
តារាភាពយន្ដហូលីវូដ Matt Dillon ប្រកាសគាំទ្រមហោស្រពភាពយន្ដអន្តរជាតិកម្ពុជា CIFF ទី១២។ រូបថត សហការី
ភ្នំពេញ: រាជធានីភ្នំពេញនឹងបង្ហាញពីទស្សនីយភាពដ៏អស្ចារ្យនៃវិស័យភាពយន្ត ខណៈដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១២ ចាប់ផ្ដើមដំណើរការពីចុងខែឧសភានេះ។
មហោស្រពនេះមានខ្សែភាពយន្តចំនួន១៨៨ រឿងពី២៣ប្រទេស រួមទាំងឈុតខ្លីៗគួរឱ្យចាប់អារម្មណ៍ ភាពយន្តឯកសារ និងគំនូរជីវចល មហោស្រពនេះសន្យាថា នឹងមានបទពិសោធន៍ភាពយន្តដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា។
ការបន្ថែមភាពរំភើបនោះ គឺការប្រកាសគាំទ្រមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា របស់តារាហូលីវូដ Matt Dillon សម្រាប់ការរៀបចំឡើងទី១២ នេះ។
ចំពោះការគាំទ្រមហោស្រពភាពយន្ដនៅកម្ពុជា តារាភាពយន្ដហូលីវូដ និងជាអ្នកដឹកនាំរឿងជនជាតិអាមេរិកដ៏ល្បីរូបនេះ នឹងចាក់បញ្ចាំងរឿង «ទីក្រុងខ្មោច»ក្នុងឆ្នាំ២០០២ របស់លោកនៅក្នុងកម្មវិធីបិទមហោស្រពនេះតែម្តង (សម្រាប់ការអញ្ជើញតែប៉ុណ្ណោះ)។
ដោយបង្ហាញពីភាពរីករាយ លោក Matt Dillon ចែករំលែកថា៖«CIFF មានសារៈសំខាន់គួរឱ្យកត់សម្គាល់សម្រាប់ផលិតករភាពយន្តកម្ពុជា និងផលិតករភាពយន្តនៅជុំវិញពិភពលោក។ មហោស្រពទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យភាពយន្ត»។
លោកបានបន្ដអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក មកកាន់ប្រទេសកម្ពុជាថា៖ «ការផលិតភាពយន្ដ (ទីក្រុងខ្មោច)នៅក្នុងប្រទេសកម្ពុជា គឺជាចំណុចសំខាន់មួយក្នុងជីវិតរបស់ខ្ញុំ។ ប្រទេសកម្ពុជាជាកន្លែងពិសេសមួយក្នុងចិត្តខ្ញុំ»។
លោកពន្យល់ថា៖«វាជាដីមានជីជាតិសម្រាប់ការច្នៃប្រឌិត។ វាពិតជាបំផុសគំនិតក្នុងការមើលឃើញឧស្សាហកម្មភាពយន្តដ៏រីកចម្រើនរបស់ប្រទេស។ ខ្ញុំទន្ទឹងរង់ចាំដោយអន្ទះសា ដោយចង់ឃើញស្នាដៃច្នៃប្រឌិតដែលផលិតករវ័យក្មេងទាំងនេះនឹងបង្កើតនាពេលអនាគត»។
រឿង «ទីក្រុងខ្មោច» គឺជាផលិតកម្មហូលីវូដដ៏ធំដំបូងគេ បន្ទាប់ពីរបបខ្មែរក្រហម ហើយបានផ្តល់ការបំផុសគំនិតដល់ផលិតករភាពយន្តផ្សេងទៀតមកថតនៅកម្ពុជា។ នេះបើយោងតាម Cedric Eloy សហស្ថាបនិក និងជានាយកនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។
លោកEloy បាននិយាយថា ២០ឆ្នាំបន្ទាប់ពីភាពយន្តនេះត្រូវបានផលិត ឧស្សាហកម្មភាពយន្តនៅកម្ពុជាបាននិងកំពុងរីកចម្រើន ហើយមហោស្រព CIFFត្រូវបានបង្កើតឡើងដើម្បីជាស្ពានរវាងផលិតកម្មកម្ពុជា និងផលិតករភាពយន្តអន្តរជាតិ។
លោកEloyបាននិយាយថា៖«លោក Matt Dillon ដូចជាអ្នកដឹកនាំជាច្រើនដែលបានមកទស្សនាប្រទេសកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ភាពស្រស់ស្អាត និងប្រជាជនកម្ពុជា»។
លោកបានរំឭកថា Dillon បានសម្រេចចិត្តផលិតភាពយន្ដផ្ទាល់ខ្លួនរឿង«City of ghosts»។ ការថតភាពយន្តនៅប្រទេសកម្ពុជា បានផ្លាស់ប្តូរជីវិតរបស់លោក ហើយវាក៏បានបង្កើតពន្លឺសម្រាប់ប្រទេសកម្ពុជា។
លោកEloyបានឱ្យដឹងថា លោក Matt Dillon គាំទ្រមហោស្រព CIFF គឺជាការទទួលស្គាល់ពីសក្តានុពលច្នៃប្រឌិតដែលកម្ពុជាមាន និងជាការលើកទឹកចិត្តសម្រាប់ CIFF ក្នុងការអភិវឌ្ឍតួនាទីសំខាន់របស់ខ្លួនក្នុងការផ្សព្វផ្សាយ និងគាំទ្រភាពយន្តកម្ពុជា និងការសហការអន្តរជាតិ។
មហោស្រពភាពយន្ដ CIFF បម្រើជាវេទិកាមួយសម្រាប់អ្នកផលិតភាពយន្តកម្ពុជា ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ និងដំណើរឈានទៅកាន់ភាពយន្តពិភពលោក។ ជាមួយនឹងការគាំទ្ររបស់លោក Matt Dillon មហោស្រពនេះមានគោលបំណងផ្តល់អំណាចដល់សិល្បករក្នុងស្រុក និងរួមចំណែកដល់ការរីកលូតលាស់នៃវិស័យភាពយន្តនៅកម្ពុជា។
មហោស្រពភាពយន្ដ CIFF ក៏មានភាពយន្តក្នុងស្រុកខ្មែរពីទសវត្សរ៍ឆ្នាំ១៩៥០ ដែលមនុស្សរីករាយនឹងការចងចាំដ៏ផ្អែមល្ហែមនៃយុគសម័យមាស។
អ្នកស្រី ឌី សាវ៉េត ជាតារាសម្តែង និងជាបវរកញ្ញាកម្ពុជាដំបូងគេ ដែលតែងតែហៅជា«តារាទឹកភ្នែក» និងជា«តារាស្រីពេញនិយមជាងគេ ១រូប ពីយុគសម័យភាពយន្តខ្មែរ»នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែឧសភា នៅសណ្ឋាគារRosewood ពីម៉ោង៩:៣០ ព្រឹកដល់ម៉ោង១២ (ថ្ងៃត្រង់)។
ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា អ្នកចូលចិត្តភាពយន្ត និងសាធារណជនទូទៅ នឹងមានឱកាសរីករាយជាមួយការបញ្ចាំង និងព្រឹត្តិការណ៍ជាង ១៨៨រឿងដោយមិនគិតថ្លៃ។
មហោស្រពនេះនឹងបញ្ចាំងនៅរោងភាពយន្តនានាដូចជា Legend, Major Cineplex, វិទ្យាស្ថានបារាំង, មជ្ឈមណ្ឌលបុប្ផាណា, សណ្ឋាគារ Rosewood ភ្នំពេញ និង Cine Hub៕