ភ្នំពេញ:​ មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១២ (CIFF)​ ដែល​គ្រោង​រៀបចំ​ពីថ្ងៃ​ទី ​៣០ ​ខែឧសភា​ ដល់​ថ្ងៃទី ​៤ ​ខែ​មិថុនា ​ឆ្នាំ​ ២០២៣ ​នឹង​ទាក់​ទាញ​ទស្សនិក​ជន ​និង​អ្នក​ផលិត​ភាព​យន្ត​ជាមួយនឹង​ការជ្រើសរើស​ចម្រុះ​នៃ​ភាពយន្ត​ចំនួន​ ១៤៤​ មកពី​ ៣៤ ​ប្រទេស​។​

​ព្រឹត្តិ​ការណ៍​ដែល​រំពឹង​ទុក​យ៉ាង​ខ្ពស់​នេះ​មិន​ត្រឹមតែ​អបអរ​សាទរ​សិល្បៈ​នៃ​ការផលិត​ភាព​យន្ត​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ដើរតួ​ជា​វេទិកា​ផ្សព្វ​ផ្សាយ​ឧស្សា​ហកម្ម​ភាព​យន្ត​នៅ​កម្ពុជា​និង​ទាក់​ទាញ​ផលិតករ​បរទេស​មក​ផលិត​ភាព​យន្ដ​នៅ​ប្រទេស​ដ៏​សម្បូរ​ប្រ​ពៃណី​វប្បធម៌​ផង​ដែរ​។​

​លោក​Cedric Eloy នាយក CIFF បាន​ថ្លែង​​នៅ​ក្នុង​សន្និ​សីទ​កាសែត​នៅ Rosewood កាលពី​ថ្ងៃ​ពុធ​ទី២៤ ឧសភា​ថា​វា​បាន​បង្ហាញ​ពី​ចម្រុះ​ភាព​នៃ​ភាព​យន្ដ​ក្នុង​ព្រឹ​ត្ដិ​ការណ៍​មហោស្រព​ភាព​យន្ដ​ឆ្នាំនេះ ​ចាប់ពី​ការដាក់​បញ្ចាំង​ខ្សែភាព​យន្ត​ក្នុង​ស្រុក​នៃ​យុគ​សម័យ​មាស ​ភាព​យន្ដ​មកពី​ប្រទេស​អ៊ីរ៉ង់​និង​អាហ្វ្រិក​ រហូត​ដល់​ផលិតករ​ឆ្នើម​ និងវ័​យ​ក្មេង ​ក៏ដូច​ជា​តារា​ភាព​យន្ដ​ជើង​ចាស់​ជាដើម​។​

​លោក​បាន​និយាយ​ថា​៖«​យើង​នឹង​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ក្នុង​ស្រុក​ដូច​ជា​រឿង «Little by Little» របស់ Samuel Diaz Fernandez រឿង«​ទេព​ហត្ថា​»របស់ ​Xavier de Lauzanne «Wishing Lollipop» របស់ Un Bunthouernនិង«The Guardian» របស់ Jimmy Henderson និង​ភាព​យន្ត​ពិសេស​របស់ ​Matt Dillon ផង​ដែរ «​ទីក្រុង​ខ្មោច​»សម្រាប់​ពិធី​បិទ​នេះ​»​។​

​លោក​ថា​មាន​ភាព​យន្ត​ដែល​ផលិត​និង​សហ​ការ​ផលិត​ឬ​ថត​ក្នុង​ប្រទេស​កម្ពុជា​រួមមាន​រឿង «​បងប្អូន​៣​នាក់​»​របស់​ចាន់​រ៉ា​ដូ​សុខ​រឿង «​រសជាតិ​អាថ៌​កំបាំង​»​របស់​ហ្គី​ឡា​ម​សួន​និង​ភាព​យន្ត​មួយ​ចំនួន​ដែល​ល្បី​ដល់​ពិភព​លោក​រួមមាន​រឿង «​វិល​វិញ​សេ​អ៊ូ​ល​»​របស់​ដេវីត​ជូ​ និងរឿង «The Innocent» របស់ Louis Garrelជា​ដើម​។​

​រាត្រី​ភ័យ​រន្ធត់​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ Eden Garden ដែល​ស្វា​គមន៍​អ្នក​និយម​ខ្សែភាព​យន្ត​ដ៏​គួរឱ្យ​ខ្លាច​ពេញ​មួយ​យប់​ចាប់​ពី​ម៉ោង​៦ល្ងាច​ដល់​ម៉ោង ៤​ ព្រឹក​ទៀប​ភ្លឺ​។​

CIFFនៅ​ឆ្នាំនេះ​សន្យា​នូវ​កម្មវិធី​ដ៏​រំភើប​ជាច្រើន​។​ចំណុច​លេច​ធ្លោ​មួយ​គឺ​ភូមិ​ភាព​យន្ដ​ទើប​បង្កើត​ថ្មី ជា​បទ​ពិសោ​ធន៍​តែ​មួយ​គត់​ដែល​ប្រមូល​ផ្តុំ​អ្នក​ជំនាញ​ឧស្សាហ​កម្ម​អ្នក​ចូល​ចិត្ត​ភាព​យន្ត​និង​សា​ធារ​ណជន​ទូទៅ​។ នេះ​បើ​យោង​តាម​លោក​ប៉ុក​បូរ​ក្ស​ប្រធាន​នាយក​ដ្ឋាន​ភាព​យន្ដ និង​សិល្បៈ​នៃ​ក្រសួង​វប្បធម៌​។​

​លោក​បាន​ថ្លែង​ក្នុង​សន្និ​សីទ​កាសែត​ថា ​លោក Matt Dillon ជា​ប្រធាន​កិ​ត្ដិ​យស​នៃ​មហោ​ស្រព​ភាព​យន្ដ​CIFF ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ដែល​កម្ពុជា​បាន​រៀប​ចំ​មហោ​ស្រព​ភាព​យន្ដ​នៅ​ឆ្នាំ​នេះ​។

​លោក​បាន​រំឭក​អំពី​ការ​ថត​ភាព​យន្ដ​របស់លោ​ក Dillon ក្នុង​ឆ្នាំ ២០០១ និង​ឆ្នាំ​២០០២ ដែល​កាល​នោះ ​លោក​បាន​ស្នើ​សុំ​ថត​ភាព​យន្ដ​មួយ​ក្រោម​ចំណង​ជើង​ថា «Beyond the Tree» ឬ «​ក្រោម​ម្លប់​ពោធិ៍​»​។

​ប៉ុន្ដែ​ពេល​ដាក់​បញ្ចាំង​ភាព​យន្ដ​នេះ​ក៏ត្រូវ​បាន​ប្ដូរ​ចំណង​ជើង​ទៅជា «City of Ghost» ឬ ទីក្រុង​ខ្មោច ដែល​មាន​ការ​មិន​ពេញ​ចិត្ដ​ពី​សំណាក់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។

​លោក​បាន​លើក​ឡើង​ថា​៖«​ក្រោយ​ការពន្យល់​ពី​តំណាង​ផលិតករ​បាន​ពន្យល់​ផ្ទាល់​ដល់​សម្ដេច​នាយករ​ដ្ឋ​មន្ដ្រី​អំពី​ការ​ផ្លាស់ប្ដូរ​ចំណង​ជើង​និង​អត្ថប្រ​យោជន៍​នៃ​ភាព​យន្ដ​នេះ​ចំពោះ​កម្ពុជា​។​ភាព​យន្ដ​នេះ​ទទួល​បាន​ការឯកភា​ព​។ នៅពេល​មនុស្ស​មួយ​ចំនួន​យល់​ថា ចំណង​ជើង​នេះ​ធ្វើឱ្យប៉ះ​ពាល់​ដល់​មុខមាត់​កម្ពុជា​ វា​គ្រាន់តែ​ជា​ភាព​យន្ដ​ជា​សិល្បៈ ​ហើយ​ផ្ទុយ​ទៅវិញ​វា​បាន​ជួយ​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា​កាន់តែ​មាន​ការ​ទទួល​ស្គាល់​ឱ្យ​កាន់តែ​ច្រើន​»​។

​លោក ​Eloy សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃភូមិ​ភាព​យន្ដ ​នៅ​ផ្សារ​ទំនើប​Olympia Mall ដែលជា​វេទិកា​សម្រាប់​ការ​ពិភាក្សា​ទាក់​ទង​នឹង​ភាព​យន្ត​ពី​សំណាក់​អ្នក​ដឹក​នាំ​តួ​សម្តែង​និង​ផលិត​ករ​។​

​បន្ថែម​ពីលើ​ការ​ផ្លាស់​ប្តូរ​ដ៏​គួរឱ្យ​រំភើប​ទាំងនេះ​ភូមិ​ភាព​យន្ដ​ក៏មាន​សេវា​កម្ម​ម្ហូប​អាហារ​ បង្កើត​បរិយា​កាស​ដ៏​រស់​រវើក​នៃ​ការ​ទទួល​ទាន​អា​ហារ​ចម្រុះ​។​

​ភាព​ពិសេស​មួយ​ទៀត​សម្រាប់​មហោ​ស្រព​ភាព​យន្ត​អន្ត​រជាតិ​កម្ពុជា​លើក​ទី១២ ​នេះ គឺ​លោក ​Matt Dillon ជា​ប្រធាន​កិត្ដិ​យស​សម្រាប់​រដូវ​កាល​នេះ​។​

​លោក​Eloy បាន​និយាយ​ថា​៖ «​ការ​គាំទ្រ​មហោ​ស្រព​ពី​សំណាក់​លោក ​Matt Dillon ជាការ​ទទួល​ស្គាល់​ពីស​ក្តា​នុព​ល​ច្នៃ​ប្រឌិត​ដែល​កម្ពុ​ជា​មាន​និង​ជាការ​លើក​ទឹក​ចិត្ត​សម្រាប់​CIFF ក្នុងការ​អភិវឌ្ឍ​តួនាទី​សំខាន់​របស់​ខ្លួន​ក្នុងការ​ផ្សព្វ​ផ្សាយ ក៏​ដូច​ជា​គាំទ្រ​ភាព​យន្ត​កម្ពុជា​និង​ការ​សហ​ការ​អន្តរ​ជាតិ​»​។​

​លោក Dillon ជា​ផលិត​ករ​និង​ជា​តួ​សម្តែង​រឿង «​ទីក្រុង​ខ្មោច​» បាន​និយាយ​ថា CIFF មាន​សារៈ​សំខាន់​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​អ្នក​ផលិតភា​ព​យន្ត​និង​ផលិត​ករ​ភាព​យន្ត​ខ្មែរ​ទូទាំង​ពិភព​លោក​។ លោក​រំភើបចិត្ត​ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​មហោ​ស្រព​ភាព​យន្ត​ដ៏​អស្ចារ្យ​នេះ​។​

​លោក Dillon ត្រូវបាន​គេ​ដក​ស្រង់​សម្តី​ថា​៖ «​ការ​បង្កើត​ភាព​យន្ដ ទីក្រុង​ខ្មោច ​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ​។​ប្រទេស​កម្ពុជា​គឺជា​កន្លែង​ពិសេស​សម្រាប់​ខ្ញុំ​។​វា​ជា​ដី​ដ៏​មាន​ជីជាតិ​សម្រាប់​ការច្នៃ​ប្រឌិត​។ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ឃើញ​ថា កម្ពុជា​ពិតជា​មាន​អភិវឌ្ឍ​ទៅជា​ឧស្សាហ​កម្ម​ភាព​យន្ត​ដ៏​រីកចម្រើន​។​ខ្ញុំ​ពិត​ជា​ទន្ទឹង​រង់​ចាំ​មើល​ថា​តើ​ផលិត​ករ​ភាព​យន្ត​វ័យ​ក្មេង​ទាំង​នេះ​មាន​អ្វី​ថ្មី​បន្ដ​ទៀត​នៅពេ​ល​អនា​គត​?»​។​

​នា​ឱកាស​នោះ អ្នក​ស្រី ឌី សា​វ៉េ​ត ជា​តារាភាព​យន្ដ​ជើង​ចាស់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ និង​ឆ្នាំ​១៩៧០ ​បាន​ចែក​រំលែក​បទ​ពិសោធន៍​សម្ដែង​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​ ក៏ដូចជា​ ការ​ពុះពារ​សម្ដែង​ជាមួយ​សត្វ​ និង​ស្នេហ៍​ស្និ​ទ្ធជាមួយ​តួអង្គ​ប្រុស​ខណៈ​ខ្លួន​នៅ​វ័យ​ជំទង់​កំពុង​ពេញ​ខ្មាស​។

​ដោយ​សម្ដែង​ភាព​យន្ដ​ដំបូង​ក្នុង​ឆាកជីវិត​នៃ​រឿង «​ក្បូន​ជីវិត​» អ្ន​កស្រី សា​វ៉េ​ត បាន​ដាក់​តម្លៃ​នៃ​ការ​សម្ដែង​ដាក់​អារម្មណ៍​ឱ្យ​បាន​ស៊ី​ជម្រៅ ទើប​លទ្ធ​ផល​ចេញ​មក​ដូចជា​ដំណើ​ររឿង​ពិតៗ​។

​អ្នកស្រី​ បាន​និយាយ​ថា​៖ «​ទោះ​ខ្ញុំ​ជា​នារី​ខ្មែរ​ដែល​ខ្មាសអៀ​ន និង​ប្រតិ​ប​ត្ដិ​តាម​គន្លង​ស្ដ្រី​ខ្មែរ​យ៉ា​ងណាក៏ដោ​យ ក៏​នៅ​ពេល​និយាយ​អំពី​ការ​សម្ដែង ខ្ញុំ​ត្រូវ​តាំង​ចិត្ដ និង​ដាក់​អារម្មណ៍​សម្ដែង ដូ​ចជា តួ​អង្គ​ប្រុស​ជា​គូស្នេហ៍​ពិត​ប្រាកដ និង​ហ៊ាន​ឱប​ស្និទ្ធ​ស្នាល​»​។

​អ្នកស្រី​បាន​បន្ដ​ថា​៖ «​ចំពោះ​ការ​សម្ដែង​ជា​មួយ​សត្វ ​ជាពិសេស ​ពស់ និង​ក្រពើ ​ក្នុង​រឿង​នាង​សក់​ពស់ ​រឿង​ ពស់​កេង​កង និង​រឿង ក្រៃ​ថោង​ក្រពើ​ឆា​រ៉ា​វ៉ាន់ ខ្ញុំ​ត្រូវដាក់​ភាព​ភ័យ​ខ្លាច​មួយ​អន្លើ ​និង​ហ៊ាន​បណ្ដោយ​ឱ្យ​សត្វ​ពស់រ​មិច​រមួល​លើ​ក្បាល ក៏ដូច​ជា​ឱប​កាន់​ក្រពើ​»​។

​លោក ​Mark Bochslerអ្នកដឹកនាំ​រឿង​នៃ​វីដេអូ​ឯក​សារ «​គុន​ល្បុក្កតោ​​រស់​ឡើង​វិញ​» បាន​និយាយថា លោក​សប្បាយ​រីករាយ​ដែល​ភាព​យន្ដ​ឯក​សារ​នេះ​នឹង​ត្រូវ​បាន​ដាក់​បញ្ចាំង​២លើក​អំឡុង​ពេល​មហោស្រព​ភាព​យន្ដ​នេះ​។

​ភាព​យន្ដ​ឯក​សារ​ល្បុក្កតោ​ ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ឆ្នាំ​២០១០ ​និង​ចំណាយ​ពេល​ ៧ ឆ្នាំ​ក្នុង​ការថត​ និង​ចំណាយ​ពេល ​៣ ឆ្នាំ​ក្នុង​កាត់ត​ពី​រយៈ​ពេល​ ៤០០ ម៉ោង​មក​ត្រឹម​ជាង ​៩០ នាទី បាន​ជាប់​ចំណាត់​លេខ ​២ អំឡុង​ពេល​ប្រកួត​ប្រជែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

​សាច់​រឿង​បាន​បង្ហាញ​ពី​ឧបសគ្គ និង​ដំណើរ​តស៊ូ​របស់​ព្រឹទ្ធា​ចារ្យ ​លោក សាន គីម​ស៊ាន ដែល​រស់រាន​មាន​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហមនិង​បាន​បន្ដ​សិល្បៈ​ការ​ពារ​ខ្លួន​ដូន​តា​នេះ​ដល់​យុវ​ជន​ជំនាន់​ក្រោយ​។

​លោក​បាន​និយាយ​ថា​៖«​អ្វីដែល​ខ្ញុំ​ចាប់អា​រម្មណ៍​នោះ គឺ​ក្បាច់​គុន​ជា​កីឡា​មួយ​មុខ​ប៉ុណ្ណោះ ​តែ​គុន​ល្បុក្កតោ​ជា​កីឡា​ផង​និង​ជា​វប្បធម៌​ផង​ដែរ​»​។

​នោះ​បាន​ជំរុញ​ទឹក​ចិ​ត្ដ​ឱ្យ​ផលិត​ភាព​យន្ដ​ឯកសារ​«​គុន​ល្បុក្កតោ​​រស់​ឡើងវិញ​»នេះ​ឡើង ​ហើយ​ភាព​យន្ដ​ឯកសារ​របស់លោ​ក​ជាការ​ចូល​រួម​ចំណែក​ជំរុញ​ឱ្យ​គុន​ល្បុក្ក​តោ​ជា​បេតិក​ភណ្ឌ​ពិភព​លោក​។

​លោក​ ប៉ុក បូរ​ក្ស បាន​បន្ដថា ក្នុង​សម័យ​ថត​ភាព​យន្ដ​រឿង ទីក្រុង​ខ្មោច ឆ្នាំ​២០០២ ​កម្ពុជា​ស្ទើរតែ​គ្មាន​ធន​ធាន​ក្នុង​ការ​សម្រប​សម្រួល​ដ​ល់​ការផ​លិត​ភាព​យន្ដ​នោះ​ទេ​ មាន​ន័យថា​ អ្វីៗ​ត្រូវ​ជួល​គេ​ទាំង​អស់​ រួមទាំង​សម្ភារ​បច្ចេក​ទេស​ ធន​ធាន​មនុស្ស ​ដែល​ជា​ការ​ខាត​បង់​យ៉ាង​ច្រើន​។

​នៅ​អំឡុង​ឆ្នាំ​២០១០ កម្ពុជា​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស និង​មាន​លទ្ធ​ភាព​ផ្សេងៗ​ក្នុង​ការ​សម្រប​សម្រួល​ផលិត​ភាព​យន្ដ​។ ទាំង​នេះ​ជាការ​ទាក់​ទាញ​ផលិត​ករ​ភាព​យន្ដ​បរទេស​ចូល​មក​កម្ពុជា​កាន់​តែច្រើន​។

​លោក​បាន​បញ្ជាក់​ថា​៖«​វា​ជាការ​ចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពីមុខ​មាត់​កម្ពុជា ​ប្រជា​ជន​របស់​យើង ​វប្បធម៌​របស់​យើង​និង​ជាការ​ចូល​រួម​ចំណែក​លើ​ក​កម្ពស់​សេដ្ឋ​កិច្ច​និង​បង្កើត​ការងារ​ដល់​អ្នក​បច្ចេកទេ​ស​របស់​យើង​»៕