្បាញ ជា​ពិសេស វិស័យ​សូត្រ​នៅ​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ច្បាស់​ពីព្រោះ​វាយ​ន​ភណ្ឌ​មិនសូវ​មានការ​ផុសផុល និង​ពេញ​និយម​ពី​ស្រទាប់​យុវជន​ទេ​។

​លោក​លើកឡើងថា ចំពោះ​ប្រពៃណី​ខ្មែរ ការចង​គៀន​ពិត​ជាមាន​ភាពល្បីល្បាញ​ណាស់ ដោយ​ការចង​គៀន​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជ្រលក់ ពីព្រោះ​មុនពេល​ត្បាញ​ចេញ​ជា​សំពត់ ឬ​ហូល ឬ​ពិតាន អ្នក​តម្បាញ​ត្រូវ​ការចង​គៀន​លម្អិត​ដើម្បី​រំលេច​ឱ្យចេញ​ទៅតាម​ការចង់បាន​។

​លោក គឹម​ស៊ុន បានឱ្យដឹងថា សារមន្ទីរ​ដើរតួនាទី​ជា​អ្នកប្រមូល​ព័ត៌មាន និង​បញ្ជូន​ព័ត៌មាន​ទៅ​អ្នកទស្សនា​អំពី​នីតិវិធី​នៃ​ការផលិត ព្រមទាំង​ប្រ​វ​ត្ដិ​វាយ​ន​ភណ្ឌ​ថា​តើ​ហេតុអ្វី​ត្រូវយក​វាយ​ន​ភណ្ឌ​មក​តាំងនៅ​សារមន្ទីរ ដោយ​ការចែក​​រំលែក​នៃ​ការផលិត​ក៏ដូចជា​វត្ថុ​​ធាតុ​ដើម ដែល​អាច​នាំយក​វិធី​សាស្ដ្រ​អតីតកាល​មក​ប្រើ​ប្រាស់​នៅ​បច្ចុប្បន្នកាល​។

​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​សិក្សា សិស្សានុសិស្ស​តូចៗ​ទាំង ​៤០ ​នាក់​ត្រូវបាន​ណែនាំ​ឱ្យ​ស្គា​ល់ពី​ពិភព​វាយ​ន​ភណ្ឌ​ដោយ​ផ្ដោត​សំខាន់​លើ​ការ​ជ្រលក់​ពណ៌​ជា​ចម្បង​។ លោក​មុនី​រតនា​បាន​និយាយថា​៖ «​វា​ជា​បទពិសោធន៍​ដ៏​គួរ​ចងចាំ​សម្រាប់​អ្នកសិក្សា​ជា​កុមារ​តូច ហើយ​យើង​រំពឹងថា វា​នឹង​ក្លាយជា​ចំណេះដឹង​មូលដ្ឋាន​គ្រឹះ​មួយ​នៅពេល​ពួកគេ​ឈានដល់​ថ្នាក់​ឧត្ដមសិក្សា​»​។​

​សិស្សានុសិស្ស​ទាំងនោះ​ក៏ត្រូវ​បាន​ណែ​នាំឱ្យ​ស្គាល់​ផលិតផល​សមុច្ច័យ​ទាំង ​១១ មុខ​ដូចជា​កន្សែង​សូត្រ​ចំនួន​ ៤ និង​សំពត់​​ហូល​ចំនួន​ ៥ និង​ហូល​ពិតាន​ចំនួន​ ២ ដែល​បាន​ចម្លង​ចេញពី​គោម​បុរាណ​ខ្មែរ​ទាំងនេះ​ក្នុង​បំណង​អភិរក្ស​ថែរក្សា​សិល្បៈ​តម្បាញ​ខ្មែរ ជាពិសេស​ហូល​ពិតាន ដែល​កំពុង​ថយចុះ​គួរឱ្យ​ព្រួយបារម្ភ​។ កេរដំណែល​ក្បាច់រចនា​នៅលើ​ផលិតផល​តម្បាញ​បែប​បុរាណ​ត្រូវបាន​បាត់បង់​ស្ទើរតែ​ទាំង​ស្រុង​ក្នុង​របប​ខ្មែរក្រហម​។​

​សិស្ស​-​និស្សិត​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ទៅ​ស្វែង​យល់​ពី​កេរដំណែល និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ដែល​សិប្បករ​ខ្មែរ​បច្ចុប្បន្ន​បន្ដ​អភិរក្ស និង​ផលិតឡើង​ជាថ្មី​៕