ភ្នំពេញៈ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​អបអរសាទរ​ផលិតករ និង​សមិទ្ធ​ករ​ភាពយន្ត​បារាំង​-​កម្ពុជា លោក ដាវី ជូ ចំពោះ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ថ្មីៗ​របស់លោក ដែល​លោក​ត្រូវបាន​ជ្រើសរើស​ឱ្យ​ស្នាក់នៅ​ដើម្បី​តែង​និពន្ធ​នៅ​វីឡា Albertine សម្រាប់​ឆ្នាំ​ ២០២៤ នៅ​ទីក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក​។

​វីឡា Albertine គឺជា​ស្ថាប័ន​វប្បធម៌​ប្រភេទ​ថ្មី​ដែលមាន​បេសកកម្ម​បង្កើត​សហគមន៍​សិល្បៈ និង​គំនិត រវាង​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​។ វីឡា Albertine ផ្តល់នូវ​កន្លែង​ស្នាក់នៅ​សម្រាប់​អ្នកបង្កើត​គំនិត​ថ្មីៗ​នៅលើ​ពិភពលោក អ្នកប្រាជ្ញ និង​អ្នកជំនាញ​វប្បធម៌​។​

​ស្ថានទូត​បារាំង​បញ្ជា​ក់លើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​២ ខែមិថុនា ថា ការ​ស្នាក់នៅ​នេះ​ជា​ឱកាស​សម្រាប់ លោក ដាវី ជូ ក្នុងការ​ស្វែងយល់​អំពី​ទីក្រុង​នេះ​។ ភាពយន្ត​របស់លោក​ក្នុងពេល​ខាងមុខ​នឹង​និយាយ​អំពី​រឿងរ៉ាវ​ដែល​កើតមានឡើង​នៅ​ទីក្រុង​ឈី​កា​ហ្គោ​។ ឱកាស​ដ៏​មានតម្លៃ​នៃ​ការ​ស្នាក់នៅ​តែង​និពន្ធ​នេះ​នឹង​អនុញ្ញាតឱ្យ​លោក​បន្ត​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​បារាំង​-​កម្ពុជា​។

​ស្ថានទូត លើកឡើងថា​៖ «​លោក​ដាវី ជូ ក៏ត្រូវ​បានជ្រើសរើស​ឱ្យធ្វើជា​សមាជិក​គណៈមេប្រយោគ​ពានរង្វាន់ «Un Certain Regard» ផងដែរ ក្នុងឱកាស​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​កាន​២០២៣ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ទេពកោសល្យ និង​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​របស់លោក​ក្នុង​ពិភព​ភាពយន្ត​»​។​

​ស្ថានទូត បន្តថា សមិទ្ធ​ករ​រូបនេះ​បណ្តុះ​នូវ​ការចងចាំ និង​កេរដំណែល​វប្បធម៌​តាមរយៈ​ភាពយន្ត​របស់ខ្លួន​។ ភាពយន្ត​ឯកសារ​របស់លោក «Le Sommeil d''or» បង្ហាញ​អំពី​ការចែករំលែក​បទពិសោធ​ន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ឆ្លងកាត់​សម័យកាល​មាស​ពី​ឆ្នាំ​១៩៦០​ដល់​ឆ្នាំ​១៩៧៥ មុន​សម័យ​ខ្មែរក្រហម ដែល​ក្នុងអំឡុង​សម័យ​នោះ​ភាពយន្ត​ជាច្រើន​ត្រូវបាន​កម្ទេចចោល​។

​លោក​ក៏បាន​ផលិតភាព​យន្ត​មួយ​ស្តីពី​ការស្វែងរក​អត្តសញ្ញាណ​ដែលមាន​ចំណងជើង​ថា «​ត្រលប់​ទៅ​សេ​អ៊ូ​ល​» ផងដែរ​។

​ស្ថានទូត បន្ថែមថា​៖ «​ស្ថានទូត​បារាំង​មាន​មោទនភាព​ដែល​បាន​គាំទ្រ និង​អបអរ​ទេពកោសល្យ​សិល្បករ​បារាំង​កម្ពុជា ដូចជា​លោក​ដាវី ជូ ដែល​បាន​បង្កើត​ភាពសម្បូរ​បែប​ក្នុង​ពិភព​វប្បធម៌​បារាំង កម្ពុជា និង​អន្តរជាតិ​។ យើង​សូម​ជូនពរ​លោក​ទទួល​បានការ​ស្នាក់នៅ​ដ៏​រីករាយ​នៅ​ឈី​កា​ហ្គោ និង​សម្រេចបាន​នូវ​គម្រោង​អនាគត​នានា​របស់លោក​»៕