ភ្នំពេញ​: ជាមួយ​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ព្រឹ​ត្ដិ​ការណ៍​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ អ្នកនាង ចាន់ ស្រី​ល័​ក្ខ ជា​អ្នករាំ​របាំ​ប្រពៃណី​ខ្មែរ បាន​គ្រង​តំណែង​ជា​តួអង្គ​នាងនាគ ដ៏​គួរឱ្យ​គោរព ដែល​ធ្លាប់​គ្រប់​​គ្រង​ពិភពនាគ​នៅ​បាតសមុទ្រ និង​នគរ​គោកធ្លក ឬ​នគរ​ភ្នំ​។​

​ការសម្តែង​របស់ ស្រី​ល័​ក្ខ ដែល​ហោះហើរ​ខ្ពស់​លើ​វេហាស៍​នៃ​ផ្ទៃសមុទ្រ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ បានធ្វើឱ្យ​ទស្ស​និក​ជន​ភ្ញាក់ផ្អើល រំជួល​ចិ​ត្ដ និង​ស្រៀវ​ខ្លួន​។​ អ្នកនាង ស្រី​ល័​ក្ខ បាន​និយាយថា​៖ «​នៅពេលដែល​ខ្ញុំ​នៅលើ​អាកាស ហ៊ុមព័ទ្ធ​ដោយ​មនុស្ស​រាប់ម៉ឺន​នាក់ អបអរសាទរ​ការ​សម្តែង​របស់​យើង ការឈឺចាប់ និង​ការភ័យខ្លាច​បាន​រលាយ​បាត់ទៅ​។ ជំនួស​មកវិញ ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ និង​មោទន​ភាព​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​»​។​

​តាម​ដំណើររឿង នាងនាគ មានអំណាច​វេទមន្ត ដែល​បាន​ផុស​ចេញពី​មហាសមុទ្រ​។ នាង​បាន​ប្រែខ្លួន​ទៅជា​សត្វ​នាគ និង​ហោះហើរ​លើ​មហាសមុទ្រ​។ ក្នុងពេល​ជាមួយគ្នា​នោះ ព្រះថោង ជា​នាវិក​ដ៏​ក្លាហាន បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​នគរ​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។​

​នាងនាគ​ប្រទះឃើញ​ទូក​ព្រះថោង ហើយ​ចាប់ចិត្ត​ដោយ​សារ​វីរភាព​ក៏​ក្លាហាន និង​ចិត្ត​បរិសុទ្ធ​។ នាង​បាន​ចុះ​លើ​ទូក​ដោយ​បញ្ចេញ​ពន្លឺ​ដ៏​អស្ចារ្យ​។ ដោយ​ទទួល​ព្រះរាជអន្តរាគមន៍ ព្រះថោង​យល់ថា វត្តមាន​របស់​នាងនាគ​ជា​សញ្ញា​នៃ​សេចក្តីសង្ឃឹម និង​ការ​ប្រោស​ប្រទាន​ពី​ទេវៈ​។​

​ដោយមាន​ការណែនាំ និង​ពរជ័យ​ពី​នាងនាគ ព្រះថោង​បាន​បន្តដំណើរ​ដោយ​ភាព​ក្លៀវក្លា​។ ការជួបគ្នា​រវាង​នាងនាគ និង​ព្រះថោង គឺជា​ពេលវេលា​ដ៏​សំខាន់​មួយ​ក្នុង​កំណើត​នៃ​ព្រះរាជាណាចក្រ​ខ្មែរ ជា​និមិត្តរូប​នៃ​ការរួបរួម​សុខដុមរ​មនា​នៃ​ពិភព​អាថ៌​កំបាំង និង​មនុស្សជាតិ ក៏ដូចជា​ការចាប់ផ្ដើម​នៃ​អនាគត​រុងរឿង​សម្រាប់​នគរ​។​

​ជាទូទៅ ស្រី​ល័​ក្ខ ហៅ ស្រី​បូ ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នករបាំ​ដ៏​មាន​ប្រជាប្រិយ​មួយរូប ជាមួយ​ទេពកោសល្យ​សម្ដែង​លើដី​។ យ៉ាងណាមិញ ការសម្ដែង​ជា នាងនាគ បានធ្វើឱ្យ​នាដកា​រូបនេះ​កាន់តែ​លេចធ្លោ​តាម​​រយៈ​ការហោះ​បណ្ដែត​ខ្លួន​លើ​វេហាស៍​នៅ​កណ្ដាល​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ អមដោយ​វត្ដ​មាន​ទស្សនិកជន​រាប់ម៉ឺន​នាក់​។​

​ទស្សនីយភាព​ដ៏​រំភើប​បំផុត​សម្រាប់​កូន​ខ្មែរ​នេះ ត្រូវបាន​បង្ហាញ​នៅលើ​វេទិកា​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​លើកកម្ពស់​សារៈសំខាន់​នៃ​តួនាទី​របស់​អ្នកនាង​។​ ស្រី​ល័​ក្ខ បាន​និយាយថា ពេល​ដឹងថា អ្នកនាង​ត្រូវបាន​គ្រូ និង​ថ្នាក់ដឹកនាំ​ជ្រើសរើស​ឱ្យ​សម្តែង​ជា​តួ​នាងនាគ ក្នុង​ព្រឹ​ត្ដិ​ការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ អ្នកនាង​ពិតជា​រំភើបចិត្ត និង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​នោះ​។​

​ស្រី​ល័​ក្ខ បាន​ប្រាប់ ​ភ្នំពេញ ​​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​ជាខ្លាំង និង​ពិតជា​សំណាង​ណាស់ ដែល​ពួកគេ​ទទួលស្គាល់​សមត្ថភាពរ​បស់​ខ្ញុំ និង​មាន​ជំនឿ​​ជឿជាក់​លើ​ខ្ញុំ​»​។

​ស្រី​ល័​ក្ខ បានចាប់ផ្តើម​ការហាត់​សមជា​មួយក្រុម​កាលពី​ខែកុម្ភៈ ដោយ​ផ្តោតលើ​ការ​ហ្វឹកហាត់​របាំ និង​ស៊ាំ​ជាមួយនឹង​ខ្សែ​រ៉ក​ដែល​លើក​អ្នកនាង​ដល់​កម្ពស់​ផ្ទះល្វែង​ ៣ ​ជាន់​។​

​ការសម្ដែង​របស់​ស្រី​ល័​ក្ខ ជា​នាងនាគ គឺ​បានមកពី​ការហាត់​​សម​យ៉ាង​ហ្មត់ចត់ និង​ការតាំង​​ចិត្ត​យ៉ាង​មុតមាំ ធ្វើឱ្យ​ចលនា និង​ការសម្ដែង​របស់​អ្នកនាង​កាន់តែ​ឥតខ្ចោះ ជាមួយ​កញ្ញា សុខា គឹម​លាង ដែល​សម្ដែង​ជា​តួអង្គ​ព្រះថោង​។

អ្នកនាង ចាន់ ស្រីល័ក្ខ ពេលហាត់មុនបើកស៊ីហ្គេម​​។ រូបថត សហ​ការី

​ចំពោះ​ដំណើរ​ការហាត់​សម​ស្រី​ល័​ក្ខ ទទួលស្គាល់ថា ដំបូង​ឡើយ អ្នកនាង​មានការ​ភ័យខ្លាច​និង​បារម្ភ​នៅពេល​ត្រូវបាន​ចង​ព្យួរ​លើ​ខ្សែកាប​ដ៏​ខ្ពស់​។

​ទោះជា​យ៉ាងណា អ្នកនាង​មិនដែល​មានគំនិត​រារែក ឬ​បោះបង់​ឡើយ​។ ផ្ទុយទៅវិញ នាដ​​កា​រូបនេះ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការតាំង​ចិត្ត​ដោយ​ខិតខំ​សម្ដែង​ឱ្យអស់​ពី​លទ្ធភាព​។​នាងនាគ​ទម្ងន់​ ៥៧​ គីឡូក្រាម និង​កម្ពស់​ ១,៦៦ ​ម៉ែត្រ បាន​ចែករំលែក​បទពិសោធន៍​ថា ចាប់ពី​ពេល​ហាត់​សម​រហូតដល់​ថ្ងៃ​សម្តែង អ្នកនាង​មិនបាន​ជួប​បញ្ហា​ប្រឈម​អ្វី​ធំដុំ​ឡើយ​។​

​អ្នកនាងបាន​ថ្លែងថា ក្រុម​​ការងារ​ទាំងអស់ ត្រូវ​អត់ធ្មត់​នឹង​ការហាត់​សមជា​ច្រើន​ម៉ោង​ក្រោម​កម្ដៅ​ដ៏​ក្ដៅ​ខ្លាំង​ដោយពេល​ខ្លះ​ដល់​យប់​ជ្រៅ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​។ ​ស្រី​ល័​ក្ខ បាន​សារភាពថា ពេល​ហាត់​សម អ្នកនាង​អាច​ជ្រើសរើស​ស្លៀកពាក់​ស្រួលៗ​ដូចជា​អាវ និង​ខោ​ខូវប៊យ​។ យ៉ាងណាមិញ នៅ​ថ្ងៃ​សម្តែង អ្នកនាង​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​។ នេះ​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ខណៈ​អ្នកនាង​ត្រូវ​ពាក់​ឧបករណ៍​សុវត្ថិភាព​ខ្សែកាប​ពី​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​។​

​ស្រី​ល័​ក្ខ បាន​បង្ហើប​ថា​៖ «​ដូច​បានដឹង​ស្រាប់​ហើយ ឈុត​​បុរាណ​គឺ​រឹប​តឹង​ណែន​នឹង​រាង​កាយ​របស់ខ្ញុំ​។ ពេល​ខ្ញុំ​ពាក់​ខ្សែកាប​ពី​ក្នុង វា​មិន​ត្រឹមតែ​ធ្វើឱ្យ​រាងកាយ​ខ្ញុំ​ធំ​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បង្កបញ្ហា​មិន​ស្រួល និង​ឈឺចាប់​ទៀតផង​»​។​

​ថ្វីដ្បិតតែ​ជួប​ឧបសគ្គ​លើ​រាង​កាយ​ក៏ដោយ ក៏​ស្រី​ល័​ក្ខ នៅតែ​ព្យាយាម បង្ហាញ​ការតាំង​ចិត្ត និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​សម្តែង​ដ៏​ពិសេស​នេះ​។​

​បញ្ហា​ដែល ស្រី​ល័​ក្ខ ប្រឈម​មុខ​គឺ​ការពាក់​ខ្សែកាប​ពី​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​រយៈ​ពេល​ជាច្រើន​ម៉ោង ដោយ​ចាប់​ផ្តើម​ពី​ម៉ោង​ ៤ ​ល្ងាច រហូត​ដល់ពេល​សម្ដែង​។​

​ស្រី​ល័​ក្ខ ពន្យល់ថា​៖ «​ពេលដែល​ខ្សែកាប​រឹប​ជាប់​នឹង​ស្បែក​របស់ខ្ញុំ ខណៈពេលដែល​ខ្ញុំ​បែកញើស វា​រឹប​កាន់តែខ្លាំង និង​ពិបាក​ដកដង្ហើម​។ ទោះជា​យ៉ាង​នេះ​ក្តី ដល់ពេល​សម្តែង ខ្ញុំ​ហាក់​លែងមាន​អារម្មណ៍​តឹង​ណែន​និង​ផ្តោតលើ​ការ​រាំ​របស់ខ្ញុំ​»​។​

​អ្នកនាង​ចាន់ ស្រី​ល័​ក្ខ ជា​អ្នក​នៅ​ទីក្រុង​ភ្នំពេញ បាន​ចាប់​ផ្តើម​ដំណើរ​សិល្បៈ​ដោយ​ចុះ​ឈ្មោះ​ចូលរៀន​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​ក្នុង​ឆ្នាំ ២០០៦ ជា​កន្លែង​អ្នកនាង​សិក្សា​របាំ​បុរាណ​។​នៅក្នុង​ឆ្នាំ​ ២០១៤ ស្រី​ល័​ក្ខ បានបញ្ចប់​ការសិក្សា​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ ជាមួយ​ចំណេះដឹង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ខាង​របាំ​បុរាណ​។ ក្នុង​ឆ្នាំ​ ២០១៦ ស្រី​ល័​ក្ខ បាន​ប្រឡង​ជាប់​ជា​មន្ត្រីរាជការ​ដោយ​ទទួលបាន​ការងារ​នៅ​នាយក​ដ្ឋា​ន​សិល្បៈ​ដែល​ដំណើរការ​ក្រោម​ឱវាទ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

២​ឆ្នាំ​ក្រោយមក​ក្នុង​ឆ្នាំ​ ២០១៨ ​ស្រី​ល័​ក្ខ បានសម្រេច​ចិត្ត​ផ្ទេរ​ការងារ​ទៅ​សាលា​មធ្យមសិក្សា​​វិចិត្រសិល្បៈ​ដែលជា​ស្ថាប័ន​ដ៏​ល្បី​មួយ​នៅក្រោម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​ប្រវត្តិ​អប់រំ​របស់​ស្រី​ល័​ក្ខ គួបផ្សំ​នឹង​បទពិសោធន៍​របស់​អ្នកនាង​ជា​មន្ត្រីរាជការ និង​ជា​គ្រូបង្រៀន​របាំ​បាន​ផ្តល់ឱ្យ​អ្នកនាង​នូវ​ទស្សនវិស័យ​ដ៏​ទូលំទូលាយ​នៃ​សិល្បៈ​សម្តែង​របស់​កម្ពុជា​។​

​ការសម្ដែង​របាំ​ប្រពៃណី​ស្ដីពី​កំណើត​នៃ​ព្រះរាជាណាចក្រ​​ខ្មែរ គឺជា​ការអបអរសាទ​រ​ដ៏​ត្រចះត្រចង់​នៃ​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា​និង​ឥទ្ធិពល​ដ៏​យូរអង្វែង​នៃ​ប្រពៃណី​។​តាមរយៈ​ការសម្តែង​ដ៏​គួរឱ្យកត់សម្គាល់​របស់​ស្រី​ល័​ក្ខ ជា​នាងនាគ ហាក់​បាន​បង្វែរ​អារម្មណ៍​ទស្សនិកជន​ឱ្យ​នឹកគិត​ទៅកាន់​អាណាចក្រ​ក្នុង​រឿងព្រេង​និទាន​ខ្មែរ​។ របាំ​នេះ​មិន​ត្រឹមតែ​បាន​លើកតម្កើង​ប្រពៃណី​បុរាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បំភ្លឺ​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​រវាង​អតីតកាល បច្ចុប្បន្នកាល និង​អនាគត​របស់​ប្រជាជន​ខ្មែរ​ទៀតផង​។​

​ព្រះថោង និង​នាងនាគ មាន​អត្ថន័យ​ចំពោះ​វប្បធម៌​យ៉ាង​ធំធេង​ក្នុង​ទំនៀមទម្លាប់​ខ្មែរ ព្រោះ​គេ​គោរពបូជា​ថា ជា​អ្នកបង្កើត​រដ្ឋ​ហ្វូណន​មុន​សម័យអង្គរ​។​ ព្រះថោង និង​នាងនាគ​បង្កើតជា​មូលដ្ឋានគ្រឹះ​នៃ​ទំនៀមទម្លាប់​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​ដែល​ព្រះថោង បាន​តោង​ស្បៃ​នាងនាគ ចុះទៅ​ឋាន​ភុជង្គនាគ​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ​៕