
រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ រូបថត៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ភ្នំពេញៈលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ ២០២៣ នេះថា ជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាឱ្យមានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងថែមទៀត។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
លោកស្រីរដ្ឋមន្រ្តីបានថ្លែង ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជានាពេលនេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ពិសេសរួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ របស់កម្ពុជាផងដែរ។ នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកស្រីភឿង សកុណាបានបញ្ជាក់ថា៖«មហោស្រពនេះ ក៏បានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិ ធម្មជាតិកម្ពុជាទៅកាន់ពិភពលោក និងការផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង ចំណុចខ្សោយបង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងទីផ្សារភាពយន្ត ក្នុងតំបន់ ព្រមទាំងប្រែក្លាយកម្ពុជាជាដែនដីនៃការថតភាពយន្តជាតិ និងបរទេសថែមទៀត»។
លើសពីនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានបញ្ជាក់ទៀតថា ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ការវិវឌ្ឍ រីកចម្រើននៃវិស័យភាពយន្តនៅកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលធ្វើឱ្យមានក្តីមោទនៈផង និងភាពលំបាករាប់មិនអស់ផងដែរ។
លោកស្រីភឿង សកុណាបានបន្ថែមថាការប្រឹងប្រែងរបស់ក្រសួងវប្បធម៌ ព្រមទាំងស្ថាប័នពាក់ព័ន្ធ រួមនឹងឆន្ទៈដ៏មោះមុតរបស់ផលិតករ អាជីវករ ដែលប្រកបរបរទទួលទានក្នុងវិស័យភាពយន្ត ពិតជាបានរួមចំណែកជំរុញកំណើនផលិតផល ស្នាដៃភាពយន្ត និងធ្វើឱ្យបរិយាកាសនៃឧស្សាហកម្មភាពយន្តកាន់តែមានភាពល្អប្រសើរ។
ពាក់ព័ន្ធនឹងការរៀបចំមហោស្រពនេះដែរ តារាចម្រៀងលោក អ៊ួន បឋមហៅ សាយ បានលើកឡើងតាមទំព័រហ្វេសប៊ុកផ្ទាល់របស់លោកថា លោកពិតជាមានអារម្មណ៍រំភើប និងរីករាយដែលក្លាយជាចំណែកមួយនៃមហោស្រពដ៏អស្ចារ្យមួយនេះ។ លោកថា លោកក៏មានភាពយន្តខ្លីផ្ទាល់ខ្លួនពីកម្មវិធីRUN WITH SAI 2408 ដែលនឹងចាក់បញ្ចាំងនៅ អូឡាំព្យាម៉លជាន់ផ្ទាល់ដីផងដែរ។
ជាមួយគ្នានេះ លោកក៏សំណូមពរដល់សាធារណជនទាំងអស់ចូលរួមទស្សនាមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣ ដើម្បីចូលរួមគាំទ្រនិងលើកកម្ពស់វិស័យភាពយន្តជាតិនិងអន្តរជាតិបន្ថែមទៀត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានឱ្យដឹងដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅរោងភាពយន្ត ឡេជេន(Legend Cinema) ដោយបាននាំយកភាពយន្តជាតិ អន្តរជាតិជិត២០០ចំណងជើង ដើម្បីចាក់ជូនទស្សនាដោយឥតគិតថ្លៃ នៅតាមបណ្តារោងភាពយន្តធំៗ និងទីកន្លែងពិសេសៗមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញ៕