
បុរសម្នាក់នៅឃុំព្រះដាក់ពេលកំពុងច្នៃឫស្សីធ្វើអង្រឹងកន្លងមក ។ រូបថត សហការី
សៀមរាបៈដើមឫស្សីពីងពង់ត្រូវបានប្រជាកសិករដាំនៅតាមភូមិធ្វើជាព្រំដី ឬធ្វើជារបងហើយគេអាចយកវាទៅប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃបានជាច្រើនយ៉ាងទៀត។ ដោយឡែកបុរសម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានយកដើមឫស្សីមកកែច្នៃជាសាឡុង ជាទោងសម្បុកចាប ជាអង្រឹងបានយ៉ាងល្អប្រណីត។
ក្នុងឥរិយាបថភ្នែកកំពុងសម្លឹងមិនប៉ប្រិចជាមួយនឹងពុកចង្កាខ្មៅស្រមូម ខណៈដៃទាំងគូកំពុងច្រត់ទៅលើរនាបអង្រឹងក្រឡាពស់ថ្លាន់ដែលនោះគឺជាបុរសឈ្មោះ ស្រេង ស្រឹប អាយុ ៤៥ ឆ្នាំ រស់នៅភូមិបណ្តោយថ្នល់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលគាត់ជាអ្នកធ្វើអង្រឹង ធ្វើទោងសម្បុកចាប គ្រែ សាឡុងដែលកែច្នៃពីដើមឫស្សីពីងពង់ដែលជាវត្ថុកែច្នៃពីធម្មជាតិពិតៗ។
លោក ស្រេង ស្រឹប និយាយប្រាប់ថា លោកមានប្រពន្ធនិងមានកូនប្រុស២នាក់និងស្រីម្នាក់ដោយកូនស្រីច្បងអាយុ ១៨ ឆ្នាំ។ការដែលលោកកែច្នៃដើមឫស្សីពីងពង់ជាសម្ភារប្រើប្រាស់នេះឡើងគឺដោយសារតែលោកគ្មានដើមទុនជួញដូរទិញលក់ទំនិញដូចគេដូច្នេះការចាប់ផ្តើមដំបូងត្រូវបានជីតារបស់លោកជំរុញឱ្យកែច្នៃដើមឫស្សីធ្វើជាខ្លុយ ធ្វើស្គរ ទ្រ ដើរលក់នៅក្នុងតំបន់ដែលលោករស់នៅដើម្បីដោះដូររកប្រាក់មកចិញ្ចឹមកូន។
ក៏ប៉ុន្តែខ្លុយ ស្គរ ទ្រ ដែលលោកធ្វើលក់នោះហាក់គ្មានអ្នកទិញរីឯដើមឫស្សីក៏ចេះតែកាប់ចោលៗ។ ដោយសារស្តាយដើមឫស្សីមិនដឹងជាយកទៅណាក៏លោកបែកគំនិតយកសំណល់ដើមឫស្សីទាំងនោះមកកែច្នៃធ្វើជាអង្រឹង ជាទោងសម្បុកចាប ជាគ្រែដេក រួមនឹងសម្ភារប្រើប្រាស់មួយចំនួនទៀតជំនួសវិញ តែនៅតែលក់មិនដាច់ដដែល។
លោកបានពោលថា៖«ខ្ញុំគ្មានលុយធ្វើដើមទុនរកស៊ីចាប់មុខជំនួញធំៗអីដូចគេហើយមួយទៀតខ្ញុំគិតថាចំណេះវិជ្ជាខ្ញុំមិនបានរៀនខ្ពស់ទើបខ្ញុំសម្រេចចិត្តចាប់អាជីពនេះទៅ។ខ្ញុំឃើញគេកាប់ព្រៃឈើគគ្រឹកគគ្រេងខ្លាំងពេកតែអត់មានបងប្អូនណាបង្វែរមុខរបរអីដែលទាក់ទងដើមឫស្សីយកមកប្រើប្រាស់បានដូចឈើខ្ញុំក៏មានគំនិតកែច្នៃឫស្សីឱ្យមានគុណប្រយោជន៍»។
លោកស្រេង ស្រឹប បានបន្តថា ចំពោះវត្ថុធាតុដើមឫស្សីវិញគឺលោកបានដើរទិញនៅតាមភូមិជាលក្ខណៈគ្រួសារហើយបើលោកយកឫស្សីព្រៃមកកែច្នៃក៏អាចធ្វើមិនបានដែរព្រោះដើមឫស្សីព្រៃមានថ្នាំងញឹកជាងឫស្សីពីងពង់។ចំពោះមុខរបរកែច្នៃដើមឫស្សីនេះគឺលោកបានចាប់អាជីពតាំងពីឆ្នាំ២០០៤មកម្ល៉េះ ដោយលោកបានចំណាយពេលធ្វើអស់៥ឆ្នាំតែផលិតផលរបស់លោកលក់មិនដាច់ឡើយ ដោយក្នុង១សប្តាហ៍អាចបានលុយតែ២ម៉ឺនរៀលប៉ុណ្ណោះពោលគឺ៣ទៅ៤ខែទើបលក់ដាច់បាន១គ្រឿង។
លោកបានថ្លែងទៀតថា ដោយសារតែលោករកចំណូលពីការលក់អង្រឹងឬរបស់របរធ្វើពីឫស្សីនេះមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានលោកក៏សម្រេចចិត្តចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជាច្រើនឆ្នាំហើយបានត្រឡប់មកស្រុកកំណើតដើម្បីចាប់ផ្តើមរបរនេះជាថ្មីវិញក្នុងឆ្នាំ២០១៤។
លោកនិយាយថា៖«ម្តងនេះខ្ញុំសម្រេចចិត្តថាមិនទៅថៃវិញទេ ទោះអាជីពធ្វើអង្រឹងលក់មិនដាច់ក៏ដោយក៏ខ្ញុំតស៊ូទ្រាំខាំស្មៅនៅស្រុកកំណើតជួបជុំប្រពន្ធកូនខ្ញុំប្រសើរជាង។យើងនៅស្រុកយើងរកបានប៉ុនណាយើងហូបប៉ុណ្ណឹងក៏ល្អដែរ»។
លោកស្រេង ស្រឹប បានរំឭកថាសម្រាប់ពី១ឆ្នាំទៅ២ឆ្នាំដំបូងគឺគ្រួសារលោកមានជីវភាពលំបាកព្រោះរបស់ដែលលោកកែច្នៃលក់មិនដាច់ដោយសារតែបងប្អូនប្រជាពលរដ្ឋនៅមិនទាន់ស្គាល់មិនទាន់ដឹងផលិតផលដែលកែច្នៃពីឫស្សីនេះ។
ម្យ៉ាងទៀតប្រហែលជាប្រជាពលរដ្ឋភាគច្រើនមិនចូលចិត្តផលិតផលកែច្នៃពីឫស្សីផងក៏មិនដឹងតែពួកគាត់ចូលចិត្តប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើដូច្នេះធ្វើឱ្យផលិតផលកែច្នៃពីដើមឫស្សីគ្មានទីផ្សារ។ លោកថា លុះចូលដល់អំឡុងឆ្នាំ២០២០ទើបផលិតផលកែច្នៃរបស់លោកមានការទទួលស្គាល់ជាបណ្តើរៗពីបងប្អូននៅតាមខេត្តមួយចំនួនហើយបច្ចុប្បន្នដំណើរការលក់ដូររបស់លោកបានល្អប្រសើរច្រើន។ក្នុងអំឡុងពេលប្រទេសជួបនឹងស្ថានភាពជំងឺកូវីដរាតត្បាតគឺលោកមិនបានបិទមុខរបរទេពោលគឺនៅផលិតរហូតទល់បច្ចុប្បន្ន។
បើតាមលោក ស្រេង ស្រឹប ចំពោះផលិតផលដែលលោកកែច្នៃពីដើមឫស្សីមាន គ្រែ សាឡុង ទោងទោងសម្បុកចាបឬក៏គ្រឿងកែច្នៃផ្សេងៗទៀតគឺលោកអាចធ្វើបានទាំងអស់។ ប៉ុន្តែបច្ចុប្បន្នលោកអាចលក់ដាច់ជាងគេគឺអង្រឹងឫស្សី។ ចំពោះការធ្វើអង្រឹងឫស្សីនេះ គឺលោកចំណាយពេលធ្វើ ១ សប្តាហ៍ទើបធ្វើរួច ១ គ្រឿង ដោយត្រូវការអ្នកធ្វើ ២ នាក់។ រីឯថ្លៃជួលកម្មករវិញគឺលោកត្រូវចំណាយ ១៨ ម៉ឺនរៀលក្នុងការធ្វើអង្រឹង ១ គ្រឿង ហើយលោកអាចលក់បានចន្លោះពី ៨៥ ទៅ ១៥០ ដុល្លារ ក្នុង ១ គ្រឿង។
អង្រឹងដែលលោកកែច្នៃពីដើមឫស្សីពីងពង់នេះគឺតម្លៃខ្ពស់ត្រឹម ១៥០ ដុល្លារហើយការរចនាម៉ូដរបៀបទម្រង់ខ្មែរសុទ្ធសាធ? ដោយមិនចម្លងម៉ូដពីបរទេសឡើយ។ចំពោះទំហំអង្រឹងវិញអាចមានទទឹង ០,៦០ ម៉ែត្រគុណនឹង ២ ម៉ែត្រកន្លះ និងខ្លះមានទទឹង ០,៧០ ម៉ែត្រគុណនឹង ២ ម៉ែត្រកន្លះ ហើយខ្នាតខ្លះមានទទឹង ០,៨០ ម៉ែត្រគុណនឹង ២ ម៉ែត្រ ៥០និងប្រើជើងទម្រកែច្នៃពីដើមឫស្សីសុទ្ធតែម្តង។
លោកបានបញ្ជាក់ថាចំពោះដើមឫស្សីដែលអាចកែច្នៃជាអង្រឹងបានលុះត្រាហាលថ្ងៃចោលរយៈពេល៦ខែទើបអាចយកមកធ្វើបានព្រោះមេមិនស៊ីនិងមិនពុកផុយ។ផលិតផលរបស់លោកក៏មានខ្មែរនៅសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសបារាំងមកទិញដល់ទីតាំងកែច្នៃផ្ទាល់ផងដែរ។
លោកស្រេង ស្រឹប បានប្រាប់ដែរថា បច្ចុប្បន្នលោកបានជួយដល់យុវជន៥នាក់ដែរដើម្បីឱ្យពួកគាត់មកស្នាក់នៅនិងចាប់យកជំនាញនេះទៅប្រកបរបរទៅចិញ្ចឹមជីវិតទៅថ្ងៃអនាគត។ រីឯយុវជនមួយចំនួនទៀតក៏មកជួយធ្វើការងារលោកដែរតែគាត់មិនស្នាក់នៅកន្លែងកែច្នៃទេដោយយកកម្រៃពី៣ទៅ៥ម៉ឺនរៀលក្នុងអង្រឹង១គ្រឿង។សម្រាប់ទៅថ្ងៃខាងមុខប្រសិនបើរបរកែច្នៃដើមឫស្សីរបស់លោកមានអតិថិជនគាំទ្រច្រើនគឺលោកនឹងបើកបង្រៀនដល់យុវជនណាដែលចង់ចាប់យកអាជីពនេះដើម្បីឱ្យពួកគេមានចំណេះក្នុងខ្លួនគ្រាន់ចិញ្ចឹមជីវិត។
ដោយឡែកលោកភិន ថោង មេឃុំព្រះដាក់បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថាចំពោះរបរកែច្នៃពីដើមឫស្សីរបស់លោកស្រេង ស្រឹប នេះ គឺលោកធ្លាប់បានចុះទៅដល់ទីតាំងផ្ទាល់ដែរ។ សម្ភារកែច្នៃដូចជាអង្រឹង ទោងយោល ទោងសម្បុកចាប តុ កៅអី សាឡុង រួមទាំងវត្ថុសម្ភារផ្សេងៗទៀតដែលកែច្នៃដោយដៃផ្ទាល់នេះគឺលោកមើលទៅឃើញថាអ្នកកែច្នៃមានថ្វីដៃល្អណាស់។
លោកបានបញ្ជាក់ថា៖«ខ្ញុំមិនត្រឹមតែទៅមើលទេតែខ្ញុំធ្លាប់បានទិញអង្រឹងកែច្នៃពីដើមឫស្សីនេះមកប្រើប្រាស់ទៀតផង។ខ្ញុំក៏សប្បាយចិត្តដែរនៅពេលឃើញគាត់ចេះកែច្នៃបែបនេះ»។
លោកបានបន្ថែមថា នៅក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រីនេះមានតែលោកស្រេង ស្រឹបម្នាក់ទេដែលផលិតកែច្នៃឫស្សីហើយគំនិតកែច្នៃរបស់គាត់ដែលយកវត្ថុធាតុដើមមានស្រាប់មកកែច្នៃលោកគិតថាជាការល្អ។ការងារនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាពគ្រួសាររបស់គាត់ទេតែថែមទាំងបានបង្ហាញពីស្នាដៃរបស់អ្នកភូមិព្រះដាក់ផង ជាពិសេសបានជួយផ្តល់ការងារដល់យុវជនមួយចំនួនផងដែរ។លោកក៏សូមសំណូមពរដល់ពលរដ្ឋក្នុងភូមិក្នុងស្រុកសូមកុំកាប់ឬដុតដើមឫស្សីចោលព្រោះដើមឫស្សីមានប្រយោជន៍ណាស់។
ជុំវិញការកែច្នៃដើមឫស្សីនេះដែរ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាសិប្បកម្មកែច្នៃពីឫស្សីដែលមានផលិតផលដូចជាអង្រឹងជាដើមនោះ លោកដឹងថាបុរសឈ្មោះ ស្រេង ស្រឹប លក់បានក្នុងតម្លៃពី៧៥ទៅ៨០ដុល្លារដែរក្នុងអង្រឹង១គ្រឿង។ពាក់ព័ន្ធនឹងសិប្បកម្មកែច្នៃដោយដៃនេះបានជួយជីវភាពរបស់គាត់ដែរដោយសារនៅខេត្តសៀមរាបមានតំបន់មួយចំនួនក៏មានដើមឫស្សីដែរ។អ៊ីចឹងបើក្នុងករណីខ្វះដើមឫស្សីក៏គាត់ទិញដើមឫស្សីពីក្រៅភូមិឃុំដែលគាត់រស់នៅបានដែរ។
លោកថ្លែងថា៖«ប៉ុន្តែឥឡូវនេះប្រជាពលរដ្ឋយើងមួយចំនួនគាត់ដាំឫស្សីហើយគាត់អាចទិញយកមកកែច្នៃធ្វើជាអង្រឹងជាស្អីហ្នឹង។ជាទូទៅនៅឃុំព្រះដាក់មានប្រជាជនកែច្នៃពីដើមឫស្សីពីផ្តៅពីដើមរពាក់ច្រើនដែរហ្នឹង។ខ្ញុំផ្ទាល់ក៏ធ្លាប់ទិញអង្រឹងគាត់២យកទៅប្រើ២ឆ្នាំហើយនៅល្អចែស»។
លោកប្រាប់ថា មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបតែងតែខិតខំជំរុញ និងឱ្យសហគមន៍បង្កើនការដាំដើមឫស្សីដើម្បីលក់ជាវត្ថុធាតុដើមដល់សិប្បកម្មដើម្បីឱ្យគាត់កែច្នៃដែរ។ក្នុងនាមមន្ទីរកសិកម្មគឺត្រូវតែជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការជំរុញលើកទឹកចិត្តនិងការបណ្តុះបណ្តាលវិធីដាំដុះជាប្រចាំ។
បើតាមលោក ទា គឹមសុទ្ធ ដើមឫស្សីមុនដំបូងវាដុះជាទំពាំងហើយផុតពីទំពាំងទៅវាក្លាយជាដើមឫស្សីដូច្នេះអ្នកដាំអាចយកផលទាំងទំពាំងទាំងដើមឫស្សីដើម្បីយកមកកែច្នៃហើយផលិតផលដែលគាត់បានពីការ
កែច្នៃនេះគាត់យកមកលក់ដូរ។ក្រៅពីនេះក៏នៅមានបំពង់បឺតកែច្នៃពីឫស្សីអីហ្នឹងក៏មានសហគមន៍មួយចំនួនកំពុងធ្វើនៅស្រុកវ៉ារិនដែរព្រោះថានៅស្រុកបន្ទាយស្រីមានគេដាំដើមឫស្សីរាប់រយហិកតា ហេតុដូច្នេះហើយបុរសដែលកែច្នៃអង្រឹងម្នាក់នោះគាត់អាចទិញដើមឫស្សីពីចម្ការនោះមកកែច្នៃក៏បានដែរ ៕