ភ្នំពេញ: ស្ថានីយទូរទស្សន៍​កង​យោធពល​ខេមរភូមិ​ន្ទប៉ុស្ដិ៍លេខ ៥ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ 7HD ថៃ បាន​រៀបចំ​កម្មវិធី​ Meet & Greet ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​សម្ដែង ៤ ដួង​ នៅ​សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាកាលពីថ្ងៃទី ២២ ឧសភា។

តារាសម្ដែង​ថៃ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ 7HD ដែល​មាន​វត្ដមាន​ក្នុងភាពយន្ដភាគ​ត្រូវបាន​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​កងយោធពល​ខេមរ​ភូមិ​ន្ទ​ប៉ុស្ដិ៍​លេខ ៥ គឺ Pattaradet Sa-nguankwamdee (Mike), Usamanee Waitayanon (Kwan), Varitthisa Limthammahisorn (Thisa) និង​ Jinn Jinna (Jin)។

នៅ​ក្នុង​​កម្មវិធី​ Meet & Greet នេះ លោក Supachai Verapuchong ជាស្ថាបនិក​ទូរទស្សន៍​កងយោធពល​ខេមរ​ភូមិន្ទ បាន​ថ្លែង​ថា៖ «​ពិតជាឱកាស​ដ៏ល្អ​នា​ថ្ងៃនេះ ដែល​យើង​បាន​បើក​សម្ពោធ​កម្មវិធី​បញ្ចាំងភាពយន្ដ​ភាគ​ថៃ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ ហើយ​តើ​លោកអ្នក​ដឹង​ទេ​ថា ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៤-១៩៩៥​»។

ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​គាំទ្រ​រាប់​រយ​នាក់ តារា​សម្ដែង​ទាំង ៤ ដួង ក៏​បាន​ផ្ដល់​បទសម្ភាសន៍​អំពី​បទពិសោធ​ន៍ការងារ ការ​ថត​ភាពយន្ដ និង​ចែករំលែក​ការ​កម្សាន្ដ​សប្បាយ​តាម​រយៈការ​រៀន​និយាយភាសា​​ខ្មែរ​។

​​កម្មវិធី​ Meet & Greet មាន​ការ​ចូលរួម​ជាអធិបតី​ពី​ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ថ្នាក់​ដឹកនាំ​ស្ថានីយ​ទូរទស្សន៍​ទាំង២ ក៏ដូចជា​វត្តមាន​ភ្ញៀវ​កិត្ដិយស និង​អ្នកគាំទ្រ​ជាច្រើន​រូប​ទៀត​។

លោក Cherdkait Atthakor ជា​ឯកអគ្គរាជទូត​ថៃ​ បាន​ថ្លែង​ថា​៖ «​ជម្រាប​សួ​លោក លោកស្រី អ្នក​នាង​ កញ្ញា​ទាំង​អស់​គ្នា​ក្នុង​បន្ទប់​នេះ ខ្ញុំ​មាន​ក្ដី​សោមនស្ស​រីករាយ​ ចំពោះ​កិច្ច​សហប្រតិបត្ដិការ​ដ៏​ជោគ​ជ័យ​រវាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ 7HD»។

លោក​បាន​បន្ដថា​៖ «​ខ្ញុំ​សង្ឃឹម​ថា វិស័យ​កម្សាន្ដ​រវាង​ប្រទេស​យើង​ទាំង២​កាន់តែ​រីក​ចម្រើន​រួម​គ្នា​​ចាប់​ពីពេល​នេះតទៅ​»។

លោក Pongrith Chantraporn សហស្ថាបនិក និង​ជា​នាយក​ប្រតិបត្ដិក្រុម​ហ៊ុនសម្ព័ន្ធ VCAN បាន​ឱ្យ​ដឹងថា ចំនួន​អ្នក​ទស្សនា​ភាពយន្ដ​ភាគ​ថៃ​មាន​ការ​កើន​ឡើង​ជា​លំដាប់​។

លោក​បាន​និយាយថា​៖ «យើង​មាន​កិច្ចសហការ​ជាមួយ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ មិន​មែន​ដោយសារ​តែ​ស្ថានីយ​​ទូរទស្សន៍​នេះ​មាន​សេវា​គ្រប​ដណ្ដប់លើ​ផ្ទៃ​ប្រទេស​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​មាន​វ័យ​ចំណាស់​ផង​ដែរ​។ លើស​ពីនេះ លោក Supachai គឺជា​ស្ពាន​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​ និង​ថៃ​។ យើង​នឹងនាំ​ភាពយន្ដ​ភាគ​ថៃ​ល្អៗ​មក​កាន់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ ជា​បន្ដ​ទៀត​»។​

នៅ​ក្នុង​ឱកាស​នោះ ភាពយន្ដ​ភាគ​ថៃចំនួន ២៧ រឿង ដោយ​ខ្លះ​កំពុង​តែមាន​វត្ដមាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ និង​ខ្លះ​ទៀត ត្រៀម​ដាក់​បញ្ចាំង​នា​ពេល​ខាង​មុខ ត្រូវបាន​បង្ហាញឈុត​​ខ្លីៗ​សម្រាប់​ក្រុម​អ្នក​គាំទ្រ​ ដែល​មាន​បំណង​ចង់​តាម​ដាន​រឿង​ភាគ​ថ្មីៗ​។

នៅ​ចុង​បញ្ចប់​កម្មវិធី​ក្រុម​អ្នក​គាំទ្រ​នៅ​កម្ពុជា​ក៏​បាន​ថតរូប​ជា​អនុស្សាវរីយ៍​ជា​តារា​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន​ ដោយ​បង្ហាញ​នូវ​ស្នាម​ញញឹម​ និង​ផ្ដល់ភាព​កក់ក្ដៅ​ផង​ដែរ។

កញ្ញា វ៉ែន សៀងលី ជា​សមាជិក​ក្រុម​អ្នក​គាំទ្រ​ម្នាក់ ដែល​បានត្រៀម​ខ្លួន​១​សប្ដាហ៍​មុន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្រោយ​បាន​ថត​ជាមួយ​តារា​ Kwan ថា​៖ «​ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​មែន​ទែន​ដែលបាន​ជួប និង​ថតរូប​ជាមួយ​ពួកគាត់​ផ្ទាល់​។ ខ្ញុំ​ថត​ជាមួយ​ពួកគាត់​ទាំង ៤​ នាក់​»៕