សៀម​រាប: វិចិត្រក​រ រៀ​ម មុនីស៊ី​ឡុង កំពុង​តែអភិវឌ្ឍ​​​​ពិភព​សិល្បៈបោះជំ​ហាន​ទៅមុខ​បន្ថែម​ទៀត​ ដោយ​បង្កើត​ស្នាដៃ​សិល្បៈ​​​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពី​វត្ថុ​សំណល់​​។​

​ជាមួយ​នឹង​ចក្ខុវិស័យ​សម្រាប់​អនាគត​​​បៃតងការ​បង្កើត​ថ្មី​បំផុត​របស់​លោក​មុនីស៊ី​ឡុង ​ជា​សម្លៀក​បំពាក់​ដ៏​គួរឱ្យ​ទាក់​ទាញ​ដែល​​ផលិត​ពី​សន្ទះ​មាត់​ខ្យង​​​រាប់​ម៉ឺន​បន្ទះដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​លោក​​ចំពោះ​និរន្តរភាព​និង​ការ​ពង្រឹង​សហគមន៍​។​

​លោក​មុនីស៊ី​ឡុងដែល​ជាសិល្បករ​លេង​ពុក​មាត់និង​ពុក​ចង្ការ​ ​បាន​ឱ្យ​ដឹង​ថា៖«​ខ្ញុំ​ប្រមែ​ប្រមូល​សន្ទះ​ខ្យង​រាប់​ម៉ឺនបន្ទះ​ រួច​​​ខួង​ចោះ​រន្ធ​ដេរ​ភ្ជាប់​បង្កើត​បាន​ជា​ឈុត​ដ៏​ចម្លែកមួយនេះ​​​។​ ​ឈុត​សន្ទះ​ខ្យង​នេះមាន​ទម្ងន់៨​គីឡូក្រាម​ដោយ​ដេរ​ភ្ជាប់​ឡើង​ពី​សន្ទះ​ខ្យងរាប់​ម៉ឺន​គ្រាប់​ ជាមួយ​ថិរវេលា​ ២ ខែ»​។

លោក​​មុនីស៊ី​ឡុងមិន​មែន​ជាអ្នក​នេសាទ​​រក​ខ្យង​នោះទេតែ​ដោយសារ​​កំពង់ឃ្លាំងជា​តំបន់​ទឹក​​ ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​នៅ​ខែ​វស្សា​ រួច​ស្ងោរ​យក​សាច់និង​បោះ​ចោល​សម្បកនិង​សន្ទះ​របស់ពួក​វា។

​លោក​បាន​គ្រង​ឈុត​សន្ទះខ្យង​នេះ​ចូល​រួម​ក្នុង​កម្មវិធី​ពិព័រណ៍​នៅ​វិទ្យាស្ថាន​ភាសា​បារាំងកាល​ពីពេល​ថ្មីៗ​នេះ​ហើយ​លោក​ក៏​បាន​ដាក់​បង្ហាញ​ឈុត​ពិសេស​នេះ​ទៅ​វិទ្យាស្ថាន​តែម្ដង។

​លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ពាក់​ការបង្កើត​ដ៏​ពិសេស​ក្នុង​ព្រឹត្តិកា​រណ៍​ពិព័រណ៍​ហើយ​ខ្ញុំ​បាន​បង្ហាញ​ឈុត​ពិសេស​ដល់​វិទ្យាស្ថាន​ដើម្បី​ដាក់​បង្ហាញ​ជា​សាធា​រណៈ​»​។​

​យ៉ាង​ណា​មិញ​សម្រស់​ពិត​នៃ​ឈុត​សម្លៀកបំពាក់​ខ្យង​របស់​លោក ​មុនីស៊ី​ឡុងគឺ​ហួស​ពី​សោភ​ណភាព​​​ និង​ការ​ផ្សព្វ​ផ្សាយ​ចំណេះដឹង​ផ្នែក​បរិស្ថាន​។វិចិត្រករ​រូបនេះ​មានបំណង​លក់​ឈុត​វិសេស​​នេះនិង​ប្រើប្រាស់​ប្រាក់​ចំណូល​ដើម្បី​ទិញ​អំពូល​សូ​ឡា​សម្រាប់​សហគមន៍​រប​ស់​លោក​​។​

​តាមរយៈ​ការផ្តល់​អាទិ​ភាព​ដល់​និរន្តរ​ភាពនិង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​សហគម​ន៍​មូលដ្ឋាន​ លោក​ មុនី​ស៊ី​ឡុង​ធ្វើជា​គំរូ​ដល់​អំណាច​ផ្លាស់ប្តូរ​នៃ​សិល្បៈ​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ជាមួយនឹង​ប្រាក់​ចំណូល​ពី​ការ​ស្លៀកពាក់ខ្ញុំ​មាន​គម្រោង​ទិញ​អំពូល​សូ​ឡា​សម្រាប់​បំភ្លឺ​សហគមន៍​។តាម​រយៈ​សិល្បៈ​របស់ខ្ញុំខ្ញុំ​មាន​គោល​បំណង​បំផុសគំនិត​អ្នកដទៃ​ឱ្យ​​ទទួល​យក​ដំណោះ​ស្រាយ​ប្រកបដោយ​ការ​ច្នៃប្រឌិត​សម្រាប់​អនាគត​ដ៏​ត្រចះ​ត្រចង់និង​មាន​បរិស្ថាន​កាន់​តែច្រើន​»​។​

​សម្លៀក​បំពាក់សន្ទះ​មាត់​ខ្យង​របស់​លោក​ មុនី​ស៊ី​ឡុងគឺជា​សក្ខីភាព​មួយ​ចំពោះ​ភាព​ប៉ិនប្រសប់​ផ្នែក​សិល្បៈនិង​ការប្តេជ្ញា​ចិត្ត​ដែល​មិន​ផ្លាស់ប្តូរ​របស់​គាត់​ចំពោះ​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព​។​

លោក​មើលឃើញ​ថាសហគម​ន៍កំពង់​ឃ្លាំង​របស់​លោក​មាន​សក្ដា​នុពល​ផ្នែក​ទេសចរណ៍​​​ និង​ទទួល​ស្គាល់​ឱកាស​ក្នុងការ​ទាក់​ទាញ​ភ្ញៀវ​កាន់តែ​ច្រើន​តាម​រយៈ​ការពង្រឹង​ហេដ្ឋារច​នាសម្ព័ន្ធ​សហ​គមន៍​។​

​ចំណុច​សំខាន់​មួយ​ដែល​លោក​​ផ្តោតទៅលើ​គឺ​ការដំឡើង​បង្គោល​ភ្លើង​នៅក្នុង​ភូមិ​ទាំង១០ដែល​នឹង​ជួយ​បង្កើន​សុវត្ថិ​ភាព​យ៉ាង​ខ្លាំង​ជាពិសេស​សម្រាប់​កុមារ​នៅ​ពេល​យប់​។​

​​ដោយមាន​​ការប្តេជ្ញាចិត្ត​​​ចំពោះ​ការអភិវឌ្ឍសហគម​ន៍លោកមុនី​ស៊ី​ឡុងបាន​បង្កើត​វិធីសាស្ត្រ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិតដើម្បី​​ផ្តល់​មូលនិធិ​ដល់​គម្រោង​ដ៏​មាន​មហិច្ឆតា​របស់​លោក​​។​

លោក​បាន​និយាយថា​៖ «​ខ្ញុំ​មាន​គម្រោង​បង្កើត​គំនូរ​ចំនួន​៣​បន្ថែមទៀតហើយ​លក់​វាដើម្បី​បង្កើត​មូលនិធិ​បន្ថែម​សម្រាប់​ការ​ទិញ​​អំពូល​សូ​ឡា​។បច្ចុប្បន្ន​នេះខ្ញុំ​កំពុង​ផ្តោតលើ​ការសាងសង់​ផ្លូវ​ដើម្បី​បង្កើន​ភាពងាយ​ស្រួល​ក្នុងការ​ធ្វើដំណើរ​និង​បង្កើត​ប្រព័ន្ធ​បណ្តាញ​ទឹកស្អាត​ដោយ​ចាប់ផ្តើម​ពី​ភូមិ​ចំនួន​៤​»​។​

ចាប់​ផ្ដើម​ការងារ​សិល្បៈ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ពីជាង​គំនូរ​តាម​ព្រះវិហារ​​​ទៅជា​វិចិត្រករ​ដែល​គិតគូរ​ពី​បរិស្ថានលោកមុនី​ស៊ី​ឡុងបានបង្កើ​ត​ភាព​ភ្ញាក់​ផ្អើល​ក្នុង​ពិភព​សិល្បៈដោយ​បង្កើត​ស្នាដៃ​សិល្បៈ​​​ពី​សម្ភារ​​ប្លា​ស្ទិ​ក​ចោលនិង​កាកសំណល់​ផ្ទះបាយ​។​

​​​វិចិត្រករ​​ស្ទួយ​​បរិស្ថាន​រូប​នេះ​​បានចាប់ផ្តើមបេសកកម្ម​​នៅពេលដែល​លោក​​បាន​ស្ម័គ្រចិត្ត​នៅក្នុង​អង្គការ​មួយ​ដោយ​​រៀន​ពី​របៀប​កែច្នៃ​ក្រដាស​ចាស់​ទៅជា​គំនូរ​។​

​ដោយ​ចាប់​អារម្មណ៍​នឹង​លទ្ធភាព​នៃ​ការកែ​ច្នៃ​ឡើងវិញលោក​បានចាប់​ផ្តើម​ធ្វើ​ពិសោធន៍​ជាមួយ​សំណល់​ផ្ទះបាយ​ដូចជា​សម្បក​​ខ្យងនិង​បន្លែដោយ​លាយ​វា​ជាមួយ​ក្រដាស​ដើម្បី​បង្កើត​សមាស​ភាពសម្រាប់​គូរ​ជា​គំនូរ​លើ​ក្រដាស​​។​

ថ្ងៃមួយ​លោក​ចាប់​អារម្មណ៍​ពី​បញ្ហា​នៃការ​ដុត​សំរាម​ប្លាស្ទិក​ ដែល​បង្ក​ជា​បញ្ហា​ពុល​ជា​រឿយៗលោក​គិត​ដល់​ការ​កែច្នៃ​ប្លាស្ទិក​ រួម​មានដប​ប្លាស្ទិកនិង​ថង់​ប្លាស្ទិក​​មក​ផលិត​ជា​វត្ថុ​សិល្បៈ​។

លោកមុនី​ស៊ី​ឡុងបាន​ពន្យល់​ថា​៖«​យើង​ប្រើ​ដបនិង​ថង់​ ឬ​កាក​សំណល់​ផ្ទះ​បាយ​លាយ​បញ្ចូល​គ្នា​ជាមួយ​ក្រដាស​បង្កើត​ជា​សិល្បៈ​គំនូរ​។ពេល​នោះមាន​បរទេស​គាំទ្រជួយ​ទិញ​ និង​បន្ដ​សកម្មភាព​រហូត​មក»​។

​ស្តេច​សមុទ្រនិង​នាង​មច្ឆា​ជាសិល្បៈ​បែប​ស្មុគស្មាញ​របស់លោក​ ​មុនី​ស៊ី​ឡុងដែល​ផ្សំ​ឡើង​ពី​វត្ថុ​ធាតុ​ចម្រុះរួមមាន​កាក​អំពៅស្មៅស្លឹកឈើថង់​ប្លា​ស្ទិ​កដប​ទឹក​សុទ្ធស្រកា​ត្រីសម្បង​ខ្នងនិង​សម្បក​ខ្ចៅដោយ​លាយ​ជា​មួយ​ជ័រ​ធម្មជាតិ​និងកាវ​។

លោក​បាន​ប្រាប់​ថា៖​ «​បច្ចុប្បន្នខ្ញុំ​ជួប​ការ​លំបាក​​ក្នុងការ​ស្វែង​ជ័រ​កាវ​ធម្មជាតិ​ ដែល​ទាមទារ​ពេលវេលា​ច្រើន​។ ប៉ុន្ដែ​ជ័រ​កាវ​ធម្ម​ជាតិ​ជា​សមាសធាតុ​ចាំបាច់​ ខ្វះ​មិន​បានដោយសារ​វា​អាច​បង្ក​ផល​លំបាក​នៅ​ថ្ងៃ​ក្រោយ​ចំពោះ​បរិស្ថាន​ជាពិ​សេស​សុខភាព​»។

ស្នាដៃ​សិល្បៈ​ប្លាស្ទិក​ឈ្នះ​ពាន​រង្វាន់​ពី​ក្រសួង​បរិស្ថានក្រោយមកលោកមុនី​ស៊ីឡុង ​ត្រូវ​បាន​ស្នើ​ឱ្យ​ផលិត​ជា​ចាប៉ីដង​វែង​ពី​ដប​ទឹក​សុទ្ធសម្រាប់​អបអរ​ខួប​គម្រប់​២​ឆ្នាំ​នៃការ​ចុះ​បញ្ជី​បេតិក​ភណ្ឌ​ចាប៉ី​ដង​វែង​ក្នុង​អង្គការ​យូណេសស្កូ។

លោក​ បាន​យក​ស្នាដៃ​សិល្បៈ​កែច្នៃ​សំរាម​ពី​ចាប៉ីដង​វែង​ ទៅ​ប្រកួត​ប្រជែង​ក្រោម​គម្រោង​របស់​ក្រសួង​បរិស្ថាន​។ចាប៉ី​ដង​វែង​ដប​ប្លាស្ទិក​បាន​ជាប់​ជយ​លាភី​យុវជន​អាស៊ាន​បរិស្ថាន​។

លោក​បាន​និយាយថា​៖ «​ចាប៉ី​ដប​ទឹក​សុទ្ធ​របស់​ខ្ញុំ​បាន​ក្លាយ​ជា​និមិត្ដរូប​នៃ​អាជីព​សិល្បៈ​របស់​ខ្ញុំ។វា​ត្រូវបាន​ផ្ដល់​កិត្ដិយស​តាម​រយៈ​ការ​ឈ្នះ​ពាន​​យុវជន​អាស៊ាន​បរិស្ថាន»។

ស្នាដៃ​សិល្បៈ​កែច្នៃ​ពី​សំរាម​របស់​សិល្បករ​រូប​នេះក៏​ត្រូវបាន​ដាក់​តាំង​បង្ហាញ​ជា​ច្រើន​ទៀត​នៅ​តាម​ក្រសួង​រដ្ឋ​នានា​ ដូចជា​ក្រសួង​កសិកម្ម​ទេសចរណ៍​ពាណិជ្ជកម្ម​និង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ក៏ដូចជា​អង្គការ​ផ្សេងៗ​។

ពី​សិល្បៈ​ទៅ​អាជីវកម្ម​ក្រៅពី​ជួយ​សហគ​មន៍​លោកមុ​នីស៊ី​ឡុងកំពុង​រកប្រាក់​ចំណេញ​ខ្លះ​​ពី​ទេព​កោស​ល្យ​សិល្បៈ​របស់​លោក​។ ​លោក​​​ច្នៃផលិត​សត្វ​​ឃ្មុំ​ធ្វើ​ពី​រពាក់​ ហើយ​មាន​ពណ៌​។​

​លោក​មុនីស៊ី​ឡុងបាន​បញ្ជាក់​ថា ឃ្មុំ​រពាក់​​ប្រវែង៧០​សង់ទីម៉ែត្រ​តម្លៃ៨០​ដុល្លារហើយ​ត្រូវ​ចំណាយ​ពេល​៣ទៅ៤​ថ្ងៃ​ក្នុង​ការ​ផលិត​សត្វ​នីមួយៗ​​។​

លោក​បាន​ពន្យល់ថា៖ «​ប្រសិនបើ​គិត​អំពី​ស្នាដៃ​សិល្បៈ​ លក់​ក្នុង​តម្លៃ​នេះ​ វា​មិន​ត្រឹម​ត្រូវ​នោះទេ​ ពីព្រោះ​យ៉ាង​ហោច​ណាស់វាមាន​តម្លៃ​ពី២០០​ទៅ​៣០០​ដុល្លារ​។ប៉ុន្ដែ​ខ្ញុំ​ត្រូវ​គិត​ពី​ទីផ្សារដែល​អតិថិ​ជន​ចង់​បានតែ​មិន​មាន​លទ្ធភាព​ទៅតាម​ការ​ដាក់​ថ្លៃ​បែប​សិល្បៈ​»។

ក្រៅ​ពីនេះ​លោក​មុនី​ស៊ីឡុងក៏​កែច្នៃ​សំរាម​ធ្វើ​ជា​សត្វ​ត្រីនិង​បំពេញ​ការងារ​ក្នុង​ឃុំ​ចំពោះ​គម្រោង​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត​ក្នុង​សហ​គមន៍​។

មុន​កូវីដ​សិល្បករ​មុនី​ស៊ីឡុងមាន​រោង​ជាង​នៅ​មណ្ឌល​ ៣និង​មាន​តូប​នៅ​ផ្សារ​ចាស់និង​ផ្សារ​ផលិតផល​កម្ពុជា១​កន្លែង​ទៀត​។លោក​នឹង​បើក​ដំណើរ​ការ​ទីតាំង​ទាំង​នោះ​ឡើង​វិញ​ នៅពេល​លោក​ធូរ​ដៃ​ពី​សហគមន៍​ ដោយ​ងាក​មក​ផលិត​ស្នាដៃ​សិល្បៈ​តាម​រយៈ​ការ​កែ​បម្រើច្នៃ​សំរាម​ឱ្យ​វិស័យ​ទេស​ចរណ៍​៕