ភ្នំពេញ: លោក លាវ​ គឹម​ឈត​ អាយុ​ ៥៥ ​ឆ្នាំ ជា​វិចិត្រករ​ពិការដៃម្ខាង មកពី​ខេត្តបាត់ដំបង បាន​ក្លាយ​ជា​បុគ្គល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ពី​សំណាក់​​ភ្ញៀវ​ទេសចរ​នៅ​ផ្លូវ​មាត់​ទន្លេ​។​

​​លោកជួប​ការ​លំបាក​​​ផ្នែក​ហិរញ្ញវត្ថុនិង​​មិនទាន់មាន​ឱកាស​​បង្ហាញ​ការងារ​​​នៅក្នុង​វិចិត្រសាល​នៅឡើយ​រយៈ​ពេល​ជាង៣០ឆ្នាំ​មក​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​​ក្នុង​សិល្បៈនិង​ការតាំង​ចិត្ត​​ដើម្បី​ជោគ​ជ័យ ដោយ​លោក​គឹ​ម​​ឈ​ត ប្រាថ្នា​ចង់បង្ហាញ​ស្នាដៃ​របស់ខ្លួន​នៅ​ក្នុង​ពិព័រ​​ណ៍​វិចិត្រ​សាល​។​

​នៅពេល​សួរថា​ តើ​​លោក​​នឹងធ្វើ​ការតាំង​ពិ​ព័រណ៍ឬ​អត់​ប្រសិនបើ​​​មាន​អ្នក​ឧបត្ថម្ភ ឬ​អ្នក​សហការ​នោះលោក​គឹមឈត​ បាន​និយាយថា ​លោក​​សប្បាយចិត្ត​​ជា​ពន់​ពេក​ ក្នុង​ការ​​ធ្វើ​គម្រោង​នេះ​ឱ្យ​កើតឡើង​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​ «​ខ្ញុំ​ពិតជា​នឹង​បង្ហាញ​ស្នាដៃ​របស់ខ្ញុំ​នៅក្នុង​វិចិត្រសាល ខ្ញុំ​ជា​វិចិត្រករ​អាជីព ហើយ​ខ្ញុំ​មានបទពិសោធន៍​ក្នុងការ​បង្កើត​ស្នាដៃ​ខ្នាត​ធំ ដោយបាន​ចូលរួម​ក្នុង​ការផលិត​ផ្ទាំង​រូបភាព​សម្រាប់​ពិធី​សម្ពោធ​ជា​ផ្លូវការ​ របស់​ណាហ្គារួមទាំង​គំនូរពាក្យ​ «​សូម​អរគុណ​» រួម​ទាំងកាំជ្រួចនិង​បដា​ស្រា​បៀរ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០​»។​

​លោកគីម​ឈត​ដែលមាន​សញ្ញា​បត្រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈមិន​មាន​ឱកាស​បង្ហាញ​ស្នាដៃ​ក្នុងការ​តាំង​ពិព័រណ៍​ទេ ​ដោយសារ​បញ្ហា​ហិរញ្ញ​វត្ថុ​។​

​វិចិត្រករ​រូបនេះ ​តែងតែ​លក់​គំនូរ​របស់​ខ្លួន​​ នៅ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃបុណ្យ​សាធារណៈ​ នៅ​ជិត​ផ្សារ​រាត្រី​ក្បែរ​មាត់​ទន្លេ​ក្នុងរាជធានីភ្នំពេញ​។​

លោក​បាន​​ច្នៃ​កង់​ដោយ​បាន​បន្ថែម​រង្វង់​មួយ​ទៀត និង​ដាក់​រូប​កៀប​ព្យួរ​ដោយ​តង្កៀប​ហាល​ខោ​អាវ​ ដៃ​ម្ខាង​កាន់តែ​ចង្កូតនិង​ជើង​ទាំង​គូ​ធាក់​ចេញ​ពី​ផ្ទះ​សំដៅ​មាត់​ទន្លេ​ក្បែរ​ផ្សារ​ជារាត្រី ជា​ទី​សំចត​របស់​វិចិត្រករ​ចិញ្ចើម​ផ្លូវ​វរូប​នេះ​ធ្វើ​ការ​គូរ​ក៏ដូច​ជា​លក់​គំនូរ​តូច​ៗ​ពី​ស្នាដៃ​របស់​លោក​។

យ៉ាង​ណាមិញ ការ​លក់​គំនូរ​គ្រាន់តែ​​ជា​ការ​ថែ​រក្សា​ជំនាញរបស់​ខ្លួន​ប៉ុណ្ណោះ​ ដោយ​លោក​ គឹមឈតបាន​​និយាយ​​ថា ការ​លក់​ស្នាដៃ​សិល្បៈ​ មិន​អាច​ធ្វើ​ឱ្យ​លោក​ចិញ្ចឹម​ជីវិត​បាន​នោះទេ​។ ប៉ុន្ដែ​វា​ក្ដី​ស្រឡាញ់​ចំពោះ​សិល្បៈនិង​ថែរក្សា​ជំនាញ​របស់​ខ្លួនដែល​បាន​រៀន​ចេះ​ដឹង​កន្លង​មក។​

លោក​បាន​ឱ្យ​ដឹង​ថា​៖ «​ក្រៅ​ការ​គូរ​គំនូរ​ ខ្ញុំ​នៅ​ផ្ទះ​ចិញ្ចឹម​មាន់​ ចិញ្ចឹម​ទា​នៅ​លើ​ដំបូល​ផ្ទះ​​ និង​ដាំ​ដំណាំ​ខ្លះដូច​ជាចក​បាយ​ទានិង​ស្លឹក​បះ»។

លោកគឹម​ឈតបាន​ឱ្យ​ដឹង​ថា លោក​ជា​វិចិត្រករ​គំនូរ​សេរី ដែល​គូរ​ទៅតាម​មើល​ឃើញ​ទិដ្ឋភាព​ជុំវិញ​ខ្លួន​ តាម​រូបភាព​ និង​ការ​ស្រមើ​ស្រមៃ​ ដោយ​មិន​គូរ​តាម​ការ​កុម្ម៉ង់​នោះ​ទេ​។

មូល​ហេតុ​ដែល​វិចិត្រករ​ជិះ​កង់​កែច្នៃ​​រូប​នេះ​គូរ​គំនូរ​តូចៗ​ លោកបាន​និយាយ​ថា វា​ជាការ​តម្រូវ​ទៅ​តាម​ភ្ញៀវ​ទេសចរដែល​ងាយ​ស្រួល​ទុក​ដាក់​តាម​ខ្លួន​។

លោក​បាន​ប្រាប់​ថា ដោយសារតែ​គំនូរ​របស់​លោក​លក់​ក្នុង​តម្លៃ​ថោក​ពី១ទៅ២ដុល្លារ ការ​ប្រើ​ប្រាស់​ពណ៌​មិន​ត្រូវបាន​ធ្វើ​ទៅ​តាម​ក្បួន​ខ្នាត​វិចិត្រករ​នោះ​ទេ។

វិចិត្រករដែល​មាន​ដើម​កំណើត​មកពី​ខេត្ដ​បាត់ដំបងបាន​និយាយថា៖ «បើ​តាម​ជំនាញ​វិជ្ជាជីវៈខ្ញុំ​ត្រូវ​ប្រិតប្រៀង​ទាំង​ថ្នាំ​ពណ៌និង​បច្ចេកទេស​នៃ​ការ​គូរដែល​ធ្វើ​ឱ្យ​រូប​ភាព​គំនូរ​មើល​ពី​ចម្ងាយ​កាន់តែ​ច្បាស់​ត្រដែត​ឡើង​។ ប៉ុន្ដែ​ដោយសារ​ទីផ្សារ​គំនូរ​របស់​ខ្ញុំ​លក់​ក្នុងតម្លៃ​ថោក​ ខ្ញុំមិន​សូវបាន​ផ្ចិត​ផ្ចង់​ខ្លាំង​នោះទេ​»។

លោកគឹមឈតបាន​ធ្លាក់​ខ្លួន​មាន​ពិការដៃ​ម្ខាង​តាំង​ពី​វ័យ​កុមារ នៅពេល​លោក​ត្រូវ​បំបែក​គ្រាប់​បែក​ក្នុង​ឆ្នាំ​១៩៧៩​ ជាវេលា​ដែល​តំបន់​ជាច្រើន ​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សន្ដិភាព​។

ក្នុង​ឆ្នាំ​១៩៨១ លោកគឹមឈតបាន​ចាប់​ផ្ដើម​កាន់​ជក់​គូរ​គំនូរ​១​សន្លឹក​ សម្រាប់​លម្អ​ថ្នាក់​រៀន​​។ ដោយ​សារ​​ដុង​ដែល​លោក​ទទួល​បាន​ពី​ឪពុក​ ជា​វិចិត្រករ​១​រូប ស្នាដៃ​របស់​លោក​ មាន​អតិថិជន​ទទួល​ទិញ​ ដែល​ធ្វើ​ឱ្យ​លោក​​មាន​ការ​ភ្ញាក់​ផ្អើល​ ចំពោះ​ការ​រក​ចំណូល​ពី​ការ​គូរ​គំនូរ​នេះ​។

លោក​បាន​រំឭក​ថា​៖ «ខ្ញុំ​គ្រាន់តែ​គូរ១​សន្លឹក​លេង​ សម្រាប់​ដាក់តាំង​ក្នុង​ថ្នាក់​រៀន​ ស្រាប់​តែ​មាន​កូន​សិស្ស​ផ្សេង​ទៀត​ទិញ​យក​ ដែល​មាន​តម្លៃ​ប្រមាណ​ ៥កាក់​»។

សម្រាប់​នៅ​ឆ្នាំ​បន្ទាប់លោក​ត្រៀម​ទិញ​ក្រដាស និង​ខ្មៅ​ដៃគូរ​តាម​គំនូរ​ក្នុង​សៀវភៅ​ដោយ​ការ​ព្រាង​ជា​ច្រើន​លើក​ច្រើន​សា​រហូត​ដល់​លោក​គិត​ថា វា​ស័ក្ដិសម​ ទើប​លោក​ផាត់​ពណ៌​។

នេះ​ជា​វេលា​ដែល​លោកគឹមឈតចាប់​ផ្ដើម​ស្រឡាញ់​វិស័យ​គំនូរ​ និង​បាន​បន្ដ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។

លោក​បាន​លើកឡើងថា ទាំង​ភ្ញៀវ​ជាតិនិង​អន្ដរជាតិ​ចូលចិត្ដ​ប្រភេទ​គំនូរ​របស់​លោក​ដូច​គ្នាឱ្យ​តែ​លោក​បង្ហាញ​ស្នាដៃ​ដល់​ភ្ញៀវ​។

យ៉ាងណាមិញលោក​ទទួល​ស្គាល់​ថា រាល់​គំនូរ​របស់​លោក​ទាំង​អស់​មិន​សុទ្ធតែ​ល្អពេញ​ភ្នែក​ភ្ញៀវ​នោះទេ​ ដោយ​មាន​គំនូរ​ខ្លះ​ ហាក់​ដូច​ភ្លាវ​សម្រាប់​ក្រសែ​ភ្នែក​អ្នក​ជំនាញ​។ ប៉ុន្ដែ​លោក​និយាយ​ថា មិន​ប្រាកដ​ថា គំនូរ​មិន​ល្អមិន​អាច​រក​ម្ចាស់​បាន​នោះទេ​ ដោយ​សារ​មនុស្ស​ម្នាក់​ស្រឡាញ់​ចូលចិត្ដ​ខុសៗ​គ្នា។

ជាទូទៅលោក​ គឹមឈតបង្ហាញ​ស្នាដៃ​គំនូរ​បែប​ទេសភាព​ស្រុក​ស្រែ​ច្រើន​ជាង​ការ​ផ្ដិត​យក​ទិដ្ឋភាព​អគារ​ច្រូង​ច្រាង​នៅ​ទីក្រុង​។

លោក​បាន​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​មិនសូវ​គូរ​គំនូរ​ដែល​មាន​ទិដ្ឋភាព​អគារ​ទីក្រុង​នោះទេលើកលែង​វាជា​អគារ​បែប​វប្បធម៌និង​រំលេច​នូវ​ភាព​អស្ចារ្យ​ ហើយ​ណាមួយ​ការ​គូរ​រូបភាព​អគារ​ ត្រូវ​ការ​ចំណាយ​ពេល​យូរ​»។

ចំពោះ​ភាព​ស្រស់​ស្អាត​នៃ​គំនូរ លោក​បាន​ឱ្យ​ដឹងថា ពេល​ខ្លះវា​មិន​សំខាន់​លើ​រូបភាព​គំនូ​រ​ប៉ុន្មាន​ទេតែ​វាជា​ពន្លឺ​ថ្លៃ​ ដែលមាន​ការ​ប្រែ​ប្រួល​ និង​អាច​ជះឥទ្ធិ​ពល​លើ​សម្រស់​នៃ​គំនូរ​ថែម​ទៀត​។

អ្នកនាងឆន ឌី​ណា ជា​ម្ចាស់​វិចិត្រសាល ​សហគមន៍​សិល្បៈឆនឌី​ណា និង​ជា​សិល្បករ​ស្រី​១រូប​ក្នុង​វិស័យ​សិល្បៈ​សហ​សម័យ​របស់​ក​ម្ពុ​ជាមាន​ឱ្យ​ដឹង​ថា វា​ជា​រឿង​សំខាន់​សម្រាប់​សិល្បករ​ដែល​ត្រូវខិតខំ​ប្រឹងប្រែងនិង​ប្តេជ្ញាចិត្ត​ក្នុង​ការងារ​របស់​ពួកគេដើម្បី​ធានាថា​ សិល្បៈ​របស់​ពួកគេ​មានគុណ​ភាពនិង​ល្អ​​​បំផុត​​។​

​ឌី​ណាប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​ «​យើង​តែងតែ​គាំទ្រ​សិល្បករ​ក្នុងស្រុកទាំង​អាជីពនិង​វ័យក្មេងប៉ុន្តែ​ពួកគេ​ត្រូវតែ​បង្ហាញថា​ ស្នាដៃ​សិល្បៈ​របស់​ពួកគេ​ មាន​គុណ​ភាពល្អ​»។​

​ឌី​ណាដែល​ស្នាដៃ​សិល្បៈ​របស់​អ្នក​​នាង​ លើ​ផ្ទាំង​ក្រណាត់​ដោយ​ប្រើប្រាស់​ថ្នាំលាប​ប្រេងមានតម្លៃ​ចាប់ពី​៩០០ដុល្លារទៅ២ ០០០ដុល្លារ​ក្នុង​១​ផ្ទាំង បាន​និយាយថា ​សិល្បករ​ទាំងអស់ ចេះ​បង្កើត​វិធី​​សាស្ដ្រ​ និង​គំនិត​ច្នៃប្រឌិត​​ដោយ​ខ្លួនឯង និង​មាន​ការប្តេជ្ញាចិត្ត​ផ្ទាល់ខ្លួន​ ដោយសារ​មនុស្ស​ជាច្រើន​​ធ្វើ​សិល្បៈ​គ្រាន់តែ​ជា​ចំណូល​​ចិត្ដ​ប៉ុណ្ណោះ​។​

​សិល្បករ​សហសម័យ​ ដែលកាល​ពី​ខែ​មេសា​កន្លង​ទៅ​​នេះ ​បានបង្ហាញ​សិល្បៈ​របស់​អ្នក​នាង​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​​​ឡើងវិញ និង​ការបញ្ចូល​និមិត្តសញ្ញា​នៃ​បរិស្ថាន​ធម្មជាតិ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​សិល្បករ​ដែល​ជឿជាក់​លើ​ខ្លួនឯង១០០ភាគរយ​ និង​ខិតខំ​ប្រឹងប្រែង១០០ភាគរយ​ ទៅក្នុង​សិល្បៈ​របស់​​ពួកគេ​។​

ថ្វីដ្បិតតែ​រស់នៅក្នុង​ភាពក្រីក្រនិង​ពិការ​​​ដៃ​ឆ្វេង​ក្នុង​​របប​ប៉ុលពត​ក៏ដោយក៏​លោកគឹមឈត ​បាន​បញ្ជាក់​ថា ​លោក​​ជឿថាស្នាដៃ​​សិល្បៈ​របស់​លោក​​គួរតែមាន​តម្លៃ​ដោយ​ផ្អែកលើ​ទេពកោសល្យ​​​ជាជាង​ការអាណិតអាសូរ​របស់​ប្រជាជន​។​

លើស​ពី​នេះលោកគឹមឈត ​​មិន​​បណ្ដែត​បណ្ដោយ​​ឲ្យ​ពិការភាពរបស់​លោក ​និង​ជីវភាព​លំបាក​ប៉ះពាល់​ដល់​ចំណង់​ចំណូលចិត្ត​គំនូរឡើយ​​។​

​ថ្វីដ្បិតតែ​លោក​ជួប​បញ្ហា​ប្រឈម​ក្នុង​អាជីព​ជា​អ្នកសិល្បៈ​តាម​ដងផ្លូវ​ក៏ដោយក៏​លោកគឹមឈ​តនៅតែ​ប្តេជ្ញាចិត្ត​ក្នុង​សិល្បៈ​របស់ខ្លួន​ដដែល​។ចំណង់​ចំណូលចិត្ត​របស់​លោក​​សម្រាប់​ការ​គូរគំនូរនិង​បំណងប្រាថ្នា​​ក្នុង​​បង្ហាញ​ស្នាដៃ​របស់​លោក​​នៅក្នុង​ការតាំង​ពិ​ព័រណ៍គឺជា​សក្ខីភាព​នៃ​ទេពកោសល្យនិង​ការប្តេជ្ញាចិត្ត​របស់លោក​​។​

​​វិចិត្រករ​គំនូរ​សេរី​ លាវគឹមឈតបាន​និយាយ​ថាលោក​​សង្ឃឹមថា ​ថ្ងៃ​ណាមួយដោយមាន​ការគាំទ្រ​ពី​អ្នក​ឧបត្ថម្ភឬ​អ្នក​សហការ ​លោក​​នឹង​អាច​បង្ហាញ​ស្នាដៃ​​នៅក្នុង​វិចិត្រសាលនិង​ចែករំលែក​ទស្សនៈ​​ល្អៗ​របស់​ខ្លួន​​ទៅ​កាន់​ទស្សនិក​ជន​កាន់តែ​ទូលំ​ទូលាយ​៕ ​